អាជីវករ ក៏ដូចជាពលរដ្ឋរស់នៅខេត្តព្រះសីហនុមួយចំនួន បង្ហាញការព្រួយបារម្ភ ពីអំពើប្លន់ប្រដាប់អាវុធ និងបទល្មើសជាច្រើនទៀត បង្កពីជនជាតិចិន ដោយសំអាងថា មួយរយៈចុងក្រោយនេះ ករណីប្លន់ប្រដាប់អាវុធហាក់បានកម្រើកឡើង ក្រោយសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។
បញ្ហានេះ ពួកគេជំរុញឱ្យអាជ្ញាពាក់ព័ន្ធ ជួយទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីសុវត្ថិភាពជនងាយរងគ្រោះ និងអ្នករកស៊ីមួយចំនួននៅក្នុងមូលដ្ឋានក្រុងនេះ ដែលថាកំពុងមានការភ័យខ្លាចជាខ្លាំង។
ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធមួយករណីទៀត បង្កឡើងដោយជនប្រដាប់អាវុធជនជាតិចិន ចំនួន០២នាក់ ចេញធ្វើសកម្មភាពប្លន់ ហាងបញ្ចាំមួយកន្លែង មានទីតាំងនៅចំណុចចំការស្ពៃ ខាងក្រោយសាលាកម្មករ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ នៅម៉ោងប្រមាណ ១១យប់ថ្ងៃទី២៩ ខែមេសាថ្មីៗនេះ។
លោក ទិត្យ ផល្លា ជាអាជីវករម្នាក់រស់នៅក្រុងព្រះសីហនុ បង្ហាញកង្វល់ចំពោះសុវត្ថិភាពក្នុងការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ដ្បិតសង្កេតឃើញថា រាល់ថ្ងៃនេះ មានជនបរទេសមួយចំនួន បានចេញធ្វើសកម្មភាពលួចម៉ូតូ គាស់ផ្ទះ និងចេញប្លន់ប្រដាប់អាវុធជាដើម។
លោកថា ករណីនេះ បើសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ មិនរិតបន្តឹងការត្រួតពិនិត្យសកម្មភាពជនបរទេសដែលរស់នៅក្នុងក្រុងនេះ ឲ្យបានច្បាស់លាស់ទេ នឹងមានហានិភ័យធ្ងន់ធ្ងរសម្រាប់ពលរដ្ឋ។ លោកបន្តថា រាល់ថ្ងៃនេះឃើញមានជនបរទេសមួយចំនួន អត់ការងារធ្វើ ហើយចេញបង្កបទល្មើសផ្សេងៗ ក្រោយសមត្ថកិច្ចចុះបង្ក្រាបបទល្មើស Scams Online និងបិទទ្វារទីតាំងកាស៊ីណូ ឬទីតាំងជាប់ពាក់ព័ន្ធបទល្មើសមួយចំនួន ក្នុងព្រះសីហនុ។
លោកថា៖ «ក្រោយពេលឃើញមានសកម្មភាពនៃការចេញប្លន់របស់ជនបរទេស ក៏ដូចជាប៉ុន្មានថ្ងៃមុននេះឃើញចាប់បានជនជាតិចិន ចឹងមានការព្រួយបារម្ភណាស់។ រាល់ថ្ងៃនេះឃើញមានជនជាតិចិនមួយចំនួន បានដើររើសសំបកកំប៉ុងអេតចាយ និងដើរសុំការងារធ្វើជាដើម។ ហើយមានករណីប្លន់ប្រដាប់អាវុធ ពីសំណាក់ជនជាតិចិនហ្នឹង ខ្ញុំទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាត្រួតពិនិត្យមើល ហើយក៏ពង្រឹងនៅតាមភូមិនីមួយៗ សម្រាប់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ»។
ផ្តើមពីបញ្ហានេះ នាំឲ្យពលរដ្ឋរស់នៅក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភ និងសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងសកម្មភាពចុះទប់ស្កាត់បទល្មើស ដែលតែងកើតមានក្នុងក្រុងព្រះសីហនុនេះ ឲ្យបានជាប្រចាំទេ ដើម្បីកុំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសអ្នកវិនិយោគទុនបរទេស នាថ្ងៃអនាគត។
អាជីវករម្នាក់ទៀត រស់នៅក្រុងព្រះសីហនុ លោក សុខ ប៊ុណ្ណា ក៏បង្ហាញការព្រួយបាម្ភពីសុវត្ថិភាព ក្នុងការប្រកបរបរទទួលទាន និងសុវត្ថិភាពក្នុងការរស់នៅ ដូចពលរដ្ឋដទៃទៀតដែរ។ លោកស្នើឲ្យកម្លាំងសមត្ថកិច្ចជំនាញ បន្តពង្រឹងសកម្មភាពចុះល្បាត និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឲ្យបានជាប្រចាំ ជាពិសេសចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលចូលមករស់នៅ និងប្រកបមុខរបរ នៅតាមតំបន់ប្រមូលផ្តុំស្មុគស្មាញ ឲ្យច្រើនជាងរាល់ថ្ងៃនេះ។
លោកថា ក្នុងនាមពលរដ្ឋម្នាក់ គឺមានការព្រួយបារម្ភបំផុតពីសុវត្ថិភាព ក្នុងការប្រកបមុខរបរទទួលទាន ព្រោះមូលដ្ឋាននេះ តែងកើតមានបទល្មើសផ្សេងៗ កើតឡើង ដូចជា ឃាតកម្មបាញ់សម្លាប់មនុស្សនៅកណ្តាលក្រុង ហើយជនល្មើសអាចគេចខ្លួនដោយសុវត្ថិភាព ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ចោរកម្មលួចម៉ូតូ ចោរគាស់ផ្ទះ ឆក់ ប្លន់ និងចរាចរណ៍គ្រឿងញៀនជាដើម បានបន្តកើតមានជាបន្តបន្ទាប់។
លោកថា៖ «បារម្ភខ្លាំងណាស់បង ទាក់ទងនឹងសុវត្ថិភាពនិងទ្រព្យសម្បត្តិ ដែលយើងត្រូវការពារទាំងអស់គ្នា។ សំណូមពរឲ្យសមត្ថកិច្ច ជួយពង្រឹងសុវត្ថិភាពតាមភូមិឃុំទាំងអស់ នៅក្នុងខេត្តព្រះសីហនុ ជាពិសេសជនបរទេសដែលមកស្នាក់នៅក្នុងខេត្ត។ សំណូមពរឲ្យរិតបន្តឹងឆែកប្រដាប់អាវុធជាប្រចាំ។ បើមិនមានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ អ្នកដែលរងគ្រោះហ្នឹង គឺជាប្រជាពលរដ្ឋខ្មែរយើងហ្នឹងឯង ព្រោះឥឡូវនេះ មិនថាចិន ឬជនជាតិបរទេសផ្សេងៗទេចាប់ផ្តើមចេញធ្វើសកម្មភាពជាបណ្តើរៗហើយ។ មិនមែនតែចិនសុទ្ធទេ គឺចេញប្លន់ចេញលួចជាបណ្តើរៗហើយ គឺកើតមានហើយ»។
វីអូឌី នៅមិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការលើកឡើងនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទងបានដែរ ។
ទោះជាបែបនេះក្តី លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចំពោះបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននេះ កម្លាំងជំនាញពាក់ព័ន្ធបានបន្តចុះល្បាត និងដាក់គោលដៅត្រួតពិនិត្យទាំងយប់ថ្ងៃ មិនធ្វេសប្រហែសទេ ជាពិសេសបទល្មើសគ្រឿងញៀន និងចោរកម្មជាដើម គឺបានឃាត់ខ្លួនជនសង្ស័យបានជាច្រើនករណីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។
លោកទទួលស្គាល់ថា កាលពីយប់ថ្ងៃទី២៩ ខែមេសា ពិតជាមានករណីមានបទល្មើសប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពប្លន់ហាងបញ្ចាំមួយកន្លែងក្នុងក្រុងព្រះសីហនុពិតមែន។ ហើយករណីនេះ សមត្ថកិច្ចជំនាញ ក៏បានចុះអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យជនជាតិចិន បានចំនួន ០២នាក់ភ្លាមៗ បញ្ជូនទៅកាន់តុលាការផ្តទ្ទាទោសផងដែរ។
លោកអធិការស្នើឲ្យពលរដ្ឋ ឬសាធារណៈជន ជួយផ្តល់ព័ត៌មានមកសមត្ថកិច្ច ពេលឃើញបទល្មើសអ្វីមួយកើតឡើង នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅបញ្ជូនកម្លាំងចុះអន្តរាគមន៍ បង្ក្រាបឬទប់ស្កាត់ឲ្យបានទាន់ពេល។
ជុំវិញបទល្មើសនេះដែរ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) មើលឃើញថា នឹងអាចប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិនិយោគទុននាថ្ងៃអនាគត បើអាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មិនពង្រឹងយន្តការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋានេះ ឲ្យបានប្រសើរជាងរាលថ្ងៃនេះទេ។
លោកបន្តថា ចំពោះបទល្មើសប្លន់ប្រដាប់អាវុធ និងបទល្មើសឃាតកម្ម បាញ់សម្លាប់ថៅកែកាស៊ីណូជនជាតិចិនតៃវ៉ាន់ នៅកណ្តាលក្រុងព្រះសីហនុ កាលពីប៉ុន្មានខែមុន ហើយសមត្ថកិច្ចចាប់ជនដៃដល់មិនបាន គឺបានបង្កការភ័យខ្លាចដល់សាធារណៈជន ពិសេសភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគទុនធ្ងន់ធ្ងរ។
លោកថា៖ «ដល់ពេលអាជ្ញាធរត្រូវបង្ហាញសមត្ថភាពរបស់ខ្លួនពេញលេញ ដើម្បីបង្ក្រាបបទល្មើសឲ្យបាន ហើយការបង្ក្រាបបទល្មើសបាននេះ ក៏ជាសញ្ញាមួយរួមចំណែកទៅដល់ការកាត់បន្ថយនូវបទល្មើសដែរ។ បើសិនជាយើងបង្ក្រាបបទល្មើសបាន មានន័យថា ជនបង្កគេអាចនឹងមានការខ្លាចញញើត ទៅនឹងស្នាដៃ និងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចដែរ»។
លើសពីនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ និយាយថា បើកាលណាក្រុងដ៏ស៊ីវិល័យមួយនេះ អាចរក្សាសន្តិសុខសុវត្ថិភាពបានប្រសើរឡើងវិញ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅថ្ងៃអនាគត។
លោកថា៖ «បើកាលណាយើងអាចអនុវត្តច្បាប់ទៅបានរលូន បានល្អ ទោះឋិតនៅក្នុងតម្លៃណាក៏ដោយ ខ្ញុំនៅតែមានជំនឿជឿជាក់ថា នៅតែមានការគាំទ្រ និងមានការសាទរពីសាធារណៈជនជាតិអន្តរជាតិ ហើយជាពិសេសក៏ជាឱកាសផ្តល់នូវសញ្ញាវិជ្ជមាន ដល់អ្នកវិនិយោគ ដែលចង់មកធ្វើការរកស៊ី នៅក្នុងខេត្តព្រះសីហនុ ក៏មានទំនុកចិត្តខ្ពស់ដែរ»។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមីនា មានករណីខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់សម្លាប់ថៅកែកាស៊ីណូ ជនជាតិតៃវ៉ាន់ម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងកណ្តាលក្រុងព្រះសីហនុ ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួនដោយសុវត្ថិភាព។ គិតមកដល់ថ្ងៃទី០១ ខែឧសភានេះ មានរយៈពេលជាង១ខែហើយ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវចាប់ខ្លួនជនល្មើស មកផ្តន្ទាទោស ឬបង្ហាញមុខ ឲ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈនៅឡើយទេ។
បញ្ហានេះ ជំរុញឱ្យពលរដ្ឋអះអាងថា ជាមូលហេតុចម្បងមួយទៀត ធ្វើឱ្យពួកគេបារម្ភពីសុវត្ថិភាពរស់នៅប្រចាំថ្ងៃ ក្នុងខេត្តជាប់មាត់សមុទ្រដែលជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមវត្តមានជនបរទេសចម្រុះជាតិសាសន៍ដែលភាគច្រើនជាជនជាតិចិន៕









