សាធារណៈជន ក៏ដូចជាក្រុមអ្នកតាមដានស្ថានការណ៍សង្គម បង្ហាញចម្ងល់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហេតុអ្វីបានមានសេចក្តីរាយការណ៍ថា កម្លាំងអគ្គស្នងការនគរបាលជាតិ ហាក់បញ្ចេញសកម្មភាពយ៉ាងសកម្ម ដើម្បីបោសសម្អាតទីតាំងនៃក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scams Online នៅក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតមានផ្ទុះអាវុធជាច្រើនគ្រាប់។
ការបង្ក្រាបបំផ្ទុះអាវុធជាទម្រង់មិនធ្លាប់មាននៅខេត្តជាប់ព្រំដែនមួយនេះ ហាក់ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលគេដឹងថាជាអ្នកជំនួញស្និទ្ធនឹងលោក ហ៊ុន សែន ម្នាក់ទៀត គឺលោក កុក អាន ពាក់ព័ន្ធរឿងឧក្រិដ្ឋកម្មឆបោកលំដាប់អន្តរជាតិ បើទោះបីជាលោក កុក អាន បានចេញមុខជាលើកដំបូង ផ្តល់ឱកាសឱ្យសារព័ត៌មានក្នុងស្រុកខ្លះ ធ្វើបទសម្ភាសន៍ ច្រានចោលចំពោះការចោទរបស់សហរដ្ឋអាមេរិកនេះក្កី។
ជ្រុងមួយនៃបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម បានឲ្យវីអូឌីដឹងថា នៅមុនពេល Scams Online មិនទាន់ផ្ទុះល្បី រូបលោកធ្លាប់បានជជែកលេងជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងតំបន់ឬទីតាំងសង្ស័យមានបទល្មើសនេះ ដោយពួកគេនិយាយថា «គេមិនហ៊ានប៉ះទេ ព្រោះគេមានខ្នងធំនៅថ្នាក់លើការពារ»។
លោកថ្លែងបែបប្រុងប្រយ័ត្នថា ចំពោះករណីបង្ក្រាប Scams Online នៅក្រុងប៉ោយប៉ែតថ្មីៗនេះ តើអាជ្ញាធរ ឬសម្ថកិច្ចថ្នាក់ក្រោមមិនបានដឹងពីសំបុកនៃក្រុមឧក្រិដ្ឋជន ឬមួយក៏មិនហ៊ានចេញមុខបង្ក្រាប ព្រោះមានខ្នងបង្អែកមានឋានៈបុណ្យស័ក្តិខ្ពស់កាងការពារ ឬមួយក៏អាចថ្នាក់ក្រោម អាចទទួលប្រយោជន៍អ្វីមួយពីបទល្មើសនេះ? រហូតដល់កម្លាំងសមត្ថកិច្ចពីថ្នាក់ជាតិចុះបង្ក្រាបបែបនេះ?។ លោកថា ករណី Scams Online មិនពិបាកយល់ទេ គ្រាន់តែពិបាកនិយាយ។
លោកបថា៖ «ករណីនៅប៉ោយប៉ែតនេះ តើយើងឃើញក្នុងឡាយវីឌេអូ ដែលលោក ផែង វណ្ណ គាត់បានលើកឡើងហ្នឹង គឺវាមានភាពចម្រូងចម្រាស់គ្នា រវាងកម្លាំងទៅពីភ្នំពេញទៅ ហើយនឹងកម្លាំងនៅមូលដ្ឋាន។ វាហាក់បីដូចជា កម្លាំងនៅមូលដ្ឋានហ្នឹងហាក់បីដូចជាចង់បញ្ចៀស មិនឲ្យមានការបង្ក្រាបនៅក្នុងកន្លែងខ្លះ ដែលគេគិតថា អាចមានស្គែមអនឡាញច្រើននៅទីនោះ។ ដូច្នេះរឿងហ្នឹងអាចជាចម្ងល់មួយដែរដែលថា ពាក្យថាខ្នងនៅលើក្រាស ដូចខ្ញុំបានឮពីមុនហ្នឹងវាមានន័យគ្រប់គ្រាន់ដែរទេ? ឬមួយក៏ខាងក្រោម និងខាងលើហ្នឹងគេរកស៊ីជាមួយគ្នា?»។
យ៉ាងណា អ្នកវិភាគសង្គមរូបនេះ បញ្ជាក់ថា រូបលោកមិនបានចុះអង្កេតផ្ទាល់ ជុំវិញករណីសំបុកក្រុមឧក្រិដ្ឋជន Scams Online នៅក្រុងប៉ោយប៉ែតទេ ដោយគ្រាន់តែឃើញមាន ការធ្វើអត្ថាធិប្បាយព័ត៌មាន នៅតាមបណ្តាញសង្គមមួយចំនួន បានលើកឡើងពីភាពហាក់មិនចុះសម្រុងគ្នា រវាងកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ និងថ្នាក់ជាតិ ជុំវិញយុទ្ធនាការចុះបង្ក្រាបបទល្មើសនេះ។
បន្ថែមលើនេះ លោក មាស នី ក៏មានចម្ងល់ដែរថា បទល្មើស Scams Online នេះ ត្រូវបានរដ្ឋាភិបាល ប្រកាសឲ្យបើកយុទ្ធនាការក្តៅ រយៈពេលជាង៣ខែកន្លងមកហើយ។ រីឯច្បាប់ក៏ចេញឲ្យអនុវត្តរួចហើយដែរ ប៉ុន្តែហេតុអ្វីបានជាអាជ្ញាធរខេត្តបន្ទាយមានជ័យ មិនបង្ក្រាប ឬមិនរវល់អើពើ ដោយទុកឲ្យក្រុមឧក្រិដ្ឋជនទាំងនេះ បន្តធ្វើសកម្មភាពរហូតមកដល់ថ្ងៃចុះបង្ក្រាបថ្មីៗនេះ? តើក្រុមមនេះមានរូងក្រោមដី ក្រោមភ្នំ ដូចនៅប្រទេសអ៊ីរ៉ង់ឬ បានជាអាជ្ញាធរមូលដ្ឋាននេះ រកមិនឃើញ?។
លោកថា៖ «ហើយបើយើងមើលករណីនៅប៉ោយប៉ែត វាទំនងដូចជាមន្ត្រី ដែលនៅថ្នាក់ក្រោមហ្នឹងឯង ដូចជា មានលាភសក្ការៈហើយ បានជាចង់បញ្ចៀសកម្លាំងមកពីភ្នំពេញ មិនឲ្យចូលទៅធ្វើការបង្ក្រាបតាមកន្លែងខ្លះនៅក្នុងតំបន់ នាទីក្រុងប៉ោយប៉ែត។ នេះជាអ្វីដែលយើងឃើញ និងតាមការលើកឡើងរបស់លោក ផែង វណ្ណៈ បានលើកឡើងទេ តែការពិតយ៉ាងណានោះ ខ្ញុំសុំមិនអះអាងទេ ដោយសារតែខ្ញុំមិនបានតាមដានរឿងហ្នឹង នេះគ្រាន់តែយើងឃើញពីខាងក្រៅមក ឃើញមានការវិវឌ្ឍបែបហ្នឹងបាទ»។
តាមការកត់សម្គាល់ នៅចុងខែមេសានេះ ពិសេសនៅថ្ងៃទី២៩និងទី៣០ សមត្ថកិច្ចនគរបាលថ្នាក់ជាតិ បានចុះបោសសំអាតទីតាំងរបស់ក្រុមឧក្រិដ្ឋជន Scams Online ដោយបានឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់ ដែលភាគច្រើនជនជាតិចិន នៅតាមទីតាំងមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ត្រង់ចំណុចនេះ លោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ មិនធ្វើអត្ថាធិប្បាយពីភាពយឺតយ៉ាវ ឬមានអ្វីនៅពីក្រោយនៃការអូសបន្លាយពេលចុះបង្ក្រាបបទល្មើស Scams Online នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះទេ។ ប៉ុន្តែលោកថា អាចជាយុទ្ធសាស្ត្ររបស់សមត្ថកិច្ចជំនាញ ដែលចុះបង្ក្រាបទីតាំងផ្សេងៗជាមុន ហើយទុកឲ្យក្រុមឧក្រិដ្ឋជនមួយចំនួន ដែលរត់គេចខ្លួន ចេញពីគោលដៅផ្សេង រត់មកពួនជ្រកនៅមូលដ្ឋាននេះ រួចទើបបញ្ចេញកម្លាំងក្រសោបយកទាំងអស់តែម្តង។
មន្ត្រីសិទ្ធិមនុស្សរូបនេះ គាំទ្រចំពោះចំណាត់ការរបស់កម្លាំងចម្រុះទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងសកម្មភាពចុះបោសសំអាតសំបុក Scams Online នៅទូទាំងប្រទេស ពិសេសនៅទីប្រជុំជនក្រុងប៉ោយប៉ែត ដែលសម្រេចបានលទ្ធផលវិជ្ជមាន ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកថា៖ «យើងមើលដូចរបៀបយុទ្ធសាស្ត្រប្រមាញ់ ឬក៏យុទ្ធសាស្ត្រដេញចាប់សត្វដាក់បង្កាត់។ ដាក់បង្កាត់ហ្នឹង គឺចាប់ផ្តើមចេញពីកន្លែងផ្សេងៗធ្វើម៉េចឲ្យវាមកប្រមូលផ្តុំនៅកន្លែងហ្នឹងតែមួយ។ ហើយនៅពេលមកផ្តុំគ្នានៅកន្លែងតែមួយហើយ ដែលជាឱកាសសមត្ថកិច្ចមកក្របួចយកនៅកន្លែងហ្នឹងមួយតែម្តង ព្រោះនៅកន្លែងនេះ ច្រកចេញចូល វាមានតែមួយកន្លែងហ្នឹងទេ ហើយក្របួចយកនៅកន្លែងហ្នឹងតែម្តង។ អញ្ចឹងវាហាក់បីដូចជាយុទ្ធសាស្ត្រដាក់បង្កាត់ឲ្យវាមកប្រមូលផ្តុំនៅកន្លែងហ្នឹង ហើយវាអត់ទៅណារួចក្រៅតែពីកន្លែងហ្នឹង!»។
ទាក់ទិនបញ្ហានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ ទទួលស្គាល់ថា ករណីបទល្មើស Scams Online នេះ គឺជាបទល្មើសបែបទំនើបកម្ម ឬមានបច្ចេកវិទ្យាខ្ពស់ ដែលអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានខេត្តបន្ទាយមានជ័យ ពិបាកក្នុងការចុះស៊ើបអង្កេតឬស្រាវជ្រាវ?។
ប៉ុន្តែលោកថា ចំពោះទីតាំងអគារធំស្កិមស្កៃរីកដូចផ្សិត និងវត្តមានជនបរទេសច្រើនកុះករ រស់នៅក្រុងប៉ោយប៉ែតនេះ ដូចជា មិនពិបាកចុះស៊ើបអង្កេតទីតាំងសង្ស័យទេ? សំខាន់ តើអាជ្ញាធរមូលដ្ឋាននេះ មានឆន្ទៈពិតប្រាកដក្នុងការចុះបង្ក្រាបឬទេ?។
ចំពោះករណីនេះ លោក អំ សំអាត ក៏ស្នើឲ្យមានការស៊ើបអង្កេតទៅលើសមាសភាពដឹកនាំ របស់អាជ្ញាធរ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យថែមទៀត។
លោកថា៖ «ខ្ញុំយល់ថា បើសិនជាមានឆន្ទៈនៅក្នុងការបង្ក្រាបមែន មិនចាំបាច់មានកម្លាំងពីថ្នាក់ជាតិមកបង្ក្រាបទេ ពីព្រោះកម្លាំងនៅថ្នាក់ខេត្តក៏អាចគ្រប់គ្រាន់ដែរ ព្រោះខេត្តខ្លះគេប្រើតែកម្លាំងរបស់ខេត្តក៏គេអាចបង្ក្រាបបានដូចគ្នាដែរ។ អញ្ចឹងបញ្ហាទាំងអស់ហ្នឹង ក្រៅតែពីការបង្ក្រាបហើយ ក៏ត្រូវមានការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថាហេតុអ្វីបានជាមាន Scams Online ហ្នឹងកើតឡើងច្រើននៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យហើយពីមុនមកហេតុអ្វីបានជាមិនមានការបង្ក្រាប»។
យ៉ាងណាក៏ដោយចុះ វីអូឌី នៅមិនទាន់អាចទាក់ទង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺជុំវិញសំបុក Scams Online ដែលកើតមានច្រើននៅក្រុងប៉ោយប៉ែតនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។ ខណៈ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏មិនទាន់អាចទាក់ទង ដើម្បីស្នើការបំភ្លឺបាននៅឡើយដែរ។
យ៉ាងណា ក្រសួងសមីមួយនេះ ធ្លាប់អះអាងថា ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឬឧក្រិដ្ឋកម្មអនឡាញនេះរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ថា នឹងបោសសម្អាតឱ្យអស់ រួមទាំងកាត់ផ្តាច់ប្រព័ន្ធបញ្ជារបស់មេខ្លោងឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។
ស៊ីគ្នានឹងការលើកឡើងនេះ គេកត់សម្គាល់ឃើញថា នៅចុងខែមេសា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានបង្កើនសកម្មភាពចុះបោសសម្អាតទីតាំង Scams Online នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងយប់ថ្ងៃ និងឈានដល់ផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ ដើម្បីទប់ស្កាត់ជនសង្ស័យ ដែលព្យាយាមរត់ចេញពីទីតាំងអគារមួយចំនួន។
តែយ៉ាងណា គិតត្រឹមថ្ងៃទី១ខែឧសភានេះ ក្រសួងមហាផ្ទៃ នៅមិនទាន់ប្រកាសឱ្យដឹងឈ្មោះ បុគ្គលណាខ្លះពិតប្រាកដ ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ទីតាំង ឬផ្តល់ជម្រកដល់ពួកឧក្រិដ្ឋជន ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋអនឡាញ នៅក្រុងប៉ោយប៉ែតនេះនៅឡើយទេ ក្រៅពីទម្លាយឱ្យដឹងថា ក្រោយការបង្ក្រាប ជនជាតិថៃប្រមាណជា ៦៣៧នាក់ ត្រូវបានបណ្តេញចេញពីទីតាំងនោះ ហើយបញ្ជូនទៅកាន់ប្រទេសថៃវិញ និងឃាត់ខ្លួនជនជាតិចិនមួយចំនួនទៀត ពាក់ព័ន្ធនឹងងបទល្មើស Scam Online នេះ។
សម្រាប់ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ធ្លាប់និយាយថា ការសម្រេចចិត្តរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក តាមរយៈការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសក្នុងការដាក់បញ្ចូលឈ្មោះ លោក កុក អាន សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល ទៅក្នុងបញ្ជីទណ្ឌកម្មសកល កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ គឺជាសញ្ញាអាសន្នកម្រិតខ្ពស់បំផុត ដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនអាចមើលរំលងបានឡើយ។
លោកថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ ឬមិនបើកការស៊ើបអង្កេតប្រកបដោយតម្លាភាពលើការចោទប្រកាន់ទាំងនេះ ផលវិបាកដែលនឹងធ្លាក់មកលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុជាតិ នឹងមានសភាពធ្ងន់ធ្ងរ និងអាចឈានទៅរកការកាត់ផ្តាច់កម្ពុជាចេញពីចរន្តសេដ្ឋកិច្ចពិភពលោកទាំងស្រុង។
ហានិភ័យចម្បងបំផុតដែលកម្ពុជានឹងត្រូវប្រឈម គឺការធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិម្តងទៀត ដែលលើកនេះ អាចនឹងមានសភាពអាក្រក់ជាងពេលណាៗទាំងអស់។
បើតាមប្រភពខាលើ ប្រសិនបើគ្មានចំណាត់ការផ្លូវច្បាប់ភ្លាមៗទេ ធនាគារអន្តរជាតិនានា នឹងចាប់ផ្តើមផ្តាច់ទំនាក់ទំនងជាមួយធនាគារនៅកម្ពុជា ដោយសារពួកគេបារម្ភពីទណ្ឌកម្មបន្ទាប់បន្សំពីសហរដ្ឋអាមេរិក។ ពេលនោះហើយ ការផ្ទេរប្រាក់ឆ្លងប្រទេស ត្រូវជួបឧបសគ្គធ្ងន់ធ្ងរ។
គ្រោះថ្នាក់ជាងនេះសម្រាប់ពលរដ្ឋកម្ពុជា គឺអ្នកវិនិយោគអន្តរជាតិធំៗ មានការភ័យខ្លាច ធ្វើឱ្យលំហូរទុនវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចរួមទាំងជីវភាពពលរដ្ឋ។
មួយវិញទៀតលោកថា ទណ្ឌកម្មលើលោក កុក អាន ក៏បានឆ្លុះបញ្ចាំងពីការបរាជ័យនៃប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ក្នុងស្រុកផងដែរ។ ការដែលអាមេរិករកឃើញថា មានថវិការហូតដល់ ១០ ប៊ីលានដុល្លារ ត្រូវបានបាត់បង់ដោយសារការឆបោកដែលមានមូលដ្ឋាននៅកម្ពុជា គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីទំហំនៃបទល្មើស។
ក្នុងន័យនេះ លោកបញ្ជាក់ថា ការលុបបំបាត់វប្បធម៌និទណ្ឌភាព ត្រូវចាប់ផ្តើមចេញពីការបង្ហាញឆន្ទៈនយោបាយមាំមួន ក្នុងការអនុវត្តច្បាប់ដោយស្មើភាពគ្នា ចំពោះបុគ្គលគ្រប់រូបដោយមិនគិតពីឋានៈ ឬឥទ្ធិពលក្នុងជួររដ្ឋាភិបាលឡើយ។ ហើយការស្តារកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ តម្រូវឱ្យមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការកាត់ផ្តាច់ខ្លួនចេញពីបណ្តាញឧក្រិដ្ឋកម្ម និងការកសាងប្រព័ន្ធអភិបាលកិច្ច ដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិធំជាងផលប្រយោជន៍បុគ្គលដែលមានអំណាច៕









