អ្នកតាម​ដាន​ព្រមាន​ថា​អតិថិជន​​ហួយ​វ័ន​​១៣០០​​នាក់​​នឹង​​បាត់​​បង់​​លុយ​​រហូត​​​​បើ​​គ្មាន​​សម្ពាធ​​​​ពី​​​អន្តរ​​ជាតិ​

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ​ ព្រមាន​ថា ​អតិថិជន​រង​ ហួយ​វ័ន (Huione) ១៣០០​នាក់ ដែ​ល​ទាម​ទារ​ឱ្យ​​លោក ហ៊ុន តូ បង្វិល​ប្រាក់​ឱ្យ​វិញ ក្រោយ​ក្រុម​ហ៊ុន​បិទ​ទ្វារ​នោះ​ នឹង​​​​បាត់​បង់​ប្រាក់​រហូត បើ​​គ្មាន​​សម្ពាធ​​​ពី​​អន្តរ​ជាតិ និង​​ការ​ស៊ើប​អង្កេត​​​ពី​​ស្ថាប័ន​​ឃ្លាំ​មើល​​ហិរញ្ញ​វត្ថុ​​ពិភព​លោក ដោយ​សំអាង​ថា លោក ហ៊ុន តូ ជា​សែ​ស្រឡាយ​មេដឹក​នាំ​កំពូល ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​មិន​ហ៊ាន​ប៉ះ​ពាល់​ទេ​។

ការ​អះអាង​ដូច្នេះ ​របស់​អ្នក​ជំនាញ​ភូមិ​សាស្ត្រ​នយោបាយ លោក សេង វណ្ណលី បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ធនាគារ​ជាតិ​បាន​បោះចោល​ការ​​ទទួល​ខុសត្រូវ ដោយ​រុញ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​បាត់​លុយ​ពី​ក្រុមហ៊ុន​លោក ហ៊ុន តូ ប្ដឹង​ទៅ​តុលាការ​ដោយ​ខ្លួន​ឯង។

លោក សេង វណ្ណលី អះអាង​ថា ករណី​ក្រុមហ៊ុន​លោក ហ៊ុន តូ នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​វិបត្តិ​ប្រព័ន្ធ​យុត្តិធម៌ និង​​អភិបាលកិច្ច​​យ៉ាងធ្ងន់ធ្ងរ​នៅ​កម្ពុជា ជាពិសេស​នៅ​ពេល​ដែល​ស្ថាប័នរដ្ឋ​ ហាក់​ខ្លាច​ឥទ្ធិពល​បុគ្គល​ដែល​​មាន​សែ​ស្រឡាយ​​​ជិតស្និទ្ធ​នឹង​អ្នក​កាន់​​​អំណាច។ លោក​បន្ត​ថា ទោះ​គណៈកម្មាការ​សិទ្ធិមនុស្ស ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល ​ក៏​មិន​​អាច​បង្ខំ​ឱ្យ​លោក ហ៊ុន តូ សង​លុយពលរដ្ឋ​​រងគ្រោះ​វិញ​បាន​​ទេ ដរាបណា​គ្មាន​ការកែទម្រង់​រចនា​សម្ព័ន្ធ​អំណាច ​រវាង​អាជីវកម្ម​គ្រួសារ​អ្នក​ដឹកនាំ និង​ផល​ប្រយោជន៍​សាធារណៈ។

លោក សេង វណ្ណលី ថ្លែងថា៖ «ក្នុង​បរិបទ​ដែល​តុលាការ​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ យន្តការ​ឯករាជ្យ​​ពិត​ប្រាកដ​​ដែល​ពលរដ្ឋ​អាច​សង្ឃឹម​បាន គឺ​មានតែ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ និង​ការស៊ើបអង្កេត​ពី​ស្ថាប័ន​ឃ្លាំមើល​ហិរញ្ញវត្ថុ​ពិភព​លោក​តែប៉ុណ្ណោះ»។

អ្នក​ជំនាញ​រូប​​នេះ​ថា បើ​ម្ចាស់​អាជីវកម្ម​អង្គុយ​លើ​ច្បាប់​ហើយ យន្តការ​ត្រួតពិនិត្យ​​របស់​រដ្ឋាភិបាល​នឹង​​ក្លាយ​ជា​​លែង​​បាន​​ការ ហើយ​​គ្មាន​​អាជ្ញាធរ​​ណា​​ហ៊ាន​​បង្ហាញ​នីតិវិធី និង​កាលវិភាគ​ច្បាស់លាស់ ​ដើម្បី​ដោះស្រាយ​បណ្តឹង​បង្កក​ប្រាក់​ជូន​​ពលរដ្ឋ​រងគ្រោះ​ឡើយ ព្រោះ​​កិច្ចការ​នេះ​តម្រូវ​ឱ្យ​ពួកគេ​បង្ហាញ​អំពី​លំហូរ​ប្រាក់​ដែល​ខុសច្បាប់ ឬ​ប្រភព​ចំណូល​ដែល​​មិន​ច្បាស់លាស់​របស់​ក្រុម​​របស់​អ្នក​មាន​​អំណាច។ លោក​បន្ត​ថា ពលរដ្ឋ​រងគ្រោះ​នឹង​ត្រូវ​រង់ចាំ​ដោយ​គ្មាន​ក្តី​សង្ឃឹម ដែល​ជា​យុទ្ធសាស្ត្រ​ពន្យារ​ពេល​ដើម្បី​ឱ្យ​រឿងរ៉ាវ​​ស្ងប់​ទៅវិញ តាម​ផែនការ​របស់​ក្រុម​អ្នក​មាន​អំណាច ខណៈ​អាជ្ញាធរ​​មិន​អាច​កំណត់​ពេលវេលា​ដោះស្រាយ​ឱ្យ​បាន​ច្បាស់លាស់​នោះ គឺ​មិនមែន​ដោយសារតែ​បញ្ហា​បច្ចេកទេស​ស្មុគស្មាញ​​ទេ ប៉ុន្តែ​​វា​គឺជា​កង្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ប្រឈមមុខ​​នឹង​ការ​ពិត​ ​ដែល​ពាក់ព័ន្ធ​នឹង​​​បណ្ដាញ​គ្រួសារ​និយម ដែល​កំពុង​ចាក់​ឬស​យ៉ាង​ជ្រៅ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អគ្គទេសាភិបាល​នៃ​ធនាគារជាតិ ​​អ្នកស្រី ជា សិរី បាន​ចេញ​មុខ​អះអាង​សារ​ជាថ្មី កាល​ពី​ថ្ងៃ​​ទី២៩ ខែ​មេសា ថា ធនាគារជាតិ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្មាន​លទ្ធភាព​​ដោះស្រាយ​​រឿង​លុយ​របស់​ពលរដ្ឋ​រងគ្រោះ​ ដោយសារ​ក្រុមហ៊ុន ហួយ វ័ន បង្កក​​ឡើយ។ អ្នកស្រី​រុញ​ឱ្យ​ពលរដ្ឋ​ប្ដឹង​ទៅ​​​តុលាការ ​ដើម្បី​ទាមទារ​យុត្តិធម៌ និង​លុយកាក់​​ដោយ​​ខ្លួនឯង។

អ្នកស្រី ជា សិរី ថ្លែង​ថា៖ «វិធានការ​នៃ​ការ​ដោះស្រាយ ចំពោះ​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​ហួស​ដែន​សមត្ថកិច្ច​របស់​ធនាគារ​​ជាតិ​នៃ​កម្ពុជា​។ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៦ ធនាគារជាតិ​នៃ​កម្ពុជា បាន​​ចេញ​លិខិត​ជូន​អតិថិជន ដើម្បី​​ផ្ដល់​ព័ត៌មាន​ពី​ការសម្រេចចិត្ត​​របស់​​យើង​។ យើង​បាន​ពន្យល់​អំពី​ភាព​មាន​កម្រិត​នៃ​សមត្ថកិច្ច​របស់​ធនាគារ​ជាតិ​​​នៃ​កម្ពុជា និង​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ប្រើ​សិទ្ធិ​​​របស់​​គាត់ ទៅតាម​យន្តការ​តុលាការ»

បន្ទាប់​ពី​អ្នកស្រី ជា សិរី អះអាង​ដូច្នេះ អតិថិជន​ដែល​ដែល​ត្រូវ​ក្រុមហ៊ុន​​លោក ហ៊ុន តូ បង្កក​ប្រាប់​បាន​​ប្រាប់​វីអូឌី​​​ក្នុង​លក្ខខណ្ឌ​លាក់​ឈ្មោះ​​នៅ​ថ្ងៃទី១ ខែ​ឧសភា ថា លោក​ស្រី​ចង់​ឱ្យ​ធនាគារជាតិ​ចាត់​បុគ្គលិក​រៀប​ចំ​ឯកសារ​ឱ្យ​ពួក​គេ ​ដើម្បី​ដាក់​ប្ដឹង​ទៅ​តុលាការ​។ អ្នក​ស្រី​​បន្ត​ថា ពួកគេ​មិន​មាន​ឯកសារ​​អ្វី​ឡើយ​ក្រៅ​ពី​​អត្តសញ្ញាណ​បើក​គណនី​​ហួយ​វ័ន ខណៈ​គណនី​លែង​ដំណើរ​ការ ហើយ​ទឹក​​ប្រាក់​​ក៏​លែង​បង្ហាញ​ទៅ​ទៀត។ ប្រភព​នេះ​បន្ត​ថា ពួកគេ​ក៏​ពុំ​ចេះ​​ច្បាប់ ហើយ​​ក៏​មិន​មាន​មេធាវី​ណា​ហ៊ាន​ទទួល​រឿង​​ក្ដី​ពួកគេ​​ដែរ ទោះ​អ្នកស្រី​ថា ពួកគេ​បាន​ពឹងពាក់​មេធាវី​​ជា​ច្រើន​នាក់​ហើយ​​ក្ដី។

​ពលរដ្ឋ​រងគ្រោះ៖ «អញ្ចឹង​គឺ​មាន​តែ​ធនាគារជាតិ​ទេ ដែល​គាត់​ចេះ​ច្បាប់​ថា​ត្រូវ​រៀប​ឯកសារ​ម៉េច ធ្វើ​ម៉េច គាត់​ជួយ​សម្រួល​ពួក​ខ្ញុំ អាហ្នឹង​​បើ​គាត់​ថា​គាត់​អត់​ដោះស្រាយ​អត់​បាន​ ព្រោះ​បើ​យើង​ទៅ​ឥឡូវ យើង​អត់​មានអី​អាហ្នឹង ទៅ​ប្ដឹង​ម៉េច ហើយ​យើង​ក៏​មិន​ដឹង​ថា​អ្នក​ណា ក្រុមហ៊ុន​ណា។ អាហ្នឹង​អ្វី​ដែល​ខ្ញុំ​សំណូមពរ​ទៅ​ធនាគារជាតិ ហើយ​ទី​ពីរ​ហ្នឹង សុំ​ឱ្យ​គាត់​ជួយ​ដោះស្រាយ​ទៅ ធ្វើ​ម៉េច​ឱ្យ​ឆាប់​​បាន​លុយ​ហ្នឹង​។ បើសិនជា​យក​ដាក់​តុលាការ កុំ​ឱ្យ​គេ​ផ្អឹប​ករណី​ហ្នឹង​ចោល ព្រោះ​ជាទូទៅ​យើង​ដឹង​ហើយ​តុលាការ​ភាគច្រើន ពេល​​ដែល​ដាក់ពាក្យ​បណ្តឹង​ទៅ គឺ​ផ្អឹប​ចោល មួយឆ្នាំ ពីរ​ឆ្នាំ បាន​គេ​កោះហៅ»។

ពលរដ្ឋ​រូប​នេះ​ថា ការ​ទាមទារ​របស់​ពួកគេ​មិនមែន​ជា​រឿង​នយោបាយ​ទេ ហើយ​អ្នក​​ស្រី​ទាមទារ​ដោះលែង​​ពលរដ្ឋ​​២​នាក់ គឺ​លោក សួន សុវណ្ណ​ថៃ និង​លោក វ៉ាត់ មករា ដែល​ជា​ជនរងគ្រោះ​​ដូចគ្នា មិន​មែន​អ្នក​ដឹកនាំ​តវ៉ា ឬ​ស៊ីឈ្នួល​បាតុកម្ម​ទេ។

ទាក់ទង​ករណី​នេះ​ដែរ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី យល់​ឃើញ​ថា ការ​បង្វែរ​ឱ្យ​អតិថិជន​ប្ដឹង​តុលាការ គឺ​គ្រាន់​តែ​ជា​ដំណោះស្រាយ​ដោះ​ទាល់ ​ដើម្បី​បញ្ចៀស​កុំឱ្យ​ធនាគារជាតិ​​នឹង​ប្រឈម​ប៉ុណ្ណោះ។ លោក​ថា ករណី​នេះ​​អាច​ធ្វើ​ឱ្យ​មាន​​មន្ទិល​សង្ស័យ​​សម្រាប់​អតិថិជន​​ដែល​​ប្រើ​ធនាគារ​ផ្សេងៗ​ទៀត​ដែរ។ លោក​បន្ត​ថា ករណី​នេះ​បាន​បង្ហាញ​នូវ​ពី​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​​ធនាគារ​​កម្ពុជា បើ​គ្មាន​អ្នកណា​អាច​ដោះស្រាយ​​បាន ខណៈ​ការ​ប្ដឹង​ផ្ដល់​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ​ទៀត​ផង។

​លោក​​បណ្ឌិត មាស នី ថ្លែង​ថា៖ «ខ្ញុំ​គិតថា ​ធនាគារជាតិ​នៃ​កម្ពុជា​ពេលនេះ ​គួរតែ​បង្ហាញ​ជំហរ​ជាក់លាក់​ណាមួយ​ថា នៅ​ពេល​ដែល​​ធនាគារ​​ណា​មួយ​មាន​បញ្ហា តើ​ធនាគារជាតិ​នឹង​មាន​ដំណោះស្រាយ​ច្បាប់​អី​​ ដែល​ត្រូវធ្វើ​ម៉េច​ឱ្យ​អ្នក​ដែល​ផ្ញើ​លុយ​នៅ​ធនាគារ​ហ្នឹង មាន​ទំនុកចិត្ត​ថា​ទោះបី​ជា​មាន​​បញ្ហា​អី ក៏​មាន​រដ្ឋាភិបាល ​ពិសេស​ធនាគារជាតិ​ហ្នឹង​ ចូលរួម​មក​ក្នុង​ការ​ទទួលខុសត្រូវ​​ ដើម្បី​ចេញ​​​សំណង​មក​ឱ្យ​វិញ»។

ចំណែក​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុន ឆ័យ នៅ​​តែ​អះអាង​ដដែល​ថា ការ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​​ លោក ហ៊ុន តូ បង្កក​​ប្រាក់​ពលរដ្ឋ គឺ​ជា​កាតព្វកិច្ច​របស់​ធនាគារ​ជាតិនៃ​​​កម្ពុជា ​​១០០​ភាគរយ។ លោក​​​ថា ធនាគារជាតិ​មិនអាច​រុញ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ប្ដឹង​ទៅ​តុលាការ​ទេ។

​លោក សុន ឆ័យ ថ្លែង​ថា៖ «ឱ្យ​ទៅ​ប្ដឹង​យ៉ាងម៉េច បើ​ឯកសារ​ធនាគារ​អីៗ​ហ្នឹង គឺថា​មិន​ត្រូវ​បាន​ការ​តាមដាន និង​ស្រាវជ្រាវ​ពី​ក្រសួង​​មាន​​សមត្ថកិច្ច​ផង​នោះ​ ដូច្នេះ​ធនាគារជាតិ​នៃ​កម្ពុជា​ហ្នឹង ត្រូវ​រក​ក្រុមហ៊ុន​សវនកម្ម​ដែល​​ទទួលស្គាល់​​ជា​លក្ខណៈ​អន្តរជាតិ​ហ្នឹង ទៅ​​ស្រាវជ្រាវ​​មើល​ឯកសារ​ដែល​​ដាក់​លុយ​នៅក្នុង​ធនាគារ​ហ្នឹង​មាន​ប៉ុន្មាន​នាក់ មាន​ទឹកប្រាក់​ប៉ុន្មាន ហើយ​ដែល​ធនាគារ​នោះ​​មិន​ទាន់​​សង តើ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ធនាគារ​នោះ​ មាន​អ្នក​ណាខ្លះ​ដែល​អាច​យក​ដាក់​លុយ​ ​ដែល​គាត់​អាច​បន្ថែម​លុយ​ទៅ​​ក្នុង​​ធនាគារ​ ដើម្បី​ជួយ​បង់​ឱ្យ​អ្នក​ដែល​រងគ្រោះ»។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ​​ព្រមាន​ថា បើ​ធនាគារ​​ជាតិ​​មិន​ទទួលខុសត្រូវ នោះ​​វា​នឹង​ធ្វើ​ឱ្យ​ខូច​មុខមាត់​ប្រទេស​ជាតិ និង​នាំ​ឱ្យ​បាត់​ទំនុកចិត្ត​​ពី​វិនិយោគិន​ដែល​​ប្រើ​ប្រាស់​ធនាគារ ដើម្បី​រកស៊ី ឬ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក។ លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធានា​ទំនុកចិត្ត​ ចំពោះ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ពី​សំណាក់​ជន​បរទេស។

គិត​រហូត​មក​ដល់​ពេលនេះ ​​ធនាគារ​ជាតិ​នៅ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​ផ្លូវការ​ថា តើ​អ្នកណា​ខ្លះ​មាន​ភាគហ៊ុន​នៅ​ក្រុម​ហ៊ុន ហួយវ័ន ផេ ហើយ​​អ្នកណា​ត្រូវ​ខុសត្រូវ​ចំពោះ​​ការ​បាត់​លុយ​របស់​អតិថិជន​ជា​ពលរដ្ឋ​ខ្មែរ ចិន និង​វៀតណាម ក្នុង​​គណនី​ជាង ១៣០០នាក់ ​ទាំង​ស្រុង​​នោះ​​ឡើយ ក្រៅ​ពី​អះអាង​ថា ធនាគារ​ជាតិ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ​​តាំង​​ពី​ឆ្នាំ​២០២៤។

ប៉ុន្តែ ពលរដ្ឋ​​រងគ្រោះ​ ​ធ្លាប់​អះអាង​ថា ពុំ​​បាន​​ទទួល​ដំណឹង​ជា​ផ្លូវ​ការ​នោះ​ទេ ហើយ​ក្រុមហ៊ុន​នេះ​​បន្ត​ដំណើរ​​រហូត​ដល់​​ចុង​​ឆ្នាំ​២០២៥ បន្ទាប់​​ពី​សហរដ្ឋអាមេរិក​ដាក់​​ទណ្ឌកម្ម​​ មិន​​ឱ្យ​​​មាន​​ប្រតិបត្តិការ​សាច់​ប្រាក់​​ចូល​​​​ក្នុង​​​ប្រព័ន្ធ​​ហិរញ្ញ​វត្ថុ​​អាមេរិក ដោយ​សារ​ក្រុម​ហ៊ុន​​​នេះ​​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​លាង​លុយ​កខ្វក់​​​​​ដ៏​​​ធំ​​សម្បើម ​ឱ្យ​​ក្រុម​​អ្នក​​រក​ស៊ី​​ឆបោក​​តាម​​​អនឡាញ (Online Scam)។ ចំណែក​​លោក ហ៊ុន តូ ដែល​គេ​ស្គាល់​ថា ជា​សហប្រធាន​​ក្រុមហ៊ុន ហួយវ័ន ក៏​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក ជាមួយ​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប ឈ្មោះ លី សុង​ (LI XIONG) ដែល​ត្រូវ​សមត្ថ​កិច្ច​កម្ពុជា​​​ចាប់​ខ្លួន​តាម​សំណើ​របស់​អាជ្ញាធរ​ចិន និង​បញ្ជូន​ទៅ​ប្រទេស​ចិន កាលពី​ចុង​ខែ​​មីនា ដោយសារតែ​ពាក់ព័ន្ធ​នឹង​អំពើ​​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ