អ៊ីរ៉ង់​គំរាម​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ធ្ងន់​ធ្ងរ​ប្រសិន​បើ​អាមេ​រិក​​​បើក​ការ​វាយ​ប្រហារ​ឡើង​វិញ

អ៊ីរ៉ង់​ បាន​និយាយ​កាល​ពី​ថ្ងៃទី​៣០ខែ​មេសា​ថា ខ្លួន​នឹង​ឆ្លើយ​តប​ដោយ “ការ​វាយ​ប្រហារ​ដ៏​រ៉ាំ​រ៉ៃ និង​ឈឺ​ចាប់” លើ​ទីតាំង​​នានារ​បស់​សហរដ្ឋ​អាមេ​រិក ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីន​តោន​បន្ត​ការ​វាយ​ប្រហារ​ឡើង​វិញ ហើយ​បាន​បញ្ជាក់​ជា​ថ្មី​នូ​វការ​ទាម​ទារ​របស់​ខ្លួន​លើ​ច្រក​សមុទ្រ Hormuz ដែល​ធ្វើ​ឱ្យ​ផែន​ការ​របស់​សហរដ្ឋ​អាមេ​រិក​ក្នុង​ការ​បង្កើត​សម្ព័ន្ធ​ភាព​ដើម្បី​បើក​​ផ្លូវ​ទឹក​នេះ​ឡើង​វិញ​មាន​ភាព​ស្មុគ​ស្មាញ។

រយៈ​ពេលពីរខែបន្ទាប់ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ច្រក​​សមុទ្រដ៏​សំខាន់​នេះនៅ​​តែបន្ត​បិទ​នៅ​ឡើយ ដែលបានកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង និងហ្គាស ២០% របស់ពិភពលោក។ បញ្ហានេះ​បានធ្វើឱ្យតម្លៃ​ថាមពល​​សកល​ហក់ឡើងខ្ពស់ និងបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃឱនភាពសេដ្ឋកិច្ច។

កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះបានឈានដល់ភាពទាល់ច្រក បើទោះបីជាមានបទឈប់បាញ់តាំងពីថ្ងៃទី​៨ ខែមេសាក៏ដោយ ប៉ុន្តែអ៊ីរ៉ង់នៅតែបន្ត​បិទច្រកសមុទ្រនេះ ដើម្បីជាការឆ្លើយតបទៅនឹងការបិទ​ខ្ទប់ផ្លូវទឹក​ពី​សំណាក់​កង​ទ័ពជើងទឹក​សហរដ្ឋអាមេរិក លើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលជាខ្សែជីវិតសេដ្ឋ​កិច្ច​របស់ទីក្រុង​តេអេរ៉ង់។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់ ​បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានកំណត់ពេលឱ្យទទួលរបាយការណ៍សង្ខេបកាលពីថ្ងៃ៣០មេសា អំពីផែនការសម្រាប់ការ​វាយប្រហារយោធាថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចរចាបញ្ចប់ជម្លោះ។

ជម្រើសបែបនេះ គឺជាផ្នែកមួយនៃផែនការរបស់សហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែរបាយការណ៍ស្តីពីការ​សង្ខេបដែល​បាន​ស្នើឡើង ដែលចេញផ្សាយដំបូងដោយគេហទំព័រព័ត៌មាន Axios កាលពីយប់ថ្ងៃទី​២៦​ខែ​មេសា បានជំរុញ​ឱ្យ​តម្លៃ​ប្រេងហក់ឡើងយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent បានឡើងដល់​ជាង ១២៦ ដុល្លារក្នុងមួយបារ៉ែល​នៅចំណុចមួយ មុនពេលធ្លាក់ចុះមកវិញនៅត្រឹមប្រហែល ១១៤ ដុល្លារ។

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីល្ងាចថ្ងៃទី​៣០ខែ​មេសាថា វាមិនសមហេតុផលទេក្នុងការរំពឹងទុកនូវលទ្ធផល​រហ័ស​ពីការចរចាជាមួយសហរដ្ឋអាមេរិក។

លោកត្រូវបានគេដកស្រង់សម្តីថា៖ «ការរំពឹងថានឹងទទួលបានលទ្ធផលក្នុងរយៈពេលដ៏ខ្លី ដោយមិនគិតថា​អ្នក​សម្រប​​សម្រួល​ជានរណានោះ តាមគំនិតរបស់ខ្ញុំ គឺមិនសូវប្រាកដនិយមនោះទេ»។

លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី​៣០ខែ​មេសាថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យ​មាន​​អាវុធ​នុយក្លេអ៊ែរឡើយ ​ហើយតម្លៃសាំង ដែលជាកង្វល់ចម្បងសម្រាប់គណបក្សសាធារណរដ្ឋរបស់លោក​​មុនការបោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិក្នុងខែវិច្ឆិកា នឹង “ធ្លាក់ចុះដូចដុំថ្ម” នៅពេលសង្គ្រាមបញ្ចប់​។

មន្ត្រីជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិក​លើ​​អ៊ីរ៉ង់ ទោះបីជា​មាន​កម្រិត​ក៏ដោយ នឹងនាំមកនូវ “ការវាយប្រហារដ៏រ៉ាំរ៉ៃ និងឈឺចាប់” លើទីតាំងនានារបស់​សហរដ្ឋ​អាមេ​រិក​ក្នុង​តំបន់ ខណៈដែលមេបញ្ជាការកងកម្លាំងអាកាស លោក Majid Mousavi ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដកស្រង់សម្តីថា៖ «យើងបានឃើញនូវអ្វីដែលបានកើតឡើងចំពោះមូលដ្ឋានក្នុងតំ​បន់​របស់អ្នកហើយ យើងនឹងឃើញរឿង​ដដែលនេះកើតឡើងចំពោះនាវាចម្បាំងរបស់អ្នក»។

មេដឹកនាំកំពូល លោក Ayatollah Mojtaba Khamenei បាននិយាយនៅក្នុងសារជាលាយលក្ខណ៍អក្សរទៅកាន់ប្រជាជន​អ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់នឹងលុបបំបាត់ “ការរំលោភបំពានរបស់សត្រូវលើផ្លូវទឹក” ក្រោមការ​គ្រប់គ្រងថ្មីនៃ​ច្រក​សមុទ្រ ដែលជាការបង្ហាញថាទីក្រុងតេអេរ៉ង់មានបំណងរក្សាការកាន់កាប់លើច្រកនេះ។

លោកបានមានប្រសាសន៍ថា៖ «ជនបរទេសដែលមកពីចម្ងាយរាប់ពាន់គីឡូម៉ែត្រ… គ្មានកន្លែងនៅទីនោះទេ លើក​លែងតែនៅបាតសមុទ្រប៉ុណ្ណោះ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ