ការ​តម្កល់​​ទោស ​​លោក កឹម សុខា រង​ការ​រិះ​គន់​ថា​ជា​ការ​កម្ចាត់​​​ចោល​​ការ​​ផ្សះ​​ផ្សា​​ជាតិ​​ដើម្បី​​អំណាច​តពូជ​

បន្ទាប់​​​ពី​​លោក​ ​កឹម សុខា ​​ត្រូវ​​បាន​​សាលា​​ឧទ្ធរណ៍​​សម្រេច​​តម្កល់​​ទោស​​ឱ្យ​​ជា​​ប់​​​ឃុំ​​ក្នុង​​ផ្ទះ​​២៧​​ឆ្នាំ​​ដដែល ដែល​​​​​គេ​មើល​ឃើញ​ថា ​​​ទោះ​​​​ពុំ​​មាន​​ភស្តុ​តាង​​ដាក់​​បន្ទុក​​គ្រប់​​គ្រាន់​នោះ ​​អង្គ​​ទូត​​ពី​​បណ្តា​​​​ប្រទេស​​លោក​​សេរី​ និង​​គ​​ណបក្ស​​នយោ​បាយ​​​ជា​ច្រើន​​ បាន​សម្តែងការ​ខក​ចិត្ត និងចង្អុលបង្ហាញបក្សកាន់អំណាច ពីការអនុវត្តកាត​ព្វកិ​ច្ច ដើម្បីការពារប្រព័ន្ធ​ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ​ ។

លើសពីនេះ ​បញ្ញវន្ត​ខ្មែរ​ដែល​ជាអ្នកឃ្លាំមើលមួយ​ចំនួន​​ បាន​ចាត់​ទុក​ការសម្រេច​​តម្កល់​ទោស​​ លោក កឹម សុ​ខា ​ដោយ​​តុលាការ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា ជាឧបករណ៍​បម្រើ​នយោបាយ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ ថា​ជាការ​បង្ហាញ​​​ពី​ការ​កម្ចាត់​ចោល​នូវ​មាគ៌ាផ្សះ​ផ្សា​ជាតិ​ ដើម្បីបាន​បន្ត​កាន់​អំណាច​ផ្តាច់កា​រត​ពូជ​​​ជា​​បន្ត​​ទៅ​​ទៀត​។

​ការណ៍​រំលាយ​ចោល​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​​តាម​បែប​ប្រជាធិបតេយ្យ ​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ ​​និង​ច្បាប់​​អន្តរជាតិ​នានា​​​នេះ ​​នឹង​ធ្វើ​ឱ្យកម្ពុជាប្រឈម​​នឹង​​ហានិភ័យដែល​​នឹង​ធ្វើ​ឱ្យកើតមាន​វិបត្តិ​ចាក់​ស្រែស​​កាន់​តែច្រើន​​ និង​​ក៏​ធ្វើ​​​ឱ្យ​​​កម្ពុជា​​បាត់​បង់​ទឹក​ដីកាន់​តែច្រើន​ថែម​ទៀតផង​ដែរ​។

សូម​បញ្ជាក់​ថា នៅពេល​ដែល​សាលា​ឧទ្ធរណ៍ ​បាន​ចេញ​សាល​ដីការ​តម្កល់​ទោស​ឱ្យ​ លោក​កឹម សុខា ​​ដែល​ជា​​អ្នក​នយោ​បាយ​​​ប្រឆាំង​​ដ៏មាន​ឥទ្ធិពល ដែល​ប្រកាន់​យកគោល​នយោបាយ​អហិង្សា​​និយម​ និង​មិន​យក​ខ្មែរ​​ណា​ជាសត្រូវ ​ឱ្យ​ជាប់​​​​ឃុំ​ក្នុង​ផ្ទះ២៧​ឆ្នាំ ​កាលពីថ្ងៃទី​៣០​ខែមេសា​ មិន​មែន​មាន​តែ​ លោក​កឹម សុខា និង​សហមេធាវី​របស់​លោក​ប៉ុណ្ណោះ​ទេ​ ដែល​សម្តែងការ​ខក​ចិត្ត​​​​យ៉ាងខ្លាំង​នោះ ​​បណ្តា​ស្ថាន​ទូត​ពី​ប្រទេស​បស្ចឹម​​​លោកនានា ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ​​ជាបន្តបន្ទាប់ ​​ដោយ​សម្តែងការ​ខក​ចិត្ត ​និងសោក​ស្តាយ​​យ៉ាង​​ខ្លាំង​​ផង​ដែរ​ ក្នុង​នោះ​រួម​​មាន​​​​ស្ថាន​ទូតបារាំង​ អង់គ្លេស​ អាល្លឺម៉ង់ អូស្ត្រាលី និង​កាណាដា​​ជាដើម​។ល។

ក្នុង​ចំណោម​សារ​ទាំងនោះ​ ​ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្តារដ្ឋសមាជិកដែល​មានវត្តមាននៅ​កម្ពុជា​បាន​​គូសបញ្ជាក់​ពីការ​​កត់សម្គាល់​ដោយក្ដីកង្វល់​ ចំពោះលទ្ធផលនៃសវនាការបណ្ដឹង​​ឧទ្ធរណ៍របស់លោក កឹម សុខា។

ស្ថានប្រតិភូ​សហភាព​អឺរ៉ុប​ លើក​ឡើងថា៖ «នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់សម្រួលដល់​ការបើកលំហ​នយោ​បាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្តេជ្ញាចិត្តលើប្រជាធិប​តេយ្យ​របស់​ខ្លួន។ ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្តារដ្ឋសមា​ជិកប្រចាំកម្ពុជា តែងតែគាំទ្រជាប្រចាំដល់​នីតិរដ្ឋនៅកម្ពុជា ហើយសង្ឃឹម​ថា នឹងមានដំណើរឆ្ពោះទៅមុខប្រកបដោយភាពស្ថាបនា រួមទាំងវិធានការ​វិជ្ជមានផ្សេងៗ ចំពោះអ្នកដែលកំពុង​ជាប់ឃុំនាពេលបច្ចុប្បន្ន»។

បន្ថែមពីនេះ សារ​របស់​ស្ថានទូតអង់គ្លេស ​បញ្ជាក់​ថា៖ «យើង​ចង់​ឃើញ​លោក ​កឹម សុខា ​ត្រូវ​បាន​ដោះ​លែង ​​និង​​សេរី​ភាព​​នយោបាយ​​​របស់​លោក​​ត្រូវ​បាន​ស្តារ​ឡើង​វិញ។ ​យើង​ជឿជាក់​ថា រឿង​នេះ​នឹង​ជួយ​ពង្រឹង​​​​​លទ្ធិប្រជាធិប​តេយ្យ​​នៅ​កម្ពុជា​។ ​នៅក្នុង​បរិបទនេះ ​​ស្ថានទូតអង់គ្លេស​​មាន​ការ​​ខកចិត្ត​ចំពោះ​លទ្ធ​ផល​​នៃ​​សវនាការ​លើបណ្តឹង​ឧទ្ធរណ៍​​នៅ​ថ្ងៃនេះ»។

ជាមួយគ្នា​នេះ​ គណបក្ស​​នយោបាយ​​ដែល​មាន​​និន្នាការ​ប្រឆាំង​ ​ក្នុងនោះ​មាន​គណបក្ស​កម្លាំង​ជាតិ​ គណបក្ស​​ភ្លើង​​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ​ គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គណបក្ស​ជំនាន់​ថ្មី​ និង​គណបក្ស​​​​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ជាដើម ​រួម​ទាំង​អង្គការ​សង្គម​ស៊ី​វិល​នានា ​ក៏​បាន​​សម្តែងការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​​ផង​ដែរ​​លើ​ករណី ​លោក​កឹម សុខា នេះ។

សម្រាប់ ​លោក​ សេង វណ្ណលី ​អ្នក​តាម​ដាន់​ភូមិសាស្ត្រ​នយោបាយ ​បាន​ប្រាប់​វីអូឌី​នៅថ្ងៃទី​​១ខែ​​ឧសភា​នេះ​ថា សេចក្តី​​សម្រេច​​​តម្កល់​​ទោស​ លោក ​កឹម សុខា ​​ដោយ​តុលាការ​​ដែល​​ត្រូវ​​បាន​​គេ​មើល​​ឃើញ​ថា​ ជា​ឧបករណ៍​នយោ​បាយ​របស់​គណបក្ស​កាន់​អំណាច ​គឺ​ជាការ​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែច្បាស់ ​ពីចេតនា​ម្ចាស់​​ការ​​ក្នុង​ការ​កម្ចាត់​រាល់​ឧបសគ្គនយោ​បាយ ​ដើម្បី​ពង្រឹង​​អំណាច​គ្រួសារ​និយម​​របស់​គណបក្ស​ប្រជាជន​​ឱ្យ​កាន់​​​តែរឹងមាំ​និង​​មាន​ស្ថិរភាព​យូរ​អង្វែង។

សកម្មភាព​នេះ ​ឆ្លុះ​បញ្ចាំង​ពីការ​បោះ​បង់​ចោល​នូវ​មាគ៌ាផ្សះផ្សា​​ជាតិ​ និង​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​បែប​ផ្តាច់​ការ​ពេញ​លេញ ​​ខណៈ​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ ​ការ​ធ្លាក់​ចុះ​នូវ​លំហរ​​សេរីភាព ​និងការ​កើន​​ឡើង​​នៃ​​ឥទ្ធិ​ពល​​​បរទេស។

លោកថា៖ «ការប្រើប្រាស់​អំណាច​តុលាការ​ ​ដើម្បីកម្ចាត់​គូរ​ប្រជែង​នយោបាយ នៅ​ពេលនេះ​ ក៏​ជារូប​ភាព​នៃ​​ការ​​បង្ហាញ​​សាច់​ដុំ​ទៅ​កាន់​មហា​​អំណាច​​លោក​សេរី​ថា ​របបបច្ចុប្បន្ន​ហ្នឹង​​មិន​​ចុះ​​​ញ៉ម​​ចំពោះ​សម្ពាធ​សិទ្ធិ​មនុស្ស​​​​ជាការ​ដោះ​ដូរ​នឹង​អធិបតេយ្យភាព​ និង​ការ​រៀប​ចំផ្ទះ​ផ្ទាល់​ខ្លួន​​ឡើយ​ ​ទោះ​បី​ជាត្រូវប្រឈម​នឹង​ហានិភ័យ​​​នៃ​​ភាព​​ឯកោ​ខាង​​ការទូត​​ក៏ដោយ​។ ខ្ញុំគិតថា ការ​បន្តផាត់​មេដឹកនាំ​ប្រឆាំង​​ ដែ​ល​មាន​ឥទ្ធិពល​ចេញ​ពី​ឆាក​​នយោ​បាយ ​ផ្ទុយ​ពី​បំណង​នៃ​បណ្តា​ប្រទេស​លោក​សេរី ​និង​រុញ​ច្រានឱ្យកម្ពុជា​​ធ្លាក់​ក្នុង​​វិបត្តិ​​ធ្ងន់​ធ្ងរ​ថែម​ទៀត ​ជាពិសេស​គឺការ​បាត់​បង់​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ ​​​និង​​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ ដែល​នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ឆ្នាំង​​បាយ​របស់​កម្មករនិងពល​រដ្ឋ​ទូទៅ»​។

បើ​តាម​អ្នក​វិភាគ​រូបនេះ ការ​ដែល​បណ្តា​ប្រទេស​លោក​សេរី​​ ហាក់មិន​សូវ​អើ​ពើ​លើ​បញ្ហា​ព្រំដែន​ ​ដែល​ថៃ​បើក​​ការ​​​ឈ្លាន​​ពានលើ​​ទឹក​ដីកម្ពុ​ជា​ ​នា​ពេល​កន្លងមក វា​គឺ​ជាសញ្ញាមួយ​ដែល​​បាន​ព្រមាន​​​រួច​​មក​ហើយ​​ថា នៅ​​​ពេល​​​ដែលកម្ពុជា​បាត់​បង់​​តម្លៃ​ប្រជាធិបតេយ្យ​ ​ដែល​ជាគ្រឹះ​នៃ​ទំនាក់​​ទំនង ​កម្ពុជា​បាត់​បង់​អំណាច​ចរចា​ និង​​ការគាំទ្រផ្នែក​ច្បាប់​អន្តរជាតិ​ ​នៅ​ពេល​មាន​វិវាទ​ជា​មួយ​ប្រទេស​ជិត​ខាង។

លោកថា៖ «ភាព​ឯកោនេះ ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ លោក ​ហ៊ុន ម៉ាណែត ​កាន់​​តែ​ពឹង​ផ្អែក​​ខ្លាំង​លើ​​មហា​អំណាច​​​​​តែ​មួយ​ ដែល​​នាំ​ឱ្យ​​បាត់​បង់​តុល្យភាព​​ក្នុង​នយោបាយ​ការបរទេស ​ហើយ​អាចប្រឈម​នឹង​ការ​​បាត់​បង់​​បូរណៈ​ភាព​​ទឹក​ដី​បន្ថែម​​ទៀត ​ឬផល​ប្រយោជន៍​ជាតិ​ នៅពេល​មាន​សម្ពាធពីប្រទេស​ជិត​​ខាង ​ពីព្រោះ​គ្មាន​​ខ្នង​បង្អែក​​ពីសហគមន៍​អន្តរ​ជាតិ​​ដែល​ប្រកាន់​យក​ច្បាប់​ជាធំ។ សរុបមក​វិញ​ ​ការ​សម្លាប់​នយោ​បាយ​ក្នុង​​​ស្រុក​ ​មិន​ត្រឹមតែ​បំផ្លាញលទ្ធិប្រជា​ធិប​​តេយ្យ​​កម្ពុជា​​ប៉ុណ្ណោះ​​​ទេ​ ក៏ប៉ុន្តែ​វាក៏ជាការ​ដក​ហូត​អាវុធការទូត​ដ៏​មាន​​ប្រសិទ្ធ​ភាព​​របស់កម្ពុជា​ ក្នុងការ​ការពារ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ទៀត​ផង»។

លោក ​ម៉ែន ណាត ​ប្រធានក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា ​ក៏មើល​ឃើញ​ស្រដៀង​គ្នា​នេះ​ផង​ដែរ​​ថា សាលដីកា​របស់​​សាលា​​​ឧទ្ធរណ៍ ​គឺ​បាន​គូស​បញ្ជាក់​ឱ្យ​ឃើញ​កាន់​តែច្បាស់​​ថា រដ្ឋាភិបាល​​លោក ​ហ៊ុន ម៉ាណែត ​និង​លោក​​ហ៊ុន សែន ​គឺ​គ្មាន​បំណង​​បង្រួប​បង្រួម​ផ្សះ​ផ្សា​ជាតិ​ និង​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស ​និង​ប្រជា​ធិប​​តេយ្យ​​​ឡើង​​វិញ​​​នោះទេ ​បើទោះ​បីជាមជ្ឈដ្ឋាន​ប្រជាជាតិ​ខ្មែរ​ទូទៅ​ ​បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​ធ្វើ​ការ​​​បង្រួប​​បង្រួម​​ផ្សះ​​ផ្សាជាតិ​ ​ដើម្បី​ធ្វើ​ឱ្យ​ខ្មែរ​ខ្លាំង​អាច​​ទប់​ទល់​​​ទៅ​នឹងការ​ឈ្លាន​ពាន​​របស់​​ថៃ​យ៉ាង​ណា​ក៏​ដោយ។

សម្រាប់ ​លោក​ម៉ែន ណាត ការ​ណ៍​នេះ ​បង្ហាញ​ឱ្យ​ឃើញពី​ចេតនា​កាន់​អំណាច​​តពូជផ្តាច់ការ​​គ្រួសារនិយម​ បក្ខ​ពួក​និយម​​​របស់​ លោក​ហ៊ុន សែន និង​​លោក​ហ៊ុន ម៉ាណែត​ ​ដោយ​មិន​ខ្វល់​ពីសេចក្តី​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​​​ឡើយ​ ខណៈ​​​បច្ចុប្បន្ន​​រដ្ឋាភិបាល​បាន​បង្កើត​ឱ្យមាន​​​រឿង​អយុត្តិធម៌​គ្រប់​ទីកន្លែង​ ទាំង​អស់​ទៅលើ​អ្នក​​​នយោបាយប្រឆាំង ​​និង​​សកម្ម​ជន​សិទ្ធិមនុស្ស ​និង​សកម្ម​ជន​សង្គម​រួម​ទាំង​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទៅ​។

លោក​ថា៖ «ចំណុច​ឆ្លុះ​បញ្ចាំង​ដែល​លោក​ហ៊ុន សែន​ លោក​ហ៊ុន ម៉ាណែត ​ប្រើ​ដៃតុលាការ​​កម្ចាត់​ដៃគូ​នយោ​​បាយ​ប្រឆាំង​ ​ដើម្បី​បង្ក្រាប​ប្រជាពល​រដ្ឋ​ខ្មែរ​បំផ្លាញ​​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​បំផ្លាញ​នីតិរដ្ឋ​ ​បំផ្លាញ​ជាការ​​ពិត​​ណាស់​ ​ចំណុចនេះ​​ឆ្លុះ​បញ្ចាំងនៅ​ត្រង់ថា គ្រួសារ​លោក​ហ៊ុន សែន ​គឺ​ចង់​កាន់​អំណាច​ផ្តាច់ការ​បន្ត​​ទៅ​​​ទៀត​ ​ដើម្បី​តែ​អំណាច ​ដើម្បី​តែសេចក្តីសុខ​ក្រុម​គ្រួសារ​ខ្លួន​ឯង​។ ​ម៉្លោះ​ហើយ​ស្ថាន​​ភាព​ដែល​សៀម​កំពុង​​ឈ្លាន​ពាន​សព្វ​ថ្ងៃ នៅតែ​បណ្តែត​បណ្តោយ​​ចឹងទៅ គ្មាន​ការ​ផ្សះផ្សាជាតិ ​គ្មាន​ការស្តារសិទ្ធិមនុស្ស​ប្រជាធិប​តេយ្យ​ គ្មាន​ការ​ពង្រឹងនីតិរដ្ឋ​ គ្មានការ​ប្តេជ្ញា​ចិត្ត​​​ពិត​ប្រាកដ​ក្នុងការ​បង្ក្រាប​​អំពើ​ពុក​រលួយ ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​​អនឡាញ ​និង​ដោះ​ស្រាយ​បញ្ហា​អយុត្តិធម៌សង្គម​​អីនោះទេ​»។

​​ជាមួយគ្នា​នេះ ​លោក ​វន ចាន់​ឡូត ​​អ្នក​សិក្សា​ផ្នែក​ច្បាប់ ​ក៏​បាន​ប្រាប់​វីអូឌី​ផង​ដែរថា ការដែល​លោក​ហ៊ុន សែន បាន​​ប្រើ​តុលាការ​ឱ្យ​​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ និង​ធ្វើការកាត់​​ទោស​លោក​កឹម សុខា ​ទាំង​អយុត្តិ​ធម៌​​​បាន​​ធ្វើ​​ឱ្យ​​សហគមន៍​អឺ​រ៉ុប​ សម្រេច​ព្យួរ​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​EBA ២០ភាគរយ ​​និង​បាន​ដាក់​លក្ខខណ្ឌ​ចំនួន​ ​៥​ចំណុច ​ក្នុង​នោះ​ក៏​មាន​ការ​ទាម​ទារ​​ឱ្យ​ដោះ​លែង​លោក​​កឹម សុខា​ ផងដែរ។​ ដោយ​សារ​តែ​រហូតមក​ដល់​​ពេល​នេះ ​មិន​មាន​វឌ្ឍនភាព​ណា​មួយ​​លើ​ករណីរំលាយគណបក្ស​សង្គ្រោះជាតិ ​និង​ការ​បន្ត​ផ្តន្ទាទោស​លើ​​​លោក ​កឹម សុខា ​នេះ​ ​ទើប​សហ​គមន៍​អឺ​រ៉ុប​​នៅ​មិន​ទាន​បាន​ផ្តល់​​​EBA១០០​​ភាគ​រយ​​ឱ្យ​កម្ពុជា​វិញ​នៅ​ឡើយ។
លោកថា៖ «ជិត​មួយ​ទសវត្សរ៍​មក​នេះ ​ដែល​គណបក្ស​កាន់​អំណាច ​បាន​​កម្ទេច​ដៃគូនយោបាយ​របស់​ខ្លួន គឺគណបក្ស​​សង្គ្រោះ​​​ជាតិ ​យើង​ឃើញ​ថា បាន​នាំ​កម្ពុជា​​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ធំៗ​ជាច្រើន​ ហើយ​ដែល​យើង​ឃើញ​​ជាក់​​ស្តែង ​វិបត្តិ​ចុង​ក្រោយ​នេះ គឺ​ការ​ឈ្លានពាន​ពីប្រទេស​ជិត​ខាង​​ ដែល​ធ្វើ​ឱ្យ​កម្ពុជាមិនមាន​កម្លាំង​គ្រប់​​គ្រាន់​ ​ក្នុង​ការ​ទប់​ទាល់​​ជាមួយ​ការឈ្លានពាន​នេះទេ ​ហើយ​ធ្វើ​ឱ្យ​កម្ពុជា​​បាន​បាត់​បង់ទឹកដីរបស់​ខ្លួន​មួយ​​ចំនួន​។​ ទី​២​​ធ្វើ​ឱ្យកម្ពុជា​ធ្លាក់​ចុះ​អន់​ថយ​ ​ដូច​យើង​ដឹង​ហើយ​ថា នៅ​ពេល​ដែល​កម្លាំង​នយោបាយ​ស្ទើ​តែ​ពាក់​​កណ្តាល​​ប្រទេស​ ​ត្រូវបាន​កម្ទេច​ ច្បាស់​ណាស់​​​ការកម្ទេចនេះ ​មិន​អាច​ធ្វើ​ឱ្យគណបក្ស​កាន់​អំណាច​ឬ​កម្ពុជា​​ខ្លាំងក្លាបា​ន​នោះទេ»។

បន្ថែម​ពី​នេះ ​លោក​ ចាន់​ឡូត ​​លើកឡើង​ថា ដោយ​សារ​តែរដ្ឋាភិបាល​កម្ពុជា ​មិន​អើ​ពើ​ទៅ​នឹង​សំណើរ​របស់​សហគមន៍​​អន្តរជាតិ​ ​ដែល​ស្នើ​ឱ្យ​ស្តារ​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ ​និង​ដោះ​លែង​មេ​បក្ស​ប្រឆាំង​នេះ​ហើយ​ ទើប​​សហគមន៍​​អន្តរជាតិ​ ​ហាក់​មិន​អើ​ពើ ​​និង​មិន​បាន​ថ្កោល​ទោស​ថៃ​សោះ​ឡើយ​ នៅ​ពេល​ដែល​ថៃ​លើក​ទ័ព​ចូល​​ឈ្លាន​ពាន​​កម្ពុជា​​ទាំងកំរោល​។

ដោយ​សម្តែង​នូវការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ និងថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរ​ណ៍​ ថា​ជា​ការ​​រំលោភ​​បំពាន​​យ៉ាង​​ធ្ងន់​​ធ្ងរ ​លើ​​គោល​ការណ៍​ប្រជាធិបតេយ្យ ​និង​យុត្តិធម៌​​​សង្គម ​នៅ​ក្នុង​សេចក្តី​ថ្លែង​​ការណ៍​​​​របស់​អង្គ​ការ​​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រា​លី​​ នៅ​ថ្ងៃទី៣០ខែ​​មេសា បាន​គូស​​បញ្ជាក់​ថា ការ​សម្រេច​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​​របស់​បុគ្គល​ ​ប៉ុន្តែ​វាក៏បាន​ញ៉ាំង​ឱ្យ​សហគ​មន៍​​​​អន្តរជាតិ ​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ការប្តេ​ជ្ញាចិត្ត​របស់​​រដ្ឋាភិបាល ​​ក្នុងការ​ស្តារលទ្ធិប្រជា​ធិប​តេយ្យ​​​ឡើង​​វិញ​​ផង​ដែរ។ ​យុត្តិធម៌​ដែល​ត្រូវ​បាន​ពន្យា​ពេល ​និងការ​សម្រេច​ដែល​ផ្អែក​​លើ​ឥទ្ធិពល​នយោ​បាយ ​​​នឹងនាំ​ឱ្យកម្ពុជា​ធ្លាក់​ក្នុងភាព​ឯកោ ​និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​កាន់​តែខ្លាំង។

យ៉ាងណាក្តី​ លោក​ជា ធីរិទ្ធ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​​ប្រាប់​វីអូឌី​​យ៉ាងខ្លី​ថា ករណីលោក​កឹម​ សុខា គឺ​ជាឆន្ទានុសិទ្ធិ​របស់​​តុលាការ ហើយ​​គណបក្ស​កាន់​អំណាច​ ​មិន​អាច​ទៅ​ជ្រៀតជ្រែក​កិច្ចការ​របស់​​តុលាការ​​ដែល​ជាស្ថាប័ន​ឯក​រាជ្យ​បាន​ទេ។

បន្ថែម​ពីនេះ ​អ្នកស្រី ​ចក់ សុភាព អតីត​នាយិការមជ្ឈមណ្ឌល​​សិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាអ្នកសង្កេតការណ៍​​ដំណើរ​ក្តី​ក្នុង​តុលាការ និងក៏ជាសាក្សីមួយរូប​ ដែលត្រូវបានតុលាការកោះហៅ​នាពេលកន្លង​មក ហើយ​ក៏​​ធ្លាប់បាន​មេធាវី​ខាង​រដ្ឋាភិ​បាល ស្នើសុំឱ្យចៅក្រមបណ្តេញ​ចេញពី​សាល​តុលាការ​ មិនចម្លែកចិត្តនោះ​​ទេ ចំពោះ​ការ​តម្កល់​ទោស​លើ ​លោក​កឹម សុខា ​របស់​សាលា​ឧទ្ធរណ៍​នេះ​ ដោយសារករណីវិមតិសង្ស័យ​បាន​​កើតមានតាំងពីមុនដំណើរការ និងក្នុងដំណើរការនីតិវិធី​មក​ម្ល៉េះ​។

យ៉ាងណាក្តី អ្វីដែលអ្នក​ស្រី ចក់ សុភាព ​សោក​ស្តាយ «គឺ​ថាខ្មែរបន្តយកខ្មែរ​ជាសត្រូវ បន្តចោទគ្នាថា ជនក្បត់ ហើយ​បន្តក្តិចត្រួយប្រជាធិបតេយ្យ ដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងការ​បេជ្ញាចំពោះលិខិតូបករណ៍​សិទ្ធិមនុស្សអន្តរ​ជាតិជាច្រើន និងខណៈដែលជាតិយើងត្រូវការការរួបរួម សាមគ្គីគ្នា អភិវឌ្ឍន៍​ប្រទេស តតាំង​​​​​ជាមួយប្រទេសដែល​ឈ្លានពានយើង យើងបានបន្ត​លើវិថីដដែលៗ ដែលមិនបានធ្វើឱ្យប្រសើរឡើង នូវ​ស្ថាន​ភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែល​យើងគួរប្រឹងស្តារនោះទេ ខណៈដែលយើងចង់ឱ្យ​ប្រទេស​​ជិតខាងគោរពគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍ច្បាប់អន្តរជាតិមកលើប្រទេសយើងផងដែរ​នោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ