ឧត្ដម​ស្នង​ការ ​អ.ស.ប ​ជំរុញ​​​​ឲ្យ​​​ដោះ​លែង​​លោក កឹម សុខា និង​​មនុស្ស ៣៣​​នាក់​​ទៀត​​​ដែល​បាន​ឃុំ​ខ្លួន

ឧត្ដម​ស្នង​ការ​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស ​ជំរុញ​​​​ឲ្យ​​​អាជ្ញាធរ​​កម្ពុជា​​ដោះ​លែង​​​​មេបក្ស​ប្រឆាំង លោក កឹម សុខា និង​​មនុស្ស ៣៣​​នាក់​​ផ្សេង​​ទៀត ​ដែល​​បាន​ចាប់​ឃុំ​ខ្លួន ព្រម​ទាំង​​ទាម​ទារ​​ឱ្យ​​​ទម្លាក់​​រាល់​បទ​ចោទ​ទាំងអស់​លើ​ពួកគេ។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វឺកឃឺរ ធើក (Volker Türk) និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​​ចេញ​​ផ្សាយ​​នៅ​ថ្ងៃទី១ ខែ​ឧសភានេះ​ថា លោក​ព្រួយបារម្ភ​យ៉ាង​​ខ្លាំង​​ចំពោះ​ការ​សម្រេច​តម្កល់​​សាលក្រម​ផ្ដន្ទាទោស​​លើ​ លោក កឹម សុខា និង​​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​​បក្ស​ប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ចំនួន ៣៣​នាក់​ផ្សេង​ទៀត។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​អន្តរជាតិ​រូប​នេះ ​ហៅ​ការ​ការ​ផ្ដន្ទាទោស​លើ​ពួកគេ បាន​ដើរ​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​នាំ​ឲ្យ​មាន​​ភាព​ភ័យខ្លាច​កាន់​តែ​ខ្លាំង ដោយសារ​​ច្បាប់​ព្រហ្មទណ្ឌ​នេះ ​ត្រូវ​បាន​​បកស្រាយ​យ៉ាង​ទូលំទូលាយ និង​មិន​ច្បាស់លាស់ ដែល​យក​​មក​អនុវត្ត​​តាម​ទំនើង​ចិត្ត​​​ចំពោះ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ខ្មែរ​ទូទៅ។

មន្ត្រី​ដដែល​នេះ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ធានា​ថា កា​ររិះគន់ និង​ការ​បញ្ចេញមតិ​ដោយ​ស្របច្បាប់​ត្រូវ​បាន​ធានា និង​​ដើម្បី​ការពារ​លំហ​ស៊ីវិល ឯករាជ្យ​ភាព​ប្រព័ន្ធ​តុលាការ និង​លើកកម្ពស់​ការ​កាត់​ក្ដី​ដោយ​យុត្តិធម៌។

លោក កឹម សុខា ត្រូវ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​កាល​ពី​ថ្ងៃទី៣០ ខែ​មេសា បាន​​សម្រេច​រក្សា​​បទ​ចោទ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​​​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដដែល ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​បរទេស» ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣។ បន្ថែម​​ពី​​នេះ ​លោក កឹម សុខា ក៏​ត្រូវ​សាលា​ឧទ្ធរណ៍ ​​ហាម​ចាក​ចេញ​ទៅ​ក្រៅប្រទេស ចំនួន​ ៥ឆ្នាំ​ទៀត។

ចំណែក​តុលាការ​​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា បាន​សម្រេច​ផ្ដន្ទាទោស​​សកម្មជន​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​​២៣​តុលា និង​​ជន​ជាប់​ចោទ​​​ជា​ច្រើន​នាក់​ទៀត ឱ្យ​ជាប់​ទោស​ចន្លោះ​ពី​ ១៨​ខែ ទៅ ២ឆ្នាំ ពាក់​ព័ន្ធ​នឹង​​បទ​ញុះញង់​​​បង្ក​​​ឱ្យ​មាន​ភាព​វឹក​វរ​​​ធ្ងន់​ធ្ងរ​​ដល់​សន្តិ​សុខ​​សង្គម ក្រោយ​ពី​ពួកគេ​​បាន​​​​និយាយ​​​ពី​​ក្ដី​បារម្ភ​របស់​ខ្លួន​ទាក់​ទង​នឹង​គុណ​សម្បត្តិ និង​​គុណ​វិបត្តិ​នៃ​កា​រ​​បញ្ចូល​​​ខេត្ត​ចំនួន៤ របស់​កម្ពុជា ​​ទៅ​​ក្នុង​​​​កិច្ច​​​សហ​ប្រតិបត្តិ​​ការ​​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​វៀតណាម​ និង​ឡាវ (CLV)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ