សហរដ្ឋអាមេរិក ប្រតិកម្មថា ការចោទប្រកាន់ខ្លួន ក្នុងគម្រោងចូលរួមប្រឆាំងនឹងកម្ពុជា «គឺជាការចោទគ្មានការទទួលខុសត្រូវសោះឡើយ» ជាការព្រួយបារម្ភចំពោះការសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលើ លោក កឹម សុខា ការណ៍នេះអាមេរិកអំពាវនាវឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។
អាមេរិក បាននិយាយនៅលើគេហទំព័រស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា នៅថ្ងៃទី២ខែឧសភានេះថា ខ្លួនមានការព្រួយបារម្ភចំពោះការសម្រេចតម្កល់សាលក្រមផ្តន្ទាទោស លោក កឹម សុខា។
លើសពីនេះ ការអះអាងថា សហរដ្ឋអាមេរិក មានការចូលរួមក្នុងគម្រោងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា គឺមិនពិតទេ ហើយគ្មានការទទួលខុសត្រូវសោះឡើយ។
សម្រាប់អាមេរិក៖ «យើងសូមលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា ធានាឱ្យប្រជាពលរដ្ឋរបស់ខ្លួនអាចអនុវត្តសិទ្ធិនៃការប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់បានដោយសេរី ហើយបន្តអំពាវនាវឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌»។
ប្រតិកម្មច្រានចោលរបស់អាមេរិកនេះ គឺក្រោយពីសាលាឧទ្ធរណ៍ភ្នំពេញរបស់កម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចតម្កល់ការផ្តន្ទាទោសលើលោក កឹម សុខា មេបក្សប្រឆាំង ឱ្យមានទោស២៧ឆ្នាំ ដូចសាលាដំបូងរាជធានីភ្នំពេញ និងបន្ថែម៥ឆ្នាំ មិនឱ្យចេញទៅក្រៅប្រទេស ពាក់ព័ន្ធនឹងបទចោទថា លោក កឹម សុខា បានគប់គិតជាមួយអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ។
ជុំវិញការរក្សាការផ្តន្ទោសទោសលើ លោក កឹម សុខា នេះ ក៏មានប្រទេសជាច្រើនទៀត បានបញ្ចេញប្រតិកម្ម បង្ហាញការខកចិត្តដូចគ្នា ដូចជា ប្រទេសបារាំង ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងកាណាដាជាដើម។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ប្រមាណជា៣ខែបន្ទាប់ គណបក្សសង្គ្រោះជាតិរបស់លោក ដែលទទួលបានសំឡេងឆ្នោតជិតពាក់កណ្តាលប្រទេស ត្រូវបានតុលាការកំពូលរំលាយ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលចោទថា លោកបានគប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ។
ក្រោយពីតុលាការកំពូលរំលាយ អាសនៈក្នុងសភា និងនៅឃុំសង្កាត់ ប្រហាក់ប្រហែលគណបក្សកាន់អំណាច ត្រូវបានរឹបអូសយកទៅចែកគណបក្សផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតគំាំទ្រ។ ក្នុងនោះអាសនៈស្ទើរតែទាំងអស់របស់គណបក្សប្រឆាំងនេះ បានទៅលើគណបក្សប្រជាជនកម្ពុជា ពិសេសអាសនៈក្នុងសភា។
ចាប់ពីពេលនោះមក ក្បាលម៉ាស៊ីនដឹកនាំរដ្ឋបានក្លាយជារដ្ឋាភិបាលឯកបក្ស អំណាចទាំងអស់ត្រូវបានលោក ហ៊ុន សែន ក្រសោបយកទាំងរដ្ឋសភា និងព្រឹទ្ធសភា។
៦ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា ដែលមានអាយុជាង៧០ឆ្នាំ ឱ្យជាប់ទោស២៧ឆ្នាំ ដោយឃុំខ្លួននៅក្នុងផ្ទះដែលជាការបន្តបិទខ្ទប់មិនឱ្យធ្វើនយោបាយ។
យ៉ាងណា ភ្លាមៗ ក្រោយតុលាការប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ។
អាមេរិក ចាត់ទុកសាលក្រមផ្តន្ទាទោសនោះថា ជាការរំខានចិត្តជាខ្លាំង ចំពោះការផ្តន្ទាទោស លោក កឹម សុខា មេដឹកនាំនយោបាយកម្ពុជា ដែលទទួលបាននូវការគោរព។
អាមេរិក គូសបញ្ជាក់ពេលនោះថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។ ហើយថា ការបដិសេធសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
សម្រាប់អាមេរិក អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនខ្មែរទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ៕









