ឃ្លាំងទឹកបុរាណមួយមានផ្ទៃទឹកធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែកនៅជាប់តំបន់បឹងទន្លេសាប កៀកនឹងភ្នំក្រោមក្នុងខេត្តសៀមរាប ដែលពលរដ្ឋរាប់ពាន់គ្រួសារអាស្រ័យផលបែបប្រពៃណី តាមរយៈការធ្វើកសិកម្ម និងរកត្រីសាច់ បានក្លាយជាដីគោករាក់អស់មួយផ្នែក គ្រប់គ្រងកម្មសិទ្ធិឯកជននៅរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ។
ការដាក់ដីលុបឃ្លាំងទឹក ដើម្បីរានយកដីធ្វើកម្មសិទ្ធិ ធ្វើឱ្យឃ្លាំងទឹកនេះ កាន់តែរួមតូចទៅ ពីមួយឆ្នាំទៅមួយឆ្នាំ បង្កឱ្យប៉ះពាល់ដល់ការធ្វើកសិកម្ម និងការចិញ្ចឹមជីវិតរបស់អ្នកភូមិ រស់នៅក្នុងសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប។
តំណាងសហគមន៍ម្នាក់ ដែលតែងតែចេញមុខតវ៉ាទាមទារឱ្យអាជ្ញាធរការពារឃ្លាំងទឹកនេះគឺ លោក សូរ ស៊ីភាព។ លោករៀបរាប់ដោយស្ដាយស្រណោះថា បើអាជ្ញាធរខេត្តសៀមរាបមិនពន្លឿនអភិរក្សឃ្លាំងទឹកនេះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិទេ ឃ្លាំងទឹកប្រវត្តិសាស្ត្រនេះ នឹងបាត់បង់នៅថ្ងៃអនាគត ដោយជំនួសមកវិញនៅដីឡូ ផ្ទះវីឡា និងរបងថ្ម គ្រប់គ្រងជាកម្មសិទ្ធិបុគ្គល។
លោកបន្ថែមថា ក្នុងមួយឆ្នាំ កសិករធ្វើស្រែប្រាំងបានតែម្ដងប៉ុណ្ណោះ ប្រសិនបើគ្មានឃ្លាំងទឹកនេះ សហគមន៍មិនអាចធ្វើកសិកម្មបាននោះទេ។
លោកសង្កេតឃើញថា ចាប់តាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ សកម្មភាពចាក់ដីលុបឃ្លាំងទឹកបន្តកើតមាន ធ្វើឱ្យឃ្លាំងទឹកទំនប់ ៧៨ កាន់តែរួមតួច ដោយមានផ្នែកខ្លះត្រូវអ្នកមានលុយមានអំណាច និងអ្នករកស៊ីចាក់ដីលុបអស់ជាច្រើនហិកតា និងផ្នែកខ្លះទៀត អស់ជាង ២០០ហិកតា។
លោកថា ក្រោយពីចាក់លុបភ្លាមៗគេសង់របង សំណង់រឹង ធ្វើឱ្យឃ្លាំងទឹកកាន់តែរួមតូច បាត់បង់សម្រស់បរិស្ថាន និងកន្លែងស្តុកទឹកធ្វើស្រែប្រាំងបន្សល់តាំងពីសម័យប៉ុលពត។
លោក សូរ ស៊ីភាព និយាយថា៖ «មួយឃ្លាំងទាំងមូលហ្នឹងគេរំលោភបំពានទាំងអស់ ខាងក្រុមហ៊ុននេះ បុគ្គលនេះ បួនដប់ហិកតាទៅ បុគ្គលនោះបួនដប់ហិកតាទៅ។ មានន័យថា ទាំងមូលហ្នឹងគេទិញលក់អស់ទៅហើយ តែពលរដ្ឋអត់បានដឹង។ ទោះបីជាមានលិខិតនិរាករណ៍កាលពីឆ្នាំ ២០០៥ ហើយក៏នៅតែមានបុគ្គលទៅរំលោភបំពានពីក្រោយៗ លិខិតនិរាករណ៍ទៀត។ លិខិតនិរាករណ៍ ៣២០ហិកតា និងមិនទាន់និរាករណ៍ ២៣០»។
ចាប់តាំងពីឆ្នាំ២០១៤ រហូតមកទល់ពេលនេះ ពលរដ្ឋរាប់រយនាក់រស់នៅក្នុងសង្កាត់ចំនួន ៣ គឺសង្កាត់ស្វាយដង្គំ សង្កាត់សំបួរ និងសង្កាត់សៀមរាប តែងតែលើកគ្នាតវ៉ា ទៅអាជ្ញាធរសង្កាត់ និងសាលាក្រុងសៀមរាប ដើម្បីស្នើឱ្យអាជ្ញាធរជួយការពារឃ្លាំងទឹកបុរាណនេះ ស្របពេលដែលមានសកម្មភាពដាក់ដីលុបផ្នែកខ្លះ និងជីកយកអាចម៍ដីលក់ ធ្វើអាជីវកម្ម ពីសំណាក់ក្រុមអ្នកមានលុយ។
ប្រជាសហគមន៍ ស្នើឱ្យអាជ្ញាធរអនុវត្តច្បាប់ចំពោះជនល្មើស ទើបអាចការពារឃ្លាំងទឹកនេះយូរអង្វែង ព្រោះជនខិលខូចនៅតែបន្តដាក់លុបផ្នែកខ្លះ ដោយសារទីផ្សារដីឡើងថ្លៃ។
កាលពីចុងខែមិនា ឆ្នាំ២០២៦ ប្រជាសហគមន៍ជាង ៦០ នាក់ បានលើកគ្នាតវ៉ាជាថ្មីទៀត នៅសាលាសង្កាត់ និងសាលាក្រុងសៀមរាប ដើម្បីស្នើឱ្យអនុវត្តច្បាប់លើជនខិលខូចដែលចាក់ដីលុបឃ្លាំងទឹក និងកាយដីធ្វើជាកម្មសិទ្ធិបុគ្គល ក្រោយពីអ្នកភូមិតវ៉ាអាជ្ញាធរក្រុងសៀមរាប បានចុះពិនិត្យដល់ទីតាំង ហើយតម្រូវឱ្យអ្នករំលោភបំពានធ្វើកិច្ចសន្យា និងទុកឱ្យពេលឱ្យ ១០ថ្ងៃ ដើម្បីរុះរើ។
ក៏ប៉ុន្តែអ្នកភូមិថា អ្នកដែលរំលោភបំពានហាក់មិនខ្លាចច្បាប់នោះទេ ហើយពួកគេកំពុងរកមធ្យោបាយកែប្រែដីឃ្លាំងទឹកមួយផ្នែកគ្រប់គ្រងជាកម្មសិទ្ធិដោយស្របច្បាប់។
ចាស់ព្រឹទ្ធាចារ្យ និងជាតំណាងសហគមន៍ លោក យ៉ាំ វី ចាត់ទុកឃ្លាំងទឹកនេះ ជាអត្តសញ្ញាណភូមិកំណើតរបស់ពួកគាត់ ដែលកសិកររស់នៅក្នុងសង្កាត់ចំនួន ៣ មកនេសាទត្រី រើសខ្យង ក្ដាម និងបេះបន្លែធម្មជាតិ។ លោកថា ឃ្លាំងទឹកនេះ ក្លាយជាដីគោរាក់អស់មួយផ្នែកធំហើយ ប្រសិនបើអាជ្ញាធរមិនបោះបង្គោលព្រំ ការពារឱ្យតឹងរឹងនោះទេ ឃ្លាំងទឹកនេះនឹងបាត់បង់នៅថ្ងៃអនាគត ដោយជំនួសមកវិញដីឡូ និងសំណង់រឹង។
លោកស្នើឱ្យអាជ្ញាធរអភិរក្សឃ្លាំងទឹកនេះ ដើម្បីស្តុកទឹកទុកឱ្យកសិករប្រើប្រាស់ សម្រាប់ធ្វើស្រែប្រាំង។
លោកថា៖ «ឃ្លាំងទឹក យូរៗឃើញមួយទៅនៅ ឃើញមួយទៅនៅ យើងបាត់បង់ទំនប់យើងណាចៅ។ ចង់ទុកជាសាធារណៈពលរដ្ឋយើងស្រោចស្រពស្រែប្រាំង ឱ្យបងប្អូនរកស៊ីរាយមង ចងសន្ទូច បេះព្រលិត បេះកំប្លោកចិញ្ចឹមជីវិតសព្វថ្ងៃ»។
ប្រជាសហគមន៍បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ ឃ្លាំងទឹកទំនប់ ៧៨ យ៉ាងហោចណាស់ ជាង ៣០០ហិកតា ត្រូវគេចាប់លុបឱ្យក្លាយជាដីគោករាក់ ដោយជំនួសមកវិញដីគ្រប់គ្រងកម្មសិទ្ធជន និងដីខ្លះទៀតក្រុមហ៊ុនឯកជនគ្រប់គ្រងដែលពួកគាត់មិនស្គាល់ឈ្មោះ។
តំណាងសហគមន៍លោក សូរ ស៊ីភាព បន្ថែមថា ឃ្លាំងទឹកទំនប់ ៧៨ នេះ កសាងឡើងនៅសម័យខ្មែរក្រហមមុនឆ្នាំ១៩៧៩ ដែលប្រើកម្លាំងប្រជាជនរាប់ពាន់នាក់ បន្សល់ទុករហូតបច្ចុប្បន្ន គួរតែរក្សាកេរដំណែលដូនតាឱ្យគង់វង្ស និងបម្រើផលប្រយោជន៍រួម ពុំគួរបំផ្លាញនោះទេ។
លោកយល់ថា ប្រសិនបើអាជ្ញាធរអភិរក្សឃ្លាំងទឹកនេះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ បឹងនេះនឹងមានសុវត្ថិភាព បម្រើប្រយោជន៍រួម ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ចៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប លោក ហ៊ា ហាវ ឱ្យដឹងថា អាជ្ញាធរក្រុង និងសមត្ថកិច្ចបានចុះដោះស្រាយបញ្ហាបានមួយចំនួនហើយ ដោយចាត់ឱ្យអ្នកដែលបំពានឃ្លាំងទឹកនេះធ្វើកិច្ចសន្យាបញ្ឈប់ និងរុះរើផ្ទះចេញពីតំបន់នោះ។
លោកថា អាជ្ញាធរបានជូនដំណឹង និងផ្សព្វផ្សាយហាមពលរដ្ឋមិនឱ្យចាក់ដីលុបឃ្លាំងនេះបន្តទៀតទេ។ រីឯសំណើរបស់សហគមន៍ចង់អភិរក្សឃ្លាំងទឹកនេះ ជាតំបន់អេកូទេសចរណ៍ អាស្រ័យលើការសម្រេចរបស់ថ្នាក់លើ។
លោកថ្លែងថា៖ «ខាងលើ(ថ្នាក់លើ) កំពុងសិក្សាមើលផែនទីកំណត់ឱ្យគាត់ តែកន្លែងនោះយើងហាមមិនឱ្យធ្វើអីតទៀតទេ »។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី ពន្យល់ថា កម្ពុជាអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ភ្ជាប់ធម្មជាតិ បើមានធម្មជាតិស្រស់បំព្រង រួមមាន ព្រៃឈើ និងសត្វព្រៃ ភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្ត។ លោកថា ឃ្លាំងទឹកនេះ មានព្រៃលិចទឹកច្រើនផ្ដល់ជម្រកដល់សត្វបក្សីទឹក ត្រីសាច់ និងការពារបឹងទន្លេសាប ពីការហូរច្រោះដី ពុំគួរមានករណីចាក់ដីលុបធ្វើជាកម្មសិទ្ធិនោះទេ។ លោកយល់ថា អាជ្ញាធរគួរតែទទួលយកសំណូមពររបស់ពលរដ្ឋ ដោយសារពលរដ្ឋជាម្ចាស់ទឹកដីក្នុងតំបន់នោះ។
លោក ខៀវ ធី ថ្លែងថា៖ «កាលណាមានព្រៃឈើ មានសត្វព្រៃទេសចរចូលចិត្ត បង្កើតវិសាលភាពមួយដ៏អស្ចារ្យ កាលណាយើងយកតំបន់នោះ ទៅកាប់ឆ្ការព្រៃ សម្រាប់បម្រើឱ្យការធ្វើពាណិជ្ជកម្ម យើងគួរតែធ្វើនៅតំបន់ណាផ្សេង ក្រៅពីទន្លេសាបហ្នឹង ព្រោះទន្លេសាប ត្រូវការព្រៃឈើដើម្បីការពារនូវការហូរច្រោះតំបន់បឹងទន្លេសាបផងហ្នឹងទីមួយ ហើយទីពីរ ព្រៃឈើសម្រាប់បង្កើតពូជត្រីពងកូននៅរដូវវស្សាផង»។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ពន្យល់ថា ការចាក់ដីលុបឃ្លាំងទឹកដែលជាដីសាធារណៈរបស់រដ្ឋ ជាអំពើខុសច្បាប់ ពីបទ រំលោភបំពានយកលើដីសាធារណៈរបស់រដ្ឋ។
លោកថា ដីឃ្លាំងទឹកនេះ ជាប់នឹងបឹងទន្លេសាប ពាក់ព័ន្ធនឹងក្រសួងធនធានទឹក និងអាជ្ញាធរបឹងទន្លេសាប ដែលអាជ្ញាធរខេត្តសៀមរាប គួរចុះដោះស្រាយចំពោះការទាមទាររបស់ពលរដ្ឋដោយទុកលទ្ធភាពឱ្យសហគមន៍រៀបចំគម្រោងអភិវឌ្ឍន៍ជាតំបន់អេកូទេសចរធម្មជាតិ ភ្ជាប់នឹងតំបន់កសិកម្ម។
លោក អ៊ុន គង់ជិត ថ្លែងថា៖ «សង្គមស៊ីវិលយើងស្នើឱ្យអាជ្ញាធរក្រុងសៀមរាប និងអាជ្ញាធរខេត្តសៀមរាប មេត្តាពិនិត្យការទាមទាររបស់ពលរដ្ឋ។ អាជ្ញាធរត្រូវតែគិតពីផលប្រយោជន៍របស់សហគមន៍ជាជាងឈ្មួញ »។
ឃ្លាំងទឹកបុរាណទំនប់ ៧៨ មានផ្ទៃទឹករាប់ពាន់ហិកតានៅរដូវវស្សា ហើយនៅរដូវប្រាំងអាចស្តុកទឹករាប់លានម៉ែត្រគូប អំណោយផលគាប់ប្រសើរដល់កសិករបង្ហូរទឹកដាក់ស្រែប្រាំង។ ឃ្លាំងទឹកនេះ ក៏ជាជង្រុកត្រីសាច់ និងបន្លែធម្មជាតិដល់កសិករអាស្រ័យផល បែបប្រពៃណីជាច្រើនឆ្នាំមកហើយ និងមានផ្នែកខ្លះ មានព្រៃលិចទឹក បឹងឈូក និងដុះព្រលិតរំចង់ ផ្ដល់សម្រស់ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ជាប់នឹងភ្នំក្រោម កៀកនឹងតំបន់បឹងទន្លេសាប ដែលភ្ញៀវទេសចរចូលចិត្តទៅទស្សនាតំបន់នោះ។
ប្រជាសហគមន៍ទទូចឱ្យអាជ្ញាធរបង្កើតតំបន់នោះ ជាកន្លែងទាក់ទាញភ្ញៀវទេសចរធម្មជាតិ ដើម្បីរក្សានិរន្តរភាពបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់៕









