អតិថិជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ បានប្រើបណ្ដាញសង្គមហ្វេសប៊ុកទាមទារយុត្តិធម៌ ក្រោយរងការបង្ក្រាបនិងចាប់ខ្លួនពីសំណាក់អាជ្ញាធររដ្ឋ នៅពេលពួកគេចេញតវ៉ា ទាមទារឱ្យក្រុមហ៊ុននេះបង្វិលសាច់ប្រាក់ឱ្យពួកគេវិញ ក្រោយក្រុមហ៊ុននេះប្រកាសបិទទ្វារលែងដំណើរការ។
ពលរដ្ឋរងគ្រោះម្នាក់ថ្លែងប្រាប់វីអូឌី នៅថ្ងៃទី៤ ខែឧសភា ដោយសុំមិនឱ្យបញ្ចេញឈ្មោះថា មូលហេតុដែលអ្នកស្រីនិងអ្នករងគ្រោះផ្សេងទៀតសម្រេចផុសលើហ្វេសប៊ុកជាបន្តបន្ទាប់ពីបញ្ហានេះ ដោយសារក្រុមហ៊ុន លោក ហ៊ុន តូ បង្កកប្រាក់។ ពលរដ្ឋរូបនេះ បន្តថា លុយគាត់បានដាក់នៅក្រុមហ៊ុននេះជាង ១ម៉ឺនដុល្លារ បានពីការរកស៊ីលក់ឥដ្ឋឱ្យជនជាតិចិន ដែលមកទិញនិងទូទាត់ប្រាក់តាមក្រុមហ៊ុនហួយវ័ន។
អតិថិជនរូបនោះថា៖ «អ្នកដែលជាប់លុយច្រើនៗជាងហ្នឹង។ អ្នកដែលជាប់លុយច្រើនៗ គេបង្ហោះរហូតដែរក៏ហ្នឹង ហើយខ្ញុំក៏ចឹងដែរ។ និយាយរួមទៅ បើថាឱ្យសង្ឃឹម ១០០ ភាគរយដូចជាមិនសូវសង្ឃឹមសោះ។ ប៉ុន្តែ លុយយើងវាជាប់ក្នុងហ្នឹងច្រើន ហើយបើយើងមិនប្រតិកម្មម៉េចកើត ព្រោះលុយយើងរកដោយកម្លាំងញើសឈាម យើងមិនមែនទៅលួចប្លន់គេ មិនមែនតាមស្គេម (Scam) អនឡាញអីដែលគេនិយាយឯណា ព្រោះយើងរកស៊ីជាមួយចិន ភាគច្រើនចិនបាញ់លុយតែតាមក្នុងកុងហ្នឹងឯង»។
ការបង្ហោះលើបណ្ដាញសង្គមជាបន្តបន្ទាប់ដោយអតិថិជនហួយវ័ន គឺពួកគេបានចោទក្រុមហ៊ុននេះថា បានលួចលុយដែលជាកម្លាំងញើសឈាមរបស់ខ្លួន ហើយថែមទាំងបានចាប់ខ្លួនពលរដ្ឋរងគ្រោះ២នាក់ ដោយអយុត្តិធម៌ថែមទៀត។ អតិថិជនខ្លះ បានអះអាងថា ខ្លួនបានជាប់លុយក្នុងក្រុមហ៊ុននេះ រហូត ១លានដុល្លារ ខ្លះរាប់សែនដុល្លារ និងខ្លះទៀតរាប់ម៉ឺនដុល្លារ ខណៈកម្មវិធីអេបលើទូរស័ព្ទ ក៏លែងបង្ហាញទិន្នន័យ និងចំនួនលុយតែម្ដង។
កាលពីថ្ងៃទី២ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនពលរដ្ឋរងគ្រោះ ២នាក់ គឺឈ្មោះ សួន សុវណ្ណថៃ និងលោក វ៉ាត មករា នៅពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។ អ្នកនាំពាក្យស្ថាប័ននេះ បានចាត់ទុកសកម្មភាពតវ៉ាកាលពីថ្ងៃទី២៧ ខែមេសា នៅមុខធនាគារជាតិ ជាអំពើបង្កអសន្តិសុខ ភាពវឹកវរដល់សង្គម និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌ។
ប៉ុន្តែ ពលរដ្ឋរងគ្រោះ តែងអះអាងថា ការចោទប្រកាន់នេះ មិនសមហេតុផលឡើយ ព្រោះពួកគេជាជនរងគ្រោះ និងបន្តទាមទារឱ្យតុលាការដោះលែងអ្នកទាំងពីរវិញ។ ទោះយ៉ាងណា ក្រោយការចាប់ខ្លួននេះ ពលរដ្ឋដែលធ្លាប់តវ៉ា នៅខាងមុខធនាគារជាតិបានផ្អាកសកម្មភាព ដោយត្រឹមបង្ហោះលើហ្វេសប៊ុកទាមទារយុត្តិធម៌រៀងៗខ្លួន។
ចំណែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វីអូឌីនៅថ្ងៃទី៤ ខែឧសភា ថា ឫសគល់នៃបញ្ហាបង្កដោយក្រុមហ៊ុន ហួនវ័ន នេះ ដោយសារតែការអនុវត្តច្បាប់វាមិនទាន់ស្មើភាពគ្នា និងមិនទាន់អាចផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ លោកជំរុញឱ្យធនាគារជាតិដែលជាអាណាព្យាបាលរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារឯកជនទាំងអស់ ត្រូវដោះស្រាយឱ្យបានម៉ត់ចត់ ជៀសវាងបង្កផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងមូល។ តែ លោកយល់ថា ករណីនេះ ពិបាកដោះស្រាយក្នុងរយៈពេលខ្លី ព្រោះអាចនឹងត្រូវស៊ើបអង្កេតបន្ថែម ខណៈក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសជាច្រើន ដែលត្រូវបានចោទប្រកាន់ដោយស្ថាប័នជាតិ និងអន្តរជាតិថា ជាកន្លែងលាងលុយកខ្វក់។
លោក សេក សុជាតិ ថ្លែងថា៖ «យើងឃើញហើយអតិថិជន ក៏ជាភ្ញៀវអន្តរជាតិ ហើយជាពិសេសគឺ ជនជាតិចិន វៀតណាម ហើយនិងអ្នកដែលពាក់ព័ន្ធអីផ្សេងៗដែលត្រូវបានសង្ស័យថា ជាអ្នករកស៊ីខុសច្បាប់ លាងលុយកខ្វក់អីអញ្ចឹងជាដើម។ ដូច្នេះហើយវាត្រូវការការអនុវត្តមួយ ការស៊ើបអង្កេតមួយដែលច្បាស់លាស់ ហើយអ្នកដែលពាក់ព័ន្ធនឹងបញ្ហានេះ គួរសហការជាមួយនឹងអាជ្ញាធរ ហើយដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសគឺដាក់ពាក្យបណ្ដឹងទៅកាន់ធនាគារជាតិ ហើយបង្ហាញភស្តុតាងអំពីភាពស្អាតស្អំនៃកញ្ចប់ថវិកា ឬក៏លុយរបស់ពួកគាត់ដែលបានរក្សាទុកនៅក្នុងធនាគារ (Bank) ហ្នឹងសិន»។
អ្នកឃ្លាំមើលរូបនេះ បន្តជំរុញឱ្យពលរដ្ឋរងគ្រោះប្ដឹងទៅកាន់តុលាការ ដើម្បីស៊ើបអង្កេតបង្ហាញពីភាពស្អាតស្អំនៃលុយរបស់ពួកគេ ដែលជាមូលដ្ឋានសម្រាប់ធនាគារជាតិស្វែងរកមធ្យោបាយដោះស្រាយ។ លើសពីនេះ លោកថា បើនៅតែគ្មានដំណោះស្រាយទៀតនោះ ពលរដ្ឋអាចស្នើទៅថ្នាក់ជាតិ មានក្រសួងសេដ្ឋកិច្ច និងសភាជាដើម ដើម្បីជួយអន្តរាគមន៍។
កាលពីថ្ងៃទី២៧ ខែមេសា មានពលរដ្ឋរងគ្រោះជាង ១០០នាក់ ក្នុងចំណោមពលរដ្ឋជាង ១៣០០នាក់ ដែលមានចម្រុះជាតិសាសន៍ ទាំងចិន និងវៀតណាម បានប្រមូលផ្ដុំតវ៉ាទាមទារការដោះស្រាយពីធនាគារជាតិ។ ទោះយ៉ាងណា ការតវ៉ាទាមទារនោះពុំត្រូវបានដោះស្រាយទេ ហើយបែរជារងការបង្ក្រាបដោយហិង្សា និងចាប់ពលរដ្ឋរងគ្រោះដាក់គុកទៅវិញ។ ក្រោយមកធនាគារបានរុញឱ្យពលរដ្ឋប្ដឹងទៅតុលាការដោយខ្លួនឯង ក្រោមលេសថា ធនាគារជាតិបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុននេះតាំងឆ្នាំ២០២៤ និងទូទាត់សងប្រាក់ត្រលប់វិញរួចរាល់នៅចុងឆ្នាំ២០២៥។ ប៉ុន្តែពលរដ្ឋរងគ្រោះបានច្រានចោលការអះអាងរបស់ធនាគារជាតិ រហូតបានផ្ទុះការតវ៉ាឡើង។
សម្រាប់អ្នកជំនាញភូមិសាស្ត្រនយោបាយ និងមន្ត្រីបក្សប្រឆាំងថា ករណីក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ គឺជាការទទួលខុសត្រូវរបស់ធនាគារជាតិ ១០០ភាគរយ ហើយអាជ្ញាធរត្រូវចាប់ខ្លួនលោក ហ៊ុន តូ ដើម្បីបង្ខំឱ្យសងប្រាក់ដល់អតិថិជន ហើយបើអាជ្ញាធរមិនអើពើដោះស្រាយ ដោយសារម្ចាស់ក្រុមហ៊ុននេះជាសាច់ញាតិរបស់ថ្នាក់ដឹកនាំកំពូលនោះ គឺចាំបាច់មានសម្ពាធពីអន្តរជាតិ និងការស៊ើបអង្កេតពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក។
លោក ហ៊ុន តូ ជាសហប្រធានក្រុមហ៊ុន ហួយវ័ន បានជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិក ជាមួយប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប ឈ្មោះ លី សុង (LI XIONG) ដែលត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរចិន និងបញ្ជូនទៅប្រទេសចិន កាលពីចុងខែមីនា ដោយសារតែពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។
បើតាមពលរដ្ឋរងគ្រោះបានអះអាងថា ទោះធនាគារជាតិបានដកអាជ្ញាប័ណ្ណតាំងឆ្នាំ២០២៤ក្ដី ក៏ក្រុមហ៊ុននេះបានដំណើរការ រហូតចុងឆ្នាំ២០២៥ ក្រោយពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម មិនឱ្យមានប្រតិបត្តិការសាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ដោយសារក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដ៏ធំសម្បើម ឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ (Online Scam)៕









