មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា នៅថ្ងៃចន្ទនេះ បានទៅតាមដានពាក្យស្នើសុំឱ្យដោះលែងកូនក្តីរបស់ខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ ដោយលោកសម្អាងថា លោក ថាច់ សេដ្ឋា បានអនុវត្តទោសក្នុងពន្ធនាគារបានគ្រប់ចំនួនហើយ គិតត្រឹមចុងខែមេសា ប៉ុន្តែតុលាការនៅមិនទាន់ដោះលែងកូនក្តីរបស់លោកនៅឡើយ គិតមកដល់ពេលនេះ។
លោក ថាច់ សេដ្ឋា អ្នកនយោបាយជំទាស់ មកពីគណបក្សភ្លើងទៀន និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមផងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង» ដោយដាក់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនៅប្រទេសកូរ៉េខាងត្បូង អំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា។
ក្រៅពីសំណុំរឿងបទញុះញង់នេះ លោក ថាច់ សេដ្ឋា ដែលត្រូវបានចាប់ខ្លួន កាលពីដើមឆ្នាំ២០២៣ ក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ ហើយលោកក៏ត្រូវបានតុលាការតម្រូវឱ្យបង់លុយជំពាក់ចំនួន ៣៣ ៤០០ដុល្លារអាមេរិក ត្រូវបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៣លានរៀលនិង ៥លានរៀល ត្រូវបង់សងជំងឺចិត្តដល់ក្រុមហ៊ុនបញ្ចាំមួយដែលជាដើមបណ្តឹង។
លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់វីអូឌីថា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកបានទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានពាក្យស្នើសុំដោះលែង លោក ថាច់ សេដ្ឋា ឱ្យមានសេរីភាពវិញ បន្ទាប់ពីលោកបានដាក់ពាក្យស្នើសុំនោះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីតុលាការនៅឡើយ។
មេធាវីរូបនេះ បន្តថា ការដែលលោកដាក់ពាក្យស្នើសុំឱ្យដោះលែងកូនក្តីរបស់លោក ឱ្យមានសេរីភាព ដោយសារតែលោក ថាច់ សេដ្ឋា បានអនុវត្តទោសក្នុងពន្ធនាគារគ្រប់ចំនួនហើយ ក្នុងសំណុំរឿងទាំង២ នេះបើយោងតាមដីកាសម្រេចឱ្យឃុំខ្លួនរបស់តុលាការ។
លោកថា សំណុំរឿងទី១ ដែលចោទលោក ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧករណ៍ដែលអាចជួញដូរបាន» ហើយត្រូវជាប់ទោស១ឆ្នាំកន្លះនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គឺបានអនុវត្តទោសចប់ហើយ ហើយចំណែកសំណុំរឿងទី២ ដែលចោទកូនក្តីរបស់លោក ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង ហើយត្រូវជាប់ទោស ៣ឆ្នាំនោះ ក៏លោកថាច់ សេដ្ឋា បានអនុវត្តទោសចប់ដែរ បើគិតចាប់ពីថ្ងៃចេញដីកាឃុំខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
លោកថា៖ «ពាក្យស្នើសុំរបស់យើងហ្នឹង គឺបានដល់តំណាងអយ្យការរួចទៅហើយ គ្រាន់តែថា ពេលវេលាដោយសារតែមាន ចំថ្ងៃបុណ្យផង ថ្ងៃសម្រាកផងអីជាដើមអីចឹងទៅ ការឆ្លើយតបរបស់តំណាងអយ្យការ គឺមិនទាន់មានការឆ្លើយតបណាមួយជាផ្លូវការនៅឡើយទេ ហើយយើងសង្ឃឹមថា នៅក្នុងរង្វង់សប្តាហ៍ក្រោយ អាចនឹងមានការឆ្លើយតបជាផ្លូវការមួយ សម្រេចថាឱ្យដោះលែងឱ្យមានសេរីភាព ឬក៏ការបន្តការឃុំខ្លួនអីទៀតហ្នឹង ចាំមើលយើងមើលការឆ្លើយតប តើមានហេតុផលសមរម្យណាមួយតាមស្មារតីច្បាប់អីជាដើមណា ហើយយើងនឹងមានវិធានការបន្តទៀត ក្នុងករណីប្រសិនបើហេតុផលណាមួយដែលវាមិនសមស្របតបតាមស្មារតីច្បាប់ទេ»។
ការណ៍នេះ លោកមេធាវី សឺន ជុំជួន សង្ឃឹមថា តុលាការនឹងពន្លឿននីតិវិធី និងដោះលែងកូនក្តីរបស់លោកទៅតាមនីតិវិធីច្បាប់។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេនៅថ្ងៃចន្ទនេះ។
កន្លងមក ក្រុមអ្នកច្បាប់ អ្នកឃ្លាំមើល និងអ្នកនយោបាយក្រៅរដ្ឋាភិបាល ធ្លាប់បានជំរុញជារឿយៗឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា គួររិះរកវិធីឱ្យមានការដោះលែងអ្នកនយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គម ដូចជា លោកកឹម សុខា លោកថាច់ សេដ្ឋា លោកស៊្រុន ស្រ៊ន និងឥស្សរជនជាង ៦០នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ផងដែរ ប្រសិនបើមេដឹកនាំគ្រួសារហ៊ុនទាំងពីររូប មានចេតនាចង់ឱ្យមានការបង្រួបបង្រួមផ្សះផ្សាជាតិ ដើម្បីឱ្យជាតិរឹងមាំពិតប្រាកដមែននោះ។
ពួកគេក៏បានព្រមានដែរថា កម្ពុជាអាចនឹងជួបវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលគ្រួសារហ៊ុន នៅតែចចេសមិនព្រមដោះលែងអ្នកទោសនយោបាយទាំងអស់ និងមិនព្រមបើកលំហរប្រជាធិបតេយ្យឡើងវិញ ទៅតាមការទាមទាររបស់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិទេនោះ៕









