ពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ខេត្ត​កោះ​កុង អំពាវ​នាវ​ឱ្យ​រដ្ឋាភិ​​​បាល​​ជួយ​​ទប់​​ស្កាត់​​ការ​​បណ្តេញ​ចេញ

ប្រជា​ពលរដ្ឋ​ជាង ៤០​គ្រួសារ រស់​នៅ​តំបន់​ជ្រោះ​ដំណាក់​ក្បូន នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ ស្ថិត​ក្នុង​ភូមិ​កោះ​ប៉ោ​ ឃុំ​ប៉ាក់​​​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង បារម្ភ​ពី​ការ​បាត់​បង់​ទីលំនៅ​ឋាន និង​​​​មុខ​របរ ខណៈ​ប​រិស្ថាន​​​​ខេ​ត្ត ​តម្រូវ​ឱ្យ​ចាក​ចេញ ត្រឹ​ម​​ថ្ងៃ​​ទី​​០៥ ខែ​ឧសភា​នេះ ទោះ​បាន​មក​រស់​នៅ​ជិត​១០​ឆ្នាំ​ក្តី។​

អ្នកស្រី នាក់ វណ្ណី ដែលអះអាងថា​ជាព​លរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤០​គ្រួសារ ដែល​មាន​ផ្ទះ​ឬ​តូប​លក់​ដូរ នៅ​តំបន់​​​ជ្រោះ​​ដំណាក់​​ក្បូន ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​កោះ​កុង និង​រដ្ឋាភិ​បាល ជួយ​អន្តរា​គមន៍​ឲ្យ​ពួក​គាត់​ អាច​បង្កើត​សហគមន៍ និង​​រស់​នៅ​​ប្រកប​របរ​​ល​ក់​​​ដូរ​​​​អាហារ​​ចំណី​ផ្សេងៗ ជូន​​ភ្ញៀវ​ទេសចរ នៅ​តំបន់​នោះ ​សម្រាប់​ចិញ្ចឹមជី​វិត​ដោយ​គ្មាន​ការ​បណ្តេញចេញ។

អ្នកស្រីបន្តថា ពួក​គាត់​ត្រូវ​បាន​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កោះ​កុង មក​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទីតាំង​នេះ ចំនួន​៣ដង​មក​​​ហើយ ខណៈ​​​ពួក​​គាត់​បាន​មក​​រស់​នៅ​តំបន់​ជ្រោះដំ​ណាក់​ក្បួន​នេះ ជិត​១០​ឆ្នាំ​មក​ហើយ តាំង​ពី​​មិន​ទាន់​មាន​ផ្លូវ​និង​​អគ្គិសនី។

គាត់ថារយៈជិត១០ឆ្នាំនេះ ពួកគាត់បាន​សង់ផ្ទះរស់នៅ ដាំ​ដុះ និងសង់ជាខ្ចមតូចៗ សម្រាប់​លក់​ម្ហូប​អាហារ​ និង​​ទទួល​​ស្វាគមន៍​​ភ្ញៀវ​​ទេសចរ បន្ទាប់​ពី​រដ្ឋាភិ​បាល​បាន​អភិវឌ្ឍន៍​ផ្លូវ​​តំបន់​​​​នេះ​រួ​ច​មក​។

អ្នកស្រី​​បន្តថា ពលរដ្ឋឬអាជីវករពួកគាត់ មិន​យកដីតំបន់នេះ​ជាកម្មសិទ្ធិ​ស្រប​ច្បាប់​ទេ ដោយ​គ្រា​ន់​សុំ​រ​ស់​​នៅ​​​​ធ្វើ​រោង ឬ​កញ្ចុះ​សម្រាប់​​លក់​ដូរ​ ដើម្បី​រក​ប្រាក់​​ចំណូល​​​​​ចិញ្ចឹម​គ្រួសា​​រប្រចាំ​​​​ថ្ងៃ​​​​​តែ​ប៉ុណ្ណោះ ដ្បិត​ពួក​គាត់​​ មិន​មាន​​​ដី​សង់​ផ្ទះ​នោះ​ទេ។

អ្នកស្រី នាក់ វណ្ណី និយាយថា​៖ «ពីមុន​កម្សត់​ក្រណា​ស់​នៅ​ទី​នេះ​ ហើយ​កន្លែង​នេះ​មិន​មែន​ស្អាត​ភ្លឹង​អញ្ចឹង​ទេ​ពី​មុន។ ហើយ​ដល់​ពេល​ប្រជា​ពលរដ្ឋ រស់​​​នៅ​តំ​​​បន់​​​នេះ​ជួយ​គ្នា​រើស​សំអាម​សំអាត​អនា​ម័យ​ទើប​តំបន់​នេះ​មាន​បរិស្ថាន​ល្អ។ ហើយ​ពី​មុន​មក​ តំបន់​នេះ​អត់​មាន​ផ្លូវ​ធ្វើ​ដំណើរ​​ស្អាត​អញ្ចឹង​ទេ ហើយ​ទឹក​ស្ទឹង​នេះ​ឆ្លង​ដោយ​សារ​ក្បួន ដល់​ពេល​ពលរដ្ឋ​​ពួក​ខ្ញុំ​ ចូល​មក​រស់​នៅ ហើយ​រដ្ឋ​បាន​បង្កើត​ផ្លូវ​នៅ​ចំ​តំបន់​នេះ ក៏មា​ន​ភ្ញៀវ​ទេស​ចរ​មក​លេង​ ហើយ​ក៏​នាំ​គ្នា​សម្អាត​​អនា​ម័យ កន្លែង​យើងៗ​សំអាត កន្លែង​គេៗ​សំអាត។ ដល់​ពេល​ពលរដ្ឋ​សំអាត​ស្អាត​អញ្ចឹង​ទៅ ក៏​មាន​ភ្ញៀវ​មក​លេង​ហូរហែរ​មក​ដល់​រាល់​ថ្ងៃ​នេះ»។

ស្រដៀងគ្នាដែរ ​អ្នកស្រី ស៊ីម ស្រីពៅ ជាពលរដ្ឋម្នាក់ទៀត​រស់​នៅ​តំបន់​នេះ​ដែរ ​​ឲ្យដឹ​​ង​​ថា​ ពេល​តំបន់​នេះ មិន​ទាន់​មាន​​​ការ​​​អភិវឌ្ឍ​​ផ្លូវ ​ពួក​គាត់​បាន​​​ដាំ​ដុះ​​ដំណាំ បន្លែ ឬ​ផ្លែឈើ​ហូប​ផ្លែ​ផ្សេងៗ​ ​សម្រាប់​រួម​ផ្សំ​ចិញ្ចឹម​ជីវិត។

ប៉ុន្តែក្រោយ​​អភិវឌ្ឍន៍ផ្លូវ ​ពួក​គាត់​បាន​បង្កើត​មុខ​របរ​លក់​ដូរ​បន្តិច​បន្តួច​ សម្រាប់​រក​ប្រាក់​ចំណូល ទើប​​ឃើញ​វត្ត​មាន​​មន្ត្រី​​មន្ទីរ​​បរិស្ថាន ចូល​មក​បណ្តេញ និង​កាប់​​បំផ្លាញ​​ដំណាំ​​​ពួក​គាត់​ ឲ្យ​ចេ​ញ​ពី​តំ​​​បន់​នេះ​​ទៅ​​វិញ?។

អ្នកស្រី ស្នើសុំដល់ថ្នាក់ដឹកនាំ​ខេត្ត និង​រដ្ឋាភិបាល ជួយ​​ឲ្យពួកគាត់បាន​រស់​នៅ និង​ប្រកប​អាជី​វ​កម្ម​លក់​ដូរ​​ម្ហូប​អា​​ហារ​​​​នៅ​​​តំបន់​​នេះ​ដូច​ដើម​វិញ ព្រោះពួ​ក​គាត់​​គ្មាន​ដី​សង់​លំនៅ​ឋាន​រស់​នៅ​​នោះ​ទេ។ ជាង​នេះ​ទៀត កូន​ចៅ​របស់​ពួក​គាត់ ក៏​មិន​បាន​ចូល​សាលា​រៀន​ដែរ ដោយ​សារ​តែ​​មាន​​​​ជីវភាព​ខ្វះ​ខាត។

អ្នកស្រី ស៊ីម ស្រីពៅ និយាយថា​​៖ «សុំឲ្យគាត់ជួយឲ្យ​ប្រជា​ពលរដ្ឋ​ ដែល​ក្រខ្សត់​រស់​នៅ​តំបន់​កន្លែង​ហ្នឹង ឲ្យ​នៅ​បាន​សុខ និង​ប្រកប​អាជីវ​កម្ម​លក់​ដូរ ដាំ​ដំណាំហូប​បាន​ហ្នឹ​ង​ឲ្យ​មាន​សុវត្ថិ​ភាព។ ពលរដ្ឋ​ខំ​ដាំ​​ដំ​ណាំហូ​ប​ផ្លែទ​ទួល​ផល​ហើយ ក៏​ត្រូវ​មន្ត្រី​បរិស្ថាន​មក​កាប់​បំផ្លាញ​ចោល​អស់​​ម្តង​​ជា​ពីរ​​ដង។ ហើយខ្ញុំក៏នៅតែ​ប​ន្ត​ដាំដុះ​ជាប​ន្ត​ទៀត ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ហូប​ ព្រោះ​យើង​នៅ​ឆ្ងាយ​ពី​ផ្សារ ហើយ​យើង​មិន​មាន​លុយ​កាក់​​​ស​ម្រា​ប់ដោះដូរ​ទិញ​គេ​បាន​ហូប​ទេ​ គឺ​មាន​តែ​ខំ​ដាំ​ដុះ​ឲ្យ​កូនៗ​បាន​ហូប ប៉ុន្តែ​ត្រូវ​មន្ត្រី​បរិស្ថានម​កកា​ប់​បំផ្លាញ​ជា​បន្ត​បន្ទាប់»

ពលរដ្ឋបន្តថា ពេល​ពួកគាត់​ចូលមករស់នៅតំបន់ជ្រោះដំណាក់ក្បូន​ពីដំបូង ​​​មិន​ឃើញ​វត្ត​មាន​ ​មន្ត្រី​​បរិស្ថា​ន ឬ​អាជ្ញាធរ​​ពាក់​ព័ន្ធ​ចុះ​​មក​​ហាម​ឃាត់​ទេ។ ប៉ុន្តែ​ក្រោយ​តំបន់​នោះ​មាន​ផ្លូវ និង​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ អាច​លក់​ដូរ​ចិញ្ចឹម​ជីវិត​បាន ទើប​លេច​មុខ​មន្ត្រី​អាជ្ញាធរ​ចុះ​មក​​បណ្តេញ​ពួក​គាត់​ឲ្យ​ចាក​​ចេ​​ញ​ពី​​ទីតាំ​​​ងនេះ​ ទាំង​​គ្មាន​ដំណោះ​​ស្រាយ​​​ទៅ​វិញ?។

​មេឃុំ​បាក់ខ្លង លោក ថូវ ប៊ុនកេ បានបដិសេធ​អត្ថាធិប្បាយ​ ដោយ​រុញ​ឱ្យ​សួរ​ទៅ​អភិ​បាល​ស្រុក​ម​ណ្ឌល​​​សីមា​ និងអភិ​បាល​​ខេត្ត​កោះ​កុង ដែ​ល​វីអូឌី​មិន​អាច​ទាក់ទ​ង​បាន។

យ៉ាងណា លោក ឈិត រតនៈ អ្នកនាំពាក្យរដ្ឋបាល​ខេត្ត​កោះ​កុង ត្រូវ​បា​​នសារ​ព័​​ត៌មាន​ក្នុ​ង​​ស្រុក​ ស្រង់​​​សំដី​ម​ក​ចុះ​​ផ្សា​យ​ថា ពលរដ្ឋ​​ដែល​បាន​ចូល​មក​រស់​​​នៅ​តំបន់​ជ្រោះ​​ដំណាក់​ក្បួន​ គឺ​ទើប​ចូល​មក​រស់​នៅ​​​ប៉ុន្មាន​ឆ្នាំ​​ចុង​​​​ក្រោយ​នេះទេ​។ ​ហើ​យ​ថា ការ​ចូល​មក​រស់​នៅ​នេះ ​គឺ​បាន​ប៉ះ​ពាល់​ដល់​ដី​​ការ​ពារ​ដោយ​ក្រសួង​​បរិស្ថាន ដែល​​​មិន​អនុ​ញ្ញាត​​ឲ្យ​មាន​​សក​ម្ម​​ភាព​​​​ចូល​មក​​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិ​ទ្ធិនោះ​​ទេ។

យ៉ាងណា លោកថា មិនទាន់ទទួលបាន​របាយ​ការណ៍​ច្បាស់​ពី​ថ្នាក់​ក្រោម​ ​ជុំវិញ​ការ​បណ្តេញ​ចេញ​នេះ​​ទេ ដោយ​​រង់ចាំ​មាន​​ឯកសារ​​គ្រប់​​​គ្រាន់​​​​​ពី​ថ្នាក់​ក្រោម​សិ​ន។

​​​​​លើស​ពីនេះ មេភូមិកោះប៉ោ ​លោក វិន សុវាន បានឲ្យដឹងថា ពលរដ្ឋ​ដែល​​ស្នាក់នៅ​ត្រង់​ចំណុច​ខាង​លើ គឺ​ភាគ​ច្រើន​ជា​អ្នក​ចំណាក​ស្រុក​មក​ពី​ឆ្ងាយ ហើយ​តំបន់​នោះជា​តំបន់​​ដា​ច់​ស្រយាល​ ចម្ងាយ​ពី​ភូមិ​ប្រហែល​ជាង ២០​គីឡូ​ម៉ែត្រ។ លោក​បន្ត​ថា ដើម​ឡើយ​តំបន់​នេះ​ មិន​មាន​មនុស្ស​រស់​នៅ​ទេ ប៉ុន្តែ​នៅ​ពេល​តំបន់​នេះ មាន​ការ​សាងស​ង់​វារី​អគ្គិសនី ទើប​​មាន​​កម្មករ​ប្រមាណ ៤ទៅ​៥​គ្រួសារ បាន​មក​សង់​ខ្ទម​រស់​នៅ​ទី​នេះ​ជា​បណ្ដោះ​អាសន្ន។ លុះ​វារី​អគ្គិសនី​​សង់​រួច​​​​រាល់​ ពលរដ្ឋ​ទាំង​នោះ មិន​ព្រម​ចាក​ចេញ​ពី​ទីតាំង​នេះ​ឡើយ ហើយ​ថែម​ទាំង​មាន​អ្នក​ចំណូល​ថ្មី​ ចូល​មក​រស់​នៅ​តំបន់​​​នេះ​ជា​បន្ត​បន្ទាប់​។

​​លោក​ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «តាមខ្ញុំដឹង ដី​តំបន់​នោះ គេ​វិនិយោគ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ ក្នុង​ទំហំ​ដី​ប្រមាណ ១០​ហិកតា.!»

​បន្ថែមលើនេះ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក​មណ្ឌលសីមា បាន​ឲ្យដឹងដែរ​ថា កាលពី​​ឆ្នាំ​២០១៩ នៅ​តំបន់​នេះ ពិត​ជា​មាន​ក្រុមហ៊ុ​ន​​​មួយ បាន​ទទួល​​សិទ្ធិ​វិនិយោគ​​​ពិ​ត​មែន ប៉ុន្តែ​មិន​ឃើញ​​មាន​​ការ​អ​ភិវឌ្ឍ​​​អ្វី​ទា​​ល់​តែ​សោះ រហូត​​មកដល់បច្ចុបន្ន​នេះ។ លោក​បន្ត​ថា រាល់​​​ថ្ងៃនេះ​​ ​ដី​តំបន់​នេះ មិន​ទាន់​​បាន​វិនិយោ​គ​ទៅ​​​ឲ្យ​​ក្រុម​ណា​ផ្សេង​ទៀត​ទេ។​

ទាក់ទិនបញ្ហានេះដែរ លោក ង៉ែត ស៊ីណាប់ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដ​ហុក​ ប្រចាំ​ខេត្ត​កោះ​កុង ស្នើ​ឲ្យ​អាជ្ញាធរ​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ ​​​​​​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​ ​ដោយ​អហិង្សា​និង​សន្តិ​វិធី​ ​​ជាជាង​​ប​ណ្តេ​ញ​ឲ្យ​ចាក​ចេញ​ទាំង​បង្ខំ។ លោក​ទទួល​ស្គាល់​ថា ពល​រ​ដ្ឋ​ទាំង​នោះ​ អាច​ជា​​ពលរដ្ឋ​​​​មក​​​ពី​តំបន់ ឬ​ខេ​ត្ត​​ឆ្ងាយៗ ​ហើយ​ចូល​មក​រស់​នៅ ​ក្នុង​តំបន់​ជ្រោះ​ដំណាក់​ក្បួន​នេះ ពុំ​ទាន់​មានឯ​កសារ​ទទួល​ស្គាល់​ពិត​មែន ប៉ុន្តែ​ចង់​ឃើញ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​តម្លា​ភាព។  ​

លោក ង៉ែត ស៊ីណាប់​ ថ្លែង​ថា៖ «បើគាត់កាន់​កាប់រយៈពេល​ដប់​​ឆ្នាំ ឬដប់​ឆ្នាំជា​ង​នេះ​ ថ្វី​​ត្បិត​តែ​ពួក​គាត់​កាន់​កាប់​ដោយមិ​ន​ស្រប​ច្បាប់​មែន ប៉ុន្តែ​តាម​ការ​​​ដោះ​​​​ស្រាយ​តាម​បែប​សម​ធម៌​ តាម​ការ​ដោះ​ស្រាយ​ក្នុង​ភាព​ជា​ឪពុក​ម្តាយ គឺ​គួ​រ​តែ​ត្រូវ​គិត ឬ​រ​ក​ដំណោះ​ស្រាយ​អ្វី​មួយ ដែល​សម​ស្រប ដែល​​​ប្រជា​ពលរដ្ឋបាន​ទៅ​កាន់​កាប់​អាស្រ័យ​ផល​នៅ​ទី​នោះ ហើយ​រក​វិធី​ដោះ​ស្រាយ​ទៅ​តាម​សមធម៌ ព្រោះកា​រ​បណ្តេញ​ចេញ​ដោយ​​​ហិង្សា ​​ជារឿងមួយ​ដែល​អសីល​ធម៌​ និង​រំលោភ​សិទ្ធិ​​មនុស្ស​ផង​ដែរ»

យ៉ាងណា បើតាមពលរដ្ឋ កាល​ពីថ្ងៃទី​០២ ខែ​ឧសភាថ្មីៗនេះ មន្ត្រី​មន្ទី​​រ​បរិស្ថាន​​ បាន​ដឹក​នាំ​កម្លាំង​​សមត្ថ​កិច្ច​​ជា​ច្រើន​​​នាក់ ​ចុះម​ក​បង្ខំ​ឲ្យ​ពួក​គាត់​រុះ​រើ​ផ្ទះ ឬ​កញ្ចុះ​ដែល​​សង់​រស់​​​នៅ​​​​និង​​​ប្រ​​កប​​មុខ​របរ​ចិញ្ចឹម​ជីវិត ចេញ​ពី​​តំប​​ន់ជ្រោះ​ដំណាក់​ក្បូន​នេះ ម្តង​រួច​​ម​ក​​ហើយ ហើយ​ថែម​ទាំង​បាន​ប្រើ​​កាំ​ភ្លើ​ង​មកភ្ជង់​ពួក​គាត់​​បង្ខំ​ឲ្យ​​រុះ​រើ​សំ​ណង់​​ផ្សេង​​ៗ ចេញ​ពីតំ​បន់​​ខាង​លើ​នេះ​ ឲ្យ​អស់​មុន​ថ្ងៃ​ទី​​៥ ខែ​​ឧសភា។ តែថា​​​​​នៅពេលប្រជាពលរដ្ឋ ប្រមូល​ផ្តុំតវ៉ា ​​ក៏បាន​ដកថយទៅ​វិញ ប៉ុន្តែ​មន្ត្រីទាំងនោះ​​​បាន​​គំរាម​ថា នឹងនាំ​​យក​​គ្រឿង​ចក្រ​​មក​ឈូស​កំទេច​ទីតាំង​តូ​ប​​លក់​ដូរ ឬ​ផ្ទះ​​រស់​នៅ​របស់​​ពលរដ្ឋ​ពួក​គាត់​ ឲ្យ​អស់​ក្នុង​​សប្តាហ៍​​នេះ​ទៀត៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ