មន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ១០ នាក់ និងរបួសយ៉ាងហោចណាស់ ៧៦ នាក់ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។
មន្ត្រីនៅក្នុងតំបន់ចំនួន ៥ នៅទូទាំងប្រទេសបានរាយការណ៍ពីអ្នកស្លាប់ ខណៈដែលទីក្រុងម៉ូស្គូនៅតែបន្តកំណត់គោលដៅលើទីក្រុងនានារបស់អ៊ុយក្រែន ជាមួយនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលជាទៀងទាត់។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានមានប្រសាសន៍ថា នាវាដឹកប្រេងរបស់រុស្ស៊ីចំនួន ៣ គ្រឿង នាវាចម្បាំងដឹកមីស៊ីលគ្រូស (cruise-missile) មួយគ្រឿង និងនាវាល្បាតមួយគ្រឿង ត្រូវបានវាយប្រហារនៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាលើកំពង់ផែរុស្ស៊ីចំនួនពីរ។
មិនទាន់មានព័ត៌មានលម្អិតអំពីការខូចខាតនាវាទាំងនោះនៅឡើយទេ ប៉ុន្តែលោក Zelensky បាននិយាយថា នាវាដឹកប្រេងទាំងនោះគឺជាផ្នែកនៃ “កងនាវាស្រមោល” (shadow fleet) របស់រុស្ស៊ី ដែលត្រូវបានប្រើប្រាស់ដើម្បីគេចចេញពីទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើទីក្រុងម៉ូស្គូជុំវិញការឈ្លានពានទ្រង់ទ្រាយធំដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២២។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ដ្រូនចំនួន ២៦៩ គ្រឿង ត្រូវបានបាញ់ចេញដោយរុស្ស៊ីពេញមួយយប់ ប៉ុន្តែ ២៤៩ គ្រឿង ក្នុងចំណោមនោះត្រូវបានបាញ់ទម្លាក់ ឬត្រូវបានរំខានសញ្ញា។ កងទ័ពអាកាសបានបញ្ជាក់ពីការវាយប្រហារចំគោលដៅដោយដ្រូនចំនួន ១៩ លើក និងមីស៊ីលបាលីស្ទីកចំនួន ១ គ្រាប់ នៅតាមទីតាំងចំនួន ១៥ ក៏ដូចជាការខូចខាតដែលបង្កឡើងដោយកម្ទេចកម្ទីធ្លាក់ពីដ្រូនមួយគ្រឿងផងដែរ។
មន្ត្រីអ៊ុយក្រែន បាននិយាយថា មនុស្ស ៣ នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Kherson ខណៈដែល ២ នាក់ បានស្លាប់នៅក្នុងតំបន់នីមួយៗ រួមមាន អូដេសា (Odesa), ដូណែតស្ក៍ (Donetsk) និង ហ្សាព័ររីហ្ស៊ី (Zaporizhzhia) ហើយម្នាក់ទៀតបានស្លាប់នៅក្នុងតំបន់ Sumy។
ក្នុងពេលជាមួយគ្នានេះ យោធារុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់ដ្រូនយ៉ាងហោចណាស់ ៣៣៤ គ្រឿង ដោយតំបន់ Leningrad ភាគពាយព្យគឺជាគោលដៅសំខាន់។
ស្ថានីយនាំចេញនៅទីនោះ និងក្នុងតំបន់ផ្សេងទៀត បានក្លាយជាគោលដៅរបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ តាមរយៈការវាយប្រហារដ៏ជោគជ័យជាបន្តបន្ទាប់ លើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ដែលទីក្រុងគីវ (Kyiv) និយាយថា បានធ្វើឱ្យបាត់បង់តម្លៃនាំចេញរាប់ពាន់លានដុល្លារ។
កាលពីថ្ងៃទី៣ ខែឧសភា លោក Zelensky បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយ Primorsk ភាគពាយព្យនៅលើសមុទ្រ Baltic ក្បែរប្រទេសហ្វាំងឡង់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយនាវាដឹកប្រេងមួយគ្រឿង និងនាវាល្បាតមួយគ្រឿងត្រូវបានវាយប្រហារ។ លោកបានបន្ថែមថា នាវាទីបីដែលត្រូវបានវាយប្រហារនៅទីនោះ គឺជានាវាចម្បាំងប្រភេទ Karakurt class ដែលរចនាឡើងសម្រាប់ដឹកមីស៊ីលគ្រូស Kalibr។
មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បាននិយាយកាលពីពេលមុនថា នាវាដឹកប្រេងពីរគ្រឿងផ្សេងទៀតត្រូវបានវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅច្រកចូលកំពង់ផែសមុទ្រខ្មៅ Novorossiysk។ លោកបានសរសេរនៅលើតេឡេក្រាម (Telegram) ថា៖ «នាវាដឹកប្រេងទាំងនេះត្រូវបានប្រើប្រាស់យ៉ាងសកម្មសម្រាប់ដឹកជញ្ជូនប្រេង។ ឥឡូវនេះ ពួកវានឹងមិនអាចប្រើបានទៀតទេ»៕









