កសិករមួយ​ចំនួន​នៅខេ​ត្តសៀ​ម​រាប​កំពុង​ជោគ​ជ័យ​លើ​ដំណាំ​វ៉ាន់​នីឡា

វ៉ាន់​នីឡា (Vanilla) គឺ​ជា​គ្រឿង​ទេស​ពេញ​និយម និង​មាន​តម្លៃ​ថ្លៃ​បំផុត​លំដាប់​ទី​ពីរ​នៅ​លើ​ពិភព​លោក​ បន្ទាប់​ពី​ត្រួយ​​ផ្កា​សាហ្វ្រុន (Saffron)។

ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ ចំណាំ​ស្គាល់​​ដំណាំ​នេះ​ថា​​មា​ន​​ប្រភ​ព​នៅ​បរទេស ប៉ុន្តែ​បច្ចុប្បន្ន​វា​ត្រូវ​​បាន​​យក​មក​ដាំ និង​កំ​ពុង​​លូត​​លាស់​​ចេញ​​ផ្លែ​ផ្កា នៅ​លើ​ទឹក​ដី​ខ្នង​ភ្នំ​គូលែន ស្រុក​ស្វាយ​លើ ខេត្ត​សៀម​រាប។

កសិករនៅភូមិសង្កែឡាក់ លោក សំបូរ វណ្ណា អាចចាត់​ទុក​ថា​ជាក​​សិករ​ម្នា​ក់​ជោគ​​ជ័យ​លើ​​ការ​ដាំ​​​ដុះ​ដំ​ណាំ​​​នេះ។ ជោគ​ជ័យ​ដោយ​ហេតុ​ថា កាល​ពី​ឆ្នាំ​២០២២ លោក​ដាំ​វ៉ា​​ន់នីឡា​សាក​ល្បង​តែ​​៦​ជន្លង់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​បំបែក​ដាំ​កើន​ដល់​ ១៨៨ ជន្លង់។ សម្រាប់​កសិករ​រូប​នេះ ការ​ដាំ​វ៉ាន់នី​ឡា​ គឺ​​ងាយ​​ស្រួល​ជាង​ម្រេច​ទៅ​ទៀ​ត។

លោក សំបូរ វណ្ណា និយាយ​ថា៖ «បើ​តាម​ខ្ញុំ ខ្ញុំ​ថាស្រួល​ជាង​ម្រេច។ ស្រួល​ត្រង់​ថា​ បើ​អាកាស​​ធាតុ​អំណោយ​ផល វា​អ​​ត់​មាន​​បញ្ហា​អី​ទេ យើង​មិន​ចាំបាច់​បន្ថែម​ជី​គីមី​ អត់​មាន​ទៅ​បាញ់​ថ្នាំ​គីមី​ទេ។ យើង​គ្រាន់​​​តែ​​ដា​ក់​ជី​​កំប៉ុស្តិ សំរាម​ស្លឹក​ឈើ​ធម្ម​ជាតិ​ ស្រោច​ទឹក​ធម្មតា​ឱ្យ​តែ​ទៀង​ទាត់​ទៅ​»។

វ៉ាន់នីឡា ជាដំណាំស្ថិតក្នុងត្រកូលផ្កាអ័រគីដេ​ ប្រភេទ​វល្លិ៍​ មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ម៉ិក​ស៊ិក​កូ និង​តំ​បន់​​អាមេ​រិក​​​កណ្តាល។ គ្រឿង​​ទេស​នេះ​ ត្រូវ​បាន​ប្រើប្រា​ស់​យ៉ា​​ងទូលំ​ទូលាយ​ក្នុង​វិស័យ​ចំណី​​អាហារ​​ស​ម្រាប់​​​បង្កើន​ក្លិន និង​រស​ជាតិ ក្នុង​បង្អែម នំខេក និង​ភេសជ្ជៈ ព្រម​ទាំង​ប្រើ​​ក្នុង​​ឧស្សា​ហ​ក​ម្ម​គ្រឿង​សម្អា​ង និង​កា​​​រព្យា​បាល​បែប​​ធម្មជាតិ​ដើម្បី​​កាត់​បន្ថយ​ភាព​តាន​តឹង។

ដំណាំនេះទាមទារការដាំដុះដោយបច្ចេកទេសសម្រិតសម្រាំងខ្ពស់ ជាពិសេស​គឺ​ការ​ដាំ​​ដុះ​បែប​ស​រី​រាង្គ​​ដោយ​ប្រើ​ជី​ធម្ម​ជាតិ ការ​បង្កាត់​លម្អង​ផ្កា​ដោយ​ដៃ​ផ្ទាល់​ និង​ការ​ផ្អាប់​ផ្លែ​រយៈ​ពេល​ច្រើន​ខែ ដើម្បី​​ទទួល​​​បាន​​ក្លិន​ក្រអូប​ឈ្ងុយ។

ខណៈវ៉ាន់នីឡាជាដំណាំស៊ីភាព​ត្រជាក់ អាកាស​ធាតុ លក្ខ​ខណ្ឌ​សំណើម និង​ម្លប់​ព្រៃ​ឈើ​​ត្រឈឹង​​ត្រ​​ឈៃ​​​​​​លើ​ភ្នំ​គូលែន បាន​អំណោយ​ផល​ដល់​ការ​ដាំ​ដំណាំ​នេះ​ជា​ខ្លាំង។ លក្ខណៈ​ពិសេស​នេះ បាន​​បង្កើ​ត​ឱ្យមា​ន​គំរូ​កសិកម្ម​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​កម្ពុជា នោះ​គឺ​ កសិ​រុក្ខ​កម្ម។ ​

ជាក់ស្ដែងលោក សំបូរ វណ្ណា បាន​សាកល្បងការដាំដុះវ៉ាន់នីឡា​នៅ​លើ​ដើម​ឈើ​ និង​ដំណាំ​ធំ​ៗ​ស្រាប់​ជុំ​វិញ​​បរិវេណ​ផ្ទះ ដូច​ជា ដើម​សិរ​មាន់ ភ្ញៀវ គូលែន និង​ចំ​បក់ ដែល​​​ធ្វើ​ឱ្យ​លោក​ទទួ​ល​បាន​ផ​ល​ចំណេញ​ពីរ​​ក្នុង​ពេល​តែ​មួយ។

គិតមកទល់ពេ​លនេះ វ៉ាន់​នីឡា​បាន​ផ្ដល់​ផល​ក្រៀម​ចំនួន​កន្លះ​គីឡូ​ដល់​លោក សំ​បូរ វណ្ណា។ វ៉ាន់​​នីឡា ក្រៀមមួយគីឡូ អាចមានតម្លៃចន្លោះពី ៤០០ ដល់ ១០០០ដុល្លារ ទៅ​តាម​ប្រ​ភេ​​ទពូ​ជ និងកម្រិតសម្ងួត។ គិត​ជាមធ្យម វ៉ាន់នីឡាក្រៀម​ពីរ​ផ្លែ មានតម្លៃប្រហែល ១០​ដុល្លារ។

ដំណាំវ៉ាន់នីឡា ត្រូវបាន​​នាំចូលមកដាំដុះជាលក្ខណៈ​​សាកល្បងនៅលើ​ខ្នង​ភ្នំ​គូលែន ​​ខេត្ត​សៀម​​រាប ដោ​​​យ​​អង្គ​ការ ​អាគ្រី​ស៊ុត (Agrisud) កាល​ពីឆ្នាំ​២០២២ ជាមួយ​កសិករ​ពីរ​គ្រួសារ​ មាន​១២​ជន្លង់ និង​បា​​ន​​ផ្ដល់​ផល​ក្រៀម ២គីឡូ​កន្លះ។ បច្ចុប្បន្ន ដំណាំនេះ​បា​ន​កើន​ដល់​ ៣៦៧ ជន្លង់ ខណៈ​​កសិ​ក​រ​ទី​​នោះ​​​មាន​មហិច្ឆតា​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​កាន់​តែ​ធំ​ ដើម្បី​​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ឈាន​ដល់​​ក្រៅ​ប្រ​ទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ