វិភាគ៖ ហេតុ​អ្វី​បាន​ជា​លោក កឹម សុខា ត្រូវ​ជាប់​ឃុំ តែ​មេខ្លោង​ឆបោក​និង​មន្ត្រី​ពុក​រលួយ​មាន​សេរី​ភាព?

សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ដែល​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទា​ទោស​លើ​ លោក កឹម សុខា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៦ ​គឺ​ជា​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​នៃ​មរណ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​ឯករាជ្យ​នៅ​កម្ពុជា និង​ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​បំផុត នូវ​មហិច្ឆ​តា​របស់​មេប​ក្ស​កាន់​អំណាច ក្នុង​ការ​រក្សា​អំណាច​ផ្តាច់​ការ​តាម​បែប​​គ្រួសារ​និយម។

ការសម្រេចក្តីនេះ មិនមែនធ្វើឡើងក្នុងនាម​ច្បាប់ ឬ​ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ពិត​ប្រាក​ដ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​យុទ្ធ​សាស្ត្រ​​នយោ​​បាយ ដែល​ធ្វើ​ឱ្យ​មាន​ការ​ខក​ចិត្ត ពី​អ្នក​នយោ​បាយ​ក្រៅ​រដ្ឋាភិ​បាល​ជា​ច្រើន អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​​​​​​ និង​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក រួម​ទាំង​មហា​អំណាច​លោក​សេរី មាន​​សហ​​​រដ្ឋ​អា​មេ​​រិក និង​បា​រាំង​ជា​ដើម។

អ្នកតាមដានខ្លះ ចាត់ទុកសាលដីកានេះថា ជាការកាត់សេចក្តី ក្នុងគោលបំណង​កម្ទេច​សំឡេង​ប្រឆាំង និង​បិទ​ផ្លូវ​សេរី​ភាព​របស់​មេដឹ​ក​នាំ​ដែល​មាន​ប្រជាប្រិយភាពបំផុតមួយ ដើម្បី​ធានា​ថា​កា​រ​ផ្ទេរ​អំណាច​តាម​បែប​តំណ​ពូជ អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន គ្មាន​ការ​រំខាន និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ស្ថាប័ន​ប្រជា​ធិប​តេយ្យ​ និង​ឯករាជ្យ។

សេចក្តី​សម្រេច​ដែល​មាន​ចរិត​នយោ​បាយ​ទាំង​ស្រុង​នេះ បាន​បង្ហាញ​ឱ្យ​ពិភព​លោក​ឃើញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​​ក្រោម​ការដឹកនាំរបស់លោក ហ៊ុន​ សែន និងលោក ហ៊ុន ម៉ាណែត បាន​ជ្រើស​រើស​យក​ការ​ការ​ពារ​ផល​ប្រយោជន៍​​​គ្រួសារ និង​បក្ខ​ពួក​និយម​ជា​ធំ​ជាង​ជោគ​វាសនា​របស់​​ជាតិ និ​ង​ការ​ផ្សះ​ផ្សា​ជាតិ​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ប្រាថ្នា​​ចង់​​បាន។

ការដែលតុលាការបន្តឃុំឃាំង លោក កឹម សុខា ក្នុងផ្ទះ និងដកសិទ្ធិនយោបាយរបស់​លោក​យ៉ាង​អយុត្តិ​ធម៌​​បំផុត​​នេះ បាន​បង្កើតឱ្យមានរលកនៃប្រតិកម្មយ៉ាងខ្លាំងក្លា និងភ្លាមៗពីសំណាក់សហគមន៍អន្តរជាតិ រួម​មាន​អង្គការ​សហ​ប្រជា​ជាតិ សហភាពអឺរ៉ុប និងប្រទេសមហាអំណាចលោកសេរី ដូចជា  សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អង់​គ្លេស អូស្ត្រាលី និងកាណាដា ដែលសុទ្ធតែបានមើលឃើញថា នេះគឺជាការដើរថយ​ក្រោយ​នៃលទ្ធិប្រជាធិបតេយ្យ និងជា​ការ​រំលោភ​សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ប្រតិកម្មដ៏ផុសផុលពីអង្គការអន្តរជាតិ និងរដ្ឋបរទេសទាំងនេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះពិភពលោក​​បាន​យល់​ច្បាស់​ថា លោក កឹម សុខា គឺជាសកម្មជនសិទ្ធិមនុស្ស​កម្រិតអន្តរជាតិ និងជាជានិមិត្តរូបនៃ​យុត្តិធម៌សង្គមដែលត្រូវបានតុលាការក្រោមបង្គាប់របស់គ្រួសារលោក ហ៊ុន​ សែន យកមកធ្វើជាចំណាប់ខ្មាំងនយោបាយ។

ការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងគ្រោះថ្នាក់​នៃ​ការ​បាត់​បង់​ភាព​ស្រប​ច្បាប់​លើ​ឆាក​អន្តរ​ជាតិ ដែលនឹងនាំមកនូវផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរតាមរយៈការរឹត​ត្បិត​ពាណិជ្ជ​​កម្ម និងការដាក់ទណ្ឌកម្មបន្ថែមទៀត។

លើសពីនេះ គណបក្សក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គនយោបាយខ្មែរនៅក្រៅប្រទេស បានសម្តែងការខក​​ចិត្ត និង​​ការ​ខឹង​សម្បារយ៉ាងខ្លាំង​ ចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការជា​ឧបករណ៍​ ដើម្បីបំផ្លាញប្រព័ន្ធពហុបក្ស និងការបង្រួប​បង្រួម​ជាតិ។

ពួកគេមើលឃើញថា ការដឹកាននាំរបស់គ្រួសារ លោក ហ៊ុន​សែន នេះ កំពុងតែភ័យខ្លាចចំពោះការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ទើបព្យាយាមផាត់ចេញនូវឥស្សរជននយោបាយ​ ដែលមានម្ចាស់ឆ្នោតរាប់លាននាក់គាំទ្រ ដើម្បីរក្សាអាណាចក្រអំណាចរបស់ខ្លួន​ ដែលកំពុងតែហ៊ុំព័ទ្ធដោយអំពើពុករលួយ និងឧក្រិដ្ឋ​កម្មឆ្លង​ដែន។

ហេតុផលពិតប្រាកដដែលមេបក្សកាន់អំណាច មិនហ៊ានផ្តល់សេរីភាពជូនលោក កឹម សុខា និងមិនចង់ឱ្យមានប្រព័ន្ធ​ប្រជាធិបតេយ្យពិតប្រាកដ គឺដោយសារតែពួកគេដឹងច្បាស់ថា នៅក្នុងប្រទេសដែលគោរពនីតិរដ្ឋ និងមានប្រព័ន្ធ​ត្រួតពិនិត្យអំណាចរឹងមាំ ពួកគេនឹងមិនអាចបន្តការពារអាជីវកម្មកខ្វក់ និងឧស្សាហកម្មឆបោក​តាម​អន​ឡាញ​ដែល​កំពុង​តែ​រីក​សុះ​សាយ​ពេញផ្ទៃប្រទេសនោះឡើយ។

ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បណ្តោយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការ​លាង​លុយ​កខ្វក់ គឺជាយុទ្ធសាស្ត្រក្នុងការប្រមូលធនធានហិរញ្ញវត្ថុ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ​នៃ​របប​ផ្តាច់​ការ​គ្រួសារនិយម។

ប្រព័ន្ធតុលាការដែលការពារតែអ្នកមានអំណាច និងធ្វើទុក្ខបុកម្នេញអ្នកស្នេហាជាតិ គឺជាខែលការពារដ៏រឹងមាំ​សម្រាប់​មហាសេដ្ឋីបក្ខពួកនិយម ដូចជា ករណីលោក កុក អាន ដែលជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោក និង​ត្រូវ​បាន​ពិភព​លោក​ដាក់​ទណ្ឌ​កម្ម ប៉ុន្តែ​នៅតែបន្តរស់នៅយ៉ាងមានអភ័យឯកសិទ្ធិក្រោមស្លាបត្រកូល ហ៊ុន។

ភាពផ្ទុយគ្នានេះ បានបង្ហាញថា យុត្តិធម៌នៅកម្ពុជាត្រូវបានបែងចែកជាពីរស្ដង់ដារយ៉ាងច្បាស់ក្រឡែត គឺម្ខាងត្រូវបាន​ឃុំខ្លួនដោយសារសកម្មភាពនយោបាយអហិង្សា និងម្ខាងទៀតមានសេរីភាពទោះបីជាជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបំផ្លាញជាតិក៏ដោយ។

ផលវិបាកនៃការរក្សាអំណាចដោយការជិះជាន់នេះ នឹងរុញច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងវិបត្តិសន្តិសុខជាតិ និង​បូរណ​ភាព​ទឹក​ដី​យ៉ាង​ធ្ងន់​ធ្ងរ ព្រោះនៅពេលដែលរដ្ឋាភិបាលបាត់បង់ការគាំទ្រពីពលរដ្ឋ និងសហគមន៍អន្តរជាតិ នោះកម្ពុជា​នឹងបាត់បង់អំណាចចរចាលើឆាកអន្តរជាតិ ជាពិសេសក្នុងវិវាទជាមួយប្រទេសជិតខាង ដូចជា ថៃ ជាដើម។

ភាពឯកោដែលកើតចេញពីការរំលោភសិទ្ធិមនុស្ស និងការការពារឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នឹងបង្ខំឱ្យគ្រួសារ ហ៊ុន កាន់​តែ​ពឹង​ផ្អែក​ខ្លាំងលើមហាអំណាចតែមួយ ដែលនាំឱ្យបាត់បង់តុល្យភាពក្នុងគោលនយោបាយការបរទេស និងអាច​ឈាន​ទៅ​ដល់​ការបាត់បង់អធិបតេយ្យភាពជាតិទាំងស្រុង។ ស្ថិរភាពដែលបានមកពីការបង្ខិត​បង្ខំ និងការប្រើប្រាស់​​អំណាច​ផ្តាច់​ការ គឺជាស្ថិរភាពដែលផុយស្រួយបំផុត និងមិនអាចស្ថិតស្ថេរយូរអង្វែងបានឡើយ។

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ មិនមែនជាជ័យជម្នះនៃច្បាប់ទេ ប៉ុន្តែវាគឺជាការបញ្ជាក់ពីការបរាជ័យ​នៃសីលធម៌ដឹកនាំ និងជាការសម្លាប់អនាគតប្រជាធិបតេយ្យរបស់កម្ពុជា ដើម្បីតែការរស់រាននៃអំណាច​ត្រកូលមួយដែលតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួន លើសពីជោគវាសនារបស់ប្រជាជាតិទាំងមូល។

សេចក្តីសម្រេចនេះ ក៏ជាការឆ្លុះបញ្ចាំងពីការបោកប្រាស់របស់ លោក ហ៊ុន ម៉ាណែត ចំពោះការសន្យាបោស​សម្អាតឧស្សាហកម្មឆបោកឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ព្រោះខណៈដែលខែឧសភាបានចូលមក​ដល់ យើងនៅតែឃើញសកម្មភាពខុសច្បាប់ទាំងនេះ បន្តកើតមានក្រោមការការពាររបស់មន្ត្រីគ្រាក់ៗក្នុង​ជួរគណបក្សកាន់អំណាច។

ការដែលរដ្ឋាភិបាលមិនហ៊ានប៉ះពាល់ដល់ឫសគល់នៃបញ្ហា គឺដោយសារតែឧក្រិដ្ឋ​កម្ម​ទាំង​នោះ គឺ​ជា​ផ្នែក​មួយ​​​នៃ​រចនា​​សម្ព័ន្ធ​សេដ្ឋ​កិច្ច​បក្ខ​ពួក​និយម ដែលជួយទ្រទ្រង់អំណាចរបស់ពួកគេ។

តាមរយៈការបញ្ចេញប្រតិកម្មព្រមៗគ្នា របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួម​ទាំង​សហគមន៍​អន្តរ​ជាតិ ជុំវិញ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍នេះ ជាការផ្តល់សញ្ញាថា ពួកគេមិនអាចទទួលយកបានឡើយ នូវការដឹកនាំដែល​យក​យុត្តិ​ធម៌​មកធ្វើជាល្បែងនយោបាយ និងយកកិត្តិយសជាតិមកដោះដូរជាមួយ​ទ្រព្យសម្បត្តិមន្ត្រីពុករលួយ។

សាលដីកានេះ គឺជាសញ្ញាព្រមានដ៏អាបអាប់បំផុតដែលបង្ហាញថា កម្ពុជាក្រោមការក្តោបក្តាប់របស់គ្រួសារលោក ហ៊ុន សែន កំពុងតែដើរឆ្ពោះទៅរកភាពឯកោ និងវិបត្តិដែលមិនអាចស្រោចស្រង់បាន ប្រសិនបើគ្មាន​​ការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការផ្សះផ្សាជាតិ និងការគោរពសិទ្ធិមនុស្សពិតប្រាកដនោះទេ។

ការបន្តរឹតត្បិតសេរីភាពនយោបាយតាមរយៈប្រព័ន្ធតុលាការ និងការតម្កល់ផលប្រយោជន៍បក្ខពួកលើសច្បាប់​រដ្ឋ គឺជាមាគ៌ាដ៏គ្រោះថ្នាក់ដែលលោក ហ៊ុន ម៉ាណែត គួរតែបញ្ឈប់ជាបន្ទាន់ ដើម្បីបុព្វហេតុរស់រាននៃសង្គមជាតិទាំង​មូល។

ដូច្នេះ លោក ហ៊ុន ម៉ាណែត គួរបង្ហាញឆន្ទៈពិតប្រាកដក្នុងការស្តារមុខមាត់កម្ពុជាឡើងវិញ តាមរយៈការដោះ​លែង​ លោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ដើម្បីបើកផ្លូវឱ្យមានការផ្សះផ្សាជាតិ និងការបង្រួប​បង្រួម​ខ្មែរគ្រប់និន្នាការនយោបាយ។

ទន្ទឹមនេះ លោកត្រូវតែហ៊ានវះកាត់សាច់ស្អុយដោយអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុតលើមេខ្លោងឧក្រិដ្ឋកម្មឆ្លងដែន និងឧកញ៉ាពុករលួយដែលជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មឆបោក បើទោះបីជាបុគ្គលទាំងនោះមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសាររបស់លោកយ៉ាងណាក៏ដោយ ព្រោះមានតែការសម្អាតផ្ទៃក្នុងដោយភាពស្មោះ​ត្រង់​បែបនេះទេ ទើប​អាច​ទាញ​យក​ទំនុក​ចិត្ត​ពី​សហគមន៍​អន្តរ​ជាតិ និងវិនិយោគិនស្អាតស្អំមកវិញបាន។

លើសពីនេះ លោកគួរតែជំរុញឱ្យមានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឱ្យទៅជាស្ថាប័នឯករាជ្យដែលបម្រើពលរដ្ឋ​គ្រប់​រូប​ដោយ​ស្មើភាពគ្នា មិនមែនជាឧបករណ៍សម្រាប់ការពារអំណាចត្រកូល ដែលនាំឱ្យកម្ពុជាធ្លាក់​​ក្នុង​ភាពឯកោផ្នែកការ​ទូត និងសេដ្ឋកិច្ចនោះឡើយ ព្រោះថា ការងាកមកគោរពគោលការណ៍នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នឹង​ជួយ​ឱ្យ​កម្ពុជា​មាន​អំណាចចរចាកាន់តែខ្លាំងលើឆាកអន្តរជាតិ ជាពិសេស​ក្នុងការការពារបូរណភាពទឹកដី និង​ផលប្រយោជន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង។

លោក ហ៊ុន ម៉ាណែត ត្រូវតែតម្កល់កិត្តិយសជាតិ និងសុខុមាលភាពរបស់ប្រជាជនជាធំ ជាងការរក្សាអំណាច​ផ្ដាច់មុខ​​របស់គ្រួសារ និងបក្ខពួក ដើម្បីធានាថាស្ថិរភាពនយោបាយរបស់កម្ពុជា គឺជាស្ថិរភាពដែលកើត​ចេញពីយុត្តិធម៌សង្គម​ពិតប្រាកដ មិនមែនកើតចេញពីការបង្ខិតបង្ខំដែលងាយនឹងរលាយរលត់ទៅវិញនៅពេលមានវិបត្តិនោះឡើយ។

សរុបមក មានតែការធ្វើកំណែទម្រង់ដោយភាពក្លាហាន និងការបញ្ឈប់សកម្មភាពបំបែក​បំបាក់​ជាតិ ទើប​ជា​គន្លឹះ​តែ​មួយ​គត់​ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចាក​ចេញ​ពី​ស្រមោល​នៃ​មេដឹក​នាំ​គ្រួសារ​និយម ហើយ​ឈាន​ទៅ​រក​ការ​ទទួល​ស្គាល់​ដោយ​មោទន​ភាព​ពី​សំណាក់​ពិភព​លោក​ទាំង​មូល​វិញ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ