អាជ្ញាធរ​​យក​​រូ​ប​​សំណាក់​​ព្រះ​​វិស្ណុ​​មក​​ដាក់​ទីតាំង​​នៅ​ខេត្ត​សៀមរា​ប​វិញ​ក្រោយ​រង​ការ​រិះ​គន់

ការ​​ផ្លាស់​​ប្តូរ​​ទីតាំង​​រូប​​សំណាក់ «ព្រះ​វិស្ណុ​គង់​​លើ​ស្តេច​​គ្រុឌ​» ពី​​ខេត្ត​​ឧត្តរ​​មាន​​ជ័យ​​មក​​តម្កល់​​ទុក​​នៅ​​​ទីតាំង​​​​ដើម​​វិញ​​នៅ​​រង្វង់​​មូល​​ក្បែរ​​ព្រះ​​លាន​​យន្ត​​ហោះ​​ចាស់ ផ្លូវ​​ជាតិ​​លេខ​៦​ ក្នុង​ក្រុង​សៀម​រាប​ ធ្វើ​​​ឱ្យ​​ពលរដ្ឋ​​ខ្លះ​​សាទរ និង​​ព​ល​រដ្ឋ​​​ខ្លះ​​ទៀត​​រស់​​នៅ​​ក្នុង​​តំបន់​​អង្គរ​​មិន​​សប្បាយ​​ចិត្ត​ ​ដោយ​​អះ​អាង​​ថា អាជ្ញាធរ​​មិន​​ទទួល​​ខុស​​ត្រូវ​​អភិរក្ស​​កេរ​​ដំណែល​​បុព្វ​​បុរស​​ខ្មែរ​​ឱ្យ​​គង់​វង្ស​​នោះ​ឡើយ។

ពលរដ្ឋ​រស់​នៅ​តំបន់​អង្គរ ​លោក ស៊ាន ខេមរា យល់​ថា រូប​សំណាក់​ប្រវត្តិ​សាស្ត្រ​នេះ​ បន្សល់​ទុក​​តាំង​ពី​ទសវត្សរ៍​ទី៦០ អាជ្ញាធរ​គួរតែ​អភិរក្ស​ឱ្យ​បាន​ល្អ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ មិន​គួរ​ផ្លាស់​ប្ដូរ​ដោយ​ស្ងាត់​ៗ​នោះ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត។

ពលរដ្ឋ​រស់​នៅ​តំបន់​អង្គរ​រូប​នេះ​ បន្ថែម​ថា ការ​អភិរក្ស​កេរ​ដំណែល​ដូនតា​ឱ្យ​ល្អ មាន​ន័យ​ថា​ គោរព​គុណ​បុព្វបុរស ទេវតា និង​​អាទិទេព​ ថែរក្សា​ភូមិ​ស្រុក​ដែល​គាត់​រស់​នៅ។

លោកថា៖ «យើង​គិត​មើល​ចង់​យក​ចេញ ក៏​យក​ចេញ យក​ចូល​ក៏​យក​ចូល មក​អ៊ីចឹង​ លើក​ដាក់​ៗ​តាម​សេរី​អ៊ីចឹង​។ រូប​កន្លែង​ចាស់​ពី​មុន​មក បាត់​រូប​ចាស់ យក​រូប​ថ្មី​មក​ មិន​ដឹង​រូប​ចាស់​មាន​លោហៈ​ធាតុ​អី​យ៉ាង​ណា»។

រដ្ឋបាល​ខេត្ត​សៀមរាប​ថ្មីៗ​នេះ បាន​ជូន​ដំណឹង​ស្តី​ពី​ការ​​កែ​សម្រួល​រូប​សំណាក់​នៅ​រង្វង់​មូល​មុខ​វិទ្យាល័យ​សម្ដេច​ឪ​ ដោយ​​បាន​រៀបចំ​ក្រុង​ពលី បួងសួង​សុំ​យាង​ព្រះ​បាទ​ជ័យ​វរ្ម័នទី៧​ មក​ទៅ​គង់​នៅ​វត្ត​រាជ​បូព៌ ហើយ​នឹង​រៀបចំ​រូប​សំណាក់​​ព្រះ​រៀម​​គង់​លើ​គ្រុឌ​មក​ដាក់​ទីតាំង​ដើម​វិញ​។ 

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី វណ្ណៈ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ ការ​កែប្រែ​រូប​សំណាក់​នេះ​ធ្វើ​ឡើង តាម​ការ​​ស្នើ​សុំ​របស់​ពលរដ្ឋ​ដែល​ជឿ​លើ​បារមី ឫទ្ធានុភាព​ រូប​សំណាក ព្រះ​វិស្ណុ​ផ្លែងសរ​ ជិះ​លើ​គ្រុឌ។ លោក​បន្ថែម​ថា ពលរដ្ឋ​បា​ន​បញ្ចេញ​មតិ​ក្នុង​គេហទំព័រ​ហ្វេស​ប៊ុក​របស់​អភិបាល​ខេត្ត។

ទោះ​ជា​យ៉ាង​ណា ទំព័រ​ហ្វេស​ប៊ុក ក្រុម​ព្រះ​សុរិយា​ដែល​មាន​ជំនាញ​ខាង​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ និង​សិល្បៈ បង្ហោះ​សារ​​តាម​​​បណ្ដាញ​​សង្គម​ជំនឿ​ដូនតា​ខ្មែរ​ជឿ​ថា រូប​សំណាក់​ព្រះរាម​គង់​លើ​គ្រុឌ​ ការពារ​​​​ជា​តិ ទាំង​​ផ្លូវ​ទឹក ផ្លូវ​គោក និង​​ផ្លូវ​អាកាស និង​បន្សាប​ឥទ្ធិពល​ចំពោះ​អ្នក​ដែល​មាន​មហិច្ឆតា​ឈ្លានពាន​ទឹក​ដី​ខ្មែរ ។

រូប​សំណាក់​នេះ បង្កើន​សោភ័ណ​ភាព​ខេត្ត សម្រាប់​ប្រជា​ជន គោរព​បូជា ​ផ្សា​ភ្ជាប់​នឹង​ជំនឿ​នៅ​បាត​បាល័ដ្ឋ​រង្វង់​មូល ព្រះវិស្ណុ​គង់​លើ​គ្រុឌ​ជា​កន្លែង​បញ្ចុះ​អថ័ន ដើ​ម្បី​ការពារ និង​តម្កើង​រិទ្ធិ​បារមី​ រូប​បដិមាករ​ ព្រះ​វិស្ណុ​ជិះ​គ្រុឌ ឱ្យ​កាន់​​តែ​ខ្លាំង​ដោយ​បញ្ចុះ​អថ័ន​បណ្ដាសា ឧបកិច្ច​ថា​  ជន​ទាំង​ឡាយ​ណា​ដែល​បំផ្លិច​បំផ្លាញ ក្បាច់​ចម្លាក់ រង្វង់​មូល និង​រូប​បដិមា​​ព្រះ​វិស្ណុ​ គង់​លើ​គ្រុឌ និង​ត្រូវ​រង​ទុក្ខ​ទោស ធ្លាក់​នរក៩ ជាន់ ឬ​បាត់​បង់ជីវិត ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ លិច​ទូក និង​រន្ទះបាញ់ ជាដើម។

អ្នក​សិក្សា​ផ្នែក​ព្រហ្មញ្ញ​សាសនា និង​ជា​គ្រូ​អាចារ្យ លោក ម៉ាលី សានី ពន្យល់​ថា​ ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ចាក់​ជ្រៅ​ក្នុង​ដួង​ចិត្ត​ថា រូប​សំណាក់​នេះ ដើម្បី​បង្ក្រាប​ផ្លូវ​ងងឹត​ ដែល​ពួក​អមនុស្ស​តែងតែ​យាយី​តាម​ភូមិ​ស្រុក ដោយ​ត្រូវ​យាង​អាទិទេព មក​ទប់​ស្កាត់​ផ្លូវ​ក្នុង​អាក្រក់​ ក្នុង​ភូមិ​ស្រុក​ដែលពួក​គាត់​រស់​នៅ។ លោក​ថា ក្នុង​ពេល​សៀម​ឈ្លាន​ពាន​កម្ពុជា ពលរដ្ឋ​​​នឹក​ឃើញ​ដល់​រូប​សំណាក់​នេះ ​ហើយ​ចង់​ទុក​នៅ​ទីតាំង​ដើម​វិញ។

លោក គង់ សានី និយាយ​ថា៖ «ជំនឿ​បាន​ចាក់​ជ្រៅ​ក្នុង​ដួង​ចិត្ត​ពលរដ្ឋ​គាត់ គាត់​ជឿ​ថា​ ការ​ដាក់​រូប​សំណាក់​ដើម្បី​បង្ក្រាប​រាល់​កលិយុគ ឬ​ព្រះ​បិសាច ដែល​តែង​តែ​យាយី​លើ ប្រទេស​ភូមិ​ស្រុក​ ឬ​តំបន់​ដែល​គាត់​រស់​នៅ ធ្វើ​ឱ្យ​គាត់​បាន​សុខសាន្ត។ គាត់​ជឿ​ថា​ មាន​ទេវតា​​ណា​មួយ មាន​ឫទ្ធានុភាព»

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ លោក ខៀវ ធី យល់​ថា​ ពលរដ្ឋ​សាទរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​រូប​សំណាក់​នេះ​​នៅ​ទីតាំង​ដើម​វិញ​ ដោយ​ជឿ​ថា ​ប្រទេស​មាន​​សិរីមង្គល​ ត្រជាក់​ត្រជុំ​ឡើង​​វិញ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​រក្សា​​កេរ​ដំណែល​​ដូនតា​ និង​រៀបចំ​ប្រព័ន្ធ​អភិរក្ស​ឱ្យ​បាន​ល្អ ។

លោក ខៀវ ធី និយាយ​ថា៖ «អ្វី​ដែល​មាន​ហើយ មិន​បាច់​ដោះដូរ​ទេ ​យើង​គិត​តែ​ពង្រឹង​ថែម​អ្វី​ដែល​ថ្មី! មាន​ប៉ុន្មាន​យើង​​រក្សា​ទុក​ប៉ុណ្ណឹង យើង​កុំ​ដោះដូរ​។ រង្វង់​មូល​យើង​ច្រើន​ណាស់​ យើង​គួរតែ​សាង​សង់ គ្រប់​រង្វង់​មូល ដើម្បី​បណ្ដុះ​​ស្មារតី​យុវជន រំលឹក​ដឹង​គុណ​បុព្វបុរស​យើង​ច្រើន​ តាំង​ពី​សម័យ​អង្គរ»

លោក ខៀវ ធី បន្ថែម​ថា អាជ្ញាធរ​គួរតែ​សាងសង់​រូប​សំណាក់​ព្រះ​រាជា​សម័យ​​បុរាណ​បន្ថែម​ទៀត ​​នៅ​តាម​រង្វង់​មូល​តាម​​បណ្ដា​ស្រុក​​មួយ​ចំនួន ​ដូច​ជា ​ស្រុក​បន្ទាយស្រី ដើម្បី​​គោរព​​ដឹង​គុណ​ដល់​បុព្វបុរស និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​។

ក្រុម​ព្រះ​សុរិយា ​បន្ថែម​ថា រូប​សំណាក់​ចម្លង​ព្រះវិស្ណុគង់​​លើ​គ្រុឌ​ ដែ​​ល​ដក​​​ចេ​ញ​ពី​រង្វង់​មូល​​ផ្លូវជាតិលេខ៦​ ពី​ខេត្ត​សៀម​​​រាប​ ទៅ​​កាន់​ខេត្ត​បន្ទាយ​​មានជ័យ​ កាល​​ពី​ឆ្នាំ​​២០១០ ហើយ​ក្រោយ​មក​​ត្រូវ​យក​រូប​សំណាក់​នេះ ទៅ​រក្សា​ទុក នៅ​​សាលា​​ខេត្ត​​សៀមរាប​​ចាស់។ ក្រោយ​មក អំឡុង​ឆ្នាំ២០១០ អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ លោក ប៉ិច សុខិន បាន​​ស្នើ​សុំ​រូប​សំណាក់​នេះ យាង​គង់​ប្រថាប់ នៅ​លើ​បាល័ដ្ឋ​រង្វង់​មូល នៅ​ទី​រួម​ខេត្ត​ឧត្តរ​មានជ័យ​ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ