អ្នកតាមដាន លើកឡើងថា មេដឹកនាំបច្ចុប្បន្នមិនអាចការពារទឹកដីបានទេ បើកម្ពុជាគ្មានមេដឹកនាំថ្មី ដែលមានឆន្ទៈខ្ពស់ក្នុងការការពារបូរណភាពទឹកដីនោះ ដោយសំអាងថា ការប្តេជ្ញាចិត្តការពារទឹកដីក្រោមយន្តការចរចាទ្វេភាគីជាមួយភាគីឈ្លានពាន ទាំងមិនព្រមប្តឹងថៃ និងប្រើសិទ្ធិស្វ័យការពារខ្លួននោះ គឺដើម្បីរក្សាអំណាច មិនមែនជាឆន្ទៈការពារទឹកដីពិតប្រាកដដូចការអះអាងនោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយនៅថ្ងៃទី៥ខែឧសភានេះថា រដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាកំពុងខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារទឹកដីទាំងព្រំដែនគោក និងសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តជាតិ ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ចំពេលដែលគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃនេះដែរ បានព្យាយាមដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណយោគយល់គ្នា ឆ្នាំ២០០១ រវាងកម្ពុជា-ថៃ ឬ(MOU2001)ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្រោយពីភាគីទាំងពីរបានប្រើយន្តទ្វេភាគីនេះជាង ២៥ឆ្នាំ កន្លងមកនេះ។
ចំណែកបញ្ហាព្រំដែនគោកវិញ លោក ប៉ែន បូណា និយាយថា ក្នុងនាមប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក។
លោកថា៖ «ក្នុងន័យនេះ កម្ពុជាប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុត ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបរិយាកាសសម្របសម្រួលឈានឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា។ កម្ពុជាគាំទ្រពេញទំហឹងនៅអាណត្តិ និងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសង្កេតការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព»។
ទន្ទឹមនឹងនេះដែរ លោកថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ។
លើសពីនេះ កម្ពុជា គោរពអនុសញ្ញា សន្ធិសញ្ញា បារាំងសៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានារយៈពេលកន្លងមក។
សម្រាប់ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមិនចំណុះឱ្យរដ្ឋាភិបាល និយាយថាការការពារបន្ទាត់ព្រំដែនមិនកែប្រែ មិនអាចទៅរួចទេបើមេដឹកនាំខ្មែរ គ្រាន់តែថ្លែងសារ ឬបញ្ចេញប្រតិកម្មលើបណ្តាញសង្គម ហើយមិនព្រមប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងប្រើសិទ្ធិស្វ័យការពារខ្លួន រួមទាំងពង្រឹងវិស័យការទូត ដើម្បីទប់ស្កាត់សត្រូវឈ្លានពាននោះ ។
លោកសង្កត់ធ្ងន់ថា ការទទូចឱ្យសត្រូវឈ្លានពានចូលតុចរចា ក្រោមហេតុផលដើម្បីរកដំណោះស្រាយដោយសន្តិវិធី ថៃដែលជាភាគីឈ្លានពានកម្ពុជា នឹងមិនឱ្យដីមកខ្មែរវិញទៀត ដែលលោកហៅថា សាររបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នេះថា ជាការបិទបាំងកម្សោយការពារទឹកដី ដើម្បីតែអំណាច។
លោកថា៖ «ដោយសារមេដឹកនាំហ្នឹង វាខ្សោយវាអន់ជាប់ជំពាក់នឹងរឿងអាស្រូវ អីចឹងបានជាយើងជំរុញថាបើកម្ពុជាមានឱកាសផ្លាស់ប្តូរមេដឹកនាំហ្នឹងចេញ ដាក់មេដឹកនាំថ្មីដែលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី គាត់ហ្នឹងនាំរឿងព្រំដែនហ្នឹងទៅតុលាការអន្តរជាតិហើយ។ ដូចមេដឹកនាំកម្ពុជាសព្វថ្ងៃអីចឹងអង្គុយស្រែកឡូឡាអីចឹងទៅ អន្តរជាតិ គេដឹងថាសៀមឈ្លានពានដូចតែយើងដឹងដែរហ្នឹង ប៉ុន្តែបើអត់មានស្អីទៅបញ្ជាក់ប្រាប់គេតាមផ្លូវច្បាប់ ហើយទៅធ្វើម៉េចដើម្បីឱ្យគេចូលរួម ដើម្បីធ្វើការដោះស្រាយផ្តល់យុត្តិធម៌ឱ្យយើងបាន»។
សម្រាប់តំណាងរាស្ត្រពីបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានជំនាញកិច្ចការព្រំដែន បានអំពាវនាវឱ្យពលរដ្ឋឈប់ជឿលើការដឹកនាំរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ដោយលោកសំអាងថា ការប្រើយន្តការចរចាទ្វេភាគី ជាមួយថៃ ដែលថៃជាអ្នកឈ្លានពានមិនខុសអីសុំកាត់ដីខ្មែរឱ្យថៃ ដើម្បីដោះដូរសន្តិភាពនិងអំណាចនោះទេ។
លោកថា៖ «ឈប់ចាញ់បោកត្រកូលហ៊ុន ហើយត្រូវងើបទាំងអស់គ្នា ដើម្បីទម្លាក់ត្រកូលហ៊ុនចេញពីការកាន់អំណាចដើម្បីអាចទាមទារទឹកដីចំនួន ៥៩ទីតាំង បើមិនអីចឹងទេ ទឹកដីហ្នឹងនឹងបាត់បង់ជាអចិន្ត្រៃយ៍ហើយចំពោះទឹកដីចំនួន៥៩ទីតាំងហ្នឹង»។
ក្រៅពីនេះ លោកថា ថ្ងៃទី៤ខែឧសភានេះ ថៃកំពុងសាងសង់ផ្លូវចាក់បេតុងនៅភ្នំ៥០០ ក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដែលជាទឹកដីរបស់ខ្មែរ និងកំពុងឈូសឆាយផ្លូវនិងក្រាលគ្រួសក្រហមនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងទាហានថៃ កំពុងគ្រប់គ្រងផ្ទះរបស់ឧកញ៉ា ទ្រី ភាព នៅក្បែរកាស៊ីណូ នៅច្រកអានសេះ ខេត្តព្រះវិហារ។
លើសពីនេះ លោកគូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត សន្យាថា នឹងប្តឹងថៃពីបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាង១ឆ្នាំហើយ ប៉ុន្តែថាលោកឆែកមើលវែបសាយរបស់ ICJ មិនទាន់ឃើញបណ្តឹងរបស់កម្ពុជានៅឡើយ។ ការណ៍នេះ លោកថា លោក ហ៊ុន ម៉ាណែត និយាយកុហក់និងបោកប្រាស់ពលរដ្ឋខ្មែរ និងសមាជិកសភានិងព្រឹទ្ធសភា។
យ៉ាងណា សម្រាប់ លោក ម៉ែន ណាត បានផ្តល់យល់ថា ដើម្បីឱ្យកម្ពុជាជោគជ័យលើសមរភូមិការទូត ដើម្បីបុព្វហេតុទឹកដី រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវផ្សះផ្សាជាតិ ស្តារប្រជាធិបតេយ្យ ដែលជាការឆ្លើយតបទៅនឹងបំណងអន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ពាក់ព័ន្ធនឹងការការពារប្រព័ន្ធពហុបក្ស។
តែផ្ទុយវិញ លោកថា បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែផ្ញើសារបែបប្រជាភិថុតិដូចបច្ចុប្បន្ន មិនព្រមស្តារប្រជាធិបតេយ្យ នោះកម្ពុជានឹងមិនមានទឹកមាត់ប្រៃលើសមរភូមិការទូតទេ ដោយលោកសំអាងថា បច្ចុប្បន្ន កេរ្តិ៍ឈ្មោះមេដឹកនាំ មានឈ្មោះអាស្រូវលើឆាកអន្តរជាតិ រឿងឧកក្រិដ្ឋកម្មអនឡាញ ការរំលោភសិទ្ធិមនុស្ស យាយីក្រុមអ្នកសំឡេងជំទាស់ដែលនិយមកប្រជាធិបតេយ្យដើម។
សម្រាប់លោក ម៉ែន ណាត រឿងអាស្រូវទាំងអស់នេះ ធ្វើឱ្យថៃឈ្លានពានកម្ពុជាជិត១ឆ្នាំមកនេះ គ្មានអន្តរជាតិណាថ្កោលទោសថៃ ទោះកម្ពុជាតវ៉ាជាង៧០០លើក ដែលបញ្ហានេះ ធ្វើឱ្យថៃពង្រីកការឈ្លានពានកម្ពុជាតាមទំនើងចិត្ត រហូតបច្ចុប្បន្ន បើទោះបីមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកក្តី៕









