ពលរដ្ឋរស់នៅតំបន់ជ្រោះដំណាក់ក្បូន ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអះអាងមកថា នៅថ្ងៃអង្គារនេះ តូបលក់ដូរ និងផ្ទះរបស់ពួកគាត់ជាង ៤០គ្រួសារ ត្រូវបានកម្លាំងចម្រុះ ប្រដាប់ដោយអាវុធខេត្តកោះកុង ចុះរុះរើបំផ្លាញចោលអស់គ្មានសល់។
ពួកគេថា ជាងនេះទៀត កម្លាំងចម្រុះនោះ ក៏បានគំរាមចាប់ខ្លួនពលរដ្ឋដាក់គុកច្រវ៉ាក់ បើហ៊ានចេញមុខតវ៉ាប្រឆាំងតបតជាមួយអាជ្ញាធរ។
ជុំវិញវិធាននេះ ពលរដ្ឋជាច្រើនរូបសំណូមពរដល់រដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ស្នើសុំរស់នៅ និងលក់ដូរនៅកន្លែងដើមវិញ។ ដ្បិតពួកគាត់គ្មានកន្លែងរស់នៅ និងគ្មានកន្លែងប្រកបមុខរបរចិញ្ចឹមជីវិតក្រៅពីទីតាំងនេះទេ។
ពលរដ្ឋម្នាក់សុំមិនឱ្យង្ហាញឈ្មោះ ឱ្យដឹងថា ពួកគាត់បានមករស់នៅតំបន់ជ្រោះដំណាក់ក្បូននេះជិត ១០ឆ្នាំកន្លងមកហើយ តាំងពីតំបន់នេះ គ្មានការអភិវឌ្ឍផ្លូវ និងគ្មានមនុស្សមកដល់ទីនេះ ព្រោះជាតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុង រាប់សិបគីឡូម៉ែត្រឯណោះ។
ពលរដ្ឋបន្តថា លុះក្រោយមក នៅពេលតំបន់នេះ ត្រូវបានរដ្ឋាភិបាលស្ថាបនាផ្លូវរួចរាល់ ទើបឃើញមានវត្តមាន មន្ត្រីបរិស្ថានចុះមកហាមពួកគាត់មិនឲ្យរស់នៅតំបន់នេះ និងចោទពួកគាត់រស់នៅខុសច្បាប់ទៅវិញ។
អ្នកស្រីថា៖ «ជួយកូនចៅនៅទីនេះផង សុទ្ធតែអ្នកក្រអត់ឃ្លានបំផុត។ ដល់សមត្ថកិច្ចមករុះរើបែបនេះ ឲ្យកូនចៅនៅហាលថ្ងៃហាលភ្លៀងទៅណា?។ ឥឡូវនេះអាជ្ញាធរគេរុះរើកញ្ចុះតូប និងបន្តិចទៀតរុះរើផ្ទះយើងរស់នៅទៀតហើយកន្លែងយើងរស់នៅទៀត តើឲ្យកូនចៅទៅរស់នៅឯណា? ចឹងមានតែស្នើសុំសម្តេចជួយកូនចៅទេ។ ជួយប្រជាពលរដ្ឋនៅទីនេះផង ព្រោះសមត្ថកិច្ចចុះរុះរើកញ្ចុះលក់ដូរអស់ហើយ។ បរិស្ថាន និងកម្លាំងចម្រុះបានចុះមកទាំងអស់។ សូមស្នើដល់សម្តេចពុក សម្តេចម៉ែ គាត់ជួយកូនចៅ នៅទីនេះផង។ ពលរដ្ឋរស់នៅទីនេះសុទ្ធតែជាអ្នកអត់ឃ្លាន។ ពេលនេះមានភ្លៀងផ្គរលិចគ្មានកន្លែងជ្រកទេ គឺមានតែយកក្រណាត់តង់ចង ដើម្បីជ្រក ដើម្បីកុំឲ្យភ្លៀងចូលច្រមុះមាត់កូនទេខ្ញុំ»។
ប្រជាពលរដ្ឋម្នាក់ទៀត ឲ្យដឹងបន្តថា នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តកោះកុង ប្រមាណ១០ឡាន និងមានគ្នារាប់សិបនាក់ ប្រដាប់ដោយអាវុធ បានចុះមកគម្រាមពលរដ្ឋពួកគាត់ មិនឲ្យប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងការរុះរើផ្ទះ និងតូបលក់ដូរ របស់ពួកគាត់ទេ។ ខណៈពលរដ្ឋពួកគាត់ បានមករស់នៅតំបន់នេះជិត ១០ឆ្នាំ ហើយក្រោយមកបានសង់ជាកញ្ចុះ ឬតូបលក់ដូរ សម្រាប់ទទួលភ្ញៀវទេសចរ ដែលចូលមកតំបន់នេះ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចសម្រាប់ចិញ្ចឹមគ្រួសារ។ តែពេលនេះ ត្រូវអាជ្ញាធរ រុះរើកំទេចបំផ្លាញចោលអស់គ្មានសល់។
អ្នកស្រីថា៖ «ខ្ញុំសូមសំណូមពរដល់សម្តេចឪសម្តេចម៉ែ ជួយកូនចៅ នៅតំបន់ជ្រោះដំណាក់ក្បូននេះផង។ គេរុះរើខ្ទេចអស់ហើយ ឲ្យកូនចៅទៅរស់នៅឯណា ក្តៅម្លឹងៗ ភ្លៀងម្លឹងៗហ្នឹង សុទ្ធតែអ្នកក្រ។ ក្រីក្រ អត់មានហ្នឹងបាននាំគ្នាមករស់នៅទីនេះ ពេលមកនៅទីនេះហើយគេមករុះរើចោទៀត។ ដឹងម៉េចទេ ពិបាកណាស់ គ្រាន់តែស្នើសុំឲ្យកូនចៅបានលក់ដូរបានធម្មតាៗវិញមក កុំមករុះរើតូបលក់ដូរនិងផ្ទះកូនចៅទៀត»។
ពលរដ្ឋមានចម្ងល់ថា នៅក្នុងអំឡុងពេលពួកគាត់ ចូលមករស់នៅតំបន់ជ្រោះដំណាក់ក្បូនថ្មីៗ មិនដែលឃើញវត្តមានរបស់មន្ត្រីបរិស្ថាន ឬអាជ្ញាធរពាក់ព័ន្ធចុះមកហាមឃាត់ទេ។ ប៉ុន្តែក្រោយពលរដ្ឋពួកគាត់បាននាំគ្នាសំអាតអនាម័យបរិស្ថានតំបន់នេះបានស្អាត ហើយមានភ្ញៀវទេសចរចេញចូលមកកម្សាន្តជាបន្តបន្ទាប់ ទើបលេចមុខមន្ត្រី ឬអាជ្ញាធរ ចុះមកហាម និងបណ្តេញពួកគាត់ ឲ្យចាក់ចេញពីតំបន់នេះ ទាំងបង្ខំ និងគ្មានដំណោះស្រាយជូនទេ?។
វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺពី លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានទេ តាមទូរសព្ទ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភានេះ។
ប៉ុន្តែលោក ឈិត រតនៈ អ្នកនាំពាក្យ និងជាអភិបាលខេត្តកោះកុង បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ពលរដ្ឋដែលចូលមករស់នៅតំបន់ជ្រោះដំណាក់ក្បួន ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខាងនេះ គឺទើបចូលមករស់នៅថ្មីៗនេះទេ ហើយអាជ្ញាធរក៏ធ្លាប់បានចុះទៅណែនាំ ឬជូនដំណឹងឲ្យពួកគាត់ចាកចេញពីតំបន់នេះជាបន្តបន្ទាប់ ព្រោះដីតំបន់នេះ ក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យសង់ផ្ទះរស់នៅអនាធិបតេយ្យទេ។
លោកថា៖ «កន្លងទៅ យើងមានរដ្ឋបាលស្រុកមណ្ឌលសីមា ធ្លាប់ជូនដំណឹងទៅដល់ប្រជាពលរដ្ឋ នៅតំបន់ហ្នឹងម្តងរួចមកហើយអំពីការរុះរើចេញ ពីការសាងសង់តូបលក់ដូរនៅតាមបណ្តោយជ្រោះដំណាក់ក្បូនខាងលើនេះ។ ពោលគឺបានចេញសជណ ពីរបីដងរួចមកហើយជូនដំណឹងទៅពួកគាត់។ ហើយកន្លងមកនេះ ក៏មានការណែនាំពីក្រសួងបរិស្ថានដែរ ព្រោះតំបន់នោះ វាស្ថិតក្នុងដែនជម្រកព្រៃ ដែលស្ថិតក្នុងដែនក្រសួងបរិស្ថានគ្រប់គ្រង»។
ទាក់ទិនការបញ្ហានេះ លោក ង៉ែត ស៊ីណាប់ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកោះកុង យល់ថា ចំពោះការបណ្តេញពលរដ្ឋឲ្យចាកចេញពីទីតាំងណាមួយដោយបង្ខំ និងហិង្សា គឺចាត់ទុកជាការរំលោភសិទ្ធិមនុស្ស។ ហើយករណីពលរដ្ឋ ចូលមករស់នៅខុសច្បាប់ នៅតំបន់ជ្រោះដំណាក់ក្បូននេះ គួរតែអាជ្ញាធរមានដំណោះស្រាយដោយសន្តិវិធី ជាជាងប្រើហិង្សា គំរាម និងបង្ខំឲ្យចាកចេញទាំងគ្មានដំណោះស្រាយជាមុន។
លោកថា៖ «ក្នុងនាមគាត់ជាឪពុកម្តាយ ជាម៉ែឪនៅទីហ្នឹង គឺគាត់ត្រូវតែរកវិធីសាស្ត្រដោះស្រាយសមស្របជូនពលរដ្ឋ។ នេះជាការយល់ឃើញរបស់ខ្ញុំ។ ហើយមួយទៀត នៅពេល ដែលពួកគាត់ចូលទៅកាន់កាប់ តើហេតុអ្វីបានជាអាជ្ញាធរនៅទីនោះ គាត់អត់ដឹងបែបនេះ? មន្ត្រីបរិស្ថានទាំងអស់ហ្នឹង គឺមិនមែនពួកគាត់ទៅលួចកាន់កាប់មួយថ្ងៃឬពីរថ្ងៃឯណា វារាប់ឆ្នាំទៅហើយ។ នេះជាអ្វីដែលខ្ញុំគិត»។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់មិនទាមទារកម្មសិទ្ធិស្របច្បាប់ នៅតំបន់នេះទេ ដោយគ្រាន់តែស្នើសុំរស់នៅបណ្តោះអាសន្ន និងសុំសង់តូបលក់ដូរម្ហូបអាហារ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចសម្រាប់ចិញ្ចឹមគ្រួសារ ខណៈសេដ្ឋកិច្ចគ្រួសារកំពុងជួបប្រទះ នូវការខ្វះខាតធ្ងន់ធ្ងរ៕









