ពលរដ្ឋ​ស្នើ​សុំ​សម្រួល​​ការ​​រស់​នៅ​ក្នុង​តំបន់​អង្គរ​​ក្រោយ​ពី​អាជ្ញាធរ​​ត្រៀម​​កំណត់​​លក្ខ​ខណ្ឌ​​​ប្រើ​ប្រាស់​​ដី

ពលរដ្ឋ​​រ​ស់​​នៅ​​ក្នុង​​តំបន់​​អង្គរ​​ក្នុង​​ស្រុក​​ពួក ស្រុក​​ប្រាសាទ​​បាគង និង​​ក្រុង​​សៀម​រាប ​កំពុ​ង​​តាម​​ដាន​​យ៉ាង​​យក​​ចិត្ត​​ទុក​​ដាក់ ចំពោះ​​សេចក្ដី​​សម្រេច​​របស់​ក្រសួង​រៀបចំ​​ដែន​ដី និង​​ក្រសួង​​វប្បធម៌​ ក្នុង​​ការ​​កំណត់​​លក្ខ​ខណ្ឌ​​ការ​​ប្រើ​ប្រាស់​​​ដី​​ទាំង ១១៤ ភូមិ ក្នុង​​តំបន់​​រមណីយ​ដ្ឋាន​​បេតិក​ភណ្ឌ​​ពិភព​លោក​​អង្គរ។

ទោះ​ជា​យ៉ាងណា ​​​ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អង្គការ​យូណេស្កូ (UNESCO) កាត់​ឆ្វៀលដី​ដែល​​​ពួកគាត់​កំពុង​រស់​នៅ​ ចេញ​ពី​ការ​គ្រប់គ្រង​ដោយ​​អាជ្ញាធរ​ជាតិ​អប្សរា​ ដោយ​ត្រូវ​ផ្ដល់​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ ដើម្បីសម្រួលដល់ការ​រស់​នៅ និង​​សាងសង់​ផ្ទះ​សម្បែង។  

ពលរដ្ឋ​រស់​នៅ​តំបន់​អង្គរ​ថ្លែ​ង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វីអូ​ឌី​នៅ​ថ្ងៃ​ទី​០៥ខែឧសភា​​ថា កន្លង​ទៅ  ផ្ទះ​​សម្បែង​របស់​ពលរដ្ឋ​​​ក្នុង​តំបន់​អង្គរ ​ភាគ​ច្រើន​​តូច​ៗ និង​ចាស់​ទ្រុឌទ្រោម​ ហើយ​​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ទឹក​​​ភ្លៀង​​​សាច​ចូល​ពេញ​ផ្ទះ​ គ្មាន​កន្លែង​ដេក​ពួន។

លោក​បន្ថែម​ថា កន្លង​ទៅ​ ​គ្រួសារ​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជួសជុល​ផ្ទះ តាម​​រយៈ​អាជ្ញាធរ​ភូមិ/ឃុំ បែរ​​ជា​​យឺត​យ៉ាវ​អូស​​បន្លាយ​​ពេល​​ច្រើន​ខែ និង​គ្មាន​ការ​ឆ្លើយតប​ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លួច​ជួសជុល​សំណង់​ដោយ​ខ្លួនឯង។

លោក​បន្ថែម​ថា នៅ​គ្រា​ដែល​ពលរដ្ឋ​លួច​ជួស​ជុល​ផ្ទះ​រួចរាល់​ អាជ្ញាធរ​អប្សរា​​បែរ​ជា​ចេញ​​លិខិត​ឱ្យ​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​រុះរើ បើ​​ពុំ​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​រុះរើ។

ពលរដ្ឋរូបនោះ​និយាយ​ថា៖ «កាល​ណា​សំណង់​​អត់​មាន​របៀប ពលរដ្ឋ​រស់​​នៅ​រញ៉េរញ៉ៃ​តិច​គេ​ហាម​ តិច​គេ​​ប្រាប់​​ចេះ​​ចុះ បង្ខាំ របស់​របរ​របស់​គាត់​ស្ទះ ធ្វើ​អី​មិន​កើត។ កំពុង​ធ្វើ​ៗ​ត្រូវ​គេ​មក​បង្អាក់​ ខាត​លុយ​ថវិកា​​របស់​​គាត់ ជួន​កាល​ទៅ វាយ​របស់​​គាត់​ចោល​អ៊ីចឹង​ទៅ»។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៤ មក​ទល់​ពេល​នេះ ពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ក្នុង​តំបន់​អង្គរ​ បាន​លើក​គ្នា​តវ៉ា​ទ្រង់​ទ្រាយ​ធំ​យ៉ាង​ហោចណាស់ ៤ ដង​​មក​​ហើយ ដោយ​លើក​បដា​សរសេរ​ថា​ អាជ្ញាធរ​ជាតិ​អប្សរា​បិទ​សិទ្ធិ​ពួកគាត់​រស់​នៅ ដូច​ជា​ ​ការ​សាងសង់​លំនៅឋាន ជួសជុល​ទ្រុង​​មាន់​ទា រោងគោ ធ្វើ​របង បុក​អណ្ដូង​ទឹក​ មិន​ឱ្យ​ជីក​ស្រះ​ចិញ្ចឹម​ត្រី ឈូស​ឆាយ​​ដី​កសិកម្ម ធ្វើ​ផ្លូវ ដាំ​ដើម​ឈើ តូប​លក់​ដូរ​ និង​ធ្វើ​បង្គន់​អនាម័យ ជាដើម។

យុវតី​ម្នាក់​រស់​នៅ​ក្នុង​តំបន់​អង្គរ​​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព សង្កេត​​ឃើញ​​​ថា​ ពលរដ្ឋ​មួយ​ចំនួន​​ដែល​ស្ម័គ្រចិត្ត​​ផ្លាស់​ប្តូរ​ទី​លំនៅ​ក្នុង​​តំបន់​​អង្គរ ទៅ​​រស់​​នៅ​​ក្រុង​​រុនតាឯក​ បាន​វិល​​ត្រឡប់​​មក​​រស់​​នៅ​​​ទីតាំង​​ចាស់​​វិញ​ ដោយ​រស់នៅ​ក្នុងផ្ទះជាមួយសាច់​ញាតិ​បងប្អូន។

កញ្ញាបន្ថែមថា ​ទីតាំង​ថ្មី​នៅតំបន់រុនតាឯក នៅ​ឆ្ងាយ​ពី​ក្រុង​ ពលរដ្ឋពិបាក​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

យុវតីរូបនោះនិយាយ​ថា៖ «រើស​ផ្ទះ​រើ​អស់​ហើយ​បង គាត់​រើ​ហើយ​គាត់​រស់​នៅ​រុនតាឯក​ ហើយ​គាត់​មក​រស់​​នៅ​ជាមួយ​បងប្អូន​ហើយ​គាត់​ធ្វើ​ផ្ទះ​នៅ​ហ្នឹង​ឯង»។

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ក្រសួង​​រៀប​ចំ​​ដែន​ដី និង​​ក្រសួង​​វប្បធម៌ ​បាន​​ជួប​​ប្រជុំ​​​កំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​​​ដីថ្មី​ទាំង ១១៤ភូមិ ដែល​អាច​រស់​នៅ​រួមគ្នា និង​សុខ​ដុម​រមនា​ក្នុង​សង្គម​ជាតិ។ បន្ថែម​ពី​នេះ ក្រសួង​គ្រោង​នឹង​​​រៀបចំ​តំបន់​រមណីយដ្ឋាន​​​អង្គរ ជា​ការ​កំណត់​លក្ខខណ្ឌ​​ប្រើ​ប្រាស់​ដី ​និង​ការ​គ្រប់គ្រង​​សំណង់ នៅ​ក្នុង​តំបន់១ និងតំបន់២​ ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ជុំ សុភ​មករា បាន​នៅ​ឡើយ​​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស  និង​ជា​អ្នក​គ្រប់គ្រង​ការិយាល័យ​​អង្គការ​លីកាដូ​ (LICADHO) ប្រចាំ​ខេត្ត​បាត់​ដំបង លោក អ៊ិន គង់ជិត យល់​ថា អន្តរ​​ក្រសួង​​​​គួរតែ​កំណត់​ព្រំដែន​ដែល​​ត្រូវ​អភិរក្ស និង​ផ្តល់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ ខណៈ​ពួកគាត់​រស់​នៅ​តំបន់​នោះ​ជា​ច្រើន​ជំនាន់​មក​ហើយ។

លោក អ៊ុន គង់ជិត ថ្លែង​ថា៖  «ក្រសួង​ទាំងពីរ​គួរ​កំណត់​ព្រំដែន ដែនដី​ត្រឹម​ណា​​ដែល​​​ត្រូវ​​​អភិរក្ស ហើយ​​​​ដែន​ដី​​​ត្រឹម​ណា​ដែល​ត្រូវ​ផ្ដល់​កម្ម​សិទ្ធិ​ឱ្យ​ពលរដ្ឋ។ ពលរដ្ឋ​រស់​នៅ​កាន់​កាប់​ អាស្រ័យ​ផល អ្វី​ដែល​គាត់​ចង់​​បានបណ្ណ​​កម្ម​សិទ្ធិ​លើ​ដី​ដែល​គាត់​ធ្លាប់​រស់​នៅ​កន្លង​មក»។  

ប្រធាន​​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​ណ៍​អង្គរ លោក ខៀវ ធី យល់​​ថា​ អាជ្ញាធរ​គួរតែ​ដសម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​​ពលរដ្ឋ​ ​ស្របគ្នា​នឹង​ការអភិវឌ្ឍ និង​អភិរក្ស​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ លោកថា អាជ្ញាធរគួរតែរៀបចំ​​សណ្ដាប់​ធ្នាប់​លក់​​​ដូរ ក្នុង​តំបន់​អង្គរ​ឱ្យ​ល្អ ចៀសវាងបណ្តោយឱ្យពួកគាត់លក់ដូរបែបអនាធិបតេយ្យ ប៉ះពាល់អារម្មណ៍ភ្ញៀវទេសេចរ។

លោក ខៀវ ធី និយាយថា​៖ «អីចឹង​បានន័យ​ថា កាលដែល​យើងលក់ដូរ​អនាធិបតេយ្យនៅ​ក្នុ​ងតំបន់​បេតិកភណ្ឌ​ពេក​ ក៏​មិនសូវល្អដែរ ខ្ញុំគិត​ចឹង​ណា​​យើង​ត្រូវ​រៀប​ចំ​​ឱ្យ​មានរបៀបរបបៗ ហើយ​​ឱ្យ​មាន​នូ​វសណ្តាប់ធ្នាប់​អនាម័យ​​ រៀបចំ កុំ​លក់តាពាស​​​​ច្រងេង​ច្រងាង ហើយ​មាន​ភ្ញៀវ ហើយ​​ដើរ​​បក់ដៃ​ភ្ញៀវ​ច្រងេង​ច្រងាង ហើយ​​ចត​យាន​យន្ត​​សមរម្យ»។

ពលរដ្ឋ​នៅ​តំបន់​អង្គរ ​បន្ថែម​ថា ​អ្នក​មាន​ទ្រព្យ​ធូរធារ អាច​សង់​ផ្ទះ និង​របង​បាន​ដោយ​ងាយ  ក៏ប៉ុន្តែ​បើ​ពលរដ្ឋ​ក្រីក្រ​​វិញ ពិបាក​នឹង​សាងសង់ និង​មិន​អនុញ្ញាត​ឱ្យ​សាងសង់។ រីឯ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ទាំង​​នេះ​​ដោយ​ជំរុញ​ឱ្យ​ពលរដ្ឋ​ស្នើ​សុំ​ច្បាប់​សាងសង់​ ក៏ប៉ុន្តែ​នៅ​ពេល​ពលរដ្ឋ​ស្នើ​សុំ ត្រូវ​​ចំណាយ​ពេល​យូរ​ និង​ចំណាយ​​លុយ​សូក​ប៉ាន់​ ​ទើប​អាច​សាង​សង់​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ