ព្រះរាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ផ្សា​ភ្ជាប់​​ជំនឿ​​សាសនា និង​​ព្រះ​​មហា​​ក្សត្រ ជាមួយ​វិស័យ​កសិ​កម្ម

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល គឺ​ជា​ព្រះ​រាជ​ពិធី​មាន​ភាព​វិសេស​វិសាល និង​លក្ខណៈ​​ពិសេស​មួយ​​ក្នុង​​​ចំ​ណោម​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត ដោយ​សារ​ការ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​ព្រះ​មហា​ក្សត្រ ជាមួយ​​ប្រ​​ជា​នុ​រាស្ត្រ​​ដែល​ប្រកប​របរ​កសិ​កម្ម។  

ព្រះរាជពិធីនេះប្រារព្ធឡើងនៅរៀងរាល់ថ្ងៃ៤រោច ខែ​ពិសាខ ជា​រៀងរាល់​ឆ្នាំ ក្រោម​​ព្រះ​រាជ​ធិ​ប​តី​​​​ភាព​ព្រះ​ម​ហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រកាសប្រាប់​ប្រជា​នុរាស្ត្រ​ថា​រដូវ​​ដាំ​ដុះ​បា​នមក​​ដល់​​ហើយ។ លើសពីនេះ ព្រះរាជពិធីក៏ត្រូវបានប្រារព្ធ​ឡើង​ដើម្បី​ផ្សង​មើល​ភោគ​ផល​កសិ​កម្ម ផ្សង​សុំ​​សេ​ច​​​​ក្តី​សុខ​ និង​ភាព​សម្បូរ​ហូរ​ហៀរ​សម្រាប់​ប្រជាជាតិ​ផង​ដែរ។

ក្នុងឆ្នាំ២០២៦នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ស្ថិតចំ​ថ្ងៃទី៥ ខែឧសភា ដោយ​គ្រោង​ប្រារព្ធ​​ព្រះ​រាជ​ពិធី​នៅ​ខេត្ត​ព្រៃ​វែង តែ​ត្រូវ​អាក់​ខាន​ដោយ​សារ​​​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ទ្រង់​ព្រះ​ប្រឈួន។

បើទោះបីព្រះរាជពិធីត្រូវបានអាក់ខាន តែការឈប់សម្រាក និងការផ្ញើសារ​អបអរ​នៅ​តែ​​ប្រព្រឹត្ត​​​​​ទៅ​​ក្នុង​​​ចំណោ​ម​ក្រសួង​ស្ថាប័ន និង​ប្រជា​ពលរដ្ឋ​កម្ពុជា។

បើនិយាយពីប្រវត្តិព្រះរាជពិធីច្រត់ព្រះនង្គ័ល អ្នកបុរាណវិទូបាន អះអាងថា មានវត្តមាន​យ៉ាង​​​ហោច​​ណាស់​តាំង​ពី​សម័យ​ចេន​ឡា រវាង​សតវត្សរ៍ទី៦ ដល់​សតវត្សរ៍​ទី៩ ដោយ​​ផ្អែក​​​​លើ​​ការ​​រកឃើ​ញរូ​បចម្លា​ក់ជា​ច្រើនបង្ហាញពីតឹកតាងសម្ភារៈ និងសកម្មភាពកសិកម្ម។

ចំពោះការប្រារព្ធពិធី គឺធ្វើឡើងដោយប្រើប្រាស់ភាសារាជសព្វ សម្ភារៈ​បុរាណ​ និង​សម្អាង​ដោយ​​សម្លៀក​បំពាក់ គ្រឿងអលង្ការតាមបែបប្រពៃណី។ អ្នក​កាន់​នង្គ័ល​ដែល​ជា​តំណាង​ព្រះ​មហា​ក្សត្រ ហៅ​ថា​ ស្ដេច​មាឃ។ ចំណែកស្ត្រីដែលដើរ​សាប​ព្រោះ​គ្រាប់​ស្រូវពីក្រោយ ជា​តំណាង​ព្រះ​​មហាក្ស​ត្រិ​យា​នី ហៅ​ថា មេហួរ។

ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ព្រះរាជពិធីត្រូវបានប្រារព្ធឡើងនៅ​ខេត្ត​កំពង់​ឆ្នាំង​ ដោយ​អភិ​បា​ល​ខេត្ត​តំ​ណាង​ស្ដេច​មាឃ ឯ​ភរិយា​លោក​គឺ​តំណាង​មេហួរ។

ព្រះរាជបវេណីប្រព្រឹត្តទៅដោយមានការភ្ជួររាស់ដីចំនួនបីជុំ លើទីលានស្រឡះមួយ ដែល​គេ​ហៅ​ថា ព្រះ​ស្រែ។ ចំណែក​គោមួយ​នឹម ដែលត្រូវទឹមច្រត់ព្រះនង្គ័ល គឺ​ហៅ​ថា គោ​ឧសភ​រាជ។ គោឧសភរាជ ជាពូជ​គោខ្មែរ រាង​ខ្ពស់​ស្រឡះ សម្បុរ​​ខ្មៅ ​ស្នែង​ប្រក់​នាគ​គឺ​រាង​ខុប​ទៅ​មុខ និង​វាត់​ចុង​ឡើង​លើ។ នៅ​ពេ​​លប្រា​រព្ធ​ពិធី គេ​ប្រដាប់​​ដោយ​​គ្រឿង​លើ​គោ​ទាំង​ពីរ​ ​រួម​មាន​​ពាក់​​ស្រោម​​មុខ ស្រោម​ស្នែង និង​​សំពត់​​កម្រាល​​ពណ៌​ក្រហម លាយ​ពណ៌​លឿង​មាស​​លើ​​ខ្នង​​ផង។

ក្រោយបញ្ចប់ការភ្ជួររាស់តាមបវេណី ប្រជាពលរដ្ឋតែងរង់ចាំមើលពិធីសំខាន់មួយទៀត គឺ​ការ​ផ្សង​​គោ​ឧ​ស​ភ​រាជ។ គេ​រៀប​​​​​តុ​​ប្រាក់​​ធំ​​ៗចំនួន៧ តាំង​​ទុក​​នៅ​​មុ​ខ​​ព្រះ​ពន្លា​ ពោរ​ពេញ​ដោយ​អាហារ ៧មុខ គឺ​​គ្រា​ប់​ស្រូ​វ​ គ្រាប់​សណ្ដែក​ គ្រាប់​ពោត​ គ្រាប់​​ល្ង​ ស្មៅ​ស្រស់​ ទឹក​ និង​ស្រា ក្នុង​តុនីមួយៗ​។ ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹកមន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​​មន្ដ្រី​​ម្នាក់​​​កាន់​នង្គ័ល​ ដឹក​គោ​ឧសភរាជ​ទាំង​ពីរ​ឱ្យ​ទៅ​ស៊ីផឹក របស់​ទាំង​៧យ៉ាង​នោះ​ដោយ​សេរី ដោយ​​មិន​​បង្ខំ​ឱ្យ​ស៊ី​ផឹក​​ចំពោះ​អាហារ​ណាមួយ​​ទេ។

កាល​ព្រះ​គោ​ស៊ីផឹក​អ្វីម្យ៉ាង ឬ​ពីរ​យ៉ាងព្រាហ្មណ៍​ ​​ក៏​ទាយ​ផល​ប្រផ្នូល​ទៅខាង​មុខ​តាម​នោះ រីឯ​​ទំនាយ​មិនជា​ការប្រាកដ​​​​ប៉ុន្មាន​​ទេ គឺថា​បើ​​​ព្រះ​គោ​ស៊ី​ផល​​អ្វី ក៏​ទាយថាក្នុងឆ្នាំនេះ​ផល​នោះ​​នឹងសំបូរ​ប្លែក តែបើ​ស៊ី​ស្មៅ​ ទំនាយ​ថា​នឹង​កើត​ជំងឺ បើ​ផឹកស្រានឹងកើត​មនុស្ស​ពាល ចោរ​លួច ចោរ​ប្លន់​ជា​ដើម។​

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រជាកសិករចាត់ទុកថាជាព្រះរាជពិធីសំខាន់ និងមានជំ​នឿថា​​សក្តិ​​សិទ្ធ​ ដោយ​សារ​ពិធីកម្មប្រព្រឹត្តទៅដោយឱឡារិក ជាពិសេស​គឺ​ព្រះ​រាជ​ធិបតី​ព្រះ​មហា​ក្សត្រ។ មក​​ទល់​​ពេល​បច្ចុប្បន្ន ព្រះ​រាជ​ពិធី​នេះ បាន​ក្លាយ​ជា​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ ដែល​ទាម​ទារ​ឱ្យ​​មនុស្ស​ជំនា​​ន់​ក្រោយ​ចូល​រួម​ថែ​រក្សា អភិ​រក្ស និង​ការ​ពារ​ទំនៀម​​​ទម្លាប់​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ