បើទោះបីលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសគាំទ្ររដ្ឋាភិបាលដែលនឹងដាក់បញ្ហាវិវាទតំបន់សមុទ្រត្រួតស៊ីគ្នា ទៅយន្តការច្បាប់សមុទ្រអង្គការសហប្រជាជាតិ(UNCLOS)ក្តី ក៏អ្នកវិភាគមួយចំនួនចាត់ទុកថាការដែលថៃលុបចោល MOU 2001 អាចជាអន្ទាក់របស់ថៃ ដើម្បីបង្ខំឱ្យកម្ពុជាធ្លាក់ក្នុងល្បែងចរចា ដោយដឹងថា លោក ហ៊ុន សែន ជាប់ចំណងវៀតណាម។
លោក ហ៊ុន សែន នៅថ្ងៃទី៦ខែឧសភានេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី កាលពីថ្ងៃទី៥ខែឧសភា។
តាមរយៈសំណេរនៅលើបណ្តាញសង្គមលោកថ្លែងថា «មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ»។
លើសពីនេះ លោកថា សម្រាប់រូបលោក ដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 លោកពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគី ពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។
លោកហ៊ុន សែន បានចោទសួរថា៖ «គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយ ក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីប្រមាណ ១០នាក់។ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?»។
សម្រាប់លោក ហ៊ុន សែន នៅពេលនេះ កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួម និងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគី។ ជាមួយគ្នានេះ លោកសង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។
ការចេញមកប្រកាសគាំទ្ររបស់ លោក ហ៊ុន សែន នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៥ខែឧសភាថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា រវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគី MOU 2001។
បើតាមលោកហ៊ុន ម៉ាណែត ជាង២៥ឆ្នាំកន្លងមកនេះ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយជាការសោកស្តាយដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU2001នេះ។
លោកគូសបញ្ជាក់ថា ការដកខ្លួនដោយឯកតោភាគីចេញពី MOU2001នេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សរ៍កន្លងមកនេះ។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
លោកអ៊ុំ សំអាន តំណាងរាស្ត្រពីបក្សប្រឆាំង ហៅជម្រើសរបស់លោក ហ៊ុន ម៉ាណែត ប្រសើរជាងយន្តការចរចាទ្វេភាគីជាមួយថៃ ព្រោះមានភាគីទី៣ ឬអន្តរជាតិចូលរួមសម្របសម្រួល។ ប៉ុន្តែ លោកថា យន្តការនេះ មិនអាចការពារដែនសមុទ្រកម្ពុជាបាននោះទេ ពីព្រោះគណៈកម្មាការ ឬក៏ក្រុមប្រឹក្សាផ្សះផ្សាដោយចាប់បង្ខំនេះ មិនមានសិទ្ធិអំណាចចាប់បង្ខំឱ្យភាគីថៃ ឱ្យអនុវត្តទៅតាមសេចក្តីសម្រេចរបស់ខ្លួនឡើយ។
ដោយឡែក សម្រាប់ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងថា ការលុបចោល MOU 2001 គឺជាអន្ទាក់នយោបាយរបស់ថៃ ដើម្បីបង្ខំឱ្យរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ធ្លាក់ក្នុងល្បែងចរចាដែលជាប់ចំណងជាមួយវៀតណាម។
លោកសំអាងថា ការដែលភាគីថៃសម្រេចលុបចោល MOU 2001 ហើយងាកទៅអនុវត្តតាមច្បាប់សមុទ្រអន្តរជាតិ គឺជាយុទ្ធសាស្ត្រមួយដែលដឹងពីចំណុចខ្សោយរបស់រដ្ឋាភិបាលកម្ពុជា។
បើតាមលោក វណ្ណលី ថៃយល់ច្បាស់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នឹងមិនហ៊ានប្រថុយប្រើប្រាស់ច្បាប់សមុទ្រជាមូលដ្ឋានចរចានោះទេ ព្រោះវាអាចនឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងព្រំដែនទឹក ដែលលោក ហ៊ុន សែន បានធ្វើជាមួយវៀតណាម។
ដូចគ្នានេះ លោក អ៊ុំ សំអាន ដែលមានជំនាញកិច្ចការព្រំដែន និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ស្របគ្នាថា ជម្រើសដែលល្អបំផុតក្នុងការការពារដែនសមុទ្រ និងទាមទារដែនសមុទ្រកម្ពុជាដែលថៃបានរំលោភកាន់កាប់ រួមទាំងកោះគុតត្រឡប់មកវិញ រដ្ឋាភិបាលចាំបាច់ត្រូវប្តឹងថៃ ទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិ(PCA) និងតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឬក៏តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ។
បើតាមប្រភពខាងលើ មានតែស្ថាប័នអន្តរជាតិទាំងនេះទេ ទើបអាចការពារដែនសមុទ្រកម្ពុជាបាន បើមិនដូច្នោះទេថៃនឹងប្រើច្បាប់សមុទ្រ UNCLOS ដើម្បីឈ្លានពានយកដែនសមុទ្រខ្មែរទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ដែលជាតំបន់ត្រួតស៊ីគ្នា ដែលមានប្រេងនិងឧស្ម័នមានតម្លៃ ៣០០ពាន់លានដុល្លារ។
បន្ថែមពីនេះ លោក អ៊ុំ សំអាន អះអាងថា ករណីកោះគុតដែលលោក សុខ អាន ធ្វើតាមបញ្ជា លោកហ៊ុន សែន បានកាត់ឱ្យថៃតាមរយៈ MOUឆ្នាំ2001នោះ ថៃនឹងមិនលើកយកមកនិយាយជាមួយកម្ពុជាឡើយ ហើយលោកហ៊ុន ម៉ាណែត ក៏នឹងមិនលើកបញ្ហានេះមកនិយាយផងដែរ។
លោកយល់ស្របទៅនឹងការលើកឡើងរបស់ លោក សេង វណ្ណលី ផងដែរដែលថា ការលុបចោល MOU 2001 គឺជាអន្ទាក់របស់ថៃ ដើម្បីបង្ខំឱ្យកម្ពុជាធ្លាក់ក្នុងល្បែងចរចាដែលជាប់ចំណងជាមួយវៀតណាម។
លោកថា៖ «ថៃគេដឹងចំណុចខ្សោយរបស់ត្រកូលហ៊ុន។ បើសិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ វាប៉ះពាល់ដល់កោះត្រល់ ដែល លោក ហ៊ុន សែន កាត់ទៅឱ្យវៀតណាម តាមរយៈសន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដូច្នេះវាប៉ះពាល់ទៅដល់កោះត្រល់ និងដែនទឹកកម្ពុជាដែលលោកហ៊ុន សែន កាត់ទៅឱ្យហ្នឹង។ អ៊ីចឹងហើយ លោកហ៊ុន សែន គាត់នឹងមិនប្រាប់ លោកហ៊ុន ម៉ាណែត ឱ្យប្តឹងថៃទៅកាន់តុលាការអន្តរជាតិនោះទេ។ អ៊ីចឹងនឹងបង្ខំឱ្យកម្ពុជាធ្លាក់ទៅក្នុងល្បែងចរចាទ្វេភាគីជាមួយថៃ ដែលជាប់ចំណងវៀតណាមហ្នឹង ហើយកម្ពុជានឹងទទួលយកអនុស្សារណៈយោគយល់គ្នាថ្មី MOUថ្មី នឹងកាត់ដែនសមុទ្រកម្ពុជាទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាចដូចដែល លោកហ៊ុន សែន បានកាត់ទឹកដីឱ្យវៀតណាម ដើម្បីសងគុណវៀតណាមអ៊ីចឹងឯង»។
ជាមួយគ្នានេះ លោក ម៉ែន ណាត បានលើកឡើងថា កម្ពុជាមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់លើដែនសមុទ្រ និងដែនដីគោក ជាពិសេសសន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤-១៩០៧ និងផែនទីបារាំងសៀមខ្នាត១លើ២០០ពាន់ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដូច្នេះគ្មានអ្វីដែលកម្ពុជាត្រូវសោកស្តាយចំពោះការលុប MOU ឆ្នាំ2001នោះទេ។
លោកថា MOU ឆ្នាំ2001 មិនមែនជាច្បាប់គតិយុត្តិ មិនមែនជាសន្ធិសញ្ញា ឬអនុសញ្ញាដែលមានតម្លៃតាមផ្លូវច្បាប់ពេញលេញនោះទេ ខណៈMOUនេះត្រូវបានបង្កើតឡើងដោយចាញ់ប្រៀបថៃ តាំងពីដើមទីមក ដោយយកដែនសមុទ្រខ្មែរ ២៦០០០គីឡូម៉ែត្រការ៉េ ទៅដាក់ជាតំបន់ត្រួតស៊ីគ្នាជាមួយថៃ និងព្រមព្រៀងគ្នារុករករ៉ែរួមគ្នា ទាំងដែលតំបន់សមុទ្រនេះគឺជាសមុទ្រខ្មែរ។
លោកថា៖ «ថៃឈ្លានពាន ៣០០០០គីឡូម៉ែត្រក្រឡាហ្នឹង គឺតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងសៀមនិងយួន ក្រោយរដ្ឋប្រហារនៅកម្ពុជាឆ្នាំ២០០៧ ទម្លាក់នាយករដ្ឋមន្ត្រីទី១ជំនាន់នោះ ហើយរដ្ឋាភិបាល ហ៊ុន សែន ជំនាន់នុងអត់បានតវ៉ាអីជាមួយថៃត្រឹមត្រូវទេ។ អាកិច្ចព្រមព្រៀងទ្វេភាគីរវាងយួននិងសៀមហ្នឹងឆ្នាំ២០០៧ហ្នឹង គឺមិនមានភាគីខ្មែរចូលរួមទេ គឺមានតែយួនហើយនឹងសៀម គេព្រមព្រៀងស្ងាត់ៗទៅហើយគេយកមូលដ្ឋានកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រខុសច្បាប់ឆ្នាំ៨២ ធ្វើជាសំអាង រួចគេចែកសមុទ្រខ្មែរម្នាក់ ៣ម៉ឺនគីឡូម៉ែត្រក្រឡា យកទៅគ្រប់គ្រងរៀងៗខ្លួន ធ្វើឱ្យកម្ពុជាបាត់បង់ដែនសមុទ្ររបស់ខ្លួនទៅដែនសមុទ្រអន្តរជាតិ»។
បន្ថែមពីនេះ បើតាម លោក វណ្ណលី ការជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំនេះ អាចជាយុទ្ធសាស្ត្រ «ទិញពេល» ឬគ្រាន់តែជាយុទ្ធសាស្ត្របំភាន់សាធារណមតិ សំដៅបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ ដែលជាទម្លាប់នយោបាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនតែប៉ុណ្ណោះ ច្រើនជាងការចង់បានដំណោះស្រាយច្បាប់ដាច់ស្រេច។ នៅទីបញ្ចប់ពួកគេនឹងវិលទៅរកការចរចាជាលក្ខណៈសម្ងាត់ជាមួយថៃវិញដូចមុនដដែល។
លោកថា៖ «និយាយឲ្យខ្លី ជម្រើសផ្សះផ្សាដោយបង្ខំនេះ គ្រាន់តែជាការទាញសត្រូវឱ្យចូលតុចរចា តែមិនមែនជាការបង្ខំឱ្យសត្រូវទទួលយកដំណោះស្រាយនោះទេ ដែលវាខុសពីតុលាការ (ITLOS និង ICJ) ដែលអាចសម្រេចសេចក្តីបាន ទោះភាគីម្ខាងទៀតមិនចង់បានក៏ដោយ។ តាមទស្សនៈរបស់ខ្ញុំ វៀតណាមនឹងមិនអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ច្បាប់សមុទ្រឡើយ ដើម្បីការពារផលប្រយោជន៍ដែលខ្លួនទទួលបានពីកិច្ចព្រមព្រៀងកន្លងមក ដែលគេជឿថាជាថ្នូរនឹងការការពារអំណាចឱ្យរបបភ្នំពេញ។ ជាលទ្ធផល ថៃរំពឹងថា កម្ពុជានឹងបង្ខំចិត្តចរចាក្នុងក្របខ័ណ្ឌថ្មីមួយ ដែលផ្តល់ផលចំណេញខ្ពស់ដល់ភាគីថៃ ហើយយល់ព្រមតាមការទាមទារទាំងនោះ ដើម្បីចៀសវាងការប៉ះទង្គិចផលប្រយោជន៍ ឬការអាក់អន់ចិត្តពីសំណាក់វៀតណាម»។
យ៉ាងណាក្តី លោក វណ្ណលី ពិតជាចង់ឃើញការវិភាគរបស់លោកនេះខុសទាំងស្រុង ហើយសង្ឃឹមថា លោក ហ៊ុន ម៉ាណែត ពិតជាមានឆន្ទៈមោះមុតក្នុងការតតាំងជាមួយភាគីថៃ តាមរយៈក្របខ័ណ្ឌច្បាប់តុលាការសមុទ្រអន្តរជាតិ (UNCLOS) កំណត់ព្រំដែនទឹក ដោយមិនមានការរារែក ឬរងសម្ពាធពីឥទ្ធិពលរបស់វៀតណាម៕









