លោក ហ៊ុន សែន ប្រាប់​ទៅ​ថៃ​ថា​ការ​ដក​ខ្លួន​ពី​(MOU 2001)​​កុំ​​និយាយ​ថា​ធ្លាក់​ចូល​អន្ទាក់​កម្ពុជា

អតីត​នាយក​រដ្ឋ​មន្ត្រី​ដែល​គេ​ដឹង​ថា មាន​អំណាច​កំពូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ទៅ​កាន់​មេដឹក​នាំ​ថៃ​ថា សូម​កុំ​និយាយ​ថា ធ្លាក់​ចូល​អន្ទាក់​កម្ពុជា ដែល​ចង់​ឲ្យ​ភាគី​ទី​៣​ចូល​រួម និង​កុំ​បបួល​កម្ពុជា​រៀប​ចំ​យន្ត​ការ​ទ្វេ​​​ភាគី​​ថ្មី ជំនួស​យន្ត​ការ​ទ្វេ​ភាគី​ចាស់​ដែល​ថៃ​លុប​ចោល​ជា​ឯកតោ​ភា​គី។

ប្រតិកម្មឆ្លើយតបរបស់លោក ​ហ៊ុន ​សែន នៅ​ថ្ងៃ​ទី​៦ខែ​ឧសភា​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​​ក្រោយ​ប្រទេស​ថៃ​ប្រកាស​ដក​ខ្លួន ឬ​លុ​​ប​ចោ​ល​អ​​នុ​ស្ស​​​រណៈ​យោគ​យល់​គ្នា រវាង​កម្ពុជា-ថៃ ឬ​(MOU2001)​ស្តី​ពី​តំ​ប​ន់​ទាម​ទារ​ដែន​សមុ​ទ្រ​​​ត្រួត​ស៊ី​គ្នា ដោយ​នាយក​រដ្ឋ​ន្ត្រី​ថៃ សំអាង​ថា ការ​សម្រេច​ដក​ខ្លួន​នេះ ដោយ​ថា​(MOU2001)​«គ្មាន​វឌ្ឍ​ន​ភា​ព» ក្រោយ​​អនុស្សរណៈ​​​នេះ មាន​​អាយុកាល​ជាង​២៥ឆ្នាំ។

លោក ហ៊ុន សែន បាននិយាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៦​ខែ​ឧសភា​នេះ​ថា លោក​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លោក ហ៊ុន មាណែត លើ​ដំណោះ​ស្រាយ​ស្តី​ពី​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នារ​វាង​កម្ពុជា ថៃ ក្រោយ​​ពេល​​ភាគី​ថៃ​លុប​ចោល MOU 2001 ជា​ឯកតោ​ភាគី។

លោកថា ការណ៍នេះ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះ​ឡើយ គឺ​ដំណើរ​ឆ្ពោះ​ទៅ​តាម​យន្ត​​ការ​​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ តែ​ម្តង ទើប​អាច​ដោះ​ស្រាយ​ដោយ​មាន​ភាគី​ទី​៣ ចូល​រួម​រក​យុត្តិ​ធម៌​ដូច​ដែលលោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោកបានរំឭកថា សម្រាប់រូបលោក៖ «ដែលបានធ្វើកិច្ចការនេះ​ តាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃ​ឈុន​ហា​វ៉ាន់ ឆ្នាំ​១៩៨៩ ដល់​១៩៩០ និង​បន្ត​មក​ចុះ​ហត្ថ​លេខា​លើ MOU 2001 ខ្ញុំពិ​ត​ជា​សោក​ស្តាយ​នូវ​ការ​លុប​ចោល​ជាឯ​កតោ​ភា​​គី​ពី​សំណាក់​ភាគី​ថៃ ក្រោម​ហេតុ​ផល​(គ្មានវឌ្ឍនភាព)»

ក្នុងន័យនេះលោក បំភ្លឺក្នុងន័យដើមថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹង​ច្បាស់​ជាង​នរណា​ទាំង​អស់ តើ​ថៃ​ដូរ​​នាយក​រដ្ឋ​មន្ត្រី​ប៉ុន្មាន​ហើយ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់​ស៊ីន ស៊ី​ណា​វ៉ាត្រា ឆ្នាំ​២០០៦? កម្ពុជា​ធ្វើ​ដំណើរ​ដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បន្ត​ដោយ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​យន្ត​ការ និង​ខ្លឹម​សារ​ចរចា។ ក្នុង​ពេល​ជាមួយ​គ្នា​ថៃ ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្ត្រី​ប្រមាណ ១០​នាក់ តើ​នេះ​ជា​ហេតុ​ផល​មួយ​នៃកា​រ​គ្មាន​វឌ្ឍន​ភាព​ទេ?។

លើសពីនេះ លោកគូសបញ្ជាក់​ថា ទោះបីថៃមានការផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រីច្រើន​រូប​ក៏​ដោយ ក៏​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​នៅ​តែ​បង្ហាញ​ការ​បន្ត​ចរចា សូម្បី​រដ្ឋាភិ​បាលលោក​នាយក​រដ្ឋ​មន្ត្រី អាប់​ភីស៊ីត វេចាជីវ៉ា ក៏​បាន​ចាត់​បញ្ជូន​ឧប​នាយក​​រដ្ឋ​មន្ត្រី សុថេប ធឿក​សុបាន់ និង​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ប្រាវីត វង្ស​សុវណ្ណ មក​ជួប​ចរចា​ជាមួយ​លោក​​​នៅ​ផ្ទះ​​ក្នុងក្រុង​​តាខ្មៅ នា​ឆ្នាំ​២០១០ ដែ​ល​នៅពេ​ល​នោះ​ហើយ​ដែល​វរជន​ទាំង​ពីរ​បាន​ស្គាល់​សម្ល​កកូរ​ខ្មែរ​លើក​ដំបូង​ ដែល​ភរិយារបស់លោក​ចំអិន​ផ្ទាល់​ដៃ ជូន​ភ្ញៀវ​កិត្តិយស​ទាំង​២​រូប​សម្រាប់​អាហារ​ថ្ងៃ​ត្រង់។

លោកសង្កត់​ធ្ងន់​ថា៖ «កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់​ថា​ កម្ពុ​ជា​ធ្វើ​អន្តរ​ជា​តូប​នីយ​កម្ម​​បញ្ហា​ទ្វេ​ភាគី និង​សូម​កុំ​និយាយ​ថា​ធ្លាក់​ចូល​អន្ទាក់​កម្ពុជា​ដែល​ច​ង់​ឲ្យ​ភាគី​ទី៣ ឬ​អន្តរ​ជាតិ​ចូល​រួម​និង​ក៏​សូម​កុំ​បបួល​​កម្ពុជា​រៀប​ចំ​យន្ត​ការ​ទ្វេ​ភាគី​ថ្មី ជំនួស​យន្ត​ការ​ទ្វេភា​គី​ចាស់​ដែល​ថៃ​លុប​ចោល​ជា​ឯកតោ​ភាគី»។

លោក ហ៊ុន សែន សង្ឃឹម​​​​ថា កម្ពុជា​និង​ថៃ នឹង​ដឹក​ដៃ​គ្នា​ទៅ​កាន់​យន្ត​ការ​អន្តរ​ជាតិ ដែល​មាន​សមត្ថ​កិច្ច​លើ​បញ្ហា​សមុទ្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ