អ្នកឃ្លាំមើល និយាយថា ការដោះសាររបស់លោក ហ៊ុន តូ ថា មិនពាក់ព័ន្ធនឹងក្រុមហ៊ុន ហួយវ័ន ផេ ដែលត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ពុំមែនជារឿងថ្មីទេ ហើយថានេះបញ្ជាក់ថា អតិថិជន ១៣០០នាក់ ដែលរងគ្រោះនឹងមិនទទួលបានយុត្តិធម៌ពីប្រព័ន្ធច្បាប់នៅកម្ពុជាទេ ដូចទៅនឹងអ្វីដែលក្រុមឧកញ៉ាមួយចំនួនដែលស្និទ្ធនឹងមេដឹកនាំ ធ្លាប់បដិសេធទៅនឹងបទឧក្រិដ្ឋរបស់ខ្លួនដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី ប្រាប់វីអូឌីនៅថ្ងៃទី៦ ខែឧសភា ថា ការចេញបដិសេធរបស់លោក ហ៊ុន តូ នៅពេលនេះ បានឆ្លុះបញ្ចាំងពីភាពចម្រូងចម្រាស និងភាពមិនច្បាស់លាស់នៃប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុននៅកម្ពុជា ដែលកាន់តែធ្វើឲ្យជនរងគ្រោះធ្លាក់ក្នុងភាពអស់សង្ឃឹម។
លោកបន្តថា នេះជាការប៉ុនប៉ងដោះបន្ទុកបុគ្គលចេញពីភាពចម្រូងចម្រាសជាសកល ប៉ុន្តែទង្វើនេះមិនបានផ្តល់ចម្លើយដល់ពលរដ្ឋដែលបានបាត់បង់ទ្រព្យសម្បត្តិនោះទេ។ លោកថា បើទោះបីជា លោក ហ៊ុន តូ បានអះអាងពីការដកចេញនេះក៏ដោយ ក៏យន្តការច្បាប់នៅតែមានចន្លោះប្រហោងនៅក្នុងការតាមដាន និងគ្មានតម្លាភាព។
លោក សេង វណ្ណលី និយាយថា៖ «ចំពោះពលរដ្ឋរងគ្រោះ ការចេញមុខបដិសេធបែបនេះអាចជាសញ្ញាបង្ហាញថា ពួកគេនឹងកាន់តែពិបាកក្នុងការទាមទារសំណង ឬរកយុត្តិធម៌ ព្រោះនៅពេលដែលបុគ្គលមានឥទ្ធិពលបំផុតម្នាក់ក្នុងស្ថាប័ននេះ អះអាងថា ខ្លួនមិនមានជាប់ពាក់ព័ន្ធ វានឹងបង្កើតជាឧបសគ្គផ្លូវចិត្ត និងផ្លូវច្បាប់សម្រាប់អាជ្ញាធរថ្នាក់ក្រោមក្នុងការបន្តស៊ើបអង្កេត»។
អ្នកជំនាញរូបនេះ បន្តថា ការមិនអើពើចាត់វិធានការរបស់សមត្ថកិច្ចលើស្ថាប័ន ហួយវ័ន ផេ ផ្ទាល់ ប៉ុន្តែមកបង្ក្រាបពលរដ្ឋរងគ្រោះតវ៉ាវិញនោះ បង្ហាញឲ្យឃើញពីអតុល្យភាពនៃអំណាចរវាងរដ្ឋ និងរាស្ត្រយ៉ាងច្បាស់ក្រឡែត ហើយក៏ជាសារប្រាប់សាធារណជនថា ប្រព័ន្ធច្បាប់កម្ពុជាការពារតែអ្នកមានលុយមានអំណាច។
ចំណែក អតិថិជនមួយរូបរបស់ក្រុមហ៊ុននេះដែលធ្លាប់តវ៉ាកន្លងទៅ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី៦ ខែឧសភា ក្នុងលក្ខខណ្ឌលាក់ឈ្មោះថា លោកស្រីហាក់គ្មានអ្វីឆ្លើយតបចំពោះការចេញបដិសេធរបស់លោក ហ៊ុន តូ ទេ ខណៈលោកស្រីនិងពលរដ្ឋផ្សេងបានកំពុងកើតទុក្ខ និងបន្តស្នើរកមេធាវីពន្លឿនពាក្យបណ្ដឹងទៅតុលាការ បន្ទាប់ពីការស្នើសុំមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល មិនទាន់បានចម្លើយ។
ពលរដ្ឋរូបនោះ និយាយថា៖ «ឥឡូវមានមេធាវីធម្មតា មេធាវីឯកជនបានទាក់ទងមកប្រឹក្សាផ្លូវច្បាប់ដែលយើង (ពលរដ្ឋរងគ្រោះ) ត្រូវដើរម៉េចអីម៉េច ដូច្នេះយើងមានសង្ឃឹមដោយសារមានមេធាវី (Chat) មក។ ឥឡូវកំពុងប្រមូលគ្នាដាក់ទៅតាមផ្លូវច្បាប់អ៊ីចឹង ប៉ុន្តែមិនដឹងថា បានគ្នា ឬអត់ទេ»។
នៅថ្ងៃទី៦ ខែឧសភា លោក ហ៊ុន តូ បានចេញបំភ្លឺជាលើកដំបូងតាមរយៈលិខិតមេធាវី ដោយអះអាងថា ទោះលោកមានភាគហ៊ុនប្រមាណ ៣០ភាគរយ នៅក្នុងក្រុមហ៊ុន ហួយវ័ន ផេ ប៉ុន្តែលោកគ្មានតួនាទីគ្រប់គ្រង ឬសិទ្ធិចាត់ចែងប្រតិបត្តិការទូទៅរបស់ក្រុមហ៊ុននេះទេ តាំងពីឆ្នាំ២០២០មក។ លោកបន្តថា ការបាត់បង់សិទ្ធិក្នុងនាមជាម្ចាស់ភាគហ៊ុន ដោយសារលោកមិនបានដាក់ប្រាក់សុទ្ធគ្រប់ចំនួនតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។
ប៉ុន្តែ បើយោងលិខិតទម្លាយនេះ លោក ហ៊ុន តូ បានចូលរួមបង្កើតក្រុមហ៊ុននេះ តាំងពីឆ្នាំ២០១៨ ក្នុងនាមម្ចាស់ភាគហ៊ុន ៣០ភាគរយ ដែលជាសហប្រធានជាមួយជនជាតិចិន លោក លី សុង (LI XIONG) ដែលមានភាគហ៊ុន ៦២ភាគរយ។ ចំណែកលោក យ៉ាន សត្យា ម្ចាស់ភាគហ៊ុនមួយរូបទៀត មានហ៊ុនចំនួន ៨ភាគរយ។
ទោះបីជា លោក ហ៊ុន តូ ចេញបដិសេធបែបនេះក្ដី លោកក៏ត្រូវបានអាមេរិកដាក់ក្នុងបញ្ជីខ្មៅជាមួយ លោក លី សុង ដែលត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរចិន និងបញ្ជូនទៅប្រទេសចិន កាលពីចុងខែមីនា ដោយសារតែពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ ដែរ។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា លិខិតបដិសេធរបស់លោក ហ៊ុន តូ គឺដើម្បីដោះសារលាងខ្លួន ពីសហប្រធាននៃក្រុមហ៊ុនហួយវ័ន ផេ។ លោកបន្តថា ដោយសារប្រព័ន្ធច្បាប់នៅកម្ពុជាទន់ខ្សោយ តុលាការមិនឯករាជ្យ ហើយលោក ហ៊ុន តូ ជាសាច់ញាតិលោក ហ៊ុន សែន ផងនោះ ទើបគ្មានអ្នកណាហ៊ានចាត់ការឡើយ។ ករណីនេះលោកថា វាមិនខុសគ្នានឹងការដោះសាររបស់ម្ចាស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី លោកស្រី ឡេង ចាន់ណា និងម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រា គ្រុប របស់ លោក ឡេង ណាវ៉ាត្រា ដែលមានលោក ហ៊ុន ម៉ាណែត នៅពីក្រោយខ្នង កំពុងបោកប្រាស់ពលរដ្ឋជាច្រើនរយនាក់នោះឡើយ។
លោក អ៊ុំ សំអាន និយាយថា៖ «ខ្ញុំយល់ថា នៅពេលដែលអ្នកដែលតវ៉ានេះ ត្រូវបានគេចាប់ខ្លួនដើម្បីបំបិទមាត់ហ្នឹង អញ្ចឹងបើសិនជាអ្នកដែលបាត់លុយហ្នឹងមិនងើបឡើងទាំងអស់គ្នាទេ គេមិនដោះស្រាយរឿងហ្នឹងទេ។ ដូច្នេះទាល់តែប្រជាពលរដ្ឋហ្នឹងធ្វើម៉េចងើបឡើងស្រុះគ្នា បាតុកម្មតទៅទៀតកុំឈប់ តវ៉ាតទៅទៀត ដាក់ញត្តិ ដើរហែទៅផ្ទះលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត អីចឹងទៅណា ហ្នឹងបានមានដំណោះស្រាយ។ បើសិនជាស្ងាត់ៗ គឺថាគេនឹងបំភ្លេចចោល ដូចរឿងឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋដូច ឧកញ៉ា ឡេង ណាវ៉ាត្រា អី ឬក៏ឧកញ៉ា ឡេង ចាន់ណា ដែលបោកប្រាស់ប្រជាពលរដ្ឋ អត់មានដំណោះស្រាយឃើញទេ»។
ទោះយ៉ាងណា មន្ត្រីគណបក្សប្រឆាំងរូបនេះ ជំរុញឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម និងសម្ពាធបន្ថែមទៀត ទើបធ្វើឱ្យលោក ហ៊ុន តូ ព្រមសងលុយពលរដ្ឋ និងដោះលែងពលរដ្ឋរងគ្រោះវិញ។ លោកបន្តថា បើគ្មានការអន្តរាគមន៍ពីខាងក្រៅទេ នោះក្រុមគ្រួសារលោក ហ៊ុន សែន ប្រាកដជាព្យាយាមបំបិទមាត់ពលរដ្ឋមិនឲ្យតវ៉ា និងធ្វើឲ្យខូចឈ្មោះគ្រួសារលោក ហ៊ុន សែន ឡើយ។
ការបដិសេធរបស់លោក ហ៊ុន តូ នៅពេលនេះដែរ គឺធ្វើឡើងបន្ទាប់ពីពលរដ្ឋរងគ្រោះជាង ១០០នាក់ ក្នុងចំណោមពលរដ្ឋជាង ១៣០០នាក់ ដែលមានចម្រុះជាតិសាសន៍ ទាំងចិន និងវៀតណាម បានប្រមូលផ្ដុំតវ៉ាទាមទារការដោះស្រាយពីធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា។ ក្នុងពេលតវ៉ាទាមទារនោះ ពុំត្រូវបានដោះស្រាយទេ តែបែរជារងការបង្ក្រាបដោយហិង្សា និងចាប់ពលរដ្ឋរងគ្រោះ ២នាក់ ផ្ដន្ទាទោសដាក់ពន្ធនាគារថែមទៀត។
លើសពីនេះ ធនាគារជាតិបានរុញឱ្យពលរដ្ឋប្ដឹងទៅតុលាការដោយខ្លួនឯង ក្រោមលេសថា ធនាគារជាតិបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុននេះតាំងឆ្នាំ២០២៤ និងទូទាត់សងប្រាក់ត្រលប់វិញរួចរាល់នៅចុងឆ្នាំ២០២៥។ ប៉ុន្តែពលរដ្ឋរងគ្រោះបានច្រានចោលការអះអាងរបស់ធនាគារជាតិ រហូតបានផ្ទុះការតវ៉ាឡើង។
ក្រោយផ្ទុះការតវ៉ានេះ អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង មើលឃើញថា ស្ថានភាពនេះ នឹងកាន់តែធ្វើឲ្យទំនុកចិត្តលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ លោក ហ៊ុន ម៉ាណែត នឹងកាន់តែគ្មានប្រសិទ្ធភាព ហើយអាជីវកម្មទុច្ចរិតកាន់តែរីកដុះដាលឡើង នឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកម្ពុជាលើឆាកអន្តរជាតិកាន់តែខ្លាំង។ ពួកគេធ្លាប់លើកឡើងថា បើគ្មានសម្ពាធពីអន្តរជាតិ និងការស៊ើបអង្កេតពីស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុពិភពលោក ឬចាប់ខ្លួនលោក ហ៊ុន តូ ឱ្យមកទទួលខុសត្រូវនោះទេ ពលរដ្ឋដែលរងគ្រោះនឹងពុំអាចទទួលបានប្រាក់ត្រឡប់វិញឡើយ៕









