ការសម្រេចចិត្តរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុងការជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) គឺជាយុទ្ធសាស្ត្រនយោបាយដែលមានលក្ខណៈបង្ការការពារខ្ពស់ ដើម្បីដោះស្រាយភាពទាល់ច្រកផ្នែកច្បាប់ ដែលបង្កឡើងដោយការលុបចោល MOU 2001 ពីសំណាក់ភាគីថៃ។
មូលហេតុចម្បងដែលនាំឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាប់យកយន្តការនេះ គឺដោយសារតែវាជាឧបករណ៍ច្បាប់តែមួយគត់ក្នុងអនុសញ្ញា UNCLOS ដែលអនុញ្ញាតឱ្យកម្ពុជាអាចអូសភាគីថៃឱ្យត្រឡប់មកតុចរចាវិញបានដោយឯកតោភាគី បើទោះបីជាថៃព្យាយាមគេចវេស ឬដកខ្លួនចេញពីយុត្តាធិការតុលាការអន្តរជាតិក៏ដោយ។
ការរើសយកផ្លូវនេះបង្ហាញពីបំណងរបស់របបក្រុងភ្នំពេញ ក្នុងការរក្សាស្ថានភាពដើមនៃកិច្ចចរចាឱ្យនៅមានជីវិត ខណៈចៀសវាងការប៉ះទង្គិចដោយអាវុធ និងការរក្សាមុខមាត់នយោបាយក្នុងស្រុកដែលកំពុងតាមដានយ៉ាងដិតដល់លើបញ្ហាអធិបតេយ្យភាព។
ភាពខុសគ្នាជាដុំកំភួនរវាងយន្តការផ្សះផ្សាដោយបង្ខំ និងការប្តឹងទៅតុលាការអន្តរជាតិ ដូចជា តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ស្ថិតនៅលើ «អំណាចបង្ខំនៃលទ្ធផល» និង «នីតិវិធីនៃការចាប់ផ្តើម»។
តុលាការ ICJ និង ITLOS ផ្តល់នូវសាលក្រមដែលបង្គាប់ឱ្យអនុវត្តតាមជាដាច់ខាត ប៉ុន្តែទាមទារឱ្យមានការព្រមព្រៀងពីភាគីទាំងសងខាងដើម្បីកាត់សេចក្តី ចំណែកឯ PCA ជាតុលាការអាជ្ញាកណ្តាលដែលច្រើនតែដោះស្រាយវិវាទបច្ចេកទេស និងទាមទារឱ្យមានកិច្ចព្រមព្រៀងអាជ្ញាកណ្តាលជាមុន។
ផ្ទុយទៅវិញ យន្តការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS មិនទាមទារការយល់ព្រមពីភាគីម្ខាងទៀតឡើយ ប៉ុន្តែលទ្ធផលចុងក្រោយគឺជាអនុសាសន៍ដែលមិនមានចរិតបង្គាប់ឱ្យអនុវត្តតាមនោះទេ។
យន្តការនេះ គឺជាការផ្លាស់ប្តូរពីយន្តការ «កាត់សេចក្តី» មកជាយន្តការ «សម្របសម្រួល» ដែលមានសម្ពាធអន្តរជាតិជាបង្អែក។
ហានិភ័យ និងបញ្ហាប្រឈមនៃយន្តការទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ពោលគឺយន្តការផ្សះផ្សាមានហានិភ័យខ្ពស់លើប្រសិទ្ធភាព ព្រោះថៃអាចនឹងគ្រាន់តែចូលរួមឱ្យបង្គ្រប់កិច្ច រួចហើយបដិសេធមិនទទួលយករបាយការណ៍ចុងក្រោយ ដែលនាំឱ្យជម្លោះត្រឡប់ទៅរកភាពជាប់គាំងដដែល។
ដោយឡែក សម្រាប់ ITLOS, ICJ និង PCA ហានិភ័យស្ថិតនៅលើ «អធិបតេយ្យភាព និងនយោបាយ» ព្រោះបើកម្ពុជាចាញ់ក្តី វានឹងក្លាយជាការបាត់បង់ដែនសមុទ្រជារៀងរហូតដោយមិនអាចកែប្រែបាន ដែលអាចបង្កជាចលាចលនយោបាយក្នុងស្រុក និងប៉ះពាល់ដល់ស្ថិរភាពនៃរបបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ប្រសិនបើការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំបរាជ័យ លទ្ធភាពដែលលោក ហ៊ុន ម៉ាណែត នឹងលើកកម្រិតទៅកាន់តុលាការ ITLOS ឬ ICJ នាពេលអនាគតហាក់មានកម្រិតទាប និងពោរពេញដោយភាពស្មុគស្មាញ ព្រោះថា ការបោះជំហានទៅរកតុលាការអន្តរជាតិ ដើម្បីដោះស្រាយវិវាទសមុទ្រជាមួយថៃ នឹងបង្កើតជាសញ្ញាព្រមានដល់វៀតណាមភ្លាមៗ ព្រោះកម្ពុជាក៏មានបញ្ហាដែនសមុទ្រមិនទាន់ដោះស្រាយរួចរាល់ជាមួយវៀតណាមផងដែរ។
ប្រសិនបើកម្ពុជាបង្កើតជាគំរូ (Precedent) ក្នុងការយកបញ្ហាដែនសមុទ្រទៅឱ្យតុលាការអន្តរជាតិសម្រេច វានឹងធ្វើឱ្យទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនិស្តវៀតណាមជួបការរកាំរកូស ដោយសារវៀតណាមតែងតែនិយមការចរចាទ្វេភាគីជាសម្ងាត់ ជាងការប្រើប្រាស់តួអង្គទីបី។
ក្នុងន័យភូមិសាស្ត្រនយោបាយ វៀតណាម អាចនឹងមើលឃើញថា កម្ពុជាកំពុងដើរចេញពីឥទ្ធិពលរបស់ខ្លួន និងកំពុងនាំយកយន្តការដែលមិនអាចគ្រប់គ្រងបានមកក្នុងតំបន់ ដែលអាចប៉ះពាល់ដល់យុទ្ធសាស្ត្ររួមរបស់ពួកគេក្នុងសមុទ្រចិនខាងត្បូង។
ដើម្បីចៀសវាងទំនាស់ជាមួយវៀតណាមក្នុងការអះអាងដែនសមុទ្រ ខណៈកំពុងដោះស្រាយជាមួយថៃ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងជ្រើសរើសផ្លូវ «បំបែកបញ្ហា» (De-coupling) ដោយប្រើប្រាស់យន្តការខុសគ្នាសម្រាប់ដៃគូខុសគ្នា។ ចំពោះមុខវៀតណាម របបភ្នំពេញនឹងបន្តរក្សាផ្លូវចរចាទ្វេភាគីតាមបែបបក្ស និងបក្ស ឬរដ្ឋ និងរដ្ឋ ដោយផ្អែកលើស្មារតីនៃសន្ធិសញ្ញាដែលមានស្រាប់ ដើម្បីរក្សាភាពស្ងប់ស្ងាត់ផ្នែកនយោបាយ។
ផ្លូវដែលលោក ហ៊ុន ម៉ាណែត ទំនងជានឹងជ្រើសរើសបំផុត ដើម្បីការពារផលប្រយោជន៍គណបក្សកាន់អំ ណាចផង និងចៀសទំនាស់ជាមួយវៀតណាមផង គឺការជំរុញឱ្យមានការអភិវឌ្ឍរួមគ្នា (Joint Development Area) ជាជាងការខិតខំកំណត់បន្ទាត់ព្រំដែនឱ្យដាច់ស្រឡះនៅពេលនេះ។
យុទ្ធសាស្ត្រនេះ អនុញ្ញាតឱ្យគណបក្សកាន់អំណាច អាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីធនធានធម្មជាតិបាន ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការតុលាការអន្តរជាតិ ដែលអាចបង្កជាទំនាស់ជាមួយប្រទេសជិតខាងទាំងពីរក្នុងពេលតែមួយ។
ផ្ទុយទៅវិញ ប្រសិនបើលោក ហ៊ុន ម៉ាណែត ជ្រើសរើសបញ្ឈប់ត្រឹមយន្តការផ្សះផ្សាដែលគ្មានអំណាចបង្ខំ វានឹងក្លាយជាមូលដ្ឋានរឹងមាំសម្រាប់អ្នកស្នេហាជាតិក្នុង និងក្រៅស្រុក ក្នុងការសន្និដ្ឋានថា កិច្ចប្រឹងប្រែងកន្លងមករបស់គណបក្សកាន់អំណាចគ្រាន់តែជាល្បែងនយោបាយ ដើម្បីការពារមុខមាត់ច្រើន ជាងការការពារបូរណភាពទឹកដីពិតប្រាកដ។
ភាពស្ទាក់ស្ទើរក្នុងការឈានទៅដល់តុលាការអន្តរជាតិ ដែលមានអំណាចកាត់សេចក្តីដាច់ស្រឡះ ដូចជា ITLOS ឬ ICJ គឺជាការខ្លាចរអាជួបប្រទះនឹងការពិតផ្នែកបច្ចេកទេស ដែលអាចផ្ទុយពីអ្វីដែលរដ្ឋាភិបាលបានឃោសនាប្រាប់ពលរដ្ឋខ្លួនឯង ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។
ការប្រើប្រាស់វោហារសាស្ត្រស្នេហាជាតិ និងការបង្ហាញសាច់ដុំ តាមរយៈយន្តការផ្សះផ្សាដែលគ្មានហានិភ័យចាញ់ក្តី គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លោក ហ៊ុន ម៉ាណែត ក្នុងការទប់ទល់នឹងរលកនៃការរិះគន់ពីមហាជន ខណៈរក្សាបាននូវទំនាក់ទំនងមិនឱ្យបាក់បែកជាមួយថៃ ដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ និងជាមួយវៀតណាមដែលគេជឿថាជាអ្នកការពារអំណាចឱ្យរបបភ្នំពេញ។
ម្យ៉ាងវិញទៀត ការមិនហ៊ានតម្លើងកម្រិតនៃការដោះស្រាយ ក៏អាចឆ្លុះបញ្ចាំងពីបំណងក្នុងការការពារកេរ្តិ៍ឈ្មោះ និងសមិទ្ធផលរបស់លោក ហ៊ុន សែន ផងដែរ ព្រោះប្រសិនបើតុលាការអន្តរជាតិសម្រេចថា បន្ទាត់ព្រំដែនដែលកម្ពុជាធ្លាប់ប្រើប្រាស់ក្នុងអាណត្តិមុនៗ មានកំហុសឆ្គង វានឹងក្លាយជាការទម្លាក់កំហុសជាប្រវត្តិសាស្ត្រមកលើមេដឹកនាំជំនាន់មុន។
ហេតុនេះ ការរក្សាជម្លោះឱ្យស្ថិតក្នុងស្ថានភាពមិនទាន់ដោះស្រាយរួចរាល់ គឺជម្រើសនយោបាយដែលមានសុវត្ថិភាពបំផុតសម្រាប់បន្តការដឹកនាំតាមរបបគ្រួសារនិយម ដោយគ្រាន់តែប្រើប្រាស់វោហារសាស្ត្រការពារជាតិធ្វើជាខែលបិទបាំងនូវភាពទន់ខ្សោយផ្នែកទូត និងបច្ចេកទេស។
ជាចុងក្រោយ ការចៀសវាងយន្តការតុលាការអន្តរជាតិ ក៏ជាការបញ្ជាក់យ៉ាងច្បាស់នូវចំណងនយោបាយដ៏ស្អិតរមួតរវាងភ្នំពេញ និងវៀតណាម ដែលជានិច្ចកាលវៀតណាមតែងតែរុញច្រានឱ្យកម្ពុជាដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចចរចាទ្វេភាគីដែលងាយស្រួលនឹងមានការលូកដៃផ្នែកនយោបាយ។
ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនហ៊ានប្រើច្បាប់អន្តរជាតិឱ្យអស់លទ្ធភាពជាមួយថៃ នោះក្តីសង្ឃឹមដែលថាជម្លោះសមុទ្រជាមួយវៀតណាមនឹងត្រូវដោះស្រាយដោយយុត្តិធម៌ និងតម្លាភាពនោះ កាន់តែមិនអាចទៅរួច។
ដូច្នេះ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ អាចគ្រាន់តែជាការបង្កើត «រូបភាពសិប្បនិម្មិត» នៃអធិបតេយ្យភាព ដើម្បីបន្លប់ការយកចិត្តទុកដាក់ពីបរាជ័យជាយុទ្ធសាស្ត្រក្នុងការកំណត់ព្រំដែនទឹកពិតប្រាកដតែប៉ុណ្ណោះ៕
ដោយ សុក្រឹត ពុទ្ធិ









