ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្កោលទោស «ភាពអគតិបំផុត» របស់រុស្ស៊ី ចំពោះការបន្តបើកការវាយប្រហារដ៏កាចសាហាវ បើទោះបីជាកំពុងស្វែងរកការផ្អាកអរិភាពក៏ដោយ។
រុស្ស៊ីដែលកំពុងរៀបចំប្រារព្ធខួបអបអរសាទរទិវាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ នៅចុងសប្តាហ៍នេះ បាននិយាយថា ខ្លួននឹងអនុវត្តបទឈប់បាញ់ នៅថ្ងៃទី៨ និងទី៩ ខែឧសភា ហើយបានគំរាមវាយប្រហារដោយ «មីស៊ីលទ្រង់ទ្រាយធំ» លើកណ្តាលទីក្រុងគីវ (Kyiv) ប្រសិនបើអ៊ុយក្រែនរំលោភលើបទឈប់បាញ់នេះ។
ប៉ុន្តែទីក្រុងគីវ បាននិយាយថា ខ្លួននឹងគោរពតាមបទឈប់បាញ់ដែលមិនមានកំណត់ពេល ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៦ ខែឧសភា តទៅ ហើយថាអ៊ុយក្រែននឹងចាត់វិធានការ «ឆ្លើយតបទៅវិញក្នុងកម្រិតដូចគ្នា» ចាប់ពីចំណុចនោះ។
ខណៈពេលដែលភាគីជម្លោះទាំងពីរ បានប្រកាសពីចំណាត់ការទាំងនេះ មនុស្ស ៥ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ក្នុងការវាយប្រហាររួមគ្នាដោយមីស៊ីល និងដ្រូន (drone) នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃទី៤ខែឧសភា។
លោក Zelensky បាននិយាយថា៖ «វាគឺជាភាពអគតិបំផុត ដែលស្នើសុំភាពស្ងប់ស្ងាត់ដើម្បីរៀបចំពិធីអបអរសាទរឃោសនា ប៉ុន្តែបែរជាបើកការវាយប្រហារដោយមីស៊ីល និងដ្រូនបែបនេះជារៀងរាល់ថ្ងៃ នៅមុនពេលប្រារព្ធពិធីនោះទៅវិញ»។
បទឈប់បាញ់ទាំងពីរ ហាក់ដូចជាមានលក្ខណៈឯកតោភាគី មានន័យថា ភាគីទាំងពីរមិនបានព្រមព្រៀងគ្នាលើលក្ខខណ្ឌ រយៈពេល ឬការត្រួតពិនិត្យនោះទេ។
លោក Zelensky បាននិយាយថា៖ «យើងបានដាក់សំណើរបស់យើងហើយ» ដោយលោកបានជំរុញឱ្យរុស្ស៊ីដាក់អាវុធ «ហើយងាកមករកការទូតពិតប្រាកដ»។
លោកបានសរសេរនៅលើ Telegram ថា៖ «យើងជឿជាក់ថា ជីវិតមនុស្សមានតម្លៃខ្ពង់ខ្ពស់ជាង ‘ការប្រារព្ធពិធី’ ខួបអនុស្សាវរីយ៍ណាមួយ ដែលមិនអាចប្រៀបផ្ទឹមបានឡើយ»។
នៅមុនពេលបទឈប់បាញ់ពាក់កណ្តាលអធ្រាត្ររបស់ខ្លួន អ៊ុយក្រែន ក៏បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់លើរុស្ស៊ី ដោយបានវាយប្រហារតំបន់ឧស្សាហកម្មមួយក្នុងទីក្រុង Kirishi ក្នុងតំបន់ Leningrad និងរោងចក្រផលិតសមាសធាតុយោធានៅក្នុងទីក្រុង Cheboksary ក្នុងសាធារណរដ្ឋ Chuvash របស់រុស្ស៊ី។
លោក Zelensky បាននិយាយថា មីស៊ីលគ្រូស (cruise missiles) ប្រភេទ Flamingo ដែលផលិតក្នុងស្រុក ត្រូវបានប្រើដើម្បីវាយប្រហាររោងចក្រ Cheboksary ដែលមានចម្ងាយប្រហែល ១,៥០០ គីឡូម៉ែត្រ (៩៣០ ម៉ាយ) ពីសមរភូមិជួរមុខ។ វីដេអូនាពេលរាត្រីដែលមិនទាន់ត្រូវបានបញ្ជាក់ បានបង្ហាញពីវត្ថុដែលមានចលនាយ៉ាងលឿន និងការផ្ទុះយ៉ាងខ្លាំង។
ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល Flamingo របស់អ៊ុយក្រែនចំនួន ៦ គ្រាប់ ក៏ដូចជាដ្រូនចំនួន ៦០១ គ្រឿងផងដែរ។
កាលពីព្រឹកថ្ងៃទី៥ខែឧសភា អាកាសយានដ្ឋានទាំងបីរបស់ទីក្រុងមូស្គូ ត្រូវបានបិទជាបណ្តោះអាសន្ន។ ក្រោយមក អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានប្រកាសថា ដ្រូនចំនួន ៤ គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្បែររដ្ឋធានី។
វិមានក្រឹមឡាំង បានបង្ហាញសញ្ញានៃភាពតក់ស្លុត នៅមុនថ្ងៃទិវាជ័យជម្នះ។
ការប្រារព្ធពិធីថ្ងៃទី៩ ខែឧសភា ដែលជាការរំលឹកខួបនៃជ័យជម្នះរបស់សហភាពសូវៀត លើណាស៊ីអាល្លឺម៉ង់ បានរីកធំធាត់ក្នុងទ្រង់ទ្រាយ និងភាពអធិកអធម ចាប់តាំងពីការចាប់ផ្តើមនៃការគ្រប់គ្រងរបស់លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅដើមទសវត្សរ៍ឆ្នាំ២០០០។
ប៉ុន្តែវិមានក្រឹមឡាំង បាននិយាយថា នៅឆ្នាំនេះ ព្រឹត្តិការណ៍ដ៏សំខាន់បំផុត គឺក្បួនព្យុហយាត្រាយោធាដ៏ធំនៅទីលានក្រហម (Red Square) នឹងត្រូវកាត់បន្ថយទ្រង់ទ្រាយ ដោយសារ «ការគំរាមកំហែងភេរវកម្ម» ពីអ៊ុយក្រែន ហើយនឹងមិនមានការដាក់តាំងបង្ហាញគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់នោះទេ៕









