ក្រុងវ៉ាស៊ីនតោន បាននិយាយថា អ៊ីរ៉ង់មិនបានរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងជម្លោះមជ្ឈិមបូព៌ាកាលពីថ្ងៃទី៥ខែឧសភានោះទេ បន្ទាប់ពីមានការបាញ់បោះដាក់គ្នាទៅវិញទៅមក រវាងភាគីទាំងពីរក្នុងថ្ងៃមុន ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិក បានព្យាយាមបើកច្រកសមុទ្រ Hormuz ដោយបង្ខំ។
យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានកម្ទេចទូកតូចៗរបស់អ៊ីរ៉ង់ចំនួន ៦ គ្រឿង ក៏ដូចជាមីស៊ីលគ្រូស និងដ្រូន បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ជូនកងទ័ពជើងទឹកទៅអមការពារនាវាដឹកប្រេងដែលជាប់គាំងឆ្លងកាត់ច្រកសមុទ្រ ក្នុងយុទ្ធនាការមួយដែលលោកហៅថា “Project Freedom”។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា ប្រតិបត្តិការការពារនាវាពាណិជ្ជកម្ម គឺជាការបណ្តោះអាសន្ន ហើយបទឈប់បាញ់ដែលមានរយៈពេលបួនសប្តាហ៍មកហើយនេះ មិនទាន់បញ្ចប់នោះទេ។
លោកបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ខែឧសភាថា៖ «យើងមិនស្វែងរកការវាយតប់គ្នានោះទេ។ នៅពេលនេះ បទឈប់បាញ់ពិតជាបន្តមានប្រសិទ្ធភាព ប៉ុន្តែយើងនឹងតាមដានយ៉ាងដិតដល់បំផុត»។
អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើកប៉ាល់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៤ខែឧសភា និងបានវាយប្រហារអារ៉ាប់រួម (UAE) ដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់របស់ក្រុងវ៉ាស៊ីនតោន ដោយមីស៊ីល និងដ្រូន។
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា ការរំលោភលើបទឈប់បាញ់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ ដែលជាកន្លែងដឹកជញ្ជូនចំណែកដ៏ធំនៃប្រេង និងជីរបស់ពិភពលោក។
លោកបាននិយាយនៅក្នុងការបង្ហោះលើបណ្តាញសង្គមថា៖ «យើងដឹងយ៉ាងច្បាស់ថា ការបន្តនៃស្ថានភាពបច្ចុប្បន្ន គឺជាអ្វីដែលសហរដ្ឋអាមេរិកមិនអាចទ្រាំទ្របាន ខណៈដែលយើងមិនទាន់ទាំងបានចាប់ផ្តើមផង»។
ច្រកសមុទ្រដ៏តូចចង្អៀតនេះត្រូវបានបិទជិត តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការរំខានដែលធ្វើឱ្យតម្លៃទំនិញឡើងថ្លៃនៅជុំវិញពិភពលោក។
លោក Hegseth បាននិយាយថា សហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការការពារផ្លូវកាត់តាមផ្លូវទឹកដ៏សំខាន់នេះ ហើយនាវាពាណិជ្ជកម្មរាប់រយគ្រឿងកំពុងតម្រង់ជួរដើម្បីឆ្លងកាត់។
នាវាដឹកទំនិញមួយចំនួននៅក្នុងតំបន់ឈូងសមុទ្របានរាយការណ៍ពីការផ្ទុះ ឬអគ្គិភ័យកាលពីថ្ងៃទី៤ខែឧសភា ហើយកំពង់ផែប្រេងមួយនៅក្នុងប្រទេសអារ៉ាប់រួម ដែលជាកន្លែងមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិកដ៏ធំ ត្រូវបានឆេះដោយសារមីស៊ីលអ៊ីរ៉ង់។ អារ៉ាប់រួមបានដាក់កម្រិតការហោះហើរលើដែនអាកាសរបស់ខ្លួនឡើងវិញកាលពីថ្ងៃទី៥ខែឧសភា។
អ៊ីរ៉ង់បានបិទច្រកសមុទ្រប្រកបដោយប្រសិទ្ធភាព ដោយគំរាមដាក់មីន ប្រើដ្រូន មីស៊ីល និងទូកវាយប្រហារល្បឿនលឿន។ សហរដ្ឋអាមេរិក បានតបតវិញដោយការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ និងរៀបចំការធ្វើដំណើរដោយមានការអមការពារសម្រាប់នាវាពាណិជ្ជកម្ម។
យោធាសហរដ្ឋអាមេរិក បាននិយាយថា នាវាពាណិជ្ជកម្មអាមេរិកចំនួនពីរគ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះ ដោយមានការគាំទ្រពីនាវាពិឃាតបាញ់មីស៊ីលរបស់កងទ័ពជើងទឹក ប៉ុន្តែមិនបានបញ្ជាក់ថាឆ្លងកាត់នៅពេលណានោះទេ។
អ៊ីរ៉ង់បានបដិសេធថាគ្មានការឆ្លងកាត់ណាមួយកើតឡើងនោះទេ ទោះបីជាក្រុមហ៊ុនដឹកជញ្ជូន Maersk បាននិយាយថា នាវា Alliance Fairfax ដែលជានាវាដោតទង់ជាតិអាមេរិក បានចាកចេញពីតំបន់ឈូងសមុទ្រក្រោមការអមការពាររបស់យោធាអាមេរិកកាលពីថ្ងៃ៤ឧសភាក៏ដោយ៕









