អាដហុក​ថា ​បញ្ហា​វិវាទ​ដីធ្លី​​​នៅប​ន្ត​មាន​សភាព​ធ្ងន់​ធ្ងរ​ដែល​​​​ទាម​​ទារ​ឱ្យ​​​កែ​លម្អ​ទាំង​​ផ្នែ​ក​​ច្បាប់​​និង​ការ​​អនុ​វត្ត​

សមាគម​អាដ​ហុក រក​ឃើញ​ថា បញ្ហា​វិវាទ​ដីធ្លី​​​នៅ​​កម្ពុជា នៅ​តែ​​ប​ន្ត​​មាន​​លក្ខណៈ​ធ្ងន់ធ្ងរ​ រ៉ាំរៃ និង​ស្មុគស្មាញ ដែល​ទាម​ទារ​ឱ្យ​មានការ​កែលម្អផ្នែក​ច្បាប់ គោរព​សិទ្ធិ​សហគមន៍ ទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់ការ​ប្រើ​អំណាច​ខុស​ពី​គោល​បំណង​នៃច្បាប់ បើពុំនោះទេ វិវាទ​ដីធ្លី​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ស្ថិរភាព​សេដ្ឋ​កិច្ច សង្គម និងការ​បាត់​បង់​​ទំនុក​​ចិត្ត​​លើ​រដ្ឋាភិ​បាល​និងប្រព័ន្ធ​យុត្តិធម៌ ដែល​អាច​រារាំង​ដល់ការ​អភិវឌ្ឍ​រយៈ​ពេល​វែង។

របាយការណ៍ស្តីពី ស្ថានភាពសិទ្ធិ​ដីធ្លីឆ្នាំ​២០២៥របស់សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ចេញផ្សាយ​នៅថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ បានលើកឡើង​ថា បញ្ហា​វិវាទដីធ្លី​នៅ​ក្នុង​ឆ្នាំ​២០២៥ បន្ត​មានលក្ខណៈ​​ធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ដោយ​មានករណី​ថ្មីចំនួន ៤៥​ករណី បន្ថែម​លើ​ករណី​ចាស់ៗ​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​សមរម្យ។

ករណីទាំង​នេះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥ ៥២០​គ្រួសារ រួមទាំង​ជនជាតិ​ដើមភាព​តិច ៧ ៣៥១នាក់ និង​ផ្ទៃដីជាង ១១ម៉ឺន​ហិកតា (១១៥ ៤១៣ ហិកតា) ក្នុងនោះ​ភាគរយខ្ពស់នៃ​វិវាទ​ពាក់ព័ន្ធ​នឹង​​កា​ររំលោភ​ដីធ្លី​ដោយ​បុគ្គល​មានអំណាច ៤២ភាគរយ និង​អ្នកមានទ្រព្យ​/ក្រុមហ៊ុន​ ២០ភាគរយ ដែលជា​ការបង្ហាញពី​ឥទ្ធិពល​ខ្លាំង​របស់​ក្រុម​អាជ្ញាធរ​មាន​អំណាច​លើការ​ប្រើប្រាស់​​​ធនធាន​ដីធ្លី និង​ធនធាន​ធម្មជាតិ។​

អាដហុក​បាន​បន្តថា លក្ខណៈសំខាន់មួយ​នៃ​វិវាទ​ទាំង​នេះ គឺ​ការ​ប្រើអំណាច​លើស​គោល​​បំណង​​​ច្បាប់​បានកំណត់ ដូច​​ជា ការ​ដកហូត​ដី​ដោយ​មិនមានសំណង​សមរម្យ កា​រប្រើកម្លាំង​ឬ​អាវុធ​គំ​​រាម​កំហែង ការ​បំផ្លាញទ្រព្យ​សម្បត្តិ​ផល​ដំណាំ​កសិកម្ម និងកា​រប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ដាក់សម្ពាធ​លើសហគមន៍​។

ប្រភពដដែលបន្តថា បញ្ហា​នេះ ក៏មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សិទ្ធិ​មនុស្ស រួមមាន សិទ្ធិ​កម្ម​សិទ្ធិ សិទ្ធិ​លំនៅឋាន សិទ្ធិ​រស់​នៅ​មានសេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​តវ៉ាដោយសន្តិវិធី ជាពិសេសប៉ះពាល់​ដល់​សិទ្ធិ​និងអត្តសញ្ញាណ​​របស់ជនជាតិ​ដើម​ភាគ​​តិច។ ផលវិបាក​នៃ​វិវាទដីធ្លី ក៏ប៉ះពាល់ផង​ដែរ ដល់​សង្គម និងជីវភាព​ប្រជា​ពលរដ្ឋ ដូចជា ប៉ះពាល់​បញ្ហាផ្លូវ​ចិត្ត បញ្ហា​សេដ្ឋកិច្ចរបស់​ប្រជាពលរដ្ឋ និងការ​បាត់បង់ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ និងនិទណ្ឌភាព។​

អនុប្រធាន​ផ្នែកសិទ្ធិមនុស្សនិង​ដីធ្លីនៃសមាគម​អាហដុក លោក យិន ម៉េងលី មានប្រសាសន៍​បន្ថែមលើ​របាយការណ៍​​​ថា កម្ពុជា​មានច្បាប់ និងលិខិត​បទដ្ឋានគតិ​យុត្តិ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​​នេះ ប៉ុន្តែការ​អនុវត្ត​​​នៅ​មិន​ទាន់​មានប្រសិទ្ធភាពនៅឡើយ ដោយសារ​កត្តា​អំពើ​ពុក​​រលួយ ខ្វះ​តម្លា​ភាព ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រព័ន្ធ​តុលាការ​ដាក់សម្ពាធ​លើ​​​ប្រជាសហគមន៍​ ទំនាក់ទំនង​ល្អរវាង​អាជ្ញាធរ​និង​បុគ្គលមាន​អំណាចមានទ្រព្យ​ ខណៈពេល​​ខ្លះ​​មាន​ការ​​គំរាម​​កំហែង និង​ការ​ចាប់ខ្លួនពលរដ្ឋ ដែលធ្វើឱ្យ​ពលរដ្ឋ​បាត់បង់ទំនុកចិត្ត​លើអាជ្ញាធរ​ និងប្រព័ន្ធ​យុត្តិធម៌ជាដើម។

ដើម្បីធ្វើឱ្យ​ការអនុវត្តច្បាប់​មាន​ប្រសិទ្ធភាព លោកថា៖ «ទាមទារ​ឱ្យមាន​ការ​​បញ្ឈប់ការ​ប្រើ​ប្រាស់​​​​​​​នូវ​កម្លាំង​ប្រដាប់​អាវុធ ឈប់​កុំឱ្យ​មានការ​គំរាម​កំហែង​ដល់​អ្នកតវ៉ា​ដោយ​សន្តិវិធីពាក់ព័ន្ធ​​​នឹង​​រឿងដីធ្លី។ យើងមិន​ចង់​ឱ្យ​​មាន​ការ​​ប្រើ​​ប្រាស់​​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ ក្នុងការ​ចោទ​ប្រកាន់​ឬ​ចាប់​​ឃុំ​​ខ្លួនភាគីម្ខាង​ទៀត​​នេះ នៅក្នុង​រឿង​ដីធ្លី យើង​ចង់​ឱ្យ​មានការ​រក​ឱ្យឃើញភាគី​ណា​ជា​កម្ម​សិទ្ធិ​​​​ករ​លើ​ដីហ្នឹង ដោយ​​បង្អង់​រឿង​ព្រហ្ម​ទណ្ឌ​ទុក​​មួយ​អន្លើ​សិន​ ហើយ​យើង​ចង់​ឱ្យ​​មាន បើ​សិន​​​​ជា​​​មាការ​ដកហូត​ទ្រព្យ​សម្បត្តិ​ហ្នឹង យើង​ឱ្យមានការ​អនុវត្តឱ្យ​បាន​ត្រឹម​ត្រូវ​ពាក់​ព័ន្ធ​នឹង​សំណង តាម​​គោល​​ការណ៍​​​ច្បាប់​​ ហើយ​​ជាពិសេសគឺ​ពាក់ព័ន្ធ​ជន​ជាតិ​ដើម​ភាគ​តិច​ហ្នឹង​​ គឺ​​យើង​​​ចង់​ឱ្យមានការ ឱ្យ​ពួកគាត់បានដឹង​ពីការអភិវឌ្ឍ ឱ្យ​គាត់​មានកា​រចូលរួម​ ឱ្យ​គាត់​មានការ​យល់​​ព្រម បាទ យល់ព្រម​ពាក់ព័ន្ធទៅ​​នឹង​ការ​អភិ​វឌ្ឍ​ហ្នឹង បើសិនជា​ការ​អភិវឌ្ឍ​ហ្នឹង​មានការ​ប៉ះ​​ពាល់​ទៅ​ដល់​ដី​របស់​ពួក​គាត់ ជីវភាពរបស់ពួកគាត់​ ដែលពួកគាត់​រស់នៅ​អាស្រ័យ​ផល​បញ្ហាដីធ្លីនេះ»។

លោក ឈឹម រី តំណា​ងពលរដ្ឋ​នៅតំបន់កោះមាស ក្នុងខេត្តកណ្តាល ដែលបាននិងកំពុង​​​​មាន​​បញ្ហា​វិវាទ​​​ដីធ្លី​​ជាមួយ​​​ក្រុម​ហ៊ុ​ន ឃុន សៀ បានរៀបរាប់​​ពីទុក្ខលំបាក​​​របស់លោក​និង​​សហគមន៍ ដែល​ស្រប​ទៅនឹង​កា​រ​រក​ឃើញ​របស់​អាដ​ហុក​​ដែរ។

លោកថា នៅពេលពលរដ្ឋ​តវ៉ាសុំឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​​រឿងដីធ្លី ​​ដែល​​ពួក​​គាត់​​​ធ្លាប់​រស់​នៅ​អាស្រ័យ​​ផល​​​រាប់​ឆ្នាំ​មក​ហើយ បែរ​​ជា​អាជ្ញាធរ​ហាក់​ឈរ​​​នៅ​ខា​​​ង​​​ក្រុម​​ហ៊ុន និង​គំរាម​កំហែងពលរដ្ឋ ​ខណៈ​ក្រសួង​ស្ថាប័ន​​​ពាក់ព័ន្ធ រដ្ឋ​សភា ព្រឹទ្ធ​សភា​​ ដែលពួកគាត់​បានដាក់ញតិ្ត​សុំ​ឱ្យ​ជួយ​អន្តរាគមន៍ ​ក៏​​មិន​ឃើញ​​មាន​​ចំណាត់​​​​ការ​​​ជួយ​​​ដោះ​​ស្រាយ ហើយ​​សំណង​​​នោះ​ទៀតសោត ក៏​មិន​សមរម្យ​ដែលអាច​ឱ្យ​ពួក​គាត់​​ទៅ​រក​ទីតាំង​​ថ្មីបាន។

លោកបន្តថា៖ «សូមឱ្យ​រាជរដ្ឋាភិបាល​យក​ច្បាប់ជួយ​ដោះស្រាយ តើ​ខាង​ខ្ញុំហ្នឹង​​​​ខុសឬត្រូវ​ ដែល​មករស់នៅ​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩មក​​​ ហើយ​យក​របស់ខ្ញុំទៅលក់នេះ សុំឱ្យ​រាជ​រដ្ឋាភិបាល​​ជាពិសេស​​​សម្តេច​ ហ៊ុន សែន ជួយ​ដោះស្រាយ ព្រោះ​​ខ្ញុំកើត​មក​វា​នៅហ្នឹង មានដី​ប៉ុណ្ណឹង ហើយ​​​​បើ​​ឧបមា​ថា ឥឡូវ​យក​ទៅ​​អភិវឌ្ឍន៍ អភិវឌ្ឍន៍​​ស្អី​ យកទៅ​​​ឱ្យ​បុគ្គលនោះ ហើយ​ខ្ញុំ​ជា​​ប្រជា​ជន​នេះ ​រាប់​រយ​គ្រួសារនេះ ខ្ញុំរំពឹង​អី បាទ!​វា​អយុត្តិធម៌​»។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម​ និង​សំណង់ លោក សេង ឡូត បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

សម្រាប់​របាយការណ៍​​បូក​សរុប​លទ្ធផល​​ការងារ​ប្រចាំ​​ឆ្នាំ២០២៥ របស់​​ក្រសួង​​រៀបចំ​​ដែនដី ដែល​បានផ្សព្វ​ផ្សាយ​កាល​​ពីពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៦ បានឱ្យដឹងថា គិតចាប់ពីការអនុវត្ត​រហូត​ដល់​ឆ្នាំ​២០២៥ ក្រសួង​បាន​​ទទួល​​ពាក្យ​​បណ្ដឹង​​ចំនួន ១៦ ៣៦៤ ករណី ក្នុង​​នោះ​​ដោះ​ស្រាយ​បញ្ចប់​នីតិ​វិធី​ចំនួន ១៦ ២៨២ ករណី និង​​កំពុ​ង​​ដោះ​ស្រាយ​​ចំនួន ៨២ ករណី។

ក្រសួង​​​បញ្ជាក់​ថា ពាក់ព័ន្ធនឹង​ការន្លឿនដោះស្រាយ​វិវាទដីធ្លី ក្រុមការងាររបស់ក្រសួង​ បាន​​សហការ​​​ជាមួយ​​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ក្នុង​ការ​រក​​ដំណោះ​​ស្រាយ​​ចំពោះ​​ករណី​​វិវាទ​​ដែល​នៅ​សេស​សល់ ដើម្បី​បិទ​បញ្ចប់​​ភាព​​​ចម្រូង​ចម្រាស​ក្នុង​​​សង្គម បង្កើត​​បរិយា​កាស​​គ្មាន​ជម្លោះ​ ពង្រឹង​​​សុវ​ត្ថិភា​ព​​​នៃ​​ការ​​កាន់​កាប់​ដី បង្កើត​​ភាព​​សុខ​ដុមរមនា​​ក្នុង​សង្គម ឈានទៅ​អភិវឌ្ឍន៍សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៅតាមមូលដ្ឋាន។

អ្នកនាំពាក្យគណបក្ស​ប្រជាធិបតេយ្យ​ជឿន​លឿន លោក ប៉ោ មករា​ សង្កេត​ឃើញថា យន្តការឬ​របៀបនៃការ​​​​ដោះ​ស្រាយបញ្ហា​វិវាទ​ដីធ្លី​​របស់​រដ្ឋាភិបាល​ ហាក់មានទម្រង់​​ដដែលៗ និង​ហាក់ដូច​ជា​​ទម្លាក់​បន្ទុក​មក​លើ​ ពលរដ្ឋ​ដែល​​រស់នៅ​តំបន់​រង​គ្រោះ​​ តាំង​ពីឆ្នាំ​២០០៤​មក ក្នុងនោះមាន​ទាំ​ង​​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​​​ពីដីធ្លី​ផ្ទះសម្បែងដែលពួកគាត់​រស់នៅជាច្រើនឆ្នាំ ទៅកាន់តំបន់​​ផ្សេង​​ដែល​មិន​មាន​ហេដ្ឋារច​នាសម្ព័ន្ធគ្រប់គ្រាន់​ ឬតំបន់ដាច់ស្រយាល ជាមួយ​នឹង​សំណង​​តិច​តួច ដែលធ្វើឱ្យពលរដ្ឋ​រង​គ្រោះ​ជួប​បញ្ហា​ជីវភាព កង្វះ​​សេវាសុខ​ភាពនិ​ងសេវា​​អប់រំ​ជាដើម។

លោកថា៖ «បើយើង​មើល​ទិដ្ឋ​ភាពជា​រួម ពាក់ព័ន្ធនឹង​ជម្លោះដីធ្លី​ហ្នឹង វា​មានសាវតាវា​មាន​បញ្ហា​តាំងពី​ជំនាន់​​​អតីត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មក​ម្លេះ ចឹងជាយន្តការដោះស្រាយ​​​ហាក់បី​​ដូច​ជាមិនមានអីថ្មី យន្ត​ការ​ដោះស្រាយ​ហាក់បី​ដូច​ជា​មិន​​មាន​ប្រសិទ្ធភាព ពាក់ព័ន្ធទៅ​នឹ​ង​អំពើ​ពុករលួយ​ បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​​កម្សោយ​នៃ​មន្ត្រីមូល​ដ្ឋាន​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​​ដែល​មិន​​​មាន​ប្រសិទ្ធភាព​ ចឹងលទ្ធផល​ពីណុង​រហូត​ដល់​ឥឡូវ​នេះ​ វាជា​លទ្ធផល​ដែល​​​យើង​ដឹង​ជា​ស្រេច​​ហើយ​ថា វា​មិន​មាន​ប្រសិទ្ធភាព បើសិន​ជា​​មានបញ្ហា​អំពើពុករលួយ ប្រសិទ្ធិភាពនៃកា​រអនុ​វត្ត​​ច្បាប់​​នៅមាន​កម្រិត​»។

លោក​ ប៉ោ​ មករា យល់ថា ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លី​ឱ្យមាន​ប្រសិទ្ធភាព គឺ​ត្រូវ​ពង្រឹង​មន្ត្រី​អនុវត្ត​ច្បាប់ ការ​ផ្តល់សំណងសមរម្យ​តាមទីផ្សារ លុប​បំបាត់អំពើពុករលួយ និង​ការ​ចុះ​បញ្ជី​ដីធ្លី​ដោយតម្លាភាព និង​សុច្ចរិត​ភាព។

ចំណែក របាយការណ៍​សមាគមអាដហុក ក៏បាន​ផ្តល់ជា​យោបល់ដែរថា ដើម្បីកែលម្អស្ថានភាព​​​ការ​អនុវត្ត​ច្បាប់​ក្នុងការគ្រប់គ្រង​ដីធ្លីឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​​​​ពង្រឹង​​ការ​​អនុវត្ត​ច្បាប់​ឱ្យ​មានតម្លា​ភាព និង​ធានាយុត្តិធម៌ស្មើភាព ធានា​ឯករាជ្យ​ភាព​តុលាការ គោរព​សិទ្ធិ​សហគមន៍​និង​ជនជាតិ​ដើមភាគតិច ទប់ស្កាត់អំពើពុករលួយ និងការ​ប្រើអំណាច​ខុស​គោលបំណង​ច្បាប់។

អាដហុកបានព្រមានដែរថា៖ «បើគ្មាន​វិធានការណ៍ជាក់ស្តែង​ វិវាទដីធ្លី នឹង​បន្ត​បង្ក​ផល​ប៉ះពាល់​​​​​ធ្ងន់​​ធ្ងរ​ដល់ស្ថិរភាព​​​សេដ្ឋកិច្ច​-សង្គម ការកើនឡើង​នៃ​ភាពក្រីក្រ ការ​បាត់​បង់ទំនុក​ចិត្ត​​លើ​រដ្ឋាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​អាច​រារាំង​​ការ​អភិវឌ្ឍ​រយៈពេលវែង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ