អ៊ីរ៉ង់​ពិនិត្យ​សំណើ​ថ្មី​របស់​អាមេរិក​ខណៈ​មាន​ការ​អះ​អាង​ថា​ភាគី​ទាំង​ពីរ​ជិត​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង

អ៊ីរ៉ង់បា​ន​និយាយកា​ល​ពី​ថ្ងៃទី​៦ខែ​ឧសភា​​ថា ខ្លួន​កំពុង​ពិនិត្យ​មើល​សំណើ​ថ្មី​របស់​សហរដ្ឋ​អាមេ​រិក បន្ទាប់​ពី​ប្រភព​នានា​ បាន​លើក​ឡើង​ថា ទីក្រុង​វ៉ាស៊ីន​តោន និង​ទីក្រុង​តេអេ​រ៉ង់ កំពុង​ខិត​ជិត​សម្រេច​បាន​នូវ​អនុស្ស​រណៈ​ដែល​មាន​តែ​មួយ​ទំព័រ ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ ខណៈ​ដែល​ទុក​បញ្ហា​លំបាកៗ​ដូច​ជា កម្ម​វិធីនុ​យ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាដើម សម្រាប់​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ។

អ្នក​នាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ISNA បាន​និយាយ​ថា អ៊ីរ៉ង់​នឹង​បញ្ជូន​ការ​ឆ្លើយ​តប​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ តាម​រយៈ​ប្រទេស​ប៉ាគី​ស្ថាន ដែល​ជា​អ្នក​រៀប​ចំ​ការ​ចរចា​សន្តិភាព​តែមួយ​គត់​នៃ​សង្គ្រាម​នេះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក បាន​ដើរ​តួជា​អ្នក​សម្រប​សម្រួល​ចម្បង​សម្រាប់​សារ​រវាង​ភាគី​ទាំង​សង​ខាង។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម កាលពីព្រឹកព្រលឹមថ្ងៃទី​៦ខែ​ឧសភា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​ណា​មួយ​ឡើយ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា សង្គ្រាម​អាច​នឹង​បញ្ចប់​ ប្រសិន​បើ “អ៊ីរ៉ង់​យល់​ព្រម​ផ្តល់​អ្វីដែ​លបា​ន​ព្រម​ព្រៀង​គ្នា”។ បន្ទាប់​មក លោក​ប្រាប់​កាសែត New York Post ថា វា​នៅ​តែ​លឿន​ពេក​ក្នុង​ការ​ពិចារណា​លើ​ការ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង។

ប្រភពពីប៉ាគីស្ថានមួយ និងប្រភពមួយទៀត​ដែលទទួលបានព័ត៌មានអំពីការសម្របសម្រួល បានបញ្ជាក់ពីព័ត៌​មាន​​​ដែល​រាយការណ៍ដំបូងដោយសារព័ត៌មានអាមេរិក Axios អំពីអនុស្សរណៈដែលមាន ១៤ ចំណុច និង​មានតែមួយ​ទំព័រ ដែលនឹងបញ្ចប់សង្គ្រាមជាផ្លូវការ។

ប្រភពដដែល​ បានបន្តថា អនុស្សរណៈនេះនឹងត្រូវបន្តដោយការពិភាក្សា ដើម្បីបើកដំណើរការដឹកជញ្ជូនតាម​​​ច្រក​សមុទ្រ Hormuz ឡើងវិញ ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការព្រមព្រៀងលើការ​​រឹតត្បិត​កម្មវិធី​នុយ​ក្លេអ៊ែររបស់អ៊ីរ៉ង់។

ប្រភពពីប៉ាគីស្ថាន បាននិយាយថា៖ «យើងនឹងបញ្ចប់រឿងនេះក្នុងពេលឆាប់ៗខាងមុខ។ យើងកំពុង​ខិតជិតដល់ហើយ»

ប្រភពដែលទទួលបានព័ត៌មានអំពីការសម្របសម្រួល បាននិយាយថា ការចរចារបស់សហរដ្ឋអាមេរិក​កំពុង​​ត្រូវបាន​ដឹកនាំ​ដោយបេសកជន​របស់​ លោក ត្រាំ គឺលោក Steve Witkoff និងកូនប្រសាលោកគឺលោក Jared Kushner។ ប្រសិនបើភាគីទាំងពីរយល់ព្រមលើកិច្ចព្រមព្រៀងបឋមនេះ វានឹងចាប់ផ្តើមរាប់ថយ​ក្រោយ​រយៈពេល ៣០ ថ្ងៃនៃការចរចាលម្អិត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងពេញលេញមួយ។

កិច្ចព្រមព្រៀងពេញលេញនោះ​ នឹងរួមបញ្ចូលនូវ​ការដែលសហរដ្ឋអាមេរិកដកទណ្ឌកម្ម និងបញ្ចេញមូលនិធិ​អ៊ីរ៉ង់​ដែល​ត្រូវបានបង្កក ការដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដកការបិទខ្ទប់ច្រកសមុទ្រ Hormuz រៀងៗខ្លួន និង​ការរឹតត្បិតមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយមានគោលដៅផ្អាក ឬបញ្ឈប់ជាបណ្តោះ​អាសន្ននូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។

ខណៈដែលប្រភពបាននិយាយថា អនុស្សរណៈនេះនឹងមិនទាមទារការសម្បទានពីភាគីណាមួយនៅជំហាន​ដំបូងឡើយ ពួកគេមិនបានលើកឡើងពីការទាមទារសំខាន់ៗមួយចំនួន ដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់​បានធ្វើកាលពីអតីត​កាល ហើយដែលអ៊ីរ៉ង់បានបដិសេធនោះទេ ដូចជាការរឹតត្បិតលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ និងការបញ្ចប់ការគាំទ្រ​ដល់ក្រុមជីវពលក្នុងតំបន់មជ្ឈិមបូព៌ាជាដើម។

ប្រភពទាំងនោះ បាននិយាយពីលទ្ធភាពនៃការរឹតត្បិតលើការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នាពេលអនាគត ប៉ុន្តែ​មិនបានបញ្ជាក់ពីស្តុកអ៊ុយរ៉ាញ៉ូមដែលមានស្រាប់ជាង ៤០០ គីឡូក្រាម (៩០០ ផោន) ដែល​ត្រូវបានចម្រាញ់ជិតដល់កម្រិតអាចផលិតអាវុធបាននោះទេ ដែលកន្លងមកទីក្រុងវ៉ាស៊ីនតោនធ្លាប់បានទាមទារឱ្យអ៊ីរ៉ង់បោះបង់ចោល មុន​ពេលបញ្ចប់សង្គ្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ