ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ តំណាងឲ្យពលរដ្ឋជិត ៤០០គ្រួសារ រស់នៅស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានជំរុញឱ្យអាជ្ញាធរពន្លឿនយន្តការកាត់ឆ្វៀលដីទំហំជិត ២ពាន់ហិកតា ចេញពីក្រុមហ៊ុនចិន ដើម្បីបានអាស្រ័យផល ដោយគ្មានការរំខាន ក្រោយពីអាជ្ញាធរចុះរារាំង។
ពលរដ្ឋ ឱ្យដឹងថា ដីដែលពួកគេស្នើឱ្យកាត់ឆ្វៀលនេះ ធ្លាប់បង្កបង្កើនផលចាប់តាំងពីឆ្នាំ១៩៩០ មកដល់ឆ្នាំ២០២៥ ពោលគឺ៣៥ឆ្នាំ ទើបត្រូវបាន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ឲ្យពួកគាត់ឈប់អាស្រ័យផលលើដីនោះ ដោយសំអាងថា ដីនៅតំបន់នោះ រដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ច តាមរយៈអនុក្រឹត្យលេខ៣០ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ដល់ក្រុមហ៊ុនចិន ឈ្មោះ ឆាយណាហ្រ្កេត ចំនួន ៥ ៩៨០ហិកតា។
លើសពីនេះ លោក ភី សុខឡែន ដែលថាតំណាងពលរដ្ឋ ៩៥គ្រួសារ រស់នៅស្រុកសង្គមថ្មី បានឱ្យដឹងថា ការមកជួបជុំគ្នា នៅពីមុខសាលាខេត្តព្រះវិហារ ព្រឹកនេះ ប្រយោជន៍ចង់ជួបអភិបាលរងខេត្តព្រះវិហារ លោក មិន ស៊ីថា ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី ដើម្បីសួរនាំករណីសំណើរសុំកាត់ឆ្វៀលដីកសិកម្ម ជូនពួកគាត់។
លោកបញ្ជាក់ថា ទំនាស់នេះ កើតឡើងនៅឆ្នាំ២០២៥ ខណៈមានពលរដ្ឋខ្លះបានមកតាំងលំនៅឋាន ក្នុងមូលដ្ឋាននេះ ក្រោយឆ្នាំ១៩៩០ ខ្លះទៀតនៅឆ្នាំ២០១២ និងក្រោយឆ្នាំ២០១៧ជាដើម ដែលពួកគាត់បានដាំដំណាំផ្សេងៗ រួមមាន ស្រូវ ស្វាយ និងដំឡូងជាដើម។
លោកថា ក្រុមហ៊ុនចិននេះ បានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅឆ្នាំ២០១២ លើទំហំផ្ទៃដីជិត ៦ពាន់ហិកតា (៥៩៨០ហិកតា) សម្រាប់ធ្វើអាជីវកម្មរ៉ែ។
បើតាម លោក ភី សុខឡែន ទំនាស់នេះ ពលរដ្ឋរស់នៅស្រុករវៀង និងស្រុកសង្គមថ្មី ក៏ធ្លាប់បានដាក់ញត្តិ ស្នើសុំកិច្ចអន្តរាគមន៍ទៅថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក្រសួងមហាផ្ទៃ ខុទ្ធការល័យនាយករដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ កាលពីខែមករា និងខែមីនា ឆ្នាំ២០២៦ ជាបន្តបន្ទាប់ដែរ ប៉ុន្តែស្ងាត់មិនមានចម្លើយឆ្លើយតបចំពោះកង្វល់ពលរដ្ឋនោះទេ។
លើសពីនេះ លោកថា ពួកគាត់ក៏ធ្លាប់ឡើងមកស្នើសុំកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំខេត្តព្រះវិហារចំនួន៣ដង ផងដែរទាំងលើកនេះ ប៉ុន្តែនៅតែគ្មានដំណោះស្រាយដដែល។
តំណាងពលរដ្ឋរូបនេះ សំណូមពរដល់ប្រមុខដឹកនាំឲ្យជួយអន្តរាគមន៍ពន្លឿនដោះស្រាយ កាត់ឆ្វៀលដី ដែលមានវិវាទជាមួយក្រុមហ៊ុនចិន ចែកជូនពលរដ្ឋឲ្យបានឆាប់ ដ្បិតការរស់នៅរបស់ពលរដ្ឋ បានពឹងផ្អែកតែទៅលើការដាំដំណាំរួមផ្សំ ដើម្បីចិញ្ចឹមជីវិតតែមួយមុខទេ ប៉ុន្តែបើមិនមានដីដាំដុះ នឹងត្រូវប្រឈមការខ្វះខាតធ្ងន់ធ្ងរបំផុត។
លោកបន្តថា៖ «វិវាទដីធ្លីដោះស្រាយបានសោះ មិនមែនពិបាកដោះស្រាយដូចជាមួយថៃឯណា? ហេតុអ្វី មិនព្រមកាត់ឆ្វៀលឲ្យគាត់ ហេតុអ្វីដោះស្រាយមិនចេញរឿងប៉ុណ្ណឹង? ទុកឲ្យអូសបន្លាយពេលយូរចឹងធ្វើអី?។ រាល់ថ្ងៃនេះ ពលរដ្ឋទាំងអស់ហ្នឹងមានដីតែត្រឹមមួយបាតខ្ទះទេ។ ហើយដីរបស់គាត់នៅក្នុងក្រុមហ៊ុនហ្នឹងហើយ ហើយបើយកដីគាត់អស់ តើឲ្យគាត់ទៅរស់នៅត្រង់ណា?។ ពិបាកណាស់ជីវភាព ហើយបើមិនកាត់ឆ្វៀលដីហ្នឹងឲ្យគាត់ទេ គឺមានតែស្លាប់ទេ ទាំងគេទាំងខ្ញុំ។ ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យគាត់ជួយគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋផង។ បើពួកគាត់អត់ពីដីហ្នឹងទៅគាត់ក៏ស្លាប់ដែរ។ ទន្ទឹមនឹងការគិតគូរដល់ផលប្រយោជន៍ក្រុមហ៊ុន ក៏គួរគិតគូរដល់ផលប្រយោជន៍ពលរដ្ឋផង សុទ្ធតែកូនចៅគាត់ទេ»។
សម្រាប់ លោក ស សុភាន់ ដែលអះអាងថា តំណាងពលរដ្ឋចំនួន ៣៩៧គ្រួសារ រស់នៅស្រុករវៀង បានឱ្យដឹងដែរថា សព្វថ្ងៃនេះ អាជ្ញាធរបានហាមពលរដ្ឋមិនឲ្យដាំដុះដំណាំផ្សេងៗ នៅដីធ្លាប់បង្កបង្កើនផល ធ្វើពលរដ្ឋជួបវិបត្តិគ្រួសារធ្ងន់ធ្ងរ។
លោកថា៖ «សូមសម្តេចពុកសម្តេចម៉ែ ជួយឲ្យកាត់ឆ្វៀលដីឲ្យពលរដ្ឋដាំដុះបន្តផង ព្រោះប្រជាពលរដ្ឋអាស្រ័យផលនៅលើដីហ្នឹងយូរណាស់មកហើយ។ ខ្លះមករស់នៅលើដីនេះចាប់ពី ៨ ទៅ ១០ឆ្នាំកន្លងមកហើយ។ តាំងពីដីទីតាំងនោះ គ្មានអាជ្ញាធរណាមកហាមឃាត់ថាដីហ្នឹងជាដីរបស់ក្រុមហ៊ុនទេ ពេលពលរដ្ឋបង្កបង្កើនផលកន្លងមក។ ទើបតែមកដល់ឆ្នាំ២០២៥-២០២៦នេះទេ ទើបមានក្រុមហ៊ុនគេមកអះអាងថា ជាដីរបស់ក្រុមហ៊ុនឆៃណា ហ្ក្រេន»។
វីអូឌី នៅមិនទាន់អាចអាក់ទង លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានទេនៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកបញ្ជាក់ថា ជាប់រវល់ប្រជុំ។
តំណាងពលរដ្ឋថា ការព្យាយាមសុំជួប លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកដីធ្លី គឺមិនបានជួបទេ ហើយពួកគាត់ក៏បានរំសាយនៅកាន់លំនៅឋានវិញ ទាំងគ្មានការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តនេះ។
ទាក់ទិនបញ្ហានេះដែរ លោក ស៊ាំ ស៊ីឃ្លីន អ្នកសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារ ដែលចុះអង្កេតផ្ទាល់ដល់ទីតាំងប្រមូលផ្តុំរបស់ពលរដ្ឋ នៅព្រឹកនេះ លើកឡើងថា គួរតែថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឆាប់ជួយពន្លឿនកាត់ឆ្លៀលដីដែលពលរដ្ឋធ្លាប់រស់អាស្រ័យផលកន្លងមក ហើយរងផលប៉ះពាល់ជាមួយក្រុមហ៊ុនចប់ឲ្យបានឆាប់ ព្រោះពលរដ្ឋរស់នៅតំបន់នេះ ពឹងផ្អែកតែទៅលើរបរកសិកម្មមួយមុខប៉ុណ្ណោះ។
លោកថា ការកផ្អិបទុកឲ្យវិវាទអូសបន្លាយពេលយូរ នឹងនាំឲ្យពលរដ្ឋកាន់តែរងទុក្ខវេទនា និងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារជំពាក់បំណុលធនាគារ សម្រាប់ចំណាយទៅលើការឈូសឆាយដីក្នុងតំបន់នេះ សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត។
លោកបន្តថា៖ «បើពន្យាពេលកាត់ឆ្វៀលដីជូនពលរដ្ឋទៀត គឺពលរដ្ឋរស់នៅតំបន់នេះ គាត់អត់មានដីអាស្រ័យផល ហើយក៏អត់មានអីហូបដែរ អញ្ចឹងរដ្ឋបាលខេត្តគួរតែពន្លឿនដោះស្រាយឲ្យឈ្នះឈ្នះទាំងអស់គ្នា មានន័យថា ឥឡូវនេះ បើសិនជាគាត់ដោះស្រាយអត់ទាន់បាន គួរតែផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ គាត់អាស្រ័យផលសិន ហើយរង់ចាំគោលការណ៍ពីថ្នាក់ក្រសួង ឬពីរដ្ឋាភិបាល ដើម្បីដោះស្រាយបន្ត។ ជម្លោះហ្នឹងកើតឡើងយូររ៉ាំរ៉ៃដែរហើយ ក៏ប៉ុន្តែអ្វីដែលចាប់ផ្តើមផ្ទុះ គឺទើបតែនៅឆ្នាំ២០២៥នេះទេ ដែលមានបញ្ហាខ្លាំងដោយសារតែប្រជាពលរដ្ឋមួយចំនួនគាត់អត់មានដី ដោះដូរ ឬអត់មានដីអាស្រ័យផលនៅកន្លែងផ្សេងឡើយ»។
តំណាងពលរដ្ឋ ឲ្យដឹងដែរថា កន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ហាក់មិនមានចេទនាកាត់ឆ្វៀលដីជូនពលរដ្ឋនោះទេ ដោយតែងបានគម្រាមពលរដ្ឋ ដែលចេញមុខតវ៉ាជាបន្តបន្ទាប់ និងប្រាប់ពលរដ្ឋឱ្យព្រមទទួលយកសំណង ដែលក្រុមហ៊ុនចិន ផ្តល់ជូនចំនួន ១លានពីសែនរៀល (១ ២០០ ០០០រៀល) ក្នុងដី ១ហិកតា ព្រមទាំងគម្រាមទៀតថា បើពលរដ្ឋគ្រួសារណាមួយមិនព្រមទទួលយកសំណងទេ នឹងត្រូវចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដាក់គុកច្រវ៉ាក់ជាក់ជាមិនខានឡើយ៕









