អ្នកតាមដាន​ថាកា​រប​ន្ត​ឃុំ​​ខ្លួន​លោក​ កឹម សុខា​ បក្ស​កាន់​​​​អំណាច​​​ចាត់​ទុក​​​អាមេរិក​​​ជា​រដ្ឋ​​សត្រូវ​

ការ​រក្សា​បទ​ចោទ ​លោក​ កឹម សុខា​ មេ​បក្ស​ប្រឆាំង ឱ្យ​​មាន​ទោស​​២៧​​ឆ្នាំ​ ​ក្នុង​​សំណុំ​​រឿង​​គប់​​គិត​​​ជាមួយ​​សហ​រដ្ឋ​​​​អាមេ​រិក ដែល​មេធាវី​ការ​ពារ​ក្តី​ថា ជា​​ភស្តុ​តាង​ក្លែង​នោះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ចាត់​ទុក​អាមេ​​រិក​​​ជា​រដ្ឋ​សត្រូវ ទោះ​អាមេរិក​បាន​ជួយ​កម្ពុជា​ជា​ច្រើន រួម​ទាំង​អន្តរា​គមន៍​​ឱ្យ​​មាន​​បទ​​ឈប់​​បាញ់ រវាង​​​កម្ពុជា-ថៃ ចំនួន​​ពីរ​លើក​មក​នេះ​ក្តី។

ភាពចម្រូងចម្រាសដែលអ្នកឃ្លាំមើលយកមកសំអាង​នេះ គឺ​ផ្តោត​លើ​សាលា​​ឧទ្ធរណ៍​​ភ្នំពេញ​ កាល​ពី​ថ្ងៃ​​ទី​​៣០ ​​ខែ​​មេសា ឆ្នាំ​២០២៦ បាន​​ប្រកាស​​សាល​ដីកា ​សម្រេច​​តម្កល់​​ទោស​ ​លោក ​កឹម សុខា ឱ្យ​មាន​ទោស​ ​២៧​​ឆ្នាំ​ ដក​សិទ្ធិ​ធ្វើ​នយោ​បាយ ដូច​សាលា​ដំបូង​​រាជធានី​ភ្នំពេញ និង​​បន្ថែម​ទោស​​៥ឆ្នាំ មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ទោះ​អាមេរិក​ធ្លាប់​បដិ​សេធ​​ច្រើន​ដង​ថា ការ​បំបិទ​សំឡេង លោក កឹម សុខា ច្រើន​ឆ្នាំ និង​មនុស្ស​មួយ​ចំនួន តាម​បទ​ចោទ​បែប​ប្រឌិត ជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​ក្តី​។

​លើសពីនេះ ក្រោយ​សាលា​ឧទ្ធរណ៍ រក្សា​បទ​ចោទ​នេះ ​សហរដ្ឋ​អាមេរិក​បាន​​សម្តែង​​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត ចំពោះ​ការ​មិន​ទ​ម្លាក់បទចោទនេះលើ លោក កឹម សុខា។

តាម​រយៈ​ក្រសួងការ​បរទេស សហរដ្ឋ​អាមេរិក ​​​បាន​​គូស​បញ្ជាក់ថា ការអះអាងថា សហរដ្ឋអាមេរិកមានការចូល​រួមក្នុងគម្រោងប្រឆាំង​នឹងរាជរដ្ឋាភិបាលកម្ពុជា គឺ​មិន​​ពិតទេ ហើយគ្មានការទទួលខុសត្រូវសោះឡើយ​។

ប្រភពដដែលបន្តថា៖ «យើងសូមលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាល​កម្ពុជា​ ធានាឱ្យប្រជាពលរដ្ឋ​របស់​ខ្លួន​អាច​អនុវត្ត​​​​សិទ្ធិ​នៃការប្រមូលផ្តុំដោយ​សន្តិវិធី និង​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញ​មតិយោបល់​​បានដោយ​សេរី ហើយ​​បន្ត​អំពាវ​នាវ​ឱ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិ​ធម៌»

បណ្តា​ប្រទេស​បស្ចិមលោកផ្សេង​ទៀត​​ ដូច​ជា សហភាព​អ៊ឺ​រ៉ុប ​​បារាំង ​អង់គ្លេស អាល្លឺម៉ង់​ កាណា​ដា និង​អូស្ត្រាលី​ជាដើម ​​រួមទាំង​អង្គការ​​សហប្រជាជាតិ​ផងដែរ ​សុទ្ធ​តែបាន​ចេញ​សារ​សម្តែង​ការ​​ព្រួយ​បារម្ភ​ និង​សម្តែង​​ការ​សោក​ស្តាយ​ ​និង​ថែម​ទាំង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​ដោះ​លែង​ លោក​កឹម សុខា និង​អ្នក​ទោស​​មនសិការផ្សេង​ទៀត ​ដោយ​គ្មាន​លក្ខខណ្ឌ​​ផងដែរ ខណៈ​បច្ចុប្បន្ន​មាន​អ្នក​ទោស​​មនសិការ​ចំនួន​១០២​នាក់​ ​កំពុង​ជាប់​ឃុំ​។​

​លោក ​ផែង ហេង សហមេធាវី​​លោក​កឹម សុខា ​បាន​គូសបញ្ជាក់​ពី​ភាព​គ្មានទោស​​​​​របស់​លោក​កឹម សុខា ថា៖ ​«យើងគួរបញ្ចប់ល្បែង​នយោបាយ​(Political Games) ល្មម​ចេះ​ស្រឡាញ់ និង​ការ​​ពា​រ​កិត្តិ​យស​ជាតិ​ ហើយ​រាប់​អាន​មិត្ត​ឲ្យ​​ត្រូវ»

លោក​មេធាវី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​​ថា សហរដ្ឋអាមេរិក បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ទាំង​កម្រិត​ទូត និង​ប្រធានា​ធិបតី ទាំង​រដ្ឋ​ការ​លោក​ ដូណាល់ ត្រាំ និង​លោក ចូ បៃឌិន ថា អាមេរិក​ស្អាត​ស្អំ មិន​ដូច​ការ​ចោទ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ ហើយ​បាន​ស្នើ​ឲ្យ​ដោះ​លែង​ លោក កឹម សុខា ឲ្យ​មាន​សេរី​ភាព​ និង​ជូន​ភាព​ស្អាត​ស្អំ​ឲ្យ​គាត់​ឡើង​វិញ។

លោក ផែង ហេង ​​បន្តថា៖ «លោក កឹម សុខា ក៏បានបដិសេធបទចោទ និង​បង្ហាញ​ភាព​ស្អាត​ស្អំ រីឯ​លោក​ ហ៊ុន សែន ក្នុង​នាម​រាជ​រដ្ឋាភិ​បាល​ក៏​បាន​អះ​អាង​ថា គាត់​មិន​ចោទ រាជ​រដ្ឋាភិ​បាលក៏​មិន​ចោទ តុលា​ការ​ក៏​មិន​ចោទ។ ប៉ុន្តែ​សំណុំ​រឿង​របស់​ឯកឧត្តម កឹម សុខា សន្និដ្ឋិ​ភាព​ជាមួយ​បរទេស ដែល​ស្រែក​ក្តែងៗ​​តាម​គ្រប់​ឆាណែល​ទូរ​ទស្សន៍ (វាយ​ប្រហារ​លើ​អាមេ​រិក) នៅ​បន្ត​ចោទ​ដោយ​តំណាង​អយ្យ​​ការ និង​មេធាវី​តំណាង​រាជ​រដ្ឋាភិ​បាល រហូត​បន្ត​មក​សាលា​​ឧទ្ធរណ៍ សម្រេច​យោង​លើ​ករណី​ទាំង​នេះ គ្រាន់​តែ​ក្នុង​សេច​ក្តី​សម្រេច​សរសេរ​អក្សរ​តាង។ តើ​ធ្វើ​នេះ គិត​ថា​ អាមេរិក​គ្មាន​ដឹង​អី​ឬ​យ៉ាង​ម៉េច? គួរ​អាសូរ​ប្រជា​រាស្ត្រ​ខ្មែរ​ ដែល​ចង់​បាន​សន្តិ​ភាព និង​សេដ្ឋ​កិច្ច​រីក​ចម្រើន​ផង»។

បើតាមលោក ផែង ហេង នៅ​ចំពោះមុខអង្គសវនាការ​កាលពីថ្ងៃទី៩ ខែ​មេសា លោក កឹម សុខា បានសំណូម​ពរ ៣ចំណុច៖ ទី១ សុំឱ្យបដិសេធច្រានចោលសាលក្រមសាលាដំបូងរាជធានីភ្នំពេញ​ ​ទុកជាអសារ​បង់​ទាំង​ស្រុង។ ទី២ សុំមេត្តាសម្រេចឱ្យលោករួចផុត​ពីបទចោទប្រកាន់ទាំងអស់ ព្រោះលោកគ្មានចេតនា​ក្បត់​ជាតិ គ្មានគប់គិតត្រូវរ៉ូវជាមួយបរទេសទេ។ ទី៣ លោកសុំឱ្យលោកមានសេរីភាព​ពីពេលនេះតទៅ ខណៈ​បច្ចុប្បន្ននេះ លោកអាចស្រែកឱ្យមានការគាំទ្រ​រាជរដ្ឋាភិបាល ក្នុងការការពារទឹកដីដែលកំពុងរងការឈ្លានពាន ឱ្យគេជួយខ្មែរ ជួយរាជរដ្ឋាភិបាលបាន។

មេធាវីម្នាក់​ទៀត គឺ​អ្នក​ស្រី ​ម៉េង​ សុភារី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា ទោះបីមានទស្សនៈនយោបាយផ្សេង​គ្នា ប៉ុន្តែ​លោក​​កឹម សុខា តែង​តែ​ប្រកាន់ខ្ជាប់នូវនយោ​បាយមិន​គុំគួន សងសឹក ដែលនេះគឺជាគុណធម៌​នយោបាយ​របស់​លោក​ កឹម សុខា។ សំណេរ​ដែល​សរសេរ​នៅ​ពីលើ​រូប​ថត​លោក​កឹម សុខា ​និង​លោក​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ថត​​ក្នុង​​ពិធី​បុណ្យ​​សព​​ឧបាសិការ​ ប៊ុន ស៊ាងលី ម្តាយក្មេក​លោក​​ហ៊ុន សែន​​កាល​​ពី៦ឆ្នាំ​មុន​​នេះ ​​បញ្ជា​ក់​ថា៖ «អ្នក​នយោ​​បាយ​​ដូច​ជា​រូប​គាត់ គួរ​តែ​ទទួល​បាន​នូវ​ការ​បង្រួប​បង្រួម ការ​ផ្សះ​ផ្សា ដើម្បី​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន ក៏​ដូ​ច​ជា​បន្សល់​នូវ​កេរ្តិ៍​​ឈ្មោះ​ប្រកប​​ដោយ​កិត្តិ​យស​ទាំង​អស់​គ្នា រួម​ទាំង​កិត្តិ​យស​ជាតិ​ផង។ នេះ​ទើប​ជា​​មាគ៌ា​​នយោបាយ ឈ្នះ ឈ្នះ»។

ដោយ​សំដៅ​លើ​លោក​ហ៊ុន សែន ​និង​លោក​កឹម សុខា អ្នក​ស្រីមេធាវី​ផ្ញើសារ​ថា៖ «លោក​ឪពុក​ទាំង​ពីរ​ចាស់ៗ​ហើយ ឈ​ប់​ខឹង​គ្នា​ទៅ កូន​ចៅច​ង់​ឃើញ​លោក​ឪពុក​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ»

យ៉ាងណាក្តី ​គិត​​ត្រឹម​ថ្ងៃទី​៧ខែ​​ឧសភា​នេះ គេ​ពុំ​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​​បញ្ចេញ​​ប្រ​តិ​កម្ម​​​អ្វី​​ឡើយ​ ​ចំពោះ​​កា​រ​​សម្តែង​​ការ​​ខក​​ចិ​ត្ត​​របស់​​បណ្តា​ប្រទេស​​បស្ចិម​​លោក ​រួ​ម​​ទាំង​​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ចំពោះ​​ការ​​តម្កល់​​ទោស​លោក​កឹម សុខា នេះ។

លោក​ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​​​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​សម្រេច​​តម្កល់​​​ទោស ​​លោក​កឹម សុខា ​ដែល​នាំឱ្យ​មាន​ការ​រិះគន់​ពីបណ្តា​ប្រទេស​បស្ចិម​លោក​ថា ក្រសួង​យុត្តិធម៌​​នឹង​ចេញ​​សេចក្តី​ប្រកាស​មួយ​លើ​​បញ្ហា​​នេះ ក៏​​ប៉ុន្តែ​​រហូត​មក​​ដ​ល់​​ពេល​​នេះ​ គេ​​​ពុំ​​ទា​ន់​​ឃើញ​​ចេញ​​សេចក្តី​​ប្រកាស​ណាមួយ​​​នៅ​​ឡើយ​​​ទេ។

ចំណែក​លោក ​ប៉ែន បូណា​ អ្នកនាំពាក្យ​រដ្ឋាភិបាល ​និង​​លោក​ជា ធីរិទ្ធ​ អ្នក​នាំ​ពាក្យ​លោក​​ហ៊ុន សែន ​បាន​ថ្លែង​ថា សំណុំ​រឿង​​លោក​កឹម សុខា គឺ​​ស្ថិតក្នុង​ដៃ​​តុលាការ​ ដែល​ជាស្ថាប័ន​ឯក​រាជ្យ​ ​រដ្ឋាភិបាល​និង​គណបក្ស​​ប្រជាជន​កម្ពុជា ​ពុំ​មាន​សិទ្ធិ​ចូល​ទៅជ្រៀត​ជ្រែកនោះ​ទេ។

លោក​កឹម សុខា ​ធ្លាប់​បាន​ថ្លែង​​កាលពីអំឡុង​ខែមករា ឆ្នាំ២០២០ថា តំណាង​អយ្យការ​​ និង​តំណាង​​មេធាវី​​របស់​​រដ្ឋាភិ​បាល ​​បាន​​ចោទសួរ​ដាក់​​បន្ទុក​​រូប​លោក ​​ទាក់​ទង​កាល​ពី​លោក​នៅ​ធ្វើ​ជាប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា ​​ដែល​ជាអង្គការ​ស្រប​ច្បាប់ មាន​ចុះ​បញ្ជី​​តាម​ផ្លូវ​ច្បាប់​​ត្រឹម​ត្រូវ នៅ​ក្រសួង​មហាផ្ទៃ ​ហើយ​ម្ចាស់​ជំនួយ ​គឺ​USAIDជា អង្គការ​ដែល​បាន​ចុះ​MOU ជាមួយ​​រដ្ឋាភិបាល​កម្ពុជា​ គឺ​បាន​ធ្វើ​អ្វីៗ​ស្រប​ទៅ​តាម​ច្បាប់​មិន​​បាន​ធ្វើ​អ្វី​ខុសច្បាប់នោះទេ​​។​

លោកថា៖ «ខ្ញុំប្រាប់​តុលាការ​ថា អ្វីដែល​ជាយុទ្ធសាស្ត្រ​នយោបាយ​​របស់​ខ្ញុំ​ ខ្ញុំ​​ធ្វើ​អីៗ​​ទាំង​អស់​​ជុំ​វិញ​​លទ្ធិ​ប្រជា​​​ធិប​តេយ្យ​​ និង​​​សិទ្ធិ​​មនុស្ស ​ហើយ​​យុទ្ធ​សាស្ត្រ​​របស់​​​ខ្ញុំ​​ដែល​​គេ​​ថា ដោយ​​សារ​គេមិ​ន​​យ​ល់​​ច្បាស់​ ​ឬ​គេ​មិន​​ដឹង​ច្បាស់ ​​ឬ​យ៉ាង​ម៉េច​ទេ ខ្ញុំ​​មិន​​ដឹ​ង​ទេ​! យុទ្ធ​សាស្ត្រ​​របស់​​ខ្ញុំ​ ​ខ្ញុំ​​​បង្ហាញ​ថា គឺ​ដើម្បី​ឱ្យ​​មាន​​ការ​​ផ្លាស់​ប្តូរ​​ខ្លៅ​ ខ្លាច ឃ្លាន​។ ផ្លាស់​ប្តូ​រ​ពី​ខ្លៅ ពីកា​រ​​មិន​​យល់​​ដឹង​ ​ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​បាន​​យល់​ដឹង​ ឱ្យ​ស្គាល់​ពីសិទ្ធិ​របស់​គាត់ ហើយ​​ខ្លាច​ ឱ្យ​ប្រជាពល​រដ្ឋ​​ឈប់​​ខ្លាច ​ឱ្យគាត់​​ហ៊ាន​បញ្ចេញ​មតិ​ មាន​​សេរីភាព​ ឈប់​ឃ្លាន​ដើម្បីឱ្យ​ប្រជា​​​ពល​រដ្ឋ​​​មាន​​ជីវភាព​​ប្រសើរ​ឡើង។ ហ្នឹង​ជាយុទ្ធ​សាស្ត្រ​​របស់​ខ្ញុំ​ ហើយ​​ខ្ញុំ​​នឹ​ងប្រា​ប់​​ថា គោល​​ដៅ​របស់​​ខ្ញុំ​​ ធ្វើ​​ដំណើរ​​ឆ្ពោះ​​ទៅ​​រកការ​បោះ​ឆ្នោត ​អត់​មាន​ធ្វើ​ដំណើរ​ទៅ​រក​បដិវត្ត​ពណ៌​ ដូចការ​ចោទប្រកាន់​នោះ​ទេ​»។

ពាក់ព័ន្ធរឿងនេះ​ លោក ​ម៉ែន ណាត ​ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​ថ្លែងថា លោក​កឹម សុខា ​គឺ​​ជា​អ្នក​​នយោ​​បាយ​​ប្រកាន់​ជំហរ​ប្រជាធិបតេយ្យ ​​សន្តិភាព​​និយម​ មិន​យក​ខ្មែរ​ជាសត្រូវ ​ហើយ​​ការ​​ដែល​​សហគមន៍​​​អន្តរជា​តិ​ ​ជាពិសេស​សហ​រដ្ឋ​អាមេរិក ​និង​សហគមន៍​អឺ​រ៉ុប ​ថ្កោល​ទោស​លោក​ហ៊ុន សែន​ លោក​ហ៊ុន ម៉ាណែត ​ដោយ​សារ​តែការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា គឺ​​​ដោយ​សារ​តែ​រដ្ឋា​ភិបាល​កម្ពុជា​​​បាន​ដើរ​បញ្ច្រាស​​គោល​​ការណ៍​​​រដ្ឋធម្មនុញ្ញ​​​កម្ពុជា ​ដើរបញ្ច្រាស​គោលការណ៍ច្បាប់​អន្តរជាតិនានា​ ដែល​កម្ពុជា​បាន​ចុះ​​ហត្ថ​លេខា​ទទួល​ស្គាល់​និង​អនុវត្ត​តាម​។

លោកថា៖ «នេះហើយជាគោលជំហរបស់លោកកឹម សុខា ហើយគោលជំហរនេះវា​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋពេញ​ចិត្ត​ធ្វើឱ្យ​សហគមន៍​អ​ន្តរ​ជាតិ​ពេញ​ចិត្តប៉ុន្តែវា​ខុស​ចិត្ត​ជាមួយ​ លោក​ហ៊ុន សែន ជាមួយ​លោក​ហ៊ុន ម៉ាណែតខុស​ចិត្ត​ជា​មួយអ្នកកាន់អំណាចសព្វថ្ងៃហ្នឹងអ៊ីចឹងហើយបានធ្វើឱ្យ​គាត់ជាប់ឃុំឃាំងយ៉ាង​អយុត្តិ​ធម៌​ពីរដ្ឋអំណាចរបស់លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត លោកកឹម សុខា បើគេទម្លាក់ចោលនូវទោសទណ្ឌរបស់គាត់​ គឺជាគន្លឹះដែលអាចស្តារមុខមាត់កម្ពុជាលើ​​ឆាកអន្តរជាតិបាន»

សម្រាប់​​អ្នក​ឃ្លាំមើល​រូបនេះ ការ​ដោះ​លែង​​លោក​កឹម សុខា និង​​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត នឹង​អាច​ស្តារ​ស្ថាន​ការណ៍​ដែល​កំពុង​តែយ៉ាប់​យឺន​របស់​កម្ពុជា​ទាំងអស់ ​​រាប់​ចាប់​តាំងពី​​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​ ប្រជា​ធិប​​តេយ្យ ឱ្យ​ត្រឡប់​​មក​ប្រក្រតី​​ឡើង​វិញ ​ដែល​នឹង​​​ធ្វើ​ឱ្យកម្ពុជា​​ទទួល​​បាន​ការ​គាំទ្រ​​ពី​សហគមន៍​​អន្តរ​​ជាតិ​​ពេញ​​​មុខ​​ពេញ​​មាត់​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ ​លោក ​មួង​ ណារ៉េត ដែល​បម្រើ​ការ​ឱ្យ​រដ្ឋា​ភិបាលសហ​រដ្ឋ​​អាមេរិក ​បាន​ថ្លែងថា សំណុំ​រឿង​លោក​​​កឹម សុខា ១០០ភាគ​រយ​ ​គឺ​ជារឿង​នយោបាយ ​ដូច្នេះ​ត្រូវ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​។ លោក​ណារ៉េត ក៏យល់​ស្របទៅ​នឹងការ​លើកឡើង​របស់​លោក​ម៉ែន ណាត ​ផង​ដែរ​ ដោយ​បន្ថែម​ថា បើ​សិន​ជា​​តុលាការ​​កម្ពុជា​​លើក​​លែង​​ការ​ចោទ​ប្រកាន់​​លើ​លោក​កឹម សុខា ហើយ​បើក​សិទ្ធិ​ឱ្យ​មេបក្ស​ប្រឆាំង​រូប​នេះ​​ទៅ​ធ្វើ​​នយោបាយ​​​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​សេរី​ ​នៅ​ក្នុងការ​បោះ​ឆ្នោត​នាពេល​ខាងមុខដូច​ធម្មតា​វិញ ​នោះ​នឹង​​ធ្វើ​ឱ្យកម្ពុជា​​អាច​ស្តារ​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ​​​ឡើង​​វិញ​​បាន​ ថែមទាំងអាច​​ធ្វើ​ឱ្យ​កម្ពុជា​​រួច​ផុត​ពី​ការ​រង​ទណ្ឌ​កម្ម​​ផ្សេង​ៗ​ទៀត​ផង​​។ បន្ថែមពីនេះ ​រដ្ឋាភិបាល​លោក​​ហ៊ុន ម៉ាណែត ​ក៏​រួច​ខ្លួន​មិន​ជាប់​ចោទពីបទ​ក្បត់​​ជាតិ​​ស៊ុំគ្រលំ​​ជាមួយ​រដ្ឋាភិបាល​​បរទេសផង​​ដែរ។

ជាមួយគ្នា​នេះ​ លោក ណារ៉េត បាន​ចោទសួរថា នៅ​ពេល​ដែល​​តុលាការ​កម្ពុជា​​នៅ​តែបន្ត​ចោទ​ប្រកាន់​លោក​កឹម សុខា​​ និង​​​ពល​រដ្ឋ​ខ្មែរ​ផ្សេង​ទៀត ​ដូច​ជា​ លោក​​អួន ឈិន ​និង​លោក​យាង សុធារិន ​អតីត​​បុគ្គលិក​វិទ្យុអាស៊ី​សេរី ​​ពីបទ​ គប់​គិត​​​​ជាមួយ​​សហ​រដ្ឋ​​អាមេរិក​ផ្តួល​រំលំ​រដ្ឋាភិបាល​​កម្ពុជា​ ឬ​​​ពី​បទ​​ផ្តល់​​ព័ត៌​មាន​​ឱ្យ​​សហរដ្ឋ​​អាមេ​រិក​​​ តើ​​មាន​​និយ​ម​​ថា​ម៉េច?។

លោកថា៖ «ហើយ​ឥឡូវនេះ​បើ​យើង​ចោទ​អាមេរិក​បាន​ន័យ​ថាម៉េច​? បានន័យថា អាមេរិក​ជារដ្ឋសត្រូវ​?​ ហើយ​ជា​រដ្ឋ​​សត្រូវ​ ​ហើយ​​ជា​រដ្ឋ​​ដែល​​ក្បត់​នឹង​​ជាតិក​ម្ពុជា​ទៀត​។​ ដល់​​ពេល​​ឥឡូវ​​ស្រាប់​តែ​រដ្ឋា​ភិបាល​លោក​ហ៊ុន ម៉ាណែត ​មក​សហការ​ជាមួយ​នឹង​រដ្ឋ​បរទេស​! បើប្រជាពល​រដ្ឋ​ខ្មែរ​​ត្រឹម ​លោក​អួន ឈិន​ លោក​យាង សុធារិន គ្រាន់​តែផ្សាយ​ព័ត៌​មាន​​ធម្មតាៗ​​ និយាយ​​ពី​​​បញ្ហា​​ស្រុក​​ខ្មែរ​ តែ​​ដោយ​​សារ​តែ​​អាស៊ី​សេរីមា​ន​​មូល​ដ្ឋាន​នៅ​​សហ​រដ្ឋ​​អាមេ​រិក ​ចាប់​គ្នា​​ចោទ​គាត់​​ថា លក់​​ព័ត៌​​មាន​ឱ្យ​​រដ្ឋ​​បរទេស ឬ​​បម្រើ​​ឱ្យ​​រដ្ឋ​​បរទេស​ ​ហើយ​​ចាប់​គាត់​ដាក់​គុក​ទាំង​គាត់​និយាយ​​​ជា​​សាធា​រណៈ​​ព័ត៌​មាន​​គ្មា​ន​​​អ្វី​លាក់​ផ​ង! ចុះ​​ឥឡូវ​ ​លោក​ហ៊ុន ម៉ាណែត ​មក​​ស៊ុំ​គ្រលំ​ជាមួយ​​រដ្ឋាភិ​បាល​​អាមេរិក​ ​ពេល​ដែល​រដ្ឋាភិ​បាល​​អាមេរិក​​​រង​ការចោទប្រកាន់​​យ៉ាងម៉េច​ទៅ​វិញ ​ខ្ញុំ​អត់​​យល់?»។

សម្រាប់​​​ លោក​មួង ណារ៉េត​ វា​ជា​រឿង​ជ្រុល​ហួស​ហេតុ​ ដោយ​សារ​តែ​ចង់​​រំលាយ​បក្ស​ប្រឆាំង​​កម្ចាត់លោក​កឹម សុខា​​ ដែល​​ជាគូប្រជែង​នយោបាយ​របស់​ខ្លួន ពីឆាក​នយោបាយ លោក​ហ៊ុន សែន បាន​ប្រើ​តុលាការ​ឱ្យ​ប្រឌិត​​រឿងចោទ​ប្រកាន់​លោក​កឹម សុខា​ ថាបាន​គប់គិត​ជាមួយ​សហ​រដ្ឋ​អា​មេ​រិក​ ដែល​ជាប្រទេស​មហា​អំណាច​ ថា​បាន​គប់គិត​គ្នា​​​​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជនកម្ពុជា។

អ្នកឃ្លាំមើល ​លើក​ឡើង​ថា ការបន្តឃុំ​ខ្លួន​លោក​កឹម សុខា ក្រោម​សម្ពាធ​​ពី​សហគមន៍​​អន្តរជាតិ​ ​​ក្នុង​រយៈ​ពេល​​ជិត​១០​ឆ្នាំ​​មក​នេះ អាច​​មក​ពី​លោក​កឹម សុខា​ មិន​ព្រម​ចុះ​ចូល​ ​និង​មិន​ព្រម​ធ្វើ​ទៅ​តាម​សេនារិយោ​ដែល​​ លោក​ហ៊ុន សែន ​​បាន​រៀប​ចំ ពីព្រោះ​​សារជាតិ​របស់​មេបក្ស​ប្រជាជន​កម្ពុជា​​រូប​នេះ ​គឺ​តែង​តែប្រកាន់​ខ្ជាប់​​នូវ​ជំហរ​​របស់​​ខ្លួន​​ថា​ ទោះ​​​ក្នុ​ង​​តម្លៃ​ណាក៏​​ដោយ​​ត្រូ​វ​រក្សា​​អំណាច​​តពូជ​ឱ្យ​​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ