តម្លៃប្រេង​បាន​ធ្លាក់​ចុះ​ខណៈ​លោក ត្រាំ ថា ច្រក​សមុទ្រ Hormuz “នឹង​បើក​ចំហ​សម្រាប់​ទាំង​អស់​គ្នា”

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ហើយ​ទីផ្សារ​ភាគ​ហ៊ុន​បាន​កើន​ឡើង ខណៈ​ដែល​លោក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​នឹង​ត្រូវ​បញ្ចប់ ហើយ​ច្រក​សមុទ្រ Hormuz នឹង​ត្រូវ “បើក​ចំហ​សម្រាប់​ទាំង​អស់​គ្នា” ប្រសិន​បើ​ទីក្រុង​​តេអេរ៉​ង់​ព្រម​ព្រៀង​ជាមួយ​ទីក្រុង​វ៉ាស៊ីន​តោន។

ប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញសង្គមថា៖ «ដោយសន្មត​ថា អ៊ីរ៉​ង់យ​ល់​ព្រម​តាម​អ្វី​ដែល​បាន​ព្រម​​ព្រៀង​​​គ្នា ដែល​ប្រ​ហែល​ជាកា​រស​ន្មត​ដ៏​ធំ​មួយ នោះ​ព្រឹត្តិ​ការណ៍ Epic Fury ដ៏​ល្បី​ល្បាញ​នឹង​ត្រូវ​បញ្ចប់ ហើយ​ការ​បិទ​ខ្ទប់​ដ៏​មាន​ប្រសិទ្ធ​ភាព​នឹង​អនុញ្ញាត​ឱ្យ​ច្រក​សមុទ្រ Hormuz បើក​ចំហ​សម្រាប់​ទាំង​អស់​គ្នា រួម​ទាំង​អ៊ីរ៉ង់​ផង​ដែរ»។

ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនចុះកិច្ចព្រមព្រៀងទេ «ការ​ទម្លាក់​គ្រាប់​​បែក​នឹង​ចាប់​ផ្តើម» ហើយ «វាជារឿងគួរឱ្យសោកស្តាយ ដែលវានឹងមានកម្រិត និងអាំងតង់ស៊ីតេខ្ពស់ជាងមុន​ឆ្ងាយ​ណាស់»។

ការលើកឡើងនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីរូបនេះ បាននិយាយថា លោកនឹងផ្អាកប្រតិបត្តិការ “Project Freedom” រយៈពេលខ្លី ដែលជាការនាំផ្លូវនាវាឆ្លងកាត់ច្រកសមុទ្រ ដែលជាកន្លែងដឹកជញ្ជូនការផ្គត់​ផ្គង់​ប្រេង​ប្រហែលមួយភាគប្រាំរបស់ពិភពលោក ប៉ុន្តែត្រូវបានបិទខ្ទប់ដោយអ៊ីរ៉ង់តាំងពីចុងខែកុម្ភៈ ដែល​បង្កឱ្យមាន​វិបត្តិថាមពលសកល។

លោក ត្រាំ បាននិយាយថា លោកកំពុងបញ្ឈប់កិច្ចខិតខំប្រឹងប្រែងនេះក្នុង “រយៈពេលខ្លី” ដើម្បីអាចបញ្ចប់កិច្ច​ព្រមព្រៀង​ជាមួយទីក្រុងតេអេរ៉ង់ ប៉ុន្តែលោកបានបន្ថែមថា ការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់របស់លោកនឹងនៅតែបន្ត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍បាននិយាយកាលពីថ្ងៃទី​៦ខែ​​ឧសភា​​ថា ការធ្វើដំណើរប្រកបដោយសុវត្ថិភាពតាមច្រកសមុទ្រ​នឹងត្រូវបានធានា ដោយសារការគំរាមកំហែង​របស់សហរដ្ឋ​អាមេរិកបានបញ្ចប់ និងមាននីតិវិធីថ្មីៗត្រូវបានដាក់ចេញ។ នេះគឺជាប្រតិកម្មដំបូងរបស់​អ៊ីរ៉ង់ ចំពោះការផ្អាក​ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងការជួយនាវាដែលជាប់គាំងឱ្យឆ្លងកាត់ច្រក​សមុទ្រ។

ព័ត៌មាននេះ​ដំបូងឡើយ​បានធ្វើឱ្យតម្លៃប្រេងឆៅ Brent ដែលបានកើនឡើងរហូតដល់ ៦% កាលពីដើមសប្តាហ៍បន្ទាប់​ពីការវាយប្រហារចុងក្រោយនៅមជ្ឈិមបូព៌ា បានធ្លាក់ចុះ ១១% មកនៅត្រឹម ៩៧ ដុល្លារក្នុងមួយ​បារ៉ែល។ វាជាលើក​ទីមួយហើយដែលតម្លៃនេះបានធ្លាក់ចុះក្រោម ១០០ ដុល្លារ ចាប់តាំងពីថ្ងៃទី ២២ ខែមេសា។

តម្លៃហ្គាសលក់ដុំក៏បានធ្លាក់ចុះផងដែរ ខណៈដែលភាគហ៊ុនក្រុមហ៊ុនអាកាស​ចរណ៍​បាន​កើន​ឡើង ដោយ​សារ​​​​ការ​រំពឹង​​ទុក​​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់ការធ្វើដំណើរអន្តរជាតិ។

តម្លៃប្រេងឆៅបានធ្លាក់ចុះកាលពីព្រឹកថ្ងៃទី​៦ខែ​ឧសភា ហើយ​បាន​ធ្លាក់​ចុះ​កាន់​តែ​លឿន​បន្ទាប់​ពី​មាន​របាយ​ការណ៍​​​ដោយ​គេហទំព័រ Axios ថា សេត​វិមាន​ជឿជាក់​ថា ខ្លួន​កំពុង​ខិត​ជិត​សម្រេច​បាន​នូវ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​​​គ្នា​ ដែល​មាន​តែមួយ​ទំព័រ​ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់។ ប្រភព​បាន​និយាយ​ថា​ ភាគី​ទាំង​ពីរ​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុង​ការ​កំណត់​ក្រប​ខ័ណ្ឌ​សម្រាប់​ការ​ចរចា​នុយ​ក្លេអ៊ែរ​លម្អិត​បន្ថែម​ទៀត។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងបានកាត់បន្ថយការខាតបង់មកវិញនៅពេលល្ងាច ដោយជួញដូរក្នុងតម្លៃ ១០៣,៤៦ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថា វាគ្រាន់តែជា «បញ្ជីប្រាថ្នារបស់អាមេរិក ប៉ុន្តែ​មិន​មែន​ជា​ការ​ពិត»។

ទីផ្សារភាគហ៊ុនអឺរ៉ុប​បានងើបឡើងវិញកាលពីថ្ងៃទី​៦ខែ​ឧសភា ដោយសន្ទស្សន៍ FTSE 100 របស់ចក្រភពអង់​គ្លេស​បាន​កើន​ឡើង ២% ចំណែក Cac 40 របស់បារាំងបានកើនឡើង ៣% និង Dax របស់អាល្លឺម៉ង់បានកើនឡើង ២,១%។

សន្ទស្សន៍ All-Country World របស់ MSCI បានកើនឡើង ០,៤% ដល់កម្រិតកំណត់ត្រាថ្មី ស្របពេលជាមួយនឹងសមិទ្ធ​ផលស្រដៀងគ្នានៃទីផ្សារដែលកំពុងរីកចម្រើន និងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដែល​បាន​កើន​ឡើង ២,៨%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ