មេបក្ស​ដើម្បី​កម្ពុជា​ខក​ចិត្ត​នឹង​លោក ឱម យ៉ិន​ទៀង គ្មាន​​ចំណាត់​​ការ​​លើ​​មន្ត្រី​ធ្វើ​ឱ្យ​បាត់​ថវិកា​ជាតិ

ប្រធាន​​គណបក្ស​​ដើម្បី​​កម្ពុជា លោក​ ឯម សុខ​សុវណ្ណ​ ចាត់​​ទុក​​លទ្ធផល​​អង្កេត​​របស់​​អង្គ​ភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ថា មិន​​បា​ន​​យក​​ចិត្ត​​ទុក​​ដាក់​​ស៊ើប​អង្កេត​​​ឱ្យ​​ច្បាស់​លាស់ ផ្អែក​​តាម​អង្គ​ហេតុ និង​​អង្គ​ច្បាប់​ ដើម្បី​​ស្វែង​​រក​​ការ​​ពិត​​កម្ចាត់​​អំពើ​​ពុក​​រលួយ​​ដែល​​ធ្វើ​​​ឱ្យ​​បាត់​​ថវិកា​​ជាតិ​​នៅ​​ខេត្ត​​ព្រៃវែង​​នោះ​​ទេ។

លោក ឯម សុខសុវណ្ណ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា​​ថា អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​គួរ​តែ​​ស៊ើប​​អង្កេត​​ឱ្យ​​ច្បាស់​​លាស់​​ក្នុង​​សំណុំ​​រឿ​ង​​នេះ  មិន​​គួរ​​សំអាង​​តែ​​លើ​​កំណត់​​ហេតុ​​មន្ត្រី​​ពន្ធ​ដារ ដើម្បី​​ចោទ​​ប្រកាន់​​លើ​​រូប​​លោក​​ខុស​​ពី​​ការ​​ពិត ក្នុង​នាម​​​ជា​​ដើ​ម​​បណ្ដឹង​​នោះ​​ទេ។  

លោក​ថា លទ្ធផល​​ស៊ើប​​អង្កេត​​របស់​ ​ACU គ្មាន​​មូល​ដ្ឋាន​​ច្បាប់​​ជា​​អំណះ​អំណាង​​​នោះ​​ឡើយ ​ដោយ​​គ្រាន់​​តែ​សរ​សេរ​​​លើ​​ក្រដាស​​ប៉ុណ្ណោះ។

 លោកថា៖ «វា​អត់​មាន​សំអាង​ហេតុ សំអាង​​ច្បាប់ និង​ភស្តុតាង ធ្វើ​អ្វី​ក៏​ដោយ​តែង​តែ​មាន​សំអាង​ហេតុ​ និង​សំអាង​ច្បាប់​​នឹង​ភស្តុតាង ហើយ​ការ​សម្រេច​មួយ​ដ៏​ត្រឹមត្រូវ មិន​មែន​ចេះ​តែ​ធ្វើ​អី​ទំនើង តាម​អំពើ​ចិត្ត​នោះ​ទេ។ ស្ថាប័ន​អនុវត្ត​​​ច្បាប់ ត្រូវ​យក​ច្បាប់​ជា​គោល វា​មិន​សាក​សម​ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់»។

កាល​ពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក ឯម សុខសុវណ្ណ ​បាន​ប្តឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ករណី​នេះ​ ទៅ​ប្រធាន​​ក្រុម​​ប្រឹក្សា​​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ស្រី ម៉ែន សំអន ដើម្បី​ឱ្យ​ស្ថាប័ន​នេះ ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី​របស់​​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ។

វីអូឌី​ មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​​នៅ​​ឡើយ​ទេ​​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ថ្មីៗនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ករណីលោក​ ឯម​ សុខ​សុវណ្ណ ប្តឹង​មន្ត្រី​​​រាជ​​ការ ១០ រូប នៅ​ខេត្ត​​ព្រៃវែង ដោយ​បង្ហាញ​លទ្ធផល​ទម្លាក់​កំហុស​លើ ​លោក ឯម សុខ​សុវណ្ណ ដែល​​ជា​​ដើម​​បណ្ដឹង​​​​​ទៅ​​​វិញ​ថា មិន​​បង់​ពន្ធ​​រថយន្ត​​របស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​​២០២៣​ និង​​ព្យាយាម​គេចវេះ​ម្ដង​ជា​ពីរ​ដង រហូត​ទាល់​តែ​​​ត្រូវ​​បង់​ពន្ធឆ្នាំ​២០២៤ ក៏​លោក​ព្យាយាម​គេចវេះ​ពុំ​ព្រម​បង់​ពន្ធ​តាម​ច្បាប់​កំណត់។ ACU បន្ថែម​ថា ពួកគេ​បាន​ស៊ើប​​​អង្កេត​​​​ករណី​​នេះ​ ​ផ្អែក​តាម​ការ​បញ្ជូន​ពី​សាលា​ដំបូង​ខេត្ត​ព្រៃវែង ហើយ​រក​ឃើញ​ការ​ពិត​ ចំពោះ​ការ​គេចវេះ​​របស់​​​លោក ឯម សុខ​សុវណ្ណ។

កាលពី​​ថ្ងៃ​ទី២៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា លោក ឯម សុខសុវណ្ណ បាន​ដាក់​ពាក្យ​​ប្តឹង​ប្រធាន​​​​សាខា​ពន្ធដារ​ខេត្ត​ព្រៃវែង លោក សេក វណ្ណា និង​មន្ត្រី​ពាក់ព័ន្ធ ៩ រូប​ទៀត ពី​បទ កេង​យក​ផល​ប្រយោជន៍​ខុស​​ច្បាប់​ និង​ឆបោក ក្លែងបន្លំ រំលោភ​លើ​ទំនុក​ចិត្ត​ និង​ការ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ​បំពេញ​មុខងារ​សាធារណៈ ខណៈ​ដែល​លោក មាន​ភស្តុតាង​ និង​ឯកសារ ច្បាស់លាស់។

លោក ឯម សុខសុវណ្ណ ប្រាប់​វីអូឌី​​​ថា លោក​បាន​បង់​ពន្ធ​ផ្លូវ​រថយន្ត​សម្រាប់​​ឆ្នាំ​២០២៣ ​រួចរាល់​ហើយ​គឺ​ចំនួន ៨០​ ម៉ឺន​​រៀល (៨០០.០០០) ក៏​​ប៉ុន្តែ​​លោក​មិន​ដឹង​ថា​មាន​មូលហេតុ​អ្វី​នោះ​ទេ ​បាន​ជា​ការ​បង់ពន្ធ​របស់​លោក​មិន​មាន​ក្នុង​​ទិន្នន័យ​​អគ្គ​នាយកដ្ឋាន​ពន្ធដារ?

លោក​បន្ត​ថា​ នៅ​ពេល​លោក​ទៅ​បង់​ពន្ធ​ផ្លូវ​រថយន្ត​សម្រាប់​ឆ្នាំ​២០២៤​ មន្ត្រី​ពន្ធដារ​តម្រូវ​ឱ្យ​លោក​បង់​ពីរ​ឆ្នាំ​ជាប់​គ្នា គឺ​​​ឆ្នាំ​២០២៣ និង​ឆ្នាំ​​២០២៤ ក្នុង​ទឹក ១ លាន៦ សែន​រៀល (១៦០០.០០០) ឬ​ប្រមាណ ៤០០ ដុល្លារ។

លោក​​បន្ថែម​ថា ដើម្បី​រក​យុត្តិធម៌ ស្វែង​ការ​ពិត និង​បង្ហាញ​ពី​តម្លាភាព​សង្គម លោក​ក៏​សម្រេច​​ប្តឹង​ករណី​នេះ​ទៅ​​​​កាន់​​​តុលាការ ដោយ​ទាមទារ​ឱ្យ​តុលាការ​ និង​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ទាំង​នោះ។

ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ ត្រូវ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ លោក គុជ គឹមឡុង តម្កល់​​សំណុំ​រឿង​មិន​ចាត់​ការ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០២៥ ដោយ​លើក​ហេតុ​ផល​ថា កុំ​ឱ្យ​យឺត​យ៉ាវ​ និង​​កកស្ទះ​ ក្នុង​សំណុំ​​រឿង​​ព្រហ្មទណ្ឌ ខណៈ​ដែល​តំណាង​អយ្យការ​រក​ឃើញ​តម្រុយ​​នៃ​​បទ​ល្មើស ក្នុង​សំណុំ​​រឿង​​របស់​​លោក។

ជុំវិញ​រឿង​នេះ នាយក​​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​លីកាដូ លោក អំ សំអាត ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្រា​វ​ជ្រាវ​ ​និង​​ស៊ើប​អង្កេត​ករណី​នេះ ប្រកបដោយ​​តម្លាភាព និង​យុត្តិធម៌ ព្រោះ​រឿង​នេះ​ ពាក់ព័ន្ធ​ថវិកា​ជាតិ​។

លោកថា៖ «ជា​សមត្ថកិច្ច​របស់​តុលាការ​ ឬ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ម៉េច ធ្វើ​ការ​ស្រាវជ្រាវ ដោយ​​តម្លាភាព និង​យុត្តិ​ធម៌ ព្រោះ​នេះ​វា​ពាក់ព័ន្ធ​ថវិកា​ជាតិ​ ដើម្បី​កែ​​លម្អ ធ្វើ​ម៉េច​កុំ​ឱ្យ​បាត់បង់​ថវិកា​ជាតិ ឬ​អាច​មាន​ការ​កិបកេង​​លើ​ថវិកា​​ជាតិ​ ត្រូវ​ធ្វើ​ម៉េច​ដោយ​តម្លាភាព»។

ចំណែក ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​​អូស្រាលី លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​​បង្កើត​ឡើង​គ្រាន់​តែ​បង្គ្រប់​កិច្ច​ និង​ធ្វើ​ការងារ​បម្រើ​គណបក្ស​​កាន់​អំណាច​តែ​ប៉ុណ្ណោះ ​មិន​អាច​ដោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​​ជំនឿ​ចិត្ត​នោះ​ទេ។

លោក​ថា​ ការអភិវឌ្ឍ​​ជាតិ​នឹង​ពិបាក​រីក​ចម្រើន​​ដោយសារ​អំពើពុក​រលួយ ស្រប​ពេល​ដែល​ស្ថាប័ន​នេះ​ក៏​គ្មាន​សមត្ថ​ភាព​​​ជម្រះ​​អំពើ​​ពុក​​រលួយ​​ឱ្យ​​ទូលំ​ទូលាយ​​ដែរ។

លោក ស៊ឹង សែនករុណា ថ្លែង​ថា៖ «បាន​ជា​អភិវឌ្ឍន៍​ជាតិ​មិន​អាច​ទៅ​មុខ​រលូន​ជា​ប្រព័ន្ធ​ទេ ដោយសារ​ទទួល​​​ផល​ប្រយោជន៍​​​ស៊ីរូង​ផ្ទៃ​​ក្នុង​ហ្នឹង​ប្រទេស​ជាតិ​ហ្នឹង​ឯង ធ្វើ​ឱ្យ​ការអភិវឌ្ឍ​ជាតិ មិន​លូតលាស់ មិន​ជឿន​លឿន តាម​​បណ្ដា​ប្រទេស​ដែល​គេ​ដឹកនាំ​ត្រឹមត្រូវ​ មាន​ការ​គោរព​ច្បាប់​ច្បាស់​លាស់»។

លោក ឯម សុខសុវណ្ណ រំលឹក​ថា ក្រោយ​ពី​លោក​ប្តឹង​មន្ត្រី​ទាំង​នោះ​​ទៅ​តុលាការ​អម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ មន្ត្រី​​ពន្ធ​ដារ​​មួយ​​ក្រុម​ ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ឪពុក​ម្ដាយ​របស់​​លោក​​នៅ​ឯស្រុក​កំណើត ​ក្នុង​ស្រុក​រមាសហែក ខេត្ត​​ស្វាយ​រៀង ដើម្បី​បង់​ពន្ធ​ជំនួស​លោក។

លោក​ថា មន្ត្រី​ទាំង​នោះ​​បាន​បង់ពន្ធ​រថយន្ត​ជំនួស​រូប​លោក​ដោយ​ផ្ទាល់​ ក្នុង​ឆ្នាំ​២០២៣ និង​​​២០២៤ នូវ​ទឹក​​ប្រាក់ ១លាន៦០​ម៉ឺន​​រៀល​ ​(១៦០ ០០០រៀល) ក៏ប៉ុន្តែ​លោក​បដិសេធ​មិន​ទទួល​ប្រាក់​​ទាំង​នោះ​ទេ។​

ប្រធាន​គណបក្ស​នយោបាយ​រូប​នេះ ​បន្ថែម​ថា​ លោក​នឹង​ប្តឹង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិន​ទៀង ទៅ​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ រួមមាន​ ​រដ្ឋសភា និង​ព្រឹទ្ធសភា​ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នេះ​ដោះស្រាយ​​​សំណុំ​រឿង​នេះ​​​ដោយ​​យុត្តិធម៌ ហើយ​​ត្រូវ​ធានា​ថា លុយ​ពន្ធដារ​ដែលប្រមូល​ពី​រាស្ត្រ​ គឺ​ជា​ស្បៀង​សន្តិសុខ​​ជាតិ នឹង​គ្រប់គ្រង​ឱ្យ​បាន​​ត្រឹម​ត្រូវ​។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២៥ ដែលចេញដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បង្ហាញថា កម្ពុជាក្រោមការគ្រប់គ្រងរបស់​​​លោក ហ៊ុន ម៉ាណែត បាន​ធ្លាក់មកដល់ចំណុចទាបបំផុតមិន​ធ្លាប់មាន​ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយ​ទទួលបានពិន្ទុត្រឹម​​តែ ២០ លើ ១០០ ប៉ុណ្ណោះ។

ទិន្នន័យ​នេះ ឆ្លុះបញ្ចាំងថា អំពើពុករលួយនៅកម្ពុជាមិនមែនជាករណីដាច់ដោយឡែកនោះទេ ប៉ុន្តែវាបានក្លា​យ​​​​ជា​មហា​រីក​ដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ