អ្នកឃ្លាំមើល​ឱ្យ​​បក្ស​កាន់​អំណាច​​​​ប្រើ​​កិ​ច្ច​ព្រម​ព្រៀង​​​ប៉ារីស​​​ដើម្បី​​ការ​ពារ​ទឹក​ដី​ទោះ​ដឹង​ថា​បក្ស​នេះ​ខ្លាច​ការ​ពិត ​

ការ​​ឈ្លាន​ពាន​​កា​ន់​កាប់​​ទឹក​ដី​​កម្ពុជា​ ពី​​សំណាក់​​ភាគី​​ថៃ នៅ​តែ​​ជាក្តី​បារម្ភ​ធំ​របស់​អ្នក​តាម​ដាន​មួយ​ចំនួន ដែល​ពួក​គេ​បន្ត​ជំរុញ​ឱ្យ​បក្ស​កាន់​អំ​ណាច ប្រើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស និង​ច្បាប់​អន្តរជាតិ​​ផ្សេង​ទៀត ដើម្បី​ទាម​​​ទារ​​ទឹក​​ដី​​ខ្មែរ ជាង​៦០​ទីតាំង​ ពី​ថៃ​យក​ត្រឡប់​មក​វិញ ទោះ​ដឹង​ថា មេបក្ស​នេះ ខ្លាច​ការ​ពិត លែង​ហ៊ាន​ប្រកួត​ការ​បោះ​ឆ្នោត តាម​​គន្លង​​ប្រជា​ធិប​តេយ្យ​ក្តី។

ការជំរុញនេះ ស្រប​ពេលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាប​ន្ត​ប្រើ​យន្ត​ការ​ទ្វេភា​គី ចរចា​ជាមួយ​​ថៃ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន បើ​ទោះ​ដឹង​ថា ក្រោយ​មាន​បទ​ឈប់​បាញ់​ជាង​ ៤​ខែ​មក​នេះ ថៃ​នៅ​តែ​បន្ត​ពង្រីក​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ជា​ហូរ​ហែឥ​ត​ឈប់​ក្តី។

បញ្ហានេះ អ្នកឃ្លាំមើល ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​​​​ប្រើ​​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស ឬ​ប្តឹង​ថៃ ទៅកា​ន់​តុលា​ការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ) រួម​ទាំង​ទាម​ទារ​ឱ្យ​​ដោះ​លែង​​អ្នក​នយោ​បាយ​ពី​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិ​ធម៌ ដើម្បី​ពង្រឹង​ផ្ទៃ​ក្នុង​ជាតិ ក្រោម​សំឡេង​គាំទ្រ​ពី​សហគមន៍​អន្ត​រជា​តិ ទើប​អាច​ប្រឆាំង​ទៅ​នឹង​បរទេស​ឈ្លាន​ពាន​បាន។

ជ្រុងមួយនៃបញ្ហានេះ អ្នក​សិក្សា​ពីការ​អភិវឌ្ឍ​​សង្គម លោក​បណ្ឌិត មាស នី និយាយ​នៅ​ថ្ងៃទី៤ ខែ​ឧសភា ថា នេះ​​​ជា​ពេល​​ដ៏​​សមគួរ​សម្រាប់​​កម្ពុជា ដើម្បី​ប្រើ​យន្តការ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ។ លោក​សំអាង​ថា ការជំរុញ​នេះ ដោយសារ​កម្ពុជា​​កំពុង​ផ្សារភ្ជាប់​ទំនាក់ទំនង​ប្រសើរ​ឡើង​វិញ​​ជាមួយ​​​មហាអំណាច​​​​​ធំៗ ​ដែល​​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ លោក​​ថា ដំណាក់កាល​ដំបូងៗ​​នេះ កម្ពុជា​ត្រូវ​ប្រើ​ពេលវេលា​ការទូត​ឱ្យបាន​គ្រប់គ្រាន់​​ដោយ​​ស្ងាត់​ស្ងៀម សម្រាប់​​បញ្ចុះ​បញ្ចូល​ និង​​សុំ​​​យោបល់​ជាមួយ​​ប្រទេស​​​ជា​​សហ​ប្រធាន រួច​បន្ត​ទៅកាន់​ប្រទេស​ហត្ថលេខី​ទាំង​១៥​ទៀត មុន​កោះ​ប្រជុំ​​ប្រទេស​ហត្ថលេ​ខី លើកលែង​តែ​ប្រទេស​ថៃ។

លើស​ពី​នេះ ​លោក​ជំរុញ​ឱ្យ​បេសកកម្ម​ទូត​កម្ពុជា​នៅ​ឯ​អង្គការសហប្រជាជាតិ ត្រូវ​ធ្វើ​ការ​ឲ្យ​បាន​​សកម្ម ព្រម​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សន្តិ​សុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ ដើម្បី​​ដា​ស់​​ស្មារតី​មហាអំណាច​ទាំងអស់​នោះ​​​ឲ្យ​សម្លឹង​មក​មើល​កម្ពុជា​ឡើង​វិញ។ លោក​សង្កត់​ធ្ងន់​​ថា បើ​ខ្មែរ​មិន​ប្រឹង​ខ្លួនឯង​ទេ​នោះ កុំ​សង្ឃឹម​ថា ថៃ​ខ្ជាក់​ទឹកដី​មក​ឲ្យ​កម្ពុជា​វិញ។

ចំណែក​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា យន្តការ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស គួរ​យក​មក​​ប្រើ​​ដើម្បី​សម្រួល​​ដោះស្រាយ​បញ្ហា​ជាតិ ផ្សះផ្សា​គ្នា និង​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ការគោរព​គោលការណ៍​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ចាប់​ផ្ដើម​ពី​​ការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​​លោក កឹម សុខា និង​អ្នក​ទោស​មនសិការ​ទាំង​អស់។ ប៉ុន្តែ​លោក​ជឿជាក់​ថា លោក ហ៊ុន ម៉ាណែត ពុំ​ហ៊ានប្រើ​​កិច្ចព្រមព្រៀង​នេះ​ទេ ដោយសារ​ខ្លាច​បាត់​អំណាច​។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​​ថ្មីត្បិតមានចំនុចខ្លាំង​​បញ្ជាក់ថា បូរណភាពទឹកដីកម្ពុជា​​មិនបានរំ​លោ​​ភ​​​បានក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងនេះ ក៏តម្រូវឱ្យកម្ពុជាអនុវត្តរបបនយោបាយប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​ដែរ ដែលលោកគិតថា ជម្រើស​នេះ មេដឹកនាំបក្សកាន់អំណាចទាំង លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនហ៊ានប្រកួតការបោះឆ្នោតដោយសេ​រី​ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យទេ។

លោ​កថា ការពង្រឹងអំណាចបែបគ្រួសារនិយម ក្រោយរំលាយប្រព័ន្ធពហុបក្សជិត១០ឆ្នាំមកនេះ ធ្វើឱ្យក្បាលម៉ាស៊ីន​ដឹក​នាំរដ្ឋ ចាក់​​ស្រេះ​ដោយគ្រួសារនិយម បង្កើនចំនួន​ជនរងគ្រោះកាន់តែច្រើន ដែលបក្សនេះ​ដឹងខ្លួនថាពលរដ្ឋនឹង​​មិន​បោះឆ្នោតគាំទ្រខ្លួនឱ្យបន្តកាន់អំណាចទៀតនោះទេ បើមានការបោះឆ្នោតដោសេរី និងយុត្តិធម៌នោះ ដូច្នេះ​​បក្សកាន់អំណាចនឹងសម្រេចជ្រើសរើសយកផលប្រយោជន៍បក្សពួកនិងគ្រួសារ ធំជាងឧត្តមប្រយោជន៍ សម្រាប់​​ពលរដ្ឋទូទៅ។

​លោក ម៉ែន ណាត ថ្លែង​ថា៖ «ហើយ​​ទី​ពីរ​​ត្រូវ​តែ​រក​​មធ្យោ​បាយ​​តា​ម​រយៈ​​ការ​ទូត តាម​រយៈ​​កា​រ​​ប្ដឹង​​ថៃ តាម​រយៈ​​ប្រើ​​សិទ្ធិ​​​​អី​​​នានា​​ស្រប​តាម​​ច្បាប់​​អន្តរ​ជាតិ ទាម​ទារ​​យុត្តិ​ធម៌​​​ពី​​ការ​ឈ្លាន​ពាន​​របស់​​ថៃ ត្រឡប់​មក​វិញ​។ អាហ្នឹង អាហ្នឹង​​ជា ជា​​ការ​​ងារ​​ដែល​​រដ្ឋាភិ​បាល​​ត្រូវតែ​​ធ្វើ​​ឱ្យ​បាន​ពេញលេញ​ពិត​ប្រាកដ សម្រាប់​ជាតិ សម្រាប់​ពលរដ្ឋ​ខ្មែរ»។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ទេ​គិតត្រឹមម៉ោងផ្សាយ​​នេះ។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​រូប​នេះ​ ​ធ្លាប់អះអាងថា កម្ពុជា​ប្រកាន់​ជំហរ​​ការពារ​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ បន្សល់ទុក​​ដោយ​​គណៈ​កម្ម​ការ​​ព្រំដែន​​ឥណ្ឌូ​ចិន​-​សៀម ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លងមក។

​លោក ប៉ែន បូណា ថ្លែង​ថា៖ «កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​​ណាមួយ ដែល​​កើត​​ចេញ​​​ពី​​ការ​​ប្រើ​ប្រាស់​​កម្លាំង»

លើសពី​នេះ កម្ពុជា និងថៃ មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាលើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា ជាង​៤ខែ​ម​ក​នេះ ថៃមិ​ន​បាន​បញ្ឈប់​ការ​ឈ្លាន​ពាន​កម្ពុជា​ទេ ចំណែក​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ក៏​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​នៅ​លើដី​ជាក់​ស្តែង​ផង​ដែរ ខណៈ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុ​ជានៅ​ប​ន្ត​ប្រើ​យន្ត​ការ​ចរចា​ជាមួយ​ថៃ​ទោះ​មា​នស​ង្ឃឹម​ត្រឹម​១ភាគ​រយ​ក៏​ដោយ។

ជុំវិញ​បញ្ហា​នេះ​ ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ​លោក អ៊ុំ សំអាន យល់​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​​មិន​ប្រើ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ដោះស្រាយ​ព្រំដែន​ជាមួយ​ថៃ​នោះ​ទេ ដោយសារ​កិច្ចព្រមព្រៀង​នេះ បាន​តម្រូវ​ឱ្យ​​លុបចោល​សន្ធិសញ្ញា​នៅ​ទសវត្សរ៍​ទី​៨០ ដែល​លោក ហ៊ុន សែន កាត់​ដី​ឱ្យ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​២០០៥។

​លោក អ៊ុំ សំអាន ថ្លែង​ថា៖ «ដល់​អញ្ចឹង គាត់​ធ្វើ​ម៉េច​គាត់​ទៅ​ព្រម​លុបចោល​កិច្ចព្រមព្រៀង ដែល​កាត់​ដី​ឱ្យ​យួន តាម​​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ -៨៣ -៨៥ ហ្នឹង​ទៅ​ឱ្យ​វៀត​ណាម​? ព្រោះ​​អាហ្នឹង​គាត់​កាត់​​ទឹកដី​ឱ្យ​វៀតណាម ដើម្បី​​សង​គុណ​​វៀត​ណាម»។

លោក អ៊ុំ សំអាន ជឿ​ថា លោក ហ៊ុន ម៉ាណែត ក៏​មិន​ហ៊ាន​ប្រើ​កិច្ចព្រមព្រៀង​នេះ​ដែរ ដោយសារ​ខ្លាច​អំណាច​លោក ហ៊ុន សែន។ លើស​ពី​នេះ ​លោក​ក៏​ច្រាន​ចោល​ការ​អះអាង​​របស់​ ​លោក ហ៊ុន សែន ដែល​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អស់​សុពលភាព​តាម​រយៈ​ការ​ដាក់បញ្ចូល​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ។ លោក​អះអាង​បន្ត​ថា រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ដែល​កំពុង​កាន់​អំណាច​ផ្ដាច់ការ នឹង​ពុំ​​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​​ទេ ព្រោះ​វា​តម្រូវ​ឱ្យ​កម្ពុជា​​ការគោរព​សិទ្ធិមនុស្ស លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​តុលាការ​​របស់​​ លោក ហ៊ុន សែន បាន​ចោទ​អាមេរិក​នៅ​ពី​ក្រោយខ្នង​លោក កឹម សុខា ជាដើម។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ​បន្ត​ថា ការ​បោះបង់​​យន្តការ​អន្តរជាតិ​របស់​លោក ហ៊ុន ម៉ាណែត មក​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ប្រៀប​ដូច​ចរចា​​ជាមួយ​ចោរ ហើយ​សុំ​របស់​ដែល​ចោរ​លួច​មកវិញ។ ការណ៍​នេះ​ លោក​គ្មាន​សង្ឃឹម​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រើ​កិច្ចព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​នោះ​ទេ។

ទោះ​យ៉ាង​ណា ​អ្នក​មានបទពិសោធន៍​កិច្ចការព្រំដែន លោក ម៉ែន ណាត​ នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​​ប្រើ​យន្តការ​ដែល​មាន​ស្រាប់​ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ​ ក្នុង​បុព្វហេតុ​ការពារ​ទឹកដី ​ដើម្បីទប់ទល់ទៅនឹងសត្រូវឈ្លាន​ពាន ហើយ​​ត្រូវប្រាកដ​ថា ខ្មែរមិន​យកគ្នាធ្វើជាសត្រូវ បម្រើមហិច្ឆតាឱ្យប្រទេសឈ្លានពានទឹកដីខ្មែរ តជំនាន់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ