ភាពវឹកវរកំពុងផ្ទុះឡើងក្នុងចំណោមជនបរទេស រស់នៅក្នុងប្រទេសកម្ពុជា តាមតំបន់ដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាបទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មអនឡាញ។
វីដេអូជាច្រើនឃ្លីបដែលចែកចាយលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញជនបរទេសចម្រុះជាតិសាសន៍ រត់គេចចេញពីការចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបអនឡាញនៅក្រុងប៉ោយប៉ែត កាលពីចុងខែមេសា។
ជនបរទេសខ្លះផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ច ខ្លះរងរបួសធ្ងន់ស្រាល ខណៈមួយចំនួនទៀតកំពុងដើរដោយគ្មានទិសដៅ និងពឹងលើចំណីអាហារដែលពលរដ្ឋផ្ដល់ឱ្យ។
ងាកមករាជធានីភ្នំពេញ នៅមុខស្ថានទូតមួយចំនួន ដូចជា ស្ថានទូតចិន ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន មានជនបរទេសជាច្រើន ឈរសុំការអន្តរាគមន៍នៅមុខស្ថានទូតតាមប្រទេសកំណើតរបស់ខ្លួន។ វេលាយប់ចូលមកដល់ ពួកគេគ្មានកន្លែងសម្រាក និងអាហារហូបចុកគ្រប់គ្រាន់ឡើយ។
ជនបរទេសខ្លះដេករណូករណែលតាមច្រករបៀងនៅក្បែរស្ថានទូតរបស់ខ្លួន រង់ចាំការជួយសង្គ្រោះទៅប្រទេសកំណើតវិញ។
កាសែត ដឹ ស្ត្រេត ថាមស៍ (The strait times) របស់សិង្ហបុរី បានសម្ភាសន៍ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលអះអាងថាលោកបានដេកតាមផ្លូវនៅក្រៅស្ថានទូត ជាងពីរខែមកហើយ ដើម្បីរង់ចាំការជួយសង្គ្រោះទៅប្រទេសកំណើតវិញ។ បុរសវ័យ២៨ឆ្នាំរូបនេះ ថែមទាំងបានខ្ចីលុយអ្នកសារព័ត៌មាន ដឹ ស្ត្រេត ថាមស៍ ១០ដុល្លារ ដើម្បីទិញអាហារហូប ដោយថារូបគេដាច់បាយ៣ថ្ងៃមកហើយ។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេតអាមេរិក អ៊ីនហ្វូ ប្លុក (Infoblox) បានប្រាប់កាសែត ដឹ ស្ត្រេត ថាមស៍ ថា ស្ថានភាពនេះ អាចប្រែទៅជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងឆាប់រហ័ស ហើយនឹងបង្កការលំបាកទាំងអាជ្ញាធរមូលដ្ឋាន និងអន្តរជាតិក្នុងការដោះស្រាយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា រូបភាពនេះកំពុងបង្កភាពអាម៉ាស់ថ្មីមួយបន្ថែមទៀតដល់កម្ពុជា ហើយជនបរទេសទាំងនោះអាចបង្កភាពអាណាធិបតេយ្យប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ។
មើលមួយជ្រុងទៀត លោកថា តថភាពនេះក៏បានបង្ហាញឱ្យឃើញថា សមត្ថកិច្ចកម្ពុជាបង្ក្រាបបានតែឧក្រិដ្ឋជនតូចតាច ខ្លះជាជនរងគ្រោះពីការចាប់បង្ខំ ចំណែកមេខ្លោងធំៗនៅតែបន្តស្ថិតក្រៅសំណាញ់ច្បាប់។
លោក ម៉ែន ណាត ថ្លែងថា៖ «បើធ្វើដូចសព្វថ្ងៃហ្នឹងទេ ចាត់ការបានតែជនរងគ្រោះ ហើយមេខ្លោងនៅតែដដែល ហើយបង្ក្រាបបានតែមួយដង្ហើមចង្រិត ស្ងាត់បន្តិចទៅ ក៏បន្តប្រព្រឹត្តបទឧក្រិដ្ឋតទៅទៀត ហើយបើរដ្ឋាភិបាលធ្វើអញ្ចឹង ហាក់ដូចជាស៊ុំគ្រលំជាមួយពួកឧក្រិដ្ឋជន»។
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការបង្ក្រាប និងបោសសម្អាតឧក្រិដ្ឋអនឡាញឈ្មោះ XXL ដោយសន្យានឹងបង្ក្រាបឱ្យអស់ តាមដែលអាចធ្វើបាននៅត្រឹមខែមេសា។ បន្ថែមពីលើយន្តការនេះ ច្បាប់ថ្មីមួយ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ ដើម្បីធានាពីប្រសិទ្ធភាពនៃការប្រឆាំងអនឡាញស្កេម និងធានាមិនឱ្យការឆបោកបែបនេះវិលមកកម្ពុជាវិញ។
មកទល់ពេលនេះ ប្រតិបត្តការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅតែបន្ត និងកក្រើកខ្លាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទោះបីខែមេសាកន្លងទៅជិត១០ថ្ងៃទៅហើយក្ដី។
ជនបរទេសជាច្រើននាក់ ភាគច្រើនជាជនជាតិចិន បានគេចខ្លួន និងដើរប្រសេចប្រសាចតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង និងសៀមរាប។ ពួកគេមួយចំនួនបានចូលសុំអាហារ ងូតទឹក និងសម្រាកនៅផ្ទះពលរដ្ឋ ខណៈមួយចំនួនត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ឃាត់ខ្លួនទុកផងដែរ។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា កត់សម្គាល់ឃើញការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជាមានភាពរញ៉េរញ៉ៃ គ្មានការទទួលខុសត្រូវ ដែលកាន់តែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងទំនុកចិត្តអន្តរជាតិមកលើកម្ពុជា។ លោកជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាល ត្រូវពិនិត្យមើលឡើងវិញនូវការអនុវត្តច្បាប់ ដើម្បីបញ្ចៀសនូវរូបភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ និងគោលការណ៍សិទ្ធិមនុស្ស។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «អញ្ចឹងទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការហ្នឹង ត្រូវធ្វើយ៉ាងណាពិនិត្យមើលឡើងវិញ អំពីការអនុវត្តច្បាប់នាពេលកន្លងមកហ្នឹងថា តើមានភាពចន្លោះប្រហោង និងគ្មានការទទួលខុសត្រូវយ៉ាងម៉េចខ្លះ?»។
បើតាមប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ឆ.ប.ឆ) លោក ឆៃ ស៊ីណារិទ្ធ បានប៉ាន់ស្មានថា ចំណាត់ការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅពេលនេះ អាចនឹងធ្វើឱ្យជនបរទេសហោចណាស់ជាង២០ម៉ឺននាក់ ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា។
តាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងរយៈពេលបីខែដំបូង នៃឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១២០ទីតាំង ក្នុងរាជធានីខេត្តចំនួន១៤ ឃាត់ខ្លួនមនុស្សជាង ៦ពាន់នាក់ មាន២៣សញ្ជាតិ។
បើទោះបី ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ហាក់បង្ហាញឱ្យឃើញនូវភាពផុសផុល សស្រាក់សស្រាំ តែក្នុងក្រសែភ្នែកមហាជន និងអ្នកតាមដានសង្គម វាគ្រាន់តែជាការសម្ដែង ដរាបណាក្រុមមនុស្សដែលអន្តរជាតិ រកឃើញថា ជាមេខ្លោងឧក្រិដ្ឋកម្ម មិនទាន់ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសចាប់ខ្លួន និងកាត់ទោសទៅតាមច្បាប់៕









