វិភាគ៖ តើជំនួប​នៅ​កោះសេ​ប៊ូ​ជា​លទ្ធផល​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​ល្បែង​ទិញ​ពេល​វេលា​របស់​ភាគី​ថៃ?

រូបថត៖ បណ្តាញសង្គម

ជំនួប​ត្រីភាគី​នៅ​កោះ​សេប៊ូ នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ភាព​ខុស​គ្នា​ស្រឡះ​រវាង​​វោហា​​សាស្ត្រ​​ការ​ទូត​នៅ​ក្នុង​ឆាក​តំបន់ និ​ងលើ​ឆាក​អន្ដរ​ជាតិ និង​តថភាព​នយោបាយ​ជាក់​ស្ដែង​នៅ​តាម​បន្ទាត់​ព្រំដែន ក៏​ដូច​ជា​វិបត្តិ​សន្ដិ​សុខ​ផ្ទៃ​ក្នុង​ដែល​កំពុង​ញាំញី​​កិត្យា​នុភាព​កម្ពុជា។

បើទោះបីជាខ្លឹមសារនៃសុន្ទរកថាបានព្យាយាមបង្ហាញពីភាពចាស់ទុំ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្ដរ​ជាតិ​យ៉ាង​ណាក៏​ដោ​យ ប៉ុន្តែ​ជាក់​ស្តែង យើង​ឃើញ​ថា​មាន​ចំណុច​ខ្សោយ​ជា​យុទ្ធ​សាស្ត្រ​ជា​ច្រើន​ដែល​លោក​ ហ៊ុន ម៉ាណែត កំពុង​ជួប​ប្រទះ ជាពិសេស​គឺការ​ធ្លាក់​ក្នុង​កល​ល្បិច​ដដែលៗ​របស់​ភាគី​ថៃ និង​ការ​ជាប់​ផុង​ក្នុង​វិបត្តិ​ឧស្សាហ​កម្ម​ឆបោក​ដែល​ជា​ខ្នោះ​រារាំង​អំណាច​ការ​ទូត​កម្ពុជា​ក្នុង​តំបន់។

នៅក្នុងសុន្ទរកថានេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៅលើការ​ប្ដេជ្ញា​ចិត្ដ​អនុវ​ត្ដ​តាម​សេចក្ដី​ប្រកាស​រួម​ថ្ងៃ​ទី២​៧ ខែធ្នូ​ ឆ្នាំ​២០២៥ ជាពិសេស​គឺ​ការ​ទាម​ទារ​ឱ្យ​មាន​ការ​ចរ​ចា​តាម​រយៈ​យន្ដ​ការ​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌសី​មា​ព្រំដែន​​គោក​ដែ​លហៅ​កាត់​ថា JBC។

ការលើកឡើងបែបនេះ តាមពិតទៅគឺជាការទទួលស្គាល់ដោយប្រយោលនូវ​បរាជ័យ​នៃ​យន្ដ​ការ​ ដែល​មាន​ស្រាប់ កាល​​​​ពី​​ពេល​​កន្ល​ង​ទៅ ព្រោះ​ថា​ប្រសិន​បើ​យន្ដ​ការ​ទាំង​នោះមា​ន​ប្រសិទ្ធ​ភាព នោះ​លោក ហ៊ុន ម៉ាណែត នឹង​មិន​ចាំបាច់​​​អំពាវ​នាវ​ឱ្យ​មាន​ការ​អនុវត្ដ​ភ្លាមៗ និង​ពេញ​លេញ​បែប​នេះ​ឡើយ។

ភាព​យឺតយ៉ាវ និងការអូសបន្លាយពេលរបស់ភាគីថៃ​ក្នុងការអនុវត្ដកិច្ចព្រមព្រៀងសន្ដិភាព គឺ​ជា​យុទ្ធ​សាស្ដ្រ​ទិញ​ពេល​​វេលា ដើម្បីពង្រឹងអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងនៅតាម​ព្រំដែន ដែលលោក ហ៊ុន ម៉ាណែត ខ្លួន​ឯង​ក៏បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងនៅក្នុងសុន្ទរកថានេះដែរ។

ការដែលលោក ហ៊ុន ម៉ាណែត ប្រើប្រាស់វេទិកាត្រីភាគីដោយមានហ្វីលីពីន​​ជាអាជ្ញាកណ្ដាល ឬជាអ្នកសម្របសម្រួល គឺ​ជា​រូបភាពនៃការ​ព្យាយាមទាញយកការ​​គាំទ្រពីអន្ដរជាតិ ប៉ុន្តែវាក៏បានបង្ហាញពីភាពទន់ជ្រាយ​នៃឥទ្ធិពលទ្វេភាគីរវាងកម្ពុជា និងថៃផងដែរ។

ការដែលភាគីថៃបង្ហាញឥរិយាបថសហការនៅចំពោះមុខប្រធានអាស៊ាន ហាក់គ្រាន់តែជាការធ្វើនយោ​​បាយលម្អ​​មុខ​​មាត់ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ល្អតែ​ប៉ុ​ណ្ណោះ ប៉ុន្តែ​សកម្ម​ភាព​នៅ​លើដី​ដែល​ថៃ​នៅ​តែ​បន្ត​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ថៃមិ​ន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នោះ​ទេ។

នេះគឺជាកល​ល្បិច​ការ​ទូត​មុខ​ពីរ ដែលភាគីថៃតែងតែប្រើប្រាស់ ហើយលោក ហ៊ុន ម៉ាណែត ហាក់​ដូច​ជា​នៅ​តែ​បន្ត​ធ្លាក់​ក្នុង​អន្ទាក់​នេះ ដោយ​ការ​បន្ត​រំពឹង​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង ដែល​គ្មាន​ការ​ធានា​ច្បាស់​លាស់​។

ចំណុច​សំខាន់​បំផុ​តមួយ​ដែលសុន្ទរកថានេះបានព្យាយាមរំលង ប៉ុន្តែវាគឺជាឧបសគ្គដ៏ធំ​សម្បើម​ចំពោះ​អំណាច​ការ​ទូត​​របស់​កម្ពុជា គឺ​បញ្ហា​ឧស្សាហ​កម្ម​ឆបោក។ ការដែលកម្ពុជាមានកេរ្តិ៍ឈ្មោះអាក្រក់ទាក់ទងនឹង​ការ​បង្ខាំងមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យកម្ពុជាបាត់បង់ឧត្តមភាពក្នុងការចរចាលើ​ឆាកតំបន់។

នៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្មានឆន្ទៈក្នុងការកម្ចាត់ឫសគល់នៃឧស្សាហកម្មងងឹតនេះ វា​មិនត្រឹម​​តែ​បំផ្លាញសន្ដិសុខជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាថែមទាំងក្លាយជាចំណុចខ្សោយដែលភាគីថៃ ឬ​ប្រទេស​​ដទៃទៀត​យក​មក​ធ្វើ​ជា​លេស ដើម្បីដាក់សម្ពាធ ឬមើលងាយដល់ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។

​ក្នុងន័យការទូត កាលណាប្រទេសមួយមានដំបៅផ្ទៃក្នុងដ៏ធំធេងបែបនេះ វានឹងធ្វើឱ្យសំឡេងនៃអធិ​បតេយ្យភាព​របស់ប្រទេសនោះមានភាពផុយស្រួយ និងមិនត្រូវបានគេគោរពពេញលេញឡើយ។ ជាហេតុ យើង​ឃើញថៃតែងលើក​យក​បញ្ហា​នេះទៅជជែក និងជម្រុញកិច្ចសហការជាមួយប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីដាក់សម្ពាធលើលោក ហ៊ុន ម៉ាណែត។

លើសពីនេះទៅទៀត ការលើកឡើងអំពីការដោះស្រាយវិវាទសមុទ្រតាមរយៈ UNCLOS បន្ទាប់ពីថៃដកខ្លួនចេញពី MOU 2001 គឺជាការបោះជំហានមួយដែលមើលទៅហាក់ដូចជាមានភាពជឿជាក់ ប៉ុន្តែវាក៏បង្កប់នូវហានិភ័យខ្ពស់។

ការរត់ទៅរកច្បាប់អន្ដរជាតិក្នុងស្ថានភាពដែលកម្ពុជាកំពុងមានវិបត្តិ​ទំនុ​កចិ​ត្ត​ពី​សហគមន៍​អន្ដរ​ជាតិ លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​អភិបាល​កិច្ច អាចនឹងធ្វើឱ្យកម្ពុជាមិនទទួលបានផលចំណេញដូចការរំពឹងទុក។

លោក ហ៊ុន ម៉ាណែត ហាក់ព្យាយាមកសាងរូបភាពជាអ្នកដឹកនាំដែលគោរពច្បាប់ ប៉ុន្តែដរាបណាលោកមិន​អាចដោះស្រាយបញ្ហាជាក់ស្ដែង​នៅតាមព្រំដែនគោក និងមិនអាចសម្អាតឧស្សាហកម្មឆបោក ចេញពីផ្ទៃក្នុងប្រទេសបានទេ នោះ​រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែងផ្នែកការទូតនឹងគ្រាន់តែជាការបង្កើតរូបភាពតែប៉ុណ្ណោះ។

ដូច្នេះ​ដើម្បីពង្រឹងអំណាចការទូត និងការពារផលប្រយោជន៍ជាតិឱ្យមានប្រសិទ្ធភាព លោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវបោះបង់ចោលនូវយុទ្ធសាស្ត្រទន់ភ្លន់តាមកាលៈទេសៈ ដែលនាំឱ្យធ្លាក់ក្នុងល្បែងទិញពេលវេលារបស់ភាគីថៃ ហើយ​ងាកមកអនុវត្តនយោបាយការទូតដែលមានការធានា តាមរយៈការដាក់ចេញនូវវិធាន​ការឆ្លើយតបជាក់ស្ដែង​នៅតាមបន្ទាត់ព្រំដែន រួមផ្សំជាមួយនឹងការបង្ហាញឆន្ទៈមោះមុតក្នុងការកម្ចាត់ឫសគល់នៃឧស្សាហកម្មឆបោក​ឱ្យអស់ពីផ្ទៃប្រទេស។

ការសម្អាតផ្ទៃក្នុងឱ្យស្អាតស្អំ និងមានសណ្ដាប់ធ្នាប់ គឺជាខ្នងបង្អែកដ៏រឹងមាំបំផុតដែលនឹងជួយលុប​បំបាត់​នូវ​ចំណុច​ខ្សោយ​របស់កម្ពុជាលើឆាកអន្តរជាតិ ធ្វើឱ្យសំឡេងនៃការទាមទារអធិបតេយ្យភាព និងបូរណ​​ភាព​ទឹក​ដីមាន​ទម្ងន់ និងទទួលបានការគោរពពិតប្រាកដពីបណ្ដាប្រទេសក្នុងតំបន់ ជាជាងការរំពឹងលើសេចក្ដី​ប្រ​កាសរួមដែលគ្មានការអនុវត្តជាក់ស្ដែង។

សរុបមក ជំនួបនៅកោះសេប៊ូ និងសុន្ទរកថារបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីវិបត្តិនៃយុទ្ធសាស្ត្រដឹកនាំដែលកំពុងជាប់គាំង។ ការរំពឹងលើភាពស្មោះត្រង់របស់ភាគីថៃក្នុងក្របខណ្ឌអាស៊ាន ខណៈដែលសកម្មភាពឈ្លានពាននៅតែបន្ត និងការមើលរំលងបញ្ហាឧស្សាហកម្មឆបោកដែលជាមហា​រីកសង្គម គឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ។

បើទោះបីជាភាសាការទូតមានភាពរលូន និងមានលក្ខណៈបច្ចេកទេសខ្ពស់យ៉ាងណាក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​​គ្មានសកម្ម​​​ភាពកម្ចាត់ឫសគល់នៃបញ្ហាទាំងនោះដោយឆន្ទៈមោះមុតទេ លទ្ធផលនៃជំនួបនេះនឹងនៅតែនៅទ្រឹង ហើយអំណាចការទូតរបស់កម្ពុជានឹងបន្តធ្លាក់ចុះនៅក្នុងឆាកតំបន់ និងអន្ដរជាតិជាមិនខាន។

ការទាមទារឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី នឹងក្លាយជាពាក្យស្លោកដ៏ទទេស្អាត ប្រសិន​បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនអាចបង្ហាញពីភាពរឹងមាំ និងភាពស្អាតស្អំនៅក្នុងការដឹកនាំផ្ទៃ​ក្នុងរបស់ខ្លួននោះ​ទេ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ