សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់តបតគ្នាទៅវិញទៅមកកាលពីថ្ងៃទី៧ខែឧសភា ក្នុងសកម្មភាពដែលត្រូវបានចាត់ទុកថា ជាការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតចំពោះបទឈប់បាញ់ ដែលមានរយៈពេលមួយខែមកនេះ ប៉ុន្តែអ៊ីរ៉ង់លើកឡើងថា ស្ថានភាពបានវិលត្រឡប់មកធម្មតាវិញហើយ ខណៈសហរដ្ឋអាមេរិកបញ្ជាក់ថាខ្លួនមិនចង់ឱ្យជម្លោះនេះរីករាលដាលខ្លាំងជាងនេះទេ។
អរិភាពដែលបានផ្ទុះឡើងជាថ្មីនេះ កើតឡើងក្នុងខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំចម្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែទុកបញ្ហាចម្រូងចម្រាសបំផុតចោលមួយអន្លើសិន ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។
កងទ័ពអ៊ីរ៉ង់ និយាយថា សហរដ្ឋអាមេរិកបានកំណត់គោលដៅលើនាវាពីរគ្រឿង ដែលកំពុងចូលទៅក្នុងច្រកសមុទ្រ Hormuz និងបានបើកការវាយប្រហារលើទឹកដីអ៊ីរ៉ង់។ ចំណែកឯយោធាអាមេរិកថ្លែងថា ខ្លួនបានបាញ់តបតទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់វិញតែប៉ុណ្ណោះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា បទឈប់បាញ់នៅតែមានប្រសិទ្ធភាព និងបានព្យាយាមសម្រាលស្ថានការណ៍នៃការបាញ់តបតគ្នានេះ។
លោកបានមានប្រសាសន៍ថា៖«ពួកគេបានលេងសើចជាមួយយើងនៅថ្ងៃនេះ ហើយយើងក៏បានកម្ចាត់ពួកគេខ្ចាត់ខ្ចាយអស់»។
បញ្ជាការដ្ឋានយោធារួមរបស់អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់ ដោយការកំណត់គោលដៅលើនាវាដឹកប្រេងអ៊ីរ៉ង់ និងនាវាមួយគ្រឿងទៀត ព្រមទាំងបានវាយប្រហារតាមអាកាសលើតំបន់ស៊ីវិលនៅលើកោះ Qeshm និងតំបន់ឆ្នេរក្បែរនោះគឺ Bandar Khamir និង Sirik។ កងទ័ពអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានឆ្លើយតបវិញដោយការវាយប្រហារលើនាវាយោធាអាមេរិក នៅភាគខាងកើតច្រកសមុទ្រ និងភាគខាងត្បូងកំពង់ផែ Chabahar។
អ្នកនាំពាក្យទីបញ្ជាការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្ក “ការខូចខាតយ៉ាងខ្លាំង” ប៉ុន្តែបញ្ជាការដ្ឋានកណ្តាលអាមេរិក (Centcom) បាននិយាយថា គ្មានសម្ភារៈយោធាណាមួយរបស់ខ្លួនរងការប៉ះទង្គិចនោះទេ។
Centcom បានឱ្យដឹងថា អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីល ដ្រូន និងទូកតូចៗក្នុងការវាយប្រហារដែលតម្រង់គោលដៅលើនាវាពិឃាតរបស់កងទ័ពជើងទឹកចំនួន ៣ គ្រឿង។ អាមេរិកបានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីតាំងមីស៊ីល ដ្រូន និងទីតាំងផ្សេងទៀតដើម្បីជាការឆ្លើយតប។ Centcom បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ “យើងមិនចង់ឱ្យមានការកើនឡើងនៃជម្លោះនោះទេ ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារកងកម្លាំងអាមេរិក”។
អ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថាខ្លួននឹងឆ្លើយតបវិញប្រសិនបើទទួលរងការវាយប្រហារ។
យោងតាមទូរទស្សន៍រដ្ឋ អ្នកនាំពាក្យយោធា បាននិយាយថា៖ «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវដឹងថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងខ្លាំងក្លាបំផុត និងដោយគ្មានការរារែកចំពោះរាល់អំពើឈ្លានពាន ឬការវាយប្រហារណាមួយ»។
លោក ត្រាំ បានបង្ហើបថា ការចរចាជាមួយទីក្រុងតេហេរ៉ង់នៅតែបន្តទៅមុខ បើទោះបីជាមានអរិភាពកាលពីថ្ងៃទី៧ខែឧសភាក៏ដោយ ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា៖ “យើងកំពុងចរចាជាមួយភាគីអ៊ីរ៉ង់”។
មុនពេលការវាយប្រហារចុងក្រោយនេះ សហរដ្ឋអាមេរិក បានដាក់ចេញនូវសំណើមួយដែលនឹងបញ្ចប់ជម្លោះជាផ្លូវការ ប៉ុន្តែមិនបានដោះស្រាយការទាមទារសំខាន់ៗរបស់អាមេរិក ដែលចង់ឱ្យអ៊ីរ៉ង់ផ្អាកការងារនុយក្លេអ៊ែរ និងបើកច្រកសមុទ្រឡើងវិញ ដែលកាលពីមុនសង្គ្រាម ច្រកសមុទ្រនេះធ្លាប់គ្រប់គ្រងការផ្គត់ផ្គង់ប្រេង និងហ្គាស ១ ភាគ ៥ របស់ពិភពលោក។
ទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួនមិនទាន់បានឈានដល់ការសន្និដ្ឋានលើផែនការដែលកំពុងលេចចេញជារូបរាងនេះនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់បានទទួលស្គាល់ការទាមទាររបស់លោកដែលថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរឡើយ ដែលជាបម្រាមមួយដែលលោកបាននិយាយថាមានចែងនៅក្នុងសំណើរបស់អាមេរិក៕









