អ៊ីរ៉ង់បានព្រមានប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រថា ការអនុវត្តតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យនាវាដឹកជញ្ជូនរបស់ពួកគេ ប្រឈមមុខនឹងការលំបាកក្នុងការឆ្លងកាត់ច្រកសមុទ្រ Hormuz។
អ្នកនាំពាក្យយោធា លោក Mohammad Akraminia បាននិយាយថា នាវាដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មដ៏សំខាន់នេះ នឹងត្រូវប្រឈមមុខនឹង “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើពួកគេមិនសហការជាមួយទីក្រុងតេអេរ៉ង់ជាមុនទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីង់ IRNA។
ទន្ទឹមនឹងនេះដែរ នាវាពាណិជ្ជកម្មមួយត្រូវបានប៉ះទង្គិចដោយគ្រាប់មីស៊ីលមិនស្គាល់ប្រភពនៅឆ្នេរសមុទ្រនៃប្រទេសកាតា ហើយទាំងសហភាពអារ៉ាប់រួម និងកូវ៉ែត បានរាយការណ៍ពីការរារាំងការវាយប្រហារដោយដ្រូន។
ហេតុការណ៍ទាំងនេះ កើតឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ៊ីរ៉ង់ និងនាវាពិឃាតជើងទឹកអាមេរិក ដែលព្យាយាមអនុវត្តការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចថា កិច្ចព្រមព្រៀងឈប់បាញ់ដែលបានសម្រេចកាលពីខែមុននៅតែមានប្រសិទ្ធភាព ខណៈដែលអ៊ីរ៉ង់និយាយថា ខ្លួនកំពុងពិចារណាលើសំណើរបស់សេតវិមានដើម្បីបញ្ចប់សង្គ្រាម។
លោក Akraminia បាននិយាយនៅក្នុងការព្រមានរបស់លោកទៅកាន់បណ្តារដ្ឋក្នុងតំបន់កាលពីថ្ងៃទី១០ខែឧសភាថា៖ «អាមេរិកនឹងមិនអាចប្រែក្លាយផ្ទៃទឹកដ៏ធំល្វឹងល្វើយនៅភាគខាងជើងមហាសមុទ្រឥណ្ឌានេះ ឱ្យទៅជាការបិទខ្ទប់ពិតប្រាកដ ដោយគ្រាន់តែប្រើប្រាស់កងនាវារបស់ពួកគេនោះឡើយ»។
លោកបានបន្ថែមថា៖ «ពាណិជ្ជកម្មតាមសមុទ្ររបស់យើងនៅតែបន្តដំណើរការយ៉ាងរលូន»។
កាលពីមុននេះ មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) ដែលតាមដានផ្លូវដឹកជញ្ជូនអន្តរជាតិ បាននិយាយថា នាវាដឹកទំនិញធុនធំមួយត្រូវបាន «ប៉ះទង្គិចដោយគ្រាប់មីស៊ីលមិនស្គាល់ប្រភព» នៅចម្ងាយប្រហែល ២៣ ម៉ាយសមុទ្រ (៤៣ គីឡូម៉ែត្រ) ភាគឦសាននៃទីក្រុងដូហា ប្រទេសកាតា ដែលបង្កឱ្យមានអគ្គិភ័យតូចតាច ប៉ុន្តែមិនមានអ្នករងគ្រោះថ្នាក់ឡើយ។
ក្រោយមក ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានស្រង់សម្តីប្រភពមិនបញ្ចេញឈ្មោះមួយដែលនិយាយថា នាវានោះបាន «បើកក្តោងក្រោមទង់ជាតិអាមេរិក និងជារបស់សហរដ្ឋអាមេរិក»។
កាលពីថ្ងៃទី១០ខែឧសភាផងដែរ ប្រទេសកូវ៉ែត បាននិយាយថា ដ្រូនជាច្រើនបានចូលក្នុងដែនអាកាសរបស់ខ្លួន ហើយយោធាបាន «ចាត់វិធានការលើពួកវា»។ ប៉ុន្មានម៉ោងក្រោយមក សហភាពអារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដ្រូនចំនួនពីរ ដែលមកពីប្រទេសអ៊ីរ៉ង់។
នៅក្នុងហេតុការណ៍កាលពីថ្ងៃទី៨ខែឧសភា សហរដ្ឋអាមេរិក បាននិយាយថា អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីល ដ្រូន និងទូកតូចៗ ប្រឆាំងនឹងនាវាចម្បាំងរបស់ខ្លួនចំនួនបី ដែលខ្លួនហៅថាជា «ការវាយប្រហារដោយគ្មានការបង្ករឿង»។
ចំណែកឯបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់វិញ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានកំណត់គោលដៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ និងនាវាមួយទៀតដែលកំពុងចូលទៅជិតច្រកសមុទ្រ Hormuz និងបានធ្វើ «ការវាយប្រហារតាមអាកាស» លើតំបន់ឆ្នេរជាច្រើន។
ទីក្រុងតេអេរ៉ង់ បានប្រើប្រាស់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ខ្លួនលើផ្លូវទឹកនេះ ដែលជាកន្លែងផ្តល់ចរាចរណ៍ប្រេង និងហ្គាសធម្មជាតិប្រហែលមួយភាគប្រាំរបស់ពិភពលោក នៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្យាយាមអនុវត្តការបិទខ្ទប់រៀងៗខ្លួននៅច្រកសមុទ្រនេះ ខណៈដែលការចរចាលើការបញ្ចប់ជម្លោះរហូតមកដល់ពេលនេះ មិនទាន់ឈានដល់ដំណោះស្រាយនៅឡើយទេ៕









