លោក​ពូទីន បង្ហាញ​ពី​ឆ​ន្ទៈ​ក្នុង​ការ​ចរចា​​និង​បង្ហើប​ថា សង្គ្រាម​​អ៊ុយ​ក្រែន​កំពុង​ឈាន​ទៅ​រក​ការ​ថយ​ចុះ

លោក ពូទីន បង្ហាញ​តម្រុយ​ថា សង្គ្រាម​អ៊ុយ​ក្រែន​កំពុង​ឈាន​ទៅ​រក​ការ​ថយ​ចុះ ប៉ុន្តែ​ក្រុម​ជំនួយ​ការ​និយាយ​ថា វា​គឺ​ជា «ផ្លូវ​ដ៏​វែង​ឆ្ងាយ» ឆ្ពោះ​ទៅ​រក​សន្តិ​ភាព ដោយ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង បន្ថយ​ការ​រំពឹង​ទុក​លើ​ការ​ដោះ​ស្រាយ​ជម្លោះ​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​ប្រធានា​ធិបតី​មាន​ប្រសាសន៍​ថា លោក​គិត​ថា​វា «ជិត​ដល់​ទីបញ្ចប់​ហើយ»។

លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា លោកគិតថាសង្គ្រាមអ៊ុយក្រែន​កំពុង​ឈាន​ទៅ​រក​ការ​ថយ​ចុះ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បាន​ប្តេជ្ញា​ថា នឹង​យក​ឈ្នះ​អ៊ុយ​ក្រែន នៅ​ក្នុង​ពិធី​ព្យុហ​យាត្រា​ទិវា​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​មូស្គូ ដែល​​ត្រូវបា​ន​កាត់​បន្ថយ​ទ្រង់​ទ្រាយ​ធំ​បំផុត​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយសូ​ម្បី​តែ​ជំនួយ​ការ​ជាន់​ខ្ពស់​ពីរ​រូប​របស់​លោក ក៏​បាន​បន្ថយ​ការ​យល់​ឃើញ​អំពី​ការ​បញ្ចប់​ជម្លោះ​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

លោក ពូទីន បានមានប្រសាសន៍អំពីជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាម​លោក​លើក​ទី​២​ ថា៖ «ខ្ញុំ​គិត​ថា បញ្ហា​នេះ​ជិត​ដល់​ទីប​ញ្ចប់​ហើយ»។ លោកបានបន្តថា លោកនឹងមានឆន្ទៈក្នុងការចរចាលើការរៀបចំសន្តិសុខថ្មីសម្រាប់អឺរ៉ុប ហើយដៃគូចរចាដែលលោកចង់បានបំផុតគឺអតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schröder ដែលជាជម្រើសមួយទំនងជាមិនត្រូវបានទទួលយកដោយអ៊ុយក្រែន និងសហភាព​អឺរ៉ុបឡើយ។

ទោះជាយ៉ាងណាក៏ដោយ តំណាងជាន់ខ្ពស់ពីររូបនៃវិមានក្រឹមឡាំង បានបន្ថយ​គំនិតណា​មួយ​អំពី​ការ​បញ្ចប់​សង្គ្រាម​ក្នុង​ពេល​​ឆាប់ៗ។ លោក Dmitry Peskov អ្នកនាំពាក្យវិមា​នក្រឹម​ឡាំង បាន​និយាយ​នៅ​ចុងសប្តាហ៍នេះ​ថា ការ​ឈាន​ដល់​កិច្ចព្រមព្រៀងសន្តិភាពលើបញ្ហាអ៊ុយក្រែន នឹងត្រូវចំណាយពេលយូរ។

លោក Peskov បាននិយាយថា៖ «វាច្បាស់ណាស់ថា ភាគី​អាមេរិក​កំពុ​ងប្រញាប់​ប្រញាល់ ប៉ុន្តែ​បញ្ហា​នៃ​ការ​ដោះ​ស្រាយ​នៅ​អ៊ុយ​ក្រែន គឺ​មាន​ភាព​ស្មុគ​ស្មាញ​ពេក ហើយ​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព គឺ​ជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ដែល​មាន​​ព័ត៌​មាន​លម្អិត​ស្មុគ​ស្មាញ​ជា​ច្រើន»។

នៅសប្តាហ៍នេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បាននិយាយថា លោកជឿជាក់​ថា​មាន​សក្តា​នុពល​សម្រាប់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​ចរចា​​ជាមួយ​រុស្ស៊ី និង​ពិភាក្សា​អំពី​អនា​គត​នៃ​រចនា​សម្ព័ន្ធ​សន្តិសុខ​របស់​អឺរ៉ុប។

មន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃទី​១០ខែ​ឧសភា​ថា មានការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី និងការប៉ះ​​ទង្គិចគ្នានៅសមរភូមិ​ជិត ១៥០ លើក ក្នុងរយៈពេល ២៤ ម៉ោង​កន្លងមកនេះ ទោះបីជាមានបទឈប់បាញ់​រយៈពេល ៣ ថ្ងៃ ​ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលត្រូវបាន​ប្រកាសនៅមុនថ្ងៃព្យុហយាត្រា​​នៅទីក្រុងមូស្គូក៏ដោយ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃទី​១០ខែ​ឧសភា​ថា រុស្ស៊ី​បាន​បាញ់​ទម្លាក់​​ដ្រូន​អ៊ុយ​ក្រែន​ចំនួន ៥៧ គ្រឿង។

កាលពីថ្ងៃទី​៩ខែ​ឧសភា ទីក្រុងមូស្គូ ត្រូវបានគ្របដណ្តប់ដោយសន្តិសុខយ៉ាងតឹងរ៉ឹង ជាមួយនឹងសេវាអ៊ីនធឺណិតត្រូវបានបិទពាសពេញទីក្រុង ខណៈដែលអ៊ុយក្រែនបន្តបង្កការរំខានដល់រុស្ស៊ីជាមួយនឹងការវាយប្រហារដោយដ្រូន និង​មីស៊ីល​រយៈចម្ងាយឆ្ងាយ ដែលបង្ខំឱ្យអ្នករៀបចំពិធីព្យុហយាត្រាត្រូវលុបចោលការសម្តែងជាទម្លាប់មួយចំនួន។

ការបង្ហាញមីស៊ីល និងរថពាសដែកជាទម្លាប់ ដែលជាចំណុចសំខាន់នៃពិធីព្យុហយាត្រាចាប់តាំងពីលោក ពូទីន បាន​ដាក់បញ្ចូលគ្រឿងយុទ្ធោបករណ៍យោធាកាលពីឆ្នាំ ២០១៧ ត្រូវបានអវត្តមានទាំងស្រុង។ វិមាន​ក្រឹមឡាំង​បានចាត់​វិធានការការពារពិធីព្យុហយាត្រា ដែលអបអរសាទរជ័យជម្នះរបស់សម្ព័ន្ធមិត្តលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោក​លើកទី២ បន្ទាប់ពីការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននាពេលថ្មីៗនេះលើគោលដៅជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ