ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃទី១១ខែឧសភាថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់កំពុងស្ថិតក្នុង «ស្ថានភាពដង្ហើមចង្រិត» បន្ទាប់ពីការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ ចំពោះសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម បានបង្ហាញយ៉ាងច្បាស់ថា ភាគីទាំងពីរនៅតែមានភាពខុសគ្នាឆ្ងាយលើបញ្ហាមួយចំនួន។
អ៊ីរ៉ង់ បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមលើគ្រប់សមរភូមិ រួមទាំងនៅលីបង់ ដែលជាកន្លែងអ៊ីស្រាអែល (សម្ព័ន្ធមិត្តអាមេរិក) កំពុងប្រយុទ្ធជាមួយក្រុមខ្មាន់កាំភ្លើងហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ ក៏បានទាមទារសំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម ការបញ្ចប់ការបិទខ្ទប់ផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិក ការធានាមិនឱ្យមានការវាយប្រហារបន្ថែមទៀត និងការចាប់ផ្តើមលក់ប្រេងរបស់អ៊ីរ៉ង់ឡើងវិញ។
ទីក្រុងតេហេរ៉ង់ ក៏បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលខ្លួនបានបិទចរាចរណ៍ដឹកជញ្ជូន ដែលជាធម្មតាដឹកជញ្ជូន ១ ភាគ ៥ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោក។
លោក ត្រាំ បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់បានគំរាមកំហែងដល់ស្ថានភាពនៃបទឈប់បាញ់ ដែលបានអនុវត្តតាំងពីថ្ងៃទី៧ ខែមេសា។
លោក ត្រាំ ដែលបានគំរាមបញ្ចប់បទឈប់បាញ់ជាច្រើនលើកមកហើយនោះ បាននិយាយថា៖ «ខ្ញុំនឹងហៅវាថាជាបទឈប់បាញ់ដ៏ទន់ខ្សោយបំផុតនៅពេលនេះ បន្ទាប់ពីបានអានសំណេរដែលពួកគេបានផ្ញើមកឱ្យយើង។ ខ្ញុំសូម្បីតែអានវាមិនទាន់ចប់ផង»។
សហរដ្ឋអាមេរិក បានស្នើឱ្យបញ្ចប់ការប្រយុទ្ធគ្នា មុនពេលចាប់ផ្តើមការចរចាលើបញ្ហាដែលមានភាពចម្រូងចម្រាសជាងនេះ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។ កាលពីថ្ងៃចន្ទ ទីក្រុងតេហេរ៉ង់បានការពារជំហររបស់ខ្លួន ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក អ៊ីស្មាអែល បាកហៃ (Esmaeil Baghaei) បាននិយាយថា «ការទាមទាររបស់យើងគឺស្របច្បាប់»។
ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបយ៉ាងដាច់អហង្ការចំពោះ «អំពើឈ្លានពាន» ណាមួយ។
តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣% ដល់ជាង ១០៤ ដុល្លារក្នុងមួយបារ៉ែល ដោយសារការជាប់គាំងនេះ បានធ្វើឱ្យច្រកសមុទ្រហ័រមូសបន្តបិទជិត។ ការរអាក់រអួលដែលបង្កឡើងដោយការបិទច្រកសមុទ្រនេះ បានបង្ខំឱ្យអ្នកផលិតប្រេងកាត់បន្ថយការនាំចេញ ហើយទិន្នផលប្រេងរបស់អង្គការ OPEC បានធ្លាក់ចុះបន្ថែមទៀតនៅក្នុងខែមេសា ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍។
កាលពីថ្ងៃទី១១ខែឧសភា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនដែលខ្លួននិយាយថាបានជួយអ៊ីរ៉ង់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសចិន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីយោធា និងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
ទិន្នន័យដឹកជញ្ជូន បានបង្ហាញថា ចរាចរណ៍តាមច្រកសមុទ្រហ័រមូសមានតិចតួចបំផុត បើធៀបនឹងមុនពេលសង្គ្រាម។ ការប៉ះទង្គិចគ្នាដោយអន្លើជុំវិញច្រកសមុទ្រក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានសាកល្បងភាពធន់នៃបទឈប់បាញ់។
នៅក្នុងសហរដ្ឋអាមេរិក ការស្ទង់មតិ បង្ហាញថា សង្គ្រាមនេះ មិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតឡើយ ខណៈដែលពួកគេកំពុងប្រឈមនឹងតម្លៃសាំងកាន់តែខ្ពស់ ក្នុងរយៈពេលតិចជាង ៦ ខែមុនការបោះឆ្នោតទូទាំងប្រទេស។ យោងតាមការស្ទង់មតិរបស់ Reuters/Ipsos ប្រជាជនអាមេរិក ២ ក្នុងចំណោម ៣ នាក់ គិតថា លោក ត្រាំ មិនបានពន្យល់ច្បាស់លាស់អំពីមូលហេតុដែលប្រទេសនេះឈានចូលក្នុងសង្គ្រាមនោះទេ។
ទីក្រុងវ៉ាស៊ីនតោន ក៏បានជួបការលំបាកក្នុងការកសាងការគាំទ្រពីអន្តរជាតិផងដែរ ខណៈដែលសម្ព័ន្ធមិត្ត NATO បានបដិសេធមិនបញ្ជូននាវាទៅបើកច្រកផ្លូវទឹកឡើងវិញ បើគ្មានកិច្ចព្រមព្រៀងសន្តិភាពពេញលេញ។ រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន (Hakan Fidan) នឹងបើកការចរចានៅក្នុងប្រទេសកាតា នៅថ្ងៃទី១២ខែឧសភានេះ ដើម្បីពិភាក្សាអំពីជម្លោះ និងការធានាសុវត្ថិភាពនាវាចរណ៍នៅក្នុងច្រកសមុទ្រនេះ៕









