រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី សាបាណា ម៉ាមូដ (Shabana Mahmood) ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីមួយចំនួន ដែលអំពាវនាវឱ្យ លោក សឺ ឃៀ ស្ដារម័រ (Sir Keir Starmer) កំណត់កាលវិភាគសម្រាប់ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ដែលនាំឱ្យមានការបែកបាក់គ្នានៅក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល។
គេយល់ថា លោកស្រី ម៉ាមូដ ស្ថិតក្នុងចំណោមភាគតិចនៅក្នុងគណៈរដ្ឋមន្ត្រី ជុំវិញបញ្ហាថាតើលោក សឺ ឃៀ គួរតែលាលែងពីតំណែងដែរឬទេ។
ជំនួយការរដ្ឋមន្ត្រីចំនួន ៦រូប ដែលជាកម្រិតទាបបំផុតនៃរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអង់គ្លេស ត្រូវបានជំនួសដោយការិយាល័យលេខ១០ (No 10) បន្ទាប់ពីពួកគេបានលាលែងពីតំណែង ឬអំពាវនាវឱ្យលោក សឺ ឃៀ កំណត់កាលវិភាគសម្រាប់អ្នកមកជំនួសតំណែងរបស់លោក។ ហើយចំនួនសមាជិកសភាគណបក្សពលករដែលអំពាវនាវឱ្យ លោក សឺ ឃៀ លាលែងពីតំណែង ឬកំណត់កាលវិភាគលាលែងពីតំណែង បានកើនឡើងដល់ ៧២ នាក់ គិតត្រឹមព្រឹកព្រលឹមថ្ងៃទី១២ខែឧសភានេះ។
គណៈរដ្ឋមន្ត្រី បានជួបប្រជុំគ្នាជាផ្លូវការនៅព្រឹកនេះ។ បញ្ជីឈ្មោះជំនួយការរដ្ឋមន្ត្រីដែលបានលាលែងពីតំណែងកាលពីថ្ងៃទី១១ខែឧសភា រួមមាន លោក ចូ ម៉ូរីស (Joe Morris) លេខាធិការសភាឯកជន (PPS) របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក វេស ស្រ្ទីតធីង (Wes Streeting) ដែលជាបេក្ខភាពម្នាក់អាចប្រជែងតំណែងដឹកនាំបាន។
លោក ម៉ូរីស បាននិយាយថា នាយករដ្ឋមន្ត្រី “លែងមានទំនុកចិត្ត ឬការជឿជាក់ពីសាធារណជនទៀតហើយ”។
នៅក្នុងសុន្ទរកថាមុននេះ នាយករដ្ឋមន្ត្រីបានទទូចថា លោកនឹងបង្ហាញឱ្យ “អ្នកសង្ស័យ” ឃើញថា ពួកគេខុស ហើយលោកនឹងមិនលាលែងពីតំណែងឡើយ។ លោកបានទទួលស្គាល់ថា រដ្ឋាភិបាលបានបង្កើតកំហុស ប៉ុន្តែលោកបាននិយាយថា លោកបាន “សម្រេចចិត្តលើជម្រើសនយោបាយធំៗបានត្រឹមត្រូវ”។
ប៉ុន្តែសម្ពាធឱ្យលោកចាកចេញបានកើនឡើងពេញមួយថ្ងៃ ដោយផ្អែកលើការអំពាវនាវសុំកាលវិភាគលាលែងពីតំណែងពីសំណាក់អ្នកគាំទ្រអភិបាលក្រុង Greater Manchester គឺលោក អេនឌី បឺណាម (Andy Burnham)។
ការអំពាវនាវ ក៏បានមកពីខាងក្រុមស្ដាំនិយមនៃគណបក្សផងដែរ រួមទាំងអ្នកដែលជិតស្និទ្ធនឹងលោក ស្រ្ទីតធីង សម្រាប់ការចាកចេញឱ្យបានឆាប់រហ័ស ដែលវានឹងដកសិទ្ធិលោក បឺណាម ក្នុងការឈរឈ្មោះជាអ្នកដឹកនាំ។
សម្ពាធបានកើនឡើងលើ លោក សឺ ឃៀ បន្ទាប់ពីគណបក្សពលករបានបាត់បង់សមាជិកក្រុមប្រឹក្សាជិត ១,៥០០ នាក់ ក្នុងការបោះឆ្នោតក្នុងតំបន់ទូទាំងប្រទេសអង់គ្លេស ជាមួយនឹងការកើនឡើងនៃការគាំទ្រដល់គណបក្ស Reform UK ហើយគណបក្ស Greens ក៏បានដណ្ដើមយកការគាំទ្ររបស់គណបក្សពលករនៅក្នុងទីក្រុងឡុងដ៍ និងតំបន់ទីប្រជុំជនផ្សេងទៀតផងដែរ។
គណបក្សនេះ ក៏ត្រូវបានទម្លាក់ចេញពីអំណាចក្នុងប្រទេសវែល (Wales) ដែលជាកន្លែងខ្លួនធ្លាប់ទទួលបានឧត្តមភាពនយោបាយអស់រយៈពេលមួយសតវត្សមកហើយ និងទទួលបានអាសនៈត្រឹមតែ ១៧ ក្នុងចំណោម ១២៩ អាសនៈ នៅក្នុងសភាស្កុតឡែន ដែលជាលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាននៅក្នុងការបោះឆ្នោត Holyrood។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ម៉ូរីស បាននិយាយថា សមាជិកក្រុមប្រឹក្សា និងបេក្ខជនគណបក្សពលករ “បានក្លាយជាអ្នកទទួលរងការស្តីបន្ទោសចំពោះការសម្រេចចិត្តដែលមិនមែនជារបស់ពួកគេ”។
សមាជិកសភាប្រចាំតំបន់ Hexham រូបនេះបាននិយាយថា “ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងបំផុតរបស់នាយករដ្ឋមន្ត្រីក៏ដោយ អ្នកបោះឆ្នោតមិនទទួលយកថា លោកអាចដឹកនាំការផ្លាស់ប្តូរដែលពួកគេបានបោះឆ្នោតឱ្យនោះទេ”។
“វាស្ថិតក្នុងផលប្រយោជន៍ល្អបំផុតរបស់ប្រទេស និងគណបក្ស ដែលនាយករដ្ឋមន្ត្រីកំណត់កាលវិភាគឱ្យបានឆាប់រហ័ស ដើម្បីធានាថាមានអ្នកដឹកនាំថ្មីមកជំនួស ដើម្បីទទួលបានទំនុកចិត្តពីសាធារណជនឡើងវិញ និងដើម្បីធានាថារដ្ឋាភិបាលអាចសម្រេចបាននូវការសន្យាដែលខ្លួនបានធ្វើ”៕









