ករណីចាប់ជំរិតកុមារីនៅខេត្តកណ្ដាល ដែលផ្ទុះឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កំពុងក្លាយជាប្រធានបទដែលពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលជាឪពុកម្ដាយលើកយកមកជជែកដោយក្ដីបារម្ភ។
កុមារីម្នាក់ដែលមានអាយុទើបតែ៥ឆ្នាំ និងកំពុងចំណាយពេលចុងសប្ដាហ៍នៅផ្ទះតាយាយរបស់នាងនៅស្រុកស្អាង បែរជាត្រូវបានសាច់ញាតិចាប់បង្ខាំងទុក ដើម្បីគំរាមឪពុកម្ដាយនាងដោះដូរជាមួយលុយ១ម៉ឺនដុល្លារ ក្នុងរយៈពេលមួយម៉ោង។
ក្រោយការស្រាវជ្រាវស្វែងរករបស់សមត្ថកិច្ច គេរកឃើញសាកសពរបស់នាង ដេកស្លាប់ក្នុងស្ថានភាពគួរឱ្យតក់ស្លុត ខណៈជនល្មើសត្រូវបានចាប់ខ្លួនក្នុងថ្ងៃតែមួយ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ពីបទ «ឃាតកម្ម និងការចាប់ជំរិតកុមារ»។
ពលរដ្ឋនៅរាជធានីភ្នំពេញ អ្នកស្រី កាន ស្រីពេជ្រ តក់ស្លុតក្រោយឃើញករណីនេះ។ ក្នុងនាមជាម្ដាយដែលមានកូនស្រីពីរនាក់ អ្នកស្រីបារម្ភថា ជនទុច្ចរិតមួយចំនួនអាចត្រាប់តាម ហើយធ្វើឱ្យករណីនេះកើតឡើងកាន់តែច្រើន។
អ្នកស្រី កាន ស្រីពេជ្រ និយាយថា៖ «វាតក់ស្លុតណាស់ ជាម្ដាយឪពុក។ កូនចែមានពីរ បើថាបាត់ទាំងពីរ ងាប់បណ្ដោយ ចែអត់មានរស់ទេ ងាប់តាមកូនបណ្ដោយ បើអ៊ីចឹងវិញ។ ហើយលុយកាក់យើងអត់មានផង ដល់ពេលធ្វើអ៊ីចឹងទៅវាពិបាកណាស់ ហើយមិនដឹងទៅពឹងអ្នកណាទៀត បើជួបរឿងហ្នឹងខ្លួនឯង»។
នាយកអង្គភាពការពារកុមារ (CPU) លោក ជេម ម៉ាកខេប (James McCabe) បានថ្លែងក្នុងព្រឹត្តិបត្តព័ត៌មានលើបណ្ដាញសង្គមថា ករណីចាប់ជំរិតកុមារខាងលើ គឺជាសោកនាដកម្មដ៏សាហាវឃោរឃៅ និងជារឿងដែលមិនគួរឱ្យកើតមានឡើងទាល់តែសោះ។ លោកបន្តថា ករណីនេះបានប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ផ្លូវចិត្ត របស់មន្ត្រីគ្រប់រូប ដែលបានចូលរួមក្នុងការស៊ើបអង្កេតនេះ។
ក្រោយមានករណីចាប់ជំរិត វិធានការការពារខ្លួនសម្រាប់កុមារតូចៗ ក៏ត្រូវបានលើកយកមកជជែកគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាអាចឱ្យក្មេងការពារខ្លួនតាមដែលអាចធ្វើទៅបាន។
គ្រូបង្រៀនម្នាក់នៅខេត្តបាត់ដំបង កញ្ញា សា ឌីណា ឱ្យដឹងថា ក្នុងម៉ោងសិក្សាថ្ងៃនេះ កញ្ញាបានទូន្មានទៅកាន់សិស្សទាំងអស់ឱ្យប្រយ័ត្នខ្លួនឱ្យបានខ្ពស់ កុំទុកចិត្តមនុស្សងាយៗ មិនទទួលឬបរិភោគអាហារដែលមិនស្គាល់ប្រភព និងមិនទៅកន្លែងស្ងាត់ជាដើម។ កញ្ញាលើកឡើងទៀតថា សិស្សដែលរៀននៅសាលារដ្ឋ គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះពុំមានគ្រូនៅចាំមើលដិតដល់ ជាពិសេសនៅម៉ោងចេញពីផ្ទះ។
កញ្ញា សា ឌីណា និយាយថា៖ «និយាយទៅឯកជន និងរដ្ឋ គឺមានហានិភ័យដូចគ្នា ព្រោះសិស្សខ្លះ គាត់ធ្វើដំណើរទៅផ្ទះដោយខ្លួនឯង ទាំងការដើរ និងការជិះកង់អ៊ីចឹងទៅ តែបើសិស្សខ្លះទៀត គឺមានឪពុកម្ដាយជូនមកអ៊ីចឹងទៅ យើងអត់សូវបារម្ភទេ ក៏ប៉ុន្តែនៅក្នុង សាលាឯកជន គឺគេហាមគេបានមើលដិតដល់អ៊ីចឹង។ តែបើនៅក្នុងសាលារដ្ឋ បើសិនជា ករណីថាមាតាបិតាគាត់យឺតទៅយកអ៊ីចឹង គាត់អាចដើរទៅផ្ទះដោយខ្លួនឯង ឬក៏ដើរលេងនៅតាមកៀនសាលាហ្នឹង ក៏វាអាចមានហានិភ័យដែរ»។
ស្របគ្នាទៅនឹងការអាណិតអាសូរជនរងគ្រោះ និងក្ដីបារម្ភសុវត្ថិភាព កំហឹងមហាជនទៅលើជនល្មើសក៏កំពុងកើនឡើងដូចគ្នា។ មតិជាច្រើនលើបណ្ដាញសង្គម បានទាមទារឱ្យរដ្ឋាភិបាលដាក់ទោសធ្ងន់ធ្ងរលើជនល្មើស ខណៈអ្នកខ្លះចង់ឃើញមានទោសប្រហារជីវិត។
ទាក់ទិនរឿងនេះ ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ លោកមេធាវី សុខ សំអឿន ប្រាប់វីអូឌី តាមប្រព័ន្ធតេឡេក្រាមថា កម្ពុជាមិនអាចមានទោសប្រហារជីវិតឡើយ ខណៈទោសធ្ងន់បំផុត គឺជាប់ពន្ធនាគារមួយជីវិត។
កម្ពុជាបានលុបចោលទោសប្រហារជីវិតជាផ្លូវការនៅឆ្នាំ១៩៨៩ ហើយបានបញ្ជាក់សារជាថ្មីក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ (មាត្រា៣២) ដោយប្រកាន់យកគោលការណ៍សិទ្ធិរស់រានមានជីវិត និងមនុស្សធម៌។
អស់រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាពុំមានករណីចាប់ជំរិត ដែលធ្វើឡើងទៅលើកុមាររហូតដល់បាត់បង់ជីវិត។
ករណីមួយដែលពលរដ្ឋកម្ពុជាស្ទើរតែភ្លេចនោះ គឺការចាប់ជំរិតក្មេងសិស្សសាលានៅខេត្តសៀមរាប តាំងពីឆ្នាំ២០០៥ ដោយគំរាមដោះដូរលុយ ៣ម៉ឺនដុល្លារ និងឡានមួយគ្រឿង។ កុមារជនជាតិកាណាដាម្នាក់ ត្រូវបានឃាតករបាញ់សម្លាប់ភ្លាមៗ ដោយសារគេយំខ្លាំងពេក។ ទោះយ៉ាងណា ជនល្មើស ៤នាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។
ចំណែកករណីមួយទៀតនៅខេត្តសៀមរាបដដែល កាលពីឆ្នាំ២០០៩ ដោយជនល្មើសចាប់ពង្រាត់យុវតីម្នាក់អាយុ ១៦ឆ្នាំ ដែលជាកូនស្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីជំរិតទារប្រាក់ ១០ម៉ឺនដុល្លារ ខណៈជនរងគ្រោះត្រូវបានដោះលែងតាមការព្រមព្រៀងដោយសុវត្ថិភាព។
ជុំវិញរឿងនេះ នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោក យី គឹមថាន ទាមទារដាច់អហង្ការឱ្យស្ថាប័នច្បាប់ ផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរទៅនឹងកំហុសរបស់ជនល្មើស។ លោកបន្តថា ឪពុកម្ដាយទាំងអស់ត្រូវរៀនសូត្រពីករណីនេះ ហើយបង្កើនវិធានការសុវត្ថិភាព និងរក្សាឯកជនភាពកុមារ ពិសេសលើបណ្ដាញសង្គម។
លោក យី គឹមថាន និយាយថា៖ «ហើយមួយវិញទៀត ទាក់ទងទៅនឹងការដែលប្រុងប្រយ័ត្នដែរ ដែលអនុញ្ញាតឲ្យកូនតូចៗគាត់លេង social media (បណ្ដាញសង្គម) ហើយគាត់ធ្វើការបង្ហាញនូវរូបភាពទីកន្លែងរបស់គាត់ អាហ្នឹងក៏ជារឿងមួយដែលអាចមានហានិភ័យសម្រាប់កុមារដែរ។ អ៊ីចឹងសូមឪពុកម្ដាយទាំងអស់ គឺមានការប្រុងប្រយ័ត្ន គឺត្រូវតែយកចិត្តទុកដាក់ ហើយត្រូវតែដឹងថាអ្វីខ្លះដែលជាហានិភ័យ ឬក៏គ្រោះថ្នាក់ដែលអាចកើតឡើងសម្រាប់កូនយើង»។
យោងតាមសៀវភៅណែនាំយុទ្ធសាស្ត្របង្ការ និងទប់ទល់ការចាប់ជំរិត ការចាប់ជាចំណាប់ខ្មាំង ការជំរិតទារប្រាក់ និងការវាយប្រហាររបស់បណ្ដាញក្រុមប្រឹក្សាអឺរ៉ុប (EUNAT) បានណែនាំថា កុមារមានចរិតពីធម្មជាតិ គឺឆាប់ទុកចិត្ត និងមិនសូវមានការសង្ស័យ ដែលទាមទារឱ្យឪពុកម្ដាយជ្រើសរើសឧទាហរណ៍ជាក់ស្តែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីណែនាំពួកគេឱ្យបានទៀងទាត់។
ក្រៅពីប្រាប់កុមារពីគោលការណ៍សុវត្ថិភាព ដូចជា រក្សាគម្លាតពីជនប្លែកមុខ និងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួន អាណាព្យាបាលត្រូវតែដឹងជានិច្ចថា កូនៗរបស់ពួកគេនៅទីណា ហើយនរណាខ្លះដែលត្រូវបានអនុញ្ញាតឱ្យមកជិត ឬទទួលកូនៗពីសាលារៀន។
ប្រសិនបើកូនៗមានអាយុច្រើន ឪពុកម្ដាយត្រូវព្យាយាមតាមដានការប្រើប្រាស់បណ្តាញសង្គម និងអ្វីដែលពួកគេបង្ហើបអំពីរបៀបរស់នៅរបស់ពួកគេ។
ជាមួយគ្នានេះ អាណាព្យាបាល ត្រូវព្យាយាមស្គាល់មិត្តភក្តិរបស់កូនៗ និងគ្រួសាររបស់ពួកគេ ហើយត្រូវប្រាកដថាពួកគេដឹងពីរបៀបទាក់ទងមកអ្នក នៅពេលមានបញ្ហាអ្វីមួយ៕









