នៅពេលថៃដែលជាប្រទេសឈ្លានពានទឹកដីកម្ពុជា ហើយបានដោះលែងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចេញពីពន្ធនាគារ នៅកាលពីថ្ងៃទី១១ខែឧសភា ដោយពុំមានការដកសិទ្ធិធ្វើនយោបាយនោះ អ្នកឃ្លាំមើលលើកឡើងថា ការដែលលោក ហ៊ុន សែន បន្តប្រើប្រព័ន្ធតុលាការដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួនចេញពីសង្វៀននយោបាយ វានឹងធ្វើឱ្យខ្មែរមានការបែកបាក់ជាតិកាន់តែខ្លាំង និងក៏កាន់តែធ្វើឱ្យកម្ពុជាចុះខ្សោយថែមទៀតផងដែរ។
ទាក់ទងនឹងការដកសិទ្ធិនយោបាយ លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទបានពន្យល់ប្រាប់វីអូឌីនៅថ្ងៃទី១២ខែឧសភានេះថា ការដកសិទ្ធិនយោបាយមានចែងក្នុងក្រមព្រហ្មទណ្ឌ។ គោលបំណងនៃការដកសិទ្ធិនយោបាយ គឺដោយសារការធ្វើនយោបាយរបស់ជននោះ អាចបង្កជាបញ្ហាច្រើនក្នុងសង្គម។ ប៉ុន្តែយ៉ាងណាក្តី មេធាវីចាស់វស្សារូបនេះ លើកឡើងថា ការដកសិទ្ធិនយោបាយគឺត្រូវបានគេធ្វើ «ដើម្បីកាត់បន្ថយគូរប្រជែងដែលមានសក្តានុពល។ អស់គូរប្រជែងគឺដូចជារត់ប្រណាំងម្នាក់ឯងអ៊ីចឹង!»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់វីអូឌីនៅថ្ងៃទី១២ខែឧសភានេះថា នៅក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ពីការធានាឱ្យប្រជាពលរដ្ឋម្នាក់ៗ មានសិទ្ធិក្នុងការចូលរួមសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌របស់ប្រទេស។ ដូច្នេះជាទូទៅប្រជាពលរដ្ឋម្នាក់ៗ ត្រូវបានធានាឱ្យមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយដូចជាការបង្កើតគណបក្សនយោបាយ ការឈរឈ្មោះឱ្យគេបោះឆ្នោត ការចូលរួមបោះឆ្នោត ឬក៏ការសម្តែងមតិក្នុងការគាំទ្រ ឬមិនគាំទ្រទៅលើនយោបាយរបស់គណបក្សណាមួយ ឬក៏ការចូលរួមក្នុងគណបក្សនយោបាយណាមួយ ដែលនេះជាសេរីភាព ឬក៏ជាសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័ន។
លោកថា៖ «ប្រសិនបើការដកហូតនោះ ពាក់ព័ន្ធនឹងរឿងនយោបាយ ខ្ញុំគិតថា នេះជាការដកហូតមួយមានការរំលោភបំពានទៅលើសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ពីព្រោះថា ប្រជាពលរដ្ឋម្នាក់ៗមិនត្រូវបានដកហូតសិទ្ធិសេរីភាពដោយបំពានទេ ពីព្រោះថា សិទ្ធិនយោបាយនេះ ជាសិទ្ធិស្របច្បាប់។ ល្គឹកណាទាល់តែប្រជាពលរដ្ឋប្រព្រឹត្តខុសច្បាប់ទាក់ទងទៅនឹងការប្រព្រឹត្តបទឧក្រិដ្ឋ ឬក៏បទមជ្ឈិមក្នុងរឿងព្រហ្មទណ្ឌ អាហ្នឹងទើបច្បាប់អាចដកហូតបាន។ ប៉ុន្តែប្រសិនបើវាមានកក្តាពាក់ព័ន្ធនឹងវិវាទនយោបាយពិសេសក្នុងរឿងសកម្មជននយោបាយ ដែលមានការចាប់ឃុំខ្លួនឬក៏ដកសិទ្ធិនយោបាយ ពីអ្នកនយោបាយមួយចំនួនដោយសារតែកក្តានយោបាយនោះ ជាការរំលោភបំពានទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋខាងសិទ្ធិនយោបាយនឹងហើយ»។
ការដកហូតសិទ្ធិនយោបាយទៅលើសកម្មជននយោបាយបក្សប្រឆាំងមួយចំនួន នាពេលកន្លងមក ត្រូវបានលោក នី សុខា កត់សម្គាល់ថា បានធ្វើឱ្យរដ្ឋាភិបាលទទួលរងការរិះគន់ ក៏ដូចជាការដាក់សម្ពាធច្រើនពីសហគមន៍អន្តរជាតិ ក្នុងនោះ មានដូចជាការដាក់ទណ្ឌកម្មតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយ ពីសហគមន៍អឺរ៉ុប និងការដកGSPពីសហរដ្ឋអាមេរិកជាដើម ដែលនេះបញ្ជាក់ឱ្យឃើញថា អ្វីដែលរដ្ឋាភិបាលបានអនុវត្តកន្លងមក មិនមែនជាការអនុវត្តច្បាប់ទេ ប៉ុន្តែវាជាការបំពានទៅលើសេរីភាពខាងនយោបាយរបស់សកម្មជនទាំងនោះ។
ហេតុដូច្នេះ ប្រធានសមាគមអាដហុករូបនេះ បញ្ជាក់ថា រដ្ឋាភិបាលគួរធ្វើការពិចារណាដោះស្រាយបញ្ហានេះឡើងវិញ ជាពិសេសករណីរឿងក្តីកាត់ទោសលើ លោកកឹម សុខា ឱ្យមានទោសរួមទាំងការដកហូតនូវសិទ្ធិនយោបាយរបស់គាត់ គួរទម្លាក់ចោលបទចោទនេះ ហើយដោះលែងគាត់ឱ្យមានសេរីភាពដើម្បីឈានទៅស្តារទំនាក់ទំនងល្អជាមួយបណ្តាប្រទេសបស្ចិមលោកឡើងវិញ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីជឿថា មិនមែនមានតែរូបលោកនោះទេ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ គឺសុទ្ធតែមើលឃើញថា ប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន គឺជាឧបករណ៍បម្រើនយោបាយឱ្យមេដឹកនាំគណបក្សកាន់អំណាច។
សម្រាប់អ្នកឃ្លាំមើលរូបនេះ ក្នុងសំណុំរឿងក្តីអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គមដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា តុលាការកម្ពុជាបច្ចុប្បន្នមិនបានអនុវត្តទៅតាមច្បាប់ទេ គឺអនុវត្តទៅតាមបទបញ្ជារបស់មេដឹកនាំគណបក្សកាន់អំណាច ដើម្បីធ្វើការបំបែកទៅលើគណបក្សប្រឆាំង តាមរយៈការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ និងការដកសិទ្ធិមិនឱ្យធ្វើនយោបាយ ចំពោះអ្នកនយោបាយប្រឆាំងណា ដែលមានប្រជាប្រិយភាព ដូចជា លោកកឹម សុខា និងលោករ៉ុង ឈុន ជាដើម។
លោកថា៖ «ការប្រើប្រាស់ប្រព័ន្ធច្បាប់នេះ កាន់តែរូបភាពអាក្រក់ទៅៗ ជាពិសេសការសម្រេចចុងក្រោយដោយបន្ថែមទោសទណ្ឌទៅលើ លោកកឹម សុខា ដែលជាមេបក្សប្រឆាំងនៅក្នុងប្រទេសដ៏មានប្រជាប្រិយនឹង រួមទាំង លោកថាច់ សេដ្ឋា ដែលបានអនុវត្តទោសចប់ហើយ តាមផ្លូវច្បាប់ត្រូវតែដោះលែងឱ្យមានសេរីភាព តែផ្ទុយទៅវិញ ការអនុវត្តច្បាប់នេះ ហាក់ដូចជាមិនគោរពនោះទេ។ អ៊ីចឹងហើយជារូបភាពមួយដែលយើងមើលឃើញកាន់តែច្បាស់ថា កម្ពុជាបច្ចុប្បន្នកំពុងតែផ្គើននិងដើរផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់នូវប្រព័ន្ធតុលាការ ឬក៏ការធ្វើទុក្ខបុកម្នេញមកលើសំឡេងគណបក្សប្រឆាំងដែលមាននិន្នាការផ្ទុយពីខ្លួន»។
បន្ថែមពីនេះ លោក ករុណា លើកឡើងថា ការដកហូតសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយប្រឆាំង ដែលមានប្រជាប្រិយភាពវាបង្ហាញច្បាស់ថា សង្គមកម្ពុជាបច្ចុប្បន្នមិនមែនជាសង្គមដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ ពីព្រោះគោលការណ៍ប្រជាធិបតេយ្យ គឺទាមទារឱ្យមានការចូលរួមពីគ្រប់និន្នាការនយោបាយ នៅក្នុងដំណើរការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនមែនត្រូវដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយប្រឆាំងយ៉ាងដូច្នេះទេ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ចាត់ទុកចំណាត់ការរបស់តុលាការកម្ពុជា ក្នុងការដកសិទ្ធិធ្វើនយោបាយ ពីអ្នកនយោបាយគណបក្សប្រឆាំងជាបន្តបន្ទាប់ថា ជាសញ្ញានៃវិបត្តិប្រជាធិបតេយ្យដ៏ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។
លោកបន្តថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដោះស្រាយជម្លោះនយោបាយ មិនត្រឹមតែធ្វើឱ្យស្ថាប័នយុត្តិធម៌រងការរិះគន់ថា ខ្វះឯករាជ្យភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គម តាមបែបពហុបក្សដែលជាគ្រឹះនៃស្ថិរភាពយូរអង្វែង។
ចំពោះគោលបំណងនៃចំណាត់ការនេះ លោក វណ្ណលី យល់ថា ហាក់ដូចជាយុទ្ធសាស្ត្រក្នុងការរំលាយរចនាសម្ព័ន្ធបង្គោលគ្រឹះនៃសំឡេងប្រឆាំង ដើម្បីធានានូវការគ្រប់គ្រងអំណាចផ្តាច់មុខ និងកាត់បន្ថយការប្រកួតប្រជែងដែលខិតជិតមកដល់ក្នុងការបោះឆ្នោតខាងមុខ។
លោកថា៖ «ការដាក់បម្រាមនយោបាយអស់មួយជីវិត ឬរយៈពេលវែងលើបុគ្គលដែលមានឥទ្ធិពល គឺជាការកាត់ផ្តាច់សរសៃឈាមរចនាសម្ព័ន្ធនៃចលនាផ្លាស់ប្តូរ និងជាសារព្រមានដល់អ្នកដែលមានបំណងរិះគន់រដ្ឋាភិបាល។ នៅក្នុងបរិបទដែលការបែកបាក់ជាតិ កំពុងរីកធំឡើងយុទ្ធសាស្ត្រនេះ ហាក់ដូចកំពុងរុញច្រានឱ្យកម្ពុជាឱ្យកាន់តែឃ្លាតឆ្ងាយពីស្មារតីផ្សះផ្សាជាតិ ដែលជាកក្តាចាំបាច់សម្រាប់ពង្រឹងកម្លាំងផ្ទៃក្នុងឱ្យរឹងមាំ ជាពិសេសចំពោះសម្ពាធពីបរទេស។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺនៅពេលដែលអ្នកនយោបាយដែលមានមនសិការ និងមានការគាំទ្រពីមហាជនត្រូវបង្ខំឱ្យនៅក្រៅសង្វៀននយោបាយវាបង្កើតឱ្យមានគម្លាតរវាងរដ្ឋ និងរាស្ត្រ ហើយនិងភាពមិនសុខចិត្តនៅក្នុងចំណោមពលរដ្ឋនឹងកាន់តែធ្វើឱ្យថាមពលអវិជ្ជមានដែលធ្វើឱ្យសង្គមងាយរងគ្រោះ»។
សម្រាប់ លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា តុលាការនៅកម្ពុជា គឺជាតុលាការតេឡេ នៅក្រោមការបង្គាប់បញ្ជារបស់ លោកហ៊ុន សែន ហើយការដែលតុលាការនេះសម្រេចដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយប្រឆាំង ដែលមានប្រជាប្រិយភាពជាបន្តបន្ទាប់ ដូចជា លោក កឹម សុខា លោករ៉ុង ឈុន និងលោកស៊ុន ចន្ធី ជាដើម គឺជាការចងដៃចងជើងអ្នកនយោបាយប្រឆាំង កុំឱ្យទៅប្រកួតប្រជែងជាមួយ លោកហ៊ុន ម៉ាណែត ដែលអសមត្ថភាពទន់ខ្សោយ។ លោកថា ទង្វើរបស់ លោកហ៊ុន សែន ដែលយកតុលាការធ្វើជាឧបករណ៍បម្រើនយោបាយនេះ ក្រៅពីបង្ហាញពីភាពកំសាកវាក៏ជាការបំបែកបំបាក់ជាតិខ្មែរធ្វើឱ្យខ្មែរកាន់តែចុះខ្សោយ ដើម្បីអាចឱ្យត្រកូលហ៊ុនបានកាន់អំណាចតពូជផងដែរ។
លោកថា៖ «ដូច្នេះដោយសារត្រកូលហ៊ុនគាត់ដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃ ទៅប្រទេសវៀតណាម បំផ្លិចបំផ្លាញធនធានធម្មជាតិ ពុករលួយបក្ខពួកនិយម ដល់ចឹងគាត់អត់ហ៊ានប្រកួតប្រជែង តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ ហេតុនេះហើយទើប លោកហ៊ុន សែន បញ្ជាឱ្យតុលាការតេឡេរបស់គាត់ហ្នឹង បំបិទសិទ្ធិអ្នកនយោបាយមិនឱ្យឈរឈ្មោះ ឬក៏ឱ្យតុលាការតេឡេហ្នឹងសម្រេចដកសិទ្ធិធ្វើនយោបាយ ពីអ្នកនយោបាយប្រឆាំងដែលមានប្រជាប្រិយភាព ដែលអាចដណ្តើមយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋ ដែលអាចឈានទៅដល់ការឈ្នះឆ្នោត ក្នុងការដឹកនាំប្រទេសហ្នឹង ចឹងគាត់ធ្វើម៉េចឱ្យតុលាការតេឡេរបស់គាត់ហ្នឹង ដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយដែលមានប្រជាប្រិយភាពហ្នឹង»។
បន្ថែមពីនេះ លោក នី សុខា ព្រមានថា ប្រសិនបើរដ្ឋាភិបាលនៅតែដើរប្រាសចាកពីគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចដែលបណ្តាប្រទេសបស្ចិមលោកលើកឡើង ដោយមិនរូតរះក្នុងការដោះស្រាយបញ្ហាទាំងអស់នេះឡើងវិញទេ តទៅថ្ងៃមុខរដ្ឋាភិបាលនឹងពិបាកក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសបស្ចិមលោកទាំងនោះ ហើយនៅពេលដែលកម្ពុជាមានទំនាក់ទំនងមិនល្អជាមួយសហគមន៍អន្តរជាតិ នោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើកម្ពុជាក៏មិនសូវល្អដែរ ដែលនឹងធ្វើឱ្យកម្ពុជាជួបការលំបាកកាន់តែច្រើនថែមទៀត ខណៈកម្ពុជាកំពុងមានវិបត្តិព្រំដែន ជាមួយប្រទេសជិតខាង និងបញ្ហាសេដ្ឋកិច្ច។
ក្នុងស្ថានភាពបច្ចុប្បន្ន លោកនី សុខា ផ្តល់ជាគំនិតថា ប្រសិនបើកម្ពុជានៅតែបន្តយកប្រព័ន្ធតុលាការមកដោះស្រាយបញ្ហារបស់អ្នកនយោបាយ វានឹងកាន់តែធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងថែមទៀត មកលើប្រព័ន្ធតុលាការកម្ពុជា ដូច្នេះជម្រើសដែលល្អ គឺត្រូវតែមានការចរចាសម្រុះសម្រួលគ្នាតាមផ្លូវនយោបាយ។
លោកថា៖ «ដូច្នេះសម្រាប់ខ្ញុំជាសង្គមស៊ីវិល ខ្ញុំចង់ឃើញអ្នកនយោបាយខ្មែរប្រើភាពចាស់ទុំ ក្នុងនាមជាអ្នកនយោបាយ ដើម្បីឈានទៅផ្សះផ្សាឈានទៅឯកភាពជាតិ និងពង្រឹងសាមគ្គីជាតិដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់ប្រទេសជិតខាង និងដើម្បីលើកកម្ពស់ការប្រើបញ្ញាស្មារតីរបស់អ្នកនយោបាយ ទាំងអស់គ្រប់និន្នាការ ដើម្បីជួយជ្រោមជ្រែង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅថ្ងៃអនាគត»។
សម្រាប់ លោក សេង វណ្ណលី ប្រសិនបើគោលបំណងពិតប្រាកដដើម្បីសន្តិភាព និងការអភិវឌ្ឍ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត គួរតែងាកមកប្រើប្រាស់វប្បធម៌សន្ទនា និងការបើកចិត្តឱ្យទូលាយឱ្យមានការចូលរួមពីគ្រប់និន្នាការនយោបាយ ជាជាងការប្រើប្រាស់ច្បាប់ដើម្បីបំបាក់ស្មារតី ជាពិសេសអ្នកស្នេហាជាតិ ព្រោះសាមគ្គីភាពជាតិពិតប្រាកដ មិនអាចកើតចេញពីការបង្ខិតបង្ខំ ឬក៏ការបំបិទសំឡេងពីភាគីម្ខាងទៀតបាននោះទេ៕









