វិភាគ៖ តើការ​បង្រួប​បង្រួម​ជាតិ​ថៃ​នឹង​ក្លាយ​ជា​សម្ពាធ​ថ្មី​មក​លើ​កម្ពុជា​ដែល​កំពុង​បែក​បាក់​និង​បាត់​បង់​ទឹក​ដី​ដោយ​​​សារ​​ជម្លោះ​​ផ្ទៃ​ក្នុង​ដែរ​ឬ​ទេ?

រូបថត៖ ពីបណ្តាញសង្គម

ការ​ដោះ​លែង​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យ​មាន​សេរី​ភាព​ឡើង​វិ​ញ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦ បន្ទាប់​ពី​ការ​ជាប់​ឃុំ​អស់​រយៈ​ពេល ២៤៣ ថ្ងៃ បាន​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ដែល​ឆ្លុះបញ្ចាំង​​ពី​​សក្ដា​នុពល​នៃ​នយោបាយ​ផ្សះ​ផ្សា​ជាតិ​របស់​ថៃ។

ទោះបីជា លោក ថាក់ស៊ីន ធ្លាប់​ជា​សត្រូវ​នយោបាយ​របស់​ក្រុម​អ្នក​អភិរក្ស​និយម ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ដោះ​លែង​រូប​លោក បង្ហាញ​ឱ្យ​ឃើញ​ថា ឥស្សរ​ជន​នយោ​បាយ​ថៃ​យល់​ដឹង​ពី​តម្លៃ​នៃ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ដើម្បី​ពង្រឹង​អំណាច​ជាតិ។

ផ្ទុយស្រឡះពីស្ថានភាព​នេះ បរិប​ទ​នយោបាយនៅកម្ពុជាបែរជាស្ថិតក្នុងសភាពដុនដាប ដោយ​មេដឹក​នាំ​បន្ត​ប្រើ​ប្រាស់​​យុទ្ធ​សាស្ត្រ​កម្ទេច​អ្នក​មាន​គំនិត​ផ្ទុយ និង​បំបែក​បំបាក់​ស្មារតី​ឯកភាព​ជាតិ ដើម្បី​តែ​បុព្វ​ហេតុ​រក្សា​អំណាច​ផ្ទាល់​ខ្លួន។

ភាព​ខុសគ្នាដែលគួរឱ្យកត់សម្គាល់បំផុត គឺវាសនារបស់អ្នកនយោបាយចាស់វស្សារវាងប្រទេសទាំងពីរ ខណៈ​​ដែល លោក ថាក់ស៊ីន ទទួលបានសេរីភាព និងនៅតែរក្សាបាននូវ​ឥទ្ធិពលក្នុងជួររដ្ឋាភិបាល តាមរយៈគណបក្ស​​ភឿថៃ ឥស្សរជន​នយោបាយប្រឆាំងនៅកម្ពុជា ដូចជា លោក កឹម សុខា លោក សម រង្ស៊ី និងលោក ស៊ុន ចន្ធី បែរ​​ជាត្រូវរងគ្រោះដោយការជាប់បម្រាមធ្វើនយោបាយអស់មួយជីវិត។

ការកាត់ទោសលោក កឹម សុខា ឱ្យជាប់ឃុំ ២៧ ឆ្នាំ និងលោក សម រង្ស៊ី ជាង ១០០ ឆ្នាំ គឺជាការប្រើប្រាស់ប្រព័ន្ធ​តុលាការ​​​​ជាឧបករណ៍នយោបាយយ៉ាងអយុត្តិធម៌បំផុត។ សូម្បីតែអនុប្រធានគណបក្សប្រឆាំង លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បន្តឃុំខ្លួន និងធ្វើទុក្ខបុកម្នេញ ទោះបីជាដល់កាលកំណត់ត្រូវដោះលែងក៏ដោយ ដែល​ទង្វើនេះបានធ្វើឱ្យកម្ពុជា​បាត់បង់ឱកាសក្នុងការកសាងធ្លុងសាមគ្គីភាពជាតិ។

រឹតតែគួរឱ្យអាម៉ាស់សម្រាប់មេដឹកនាំកម្ពុជាថែមទៀតនោះ គឺសូម្បីតែរបបសឹកមីយ៉ាន់ម៉ា ដែលទទួលរងការរិះ​គន់​​​ពី​សហគមន៍​អន្តរជាតិ ក៏បានសម្រេចចិត្តដោះលែងអ្នកទោសនយោបាយជាង ៤ ពាន់​នាក់ និងផ្ទេរលោក​ស្រី អ៊ុង សានស៊ូជី មកឃុំក្នុងផ្ទះដើម្បីបើកផ្លូវឱ្យមានការផ្សះផ្សាជាតិ។

នេះគឺជាមេរៀននៃភាពបត់បែនខាងនយោបាយដែលកម្ពុជាអាចធ្វើបាន ប៉ុន្តែបែរជាមិនព្រមធ្វើ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន បែរជាជ្រើសរើសផ្លូវនៃការបង្ក្រាបយ៉ាងចាស់ដៃ​ទៅលើអ្នកមានមនសិការ​ស្នេហា​ជាតិ ដែល​ហ៊ាននិយាយរឿងព្រំដែន និងអធិបតេយ្យភាពជាតិ ដោយសុខចិត្តកម្ចាត់ខ្មែរគ្នាឯងដើម្បីការពារបល្ល័ង្ក​​​អំណាច ជាជាងការការពារបូរណភាពទឹកដីដែលកំពុងរងការរំលោភបំពាន។

យុទ្ធសាស្ត្រ «ខ្លាំងជាមួយខ្មែរ កំសាកជាមួយថៃ» របស់លោក ហ៊ុន សែន បានក្លាយជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់អនាគតប្រទេសជាតិ។ ក្នុងខណៈដែលមេដឹកនាំថៃបង្រួបបង្រួមផ្ទៃក្នុង ដើម្បីពង្រឹងអំណាចជាតិសម្រាប់​ឈ្លាន​ពាន និងរំលោភយកទឹកដីខ្មែរតាមតំបន់ព្រំដែន មេដឹកនាំកម្ពុជាបែរជាបន្តបំបែកបំបាក់ជាតិឯង ដែលធ្វើឱ្យកម្ពុជាចុះខ្សោយ និងគ្មានកម្លាំងតតាំងជាមួយបរទេស។

ចំពោះការប៉ុនប៉ងផ្តល់គោរមងារដល់លោក ហ៊ុន សែន ជា «បិតាឯកភាពជាតិ» ពីសំណាក់ក្រុមអ្នកគាំទ្រ វាហាក់​បី​ដូច​ជា​ផ្ទុយ​ស្រឡះ​ពីតថភាពសង្គមជាក់ស្តែង។ ឯកភាពជាតិ មិនអាចកើតមានឡើងបានឡើយ ដរាប​ណាមេដឹក​នាំ​នៅ​តែ​បន្ត​ចាប់​ខ្មែរ​ដែល​មាន​គំនិត​ផ្ទុយដាក់ពន្ធនាគារ និងនិរទេសអ្នកនយោបាយប្រឆាំង​​មិន​ឱ្យចូលស្រុក។

ការបែកបាក់សាមគ្គីភាពក្នុងស្រុកដែលបង្កឡើងដោយមេដឹកនាំខ្លួន​ឯង គឺជាអាវុធដ៏មុតស្រួចដែលបរទេស​ប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ពីកម្ពុជា។ ដូច្នេះ គោរមងារដែលស័ក្តិសមបំផុតក្នុងកាលៈ​ទេសៈ​នេះ គឺមេដឹក​នាំ​ដែល​នាំ​មក​នូវការបែកបាក់ និងការបាត់បង់ទឹកដីលើសពីពេលណាៗទាំងអស់ក្នុង​ប្រវត្តិ​សាស្ត្រ​ទំនើប។

នៅក្នុងបរិបទដែល លោក ថាក់ស៊ីន ត្រឡប់មកមានឥទ្ធិពលវិញ វាគឺជាការប្រកាសអាសន្នសម្រាប់កម្ពុជា ព្រោះថៃនឹងប្រើប្រាស់កម្លាំងសរុបនៃសាមគ្គីភាពថ្មីរបស់គេ ដើម្បីដាក់សម្ពាធលើកម្ពុជាកាន់តែខ្លាំង មិនថាលើបញ្ហាព្រំដែន​គោក ឬតំបន់ត្រួតស៊ីគ្នានៅក្នុងសមុទ្រ (OCA) នោះទេ។

ប្រសិនបើមេដឹកនាំកម្ពុជានៅតែបន្តយុទ្ធសាស្ត្រកម្ទេចខ្មែរគ្នាឯង និងមិនព្រមបើកផ្លូវឱ្យមានការផ្សះផ្សាជាតិ​ពិត​ប្រាកដ​​​ទេ​នោះ កម្ពុជានឹងកាន់តែងាយរងគ្រោះ និងត្រូវបរទេសឈ្លានពានតាមអំពើចិត្ត។ ភាពកំសាក​របស់មេដឹក​​នាំ​ចំពោះមុខបរទេស និងភាពឃោរឃៅចំពោះមុខប្រជារាស្ត្រខ្លួនឯង នឹងនាំមកនូវមហន្តរាយដល់ជាតិទាំង​មូល។

សរុបមក ភាពផ្ទុយគ្នារវាងការផ្សះផ្សាជាតិនៅថៃ និងមីយ៉ាន់ម៉ា ជាមួយការបំបែកបំបាក់ជាតិនៅកម្ពុជា គឺជា​សញ្ញាណដ៏គ្រោះថ្នាក់។ មេដឹកនាំកម្ពុជាគួរតែមានភាពអៀនខ្មាសចំពោះមុខមេដឹកនាំជិតខាង ដែលគេចេះ​ប្រើ​ប្រាស់​ការដោះលែងអ្នកនយោបាយជាថ្នូរនឹងភាពរឹងមាំនៃជាតិសាសន៍គេ។

ប្រសិនបើលោក ហ៊ុន សែន នៅតែជ្រើសរើសការពារអំណាចជាជាងការពារទឹកដី និងជ្រើសរើសការបំបែកបំបាក់ជាជាង​ការបង្រួបបង្រួម នោះលោកនឹងត្រូវប្រវត្តិសាស្ត្រចារឹកទុកថាជាមេដឹកនាំដែលធ្វើឱ្យខ្មែរចុះខ្សោយ និងបាត់​បង់​អធិបតេយ្យភាពជាតិទៅក្នុងដៃបរទេសដោយសារតែភាពអាត្មានិយមរបស់ខ្លួន។

ដោយឡែក ក្នុងនាមជាមេដឹកនាំបន្តវេន លោក ហ៊ុន ម៉ាណែត គួរតែចេះឆ្លៀតយកឱកាសមាសនេះដើម្បីរៀនសូត្រពីភាពបត់បែននៃនយោបាយផ្សះផ្សាជាតិនៅប្រទេសជិតខាង ហើយហានបោះជំហានងាកចេញពីគន្លងនយោ​បាយ​​បង្ក្រាបរបស់លោក ហ៊ុន សែន ដែលនាំមកតែភាពបែកបាក់ និងភាពចុះខ្សោយនៃអំណាចជាតិ។

ប្រសិនបើលោកអាចផ្លាស់ប្តូរមកអនុវត្តយុទ្ធសាស្ត្របើកចំហ ដោះលែងអ្នកទោសមនសិការ និងកសាងការបង្រួបបង្រួម​ខ្មែរគ្រប់និន្នាការឡើងវិញ នោះលោកនឹងអាចកសាងខែលការពារអធិបតេយ្យភាពជាតិដ៏រឹងមាំបំផុតដើម្បី​ទប់​​ទល់នឹងមហិច្ឆតាឈ្លានពានរបស់បរទេស ជាជាងការចំណាយកម្លាំងកម្ទេចខ្មែរគ្នាឯងដើម្បី​តែការពារបល្ល័ង្កអំណាច។

ការជ្រើសរើសផ្លូវផ្សះផ្សាជាតិនៅពេលនេះ មិនត្រឹមតែជួយឱ្យលោកចាកចេញពីស្រមោលអវិជ្ជមាននៃឪពុកលោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសង្រ្គោះវាសនាជាតិកម្ពុជាឱ្យផុតពីហានិភ័យនៃជម្លោះផ្ទៃក្នុង និងការ​រំលោភ​បំពានពីខាង​ក្រៅ មុនពេលដែលស្ថានការណ៍គ្រប់យ៉ាងត្រូវហួសពេលដោះស្រាយ៕

អត្ថបទដោយ៖ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ