សង្គម​ស៊ីវិល​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​ផ្តល់​សិទ្ធិ​ឱ្យ​បុគ្គល​ធ្វើ​សំណង់​​រឹង​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​សង្កាត់​រាម

អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន ស្នើ​ឲ្យ​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត ចាត់​វិធាន​កា​រ​លើ​មន្ត្រី​ពាក់​ព័ន្ធ​​ក្រុង​ព្រះ​​សីហនុ ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​សាង​សង់​សំណង់​រឹង​លើ​ដី​ចំណី​ឆ្នេរ​នៅ​សង្កាត់​រាម ក្រុង​ព្រះ​សី​ហនុ ដើ​​ម្បី​​​​​ជា​ប្រយោជន៍​សាធារណៈ​​របស់​ជាតិ ខណៈ​មន្ត្រី​ខេត្ត​ទប់​ស្កាត់​មិន​មាន​ប្រសិទ្ធ​ភាព។

បើតាមប្រភពជាច្រើន ទាម​ទារឱ្យ​រដ្ឋាភិបាល ពិសេស​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បើក​ការ​​ស៊ើប​​អង្កេត​បន្ទាន់​លើ​ប្រធាន​មន្ទីរ​​សុរិយោ​ដី​ខេត្ត​ព្រះ​សីហនុ លោក ចេង ស្រុង ដែល​ថា បាន​​​​​ចេញ​ប្លង់​កម្ម​សិទ្ធិ​​ប៉ះ​ពាល់​ដី​ចំណី​ឆ្នេរ​ឱ្យ​ទៅ​បុគ្គល ឈ្មោះ ថាន ចំរើន ដែល​បច្ចុប្បន្ន ទីតាំង​នោះ​កំពុង​បន្ត​សាង​សង់​សំណង់​រឹង​លើ​​​​ដី​ចំណី​ឆ្នេរ ក្នុង​សង្កាត់​រាម ទោះ​អាជ្ញាធរ​ខេត្ត​អះ​​​អាង​​ថា ​​បាន​ចុះ​ហាម​ឃាត់​​ចំនួន​ពីរ​លើក​រួច​​មក​​ហើយ​ក្តី។

ជុំវិញបញ្ហានេះ នាយកប្រតិបត្ត​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន​ ជ័យ ​លើក​ឡើង​ថា សំណង់​ដែល​កំពុង​ចាក់​ថ្ម​ចូល​សមុទ្រ និង​សង់​សំណង់​រឹងមាំ​នៅ​លើ​ឆ្នេរ និង​ទឹក​សមុទ្រ ស្ថិត​ក្នុ​ង​ភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់​សោម រាល់​ថ្ងៃ​នេះ ​បាន​ប៉ះ​ពាល់​ដល់​​បរិស្ថាន​តំបន់​ឆ្នេរ និង​បំពាន​ច្បាប់​ធ្ងន់​​ធ្ងរ។ លោក​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ជំនាញ​បក​ស្រាយ និង​ត្រូវ​ចុះ​ទប់​ស្កាត់​បន្ទាន់ ដើម្បី​កា​​រពារ​ប្រ​​​យោជន៍​សាធារណៈ។

លោកថា៖ «បើយើងមើលឃើញដោយភ្នែកទទេ យើងមានការសង្ស័យថា សំណង់នេះ គឺសង់បំពាន​ដី​ឆ្នេរ​សមុទ្រហើយ​ចំណុច​នេះ​ ខ្ញុំ​យល់​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ពិសេស​គឺ​មន្ត្រី​ជំនាញ​បរិ​ស្ថាន គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បើ​សិនរ​ក​ឃើញ​ថា​មាន​ការ​រំលោភ​ទៅលើ​ដី​ឆ្នេរ​សមុទ្រ​ហ្នឹង គួរ​តែ​មាន​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​មាន​ការ​បន្ត​ការ​សាសង់​បន្ត​ទៀត ​ក៏​អាច​ថា​ជា​ការ​ស្រាយ​ចម្ងល់​​របស់​ប្រជា​ពលរដ្ឋ​ដែរ»

លើសពីនេះ លោកជំរុញឱ្យរដ្ឋាភិបាល ជាពិសេស អង្គភាពប្រឆាំង​អំពើពុក​រលួយ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់​​ព័ន្ធ​​មក​ផ្តន្ទា​​ទោស​ឱ្យ​បាន​ធ្ងន់​ធ្ងរ ដើម្បី​ជាកា​រ​ព្រមាន និង​ទប់​ស្កាត់​សកម្ម​ភាព​បំផ្លាញ​ធន​​ធា​ន​របស់​​ជាតិ ដែល​​នៅ​សេស​សល់ កុំ​ឲ្យ​បន្ត​បាត់​បង់​ត​ទៅ​ថ្ងៃ​អនា​គត​​ទៀត។

លោកថា៖ «​ប៉ុន្តែសម្រាប់ខ្ញុំ ការដែលទទួលបានប្លង់កម្មសិទ្ធិជាដីឆ្នេរបែប​នេះ គឺហាក់បីដូចជាមាន​ការសង្ស័យទៅ​លើ​​នីតិ​វិធី ឬក៏ដំណើរការទៅលើ​ការទទួល​បានប្លង់កម្មសិទ្ធិដែរ?។ អញ្ចឹង​នៅ​​ពេល​​ដែល​ឃើញ​ស្ថាន​ភាព​បែប​នេះ​ យើង​​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ទៅ​លើដំ​ណើរ​ការ​នៃ​ការ​​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ដី នៅ​មាត់​ឆ្នេរ​បែប​នេះ!។ ហើយ​នឹង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​សាង​សង់។ ហេតុ​អី​បាន​យើង​ស្នើ​សុំ​ឲ្យ​​មា​ន​ពីរ​ចំណុច​នេះ ដោយ​សា​រ​តែ​ពាក់​ព័ន្ធ​ជាមួយ​នឹង​​តំបន់​ឆ្នេរ។ ហើយបើក្នុងករណីរកឃើញ​មានភាពមិនប្រក្រតី ឬក៏សកម្មភាពខុស​ច្បាប់​​ណា​មួយ ហើយមិនមានការអនុវត្តច្បាប់ ឬក៏មិនមាន​ការបង្ក្រាបទេ? ខ្ញុំគិតថា វានឹងក្លាយ​​ជាមេរៀនអាក្រក់មួយ ដែលនាំ​ឲ្យប៉ះពាល់ទៅដល់តំបន់ឆ្នេររបស់កម្ពុជា»។

ប្រហាក់ប្រហែលនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គការលីកាដូ លោក អំ សំអាត ចាត់​ទុក​ការ​ធ្វើសំណង់​រឹង​លើដីឆ្នេរសមុទ្រជារឿងខុសច្បាប់ ហើយ​​ទាម​ទារ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​បើក​​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ជា​បន្ទាន់ ដោយ​ថា ព្រោះ​បាន​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​​របស់​រដ្ឋ ជាពិសេស​​តំបន់​ឆ្នេរ​ខេត្ត​ព្រះ​សី​ហនុ​ធ្ងន់​ធ្ងរ​។

លោកថា៖ ​«ដែនសមុទ្រ ឬមាត់សមុទ្រវាជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចមានកម្មសិទ្ធិឯ​ក​ជនបានទេ ពីព្រោះ​យើង​មាន​ច្បាប់​​ទាក់ទងនឹងច្រាំងសមុទ្រ ឬមាត់សមុទ្រជាដើម។ ហើយបើសិន​ជាបុគ្គលណា​​មួយអាចទទួលបានបណ្ណកម្មសិទ្ធិ? បុគ្គលគ្រប់រូបនោះ​ដែល​​មាន​​​​​​លក្ខខណ្ឌដូចគ្នា ក៏ត្រូវទទួល​បានប​ណ្ណ​​នោះដូចគ្នាដែរ។ នេះបានហៅថាសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ក៏ប៉ុន្តែវាមិនអាចទៅរួច​​ដោយ​សារ​តែ​​ទ្រព្យ​សម្បត្តិទាំង​​អស់ហ្នឹង វាជាទ្រព្យ​​សម្បត្តិសាធារណៈរបស់រដ្ឋ និងបំរើដល់ពលរដ្ឋជាសាធារណៈ»

លោកផ្តល់ជាយោបល់ថា ការអនុច្បាប់ដោយតម្លាភាព និង​មិន​ប្រកាន់​បក្ខ​ពួក​ អាច​ស្តារ​មុខ​មាត់​រដ្ឋាភិ​​បាល​ឡើង​វិញ​ពីការ​​អនុវត្ត​ច្បាប់​ស្តង់​ដាពីរ រវាង​អ្នក​មាន​អំណាច និង​ពលរដ្ឋ​ក្រី​ក្រ​​។

លោកថា៖ «អញ្ចឹងចំពោះករណីហ្នឹង​ ដើម្បីឲ្យមានតម្លាភាព គួរ​តែ​ពិនិត្យ​ឡើង​វិញ​ថា​តើ​ ដល់​អ្នក​ដែល​ទទួ​ល​បាន​បណ្ណ​កម្ម​សិទ្ធិ​ហ្នឹង បណ្ណ​​​កម្ម​សិទ្ធិ​ហ្នឹង​ស្រប​ច្បាប់​ដែរ​ឬ​ទេ?។ បើ​សិន​ស្រប​ច្បាប់ ទទួល​​យក​បាន អ្ន​ក​ដទៃ​​​ក៏​អាច​ទទួល​​យក​បាន​ដូច​គ្នា​ដែរ។ វា​ជា​តម្លា​ភាព ហើយ​​​នឹង​សិទ្ធិ​ស្មើ​គ្នា​​ចំពោះ​មុខ​ច្បាប់។ អញ្ចឹង​​ករណី​ហ្នឹង វាគួរតែមានការ​ស្រាវ​ជ្រាវ និងស៊ើបអង្កេតឡើងវិញ ដើម្បី​កុំឲ្យ​ប៉ះពាល់​​ដល់​ទ្រព្យ​​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ យក​ធ្វើ​ជាក​ម្ម​សិទ្ធិ​ឯកជន»។

វីអូឌី មិនអាចសុំការពន្យល់ពី​អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ពីលោក សយ ច័ន្ទ​វិចិត្រ បាន​ទេ​គិត​ត្រឹម​​ថ្ងៃ​ទី​១៣​​ខែឧ​សភា​នេះ ដោយ​សារ​ទូរសព្ទ​របស់​លោក គ្មាន​អ្នក​ទទួល​ ខណៈ លោក ថាន ចំរើន និងលោក ចេង ស្រុង ប្រធាន​មន្ទីរ​សុរិយោ​ដី​ខេត្ត​ព្រះ​សីហនុ ​​មិន​អាច​ទាក់​ទង​បាន ។

យ៉ាងណាអភិបាលក្រុងកំពង់សោម លោក នួន ប៊ុនថុល បានប្រាប់សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា ទីតាំង​ចាក់​ថ្ម​ចូល​សមុទ្រ និង​មាន​សង់​សំណង់​​​​រឹង​មាំ​ធំ​ស្កឹម​ស្កៃ​នោះ គឺ​ជា​សំណង់​សង់​គ្មាន​ច្បាប់​អនុ​ញ្ញាត។ ហើយថា ​​មន្ត្រី​របស់​លោក​ក៏​បាន​ចុះ​ហាម​ឃាត់​ការ​សាង​សង់​នៅ​ទីតាំង​នេះ ចំនួន​ពីរ​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ថា បុគ្គល​ម្ចាស់​សំណង់​នេះ នៅ​តែ​បន្ត​សាង​សង់​ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ។

លើសពីនេះ លោកថា សំណង់​សង់​អត់​ច្បាប់​នេះ គឺ​ពិត​ជា​កំពុង​ដឹក​ថ្ម​ចាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ដោយ​ម្ចាស់សំ​ណង់​នេះ អះ​អាង​ប្រាប់​មន្ត្រី​លោក​​ថា គេ​មាន​ប្លង់​កម្ម​សិទ្ធិ​ស្រប​ច្បាប់ ចេញ​ដោយ លោក ចេង ស្រុង ប្រធាន​មន្ទីរ​សុរិយោ​ដី​ខេត្ត​ព្រះ​សីហនុ ថែម​ទៀត​​ផង។

មួយវិញទៀត ​​លោកថា រឿងម្ចាស់​សំណង់​មានបណ្ណកម្មសិទ្ធិស្របច្បាប់​ឬអត់​ច្បាប់ ជា​រឿង​ដោយ​ឡែក លោក​មិន​លូក​មាត់​ទេ ប៉ុន្តែ​បើ​ចង់​បន្ត​សាង​សង់​ត្រូវ​តែ​សុំច្បា​ប់​អនុញ្ញាត​​ជាមុន​សិន​។​

លោក​ថា៖ «ឈ្មោះ ថាន ចំរើន ក្បាលដីលេខ៩៩ មានប្លង់កម្មសិទ្ធិ ប៉ុន្តែខ្ញុំ​ឃាត់​​ដោ​យ​​​សារ​អត់​​មា​ន​​ច្បាប់ ហើយ​ប្លង់​ដី​ហ្នឹង​​​នៅ​​ក្នុង​ទឹក​ហ្មង! ខ្ញុំ​ឃាត់​ពីរ​ដង​ហើយ​ ប៉ុន្តែ​នៅ​តែ​ដោះ​សារ​រៀប​ចំ​ដាក់​ច្បាប់ៗ រហូត​​មក​ដល់​ថ្ងៃ​នេះ​(ទី១២ ខែ​ឧសភា) អត់​ទាន់​ឃើញ​​ដា​ក់​ច្បាប់​​​មក​អាជ្ញាធរ​ទេ។ ហើយ​កា​រ​សាង​សង់​អស់​រយៈ​​ពេល​បី​បួន​ខែ​មក​ហើយ។ ម្ចាស់​សំណង់​​ហ្នឹង​ដូច​ជា​ពាក់​ផ្កាយ​ ឬ​អី​មិន​ដឹង​ទេ? ឈ្មោះ ថាន ចំរើន កង​រាជ​អាវុធ​ហត្ថ។ ហើយ​ទីតាំង​សង់​សំណង់​ហ្នឹង​នៅ​​ភូមិ​អុង​ សង្កាត់​រាម។ រាល់​ថ្ងៃ​នេះ ​ម្ចាស់​សំណង់​នៅ​តែ​យក​​លេ​ស​​ចាំ​យក​​​ឯកសារ​មក​សុំ​ច្បាប់?។ គាត់​មាន​​​ប្លង់​កម្ម​សិទ្ធិ​ហើយ ហេតុ​អ្វី​មិន​ព្រ​ម​ធ្វើ​​​ឲ្យ​ស្រប​តាម​ច្បាប់​ទៅ?​ គាត់​ព្យាយាម​ធ្វើ​ឲ្យ​តែ​ខុស»។

​មាត្រា៥៨ នៃរដ្ឋធម្មនុញ្ញ ​ចែង​ថា «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ភ្នំ សមុទ្រ បា​ត​ស​​មុទ្រ ឆ្នេរ​​ស​មុទ្រ កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ[…] ជាដើម និងសំណងផ្សេងៗទៀត ដែល​បាន​កំណត់​​ថា ជា​រ​បស់​​​រដ្ឋ។ ការគ្រប់គ្រង ការ​ប្រើ​ប្រាស់ និងកា​រ​ចាត់​ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​​​ត្រូវ​​កំណត់​ដោយ​​​​ច្បា​ប់»។

រីឯមាត្រា ៥៩ នៃច្បាប់កំពូលនេះ បានចែងពីកាពត្វកិច្ច​របស់រដ្ឋាភិបាល ក្នុង​ការ​រក្សា​ការ​ពារ។

ចំណែ​​ក ច្បាប់ភូមិបាល​ឆ្នាំ២០០១ ក៏បានចែងអំពីវិធានទប់ស្កាត់ និង​ការ​ពារ មិ​ន​ឱ្យ​ទ្រព្យ​សម្បត្តិ​​​​សាធារណៈ​របស់​រដ្ឋ ធ្លាក់​ក្នុង​ដៃ​បុគ្គល​ឯកជន​ដែរ។

មាត្រា៤៣ នៃច្បាប់ភូមិបាល ចែងថា «ទ្រព្យសម្បត្តិសាធារណៈ​របស់​រដ្ឋ មិន​អាច​ជា​កម្ម​​វត្ថុ​នៃ​​កម្ម​​​សិទ្ធិ​​បាន​ឡើយ ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ។ ស្ថាន​ភាព​នៃ​​អ្នក​កាន់​កាប់​ទ្រព្យ​​​សម្បត្តិ​​សាធារណៈ​របស់​រដ្ឋ​នៅ​​តែ​​​មិន​ទៀង​ទាត់ និង​ខុស​ច្បាប់​ដដែល ប្រសិន​ជា​ស្ថាន​ភាព​នោះ​ មិន​កើត​ចេញ​ពី​ការ​អនុញ្ញាត​​តា​មបែ​ប​ផែន​​ដែល​​កំ​ណត់​ដោយ​ច្បាប់​ទេ​នោះ»។

ជាងនេះ​ទៀត​ ​​ច្បាប់​ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ក៏​បាន​កំណត់​ថា រាល់​​គម្រោង​សំណង់​​ធំៗ នៅតំបន់ឆ្នេរ ត្រូវធ្វើ​របាយការណ៍វាយតម្លៃ​ ពី​ផល​ប៉ះ​ពាល់​បរិ​ស្ថាន (EIA), សិក្សា​ពី​​ផល​ប៉ះ​ពាល់​លើ​ទឹក​សមុទ្រ,​ ​ជលផល​ ​និង​សហ​គមន៍ ទទួល​​​​​​​ការ​អនុ​ម័ត​​​ពី​​​ក្រសួង​បរិស្ថាន​ជា​មុន។ ហើយ​ក្នុង​ករណី​គ្មាន​ការ​វាយ​តម្លៃ​ពី​ផល​​ប៉ះ​​ពាល់​បរិ​ស្ថាន​ (EIA) ឬ​បំពាន​​លក្ខ​ខណ្ឌ​ទាំង​នេះ អាជ្ញាធរ​អាច​ចុះ​ផ្អាក​​​គម្រោង ពិន័យ និង​​បញ្ជា​ឲ្យ​រុះ​រើ​សំណង់​នោះ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ