សារនយោបាយរបស់ លោក ហ៊ុន សែន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលបានបង្គាប់ឱ្យលោក ហ៊ុន ម៉ាណែត ដើរត្រង់ទៅរកយន្តការអន្តរជាតិផ្សះផ្សាដោយបង្ខំនៃអនុសញ្ញា UNCLOS ១៩៨២ បានក្លាយជាផ្ទាំងស៊ីបនៃការវិភាគយ៉ាងស៊ីជម្រៅ អំពីភាពមិនស៊ីសង្វាក់គ្នានៃឆន្ទៈការពារអធិបតេយ្យភាពជាតិរបស់លោក ហ៊ុន សែន នាពេលកន្លងមក ដែលមជ្ឈដ្ឋានអ្នករិះគន់មើលឃើញថាជាការអនុវត្តស្តង់ដារពីរដ៏គួរឱ្យកត់សម្គាល់។
ការដែលលោក ហ៊ុន សែន បង្ហាញជំហរដាច់ខាតដោយជំរុញឱ្យលោក ហ៊ុន ម៉ាណែត បោះបង់ការចរចាទ្វេភាគី ហើយដើរត្រង់ទៅរកយន្តការអនុសញ្ញា UNCLOS ១៩៨២ ជាមួយភាគីថៃ គឺជាការបង្ហាញនូវភាពក្លាហានផ្នែកការទូតមួយ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពទន់ជ្រាយ និងការខ្លាចរអាដែលលោក ហ៊ុន សែន មានចំពោះភាគីវៀតណាម ដែលលោកនៅតែបន្តប្រើប្រាស់យន្តការទ្វេភាគីផ្អែកលើសន្ធិសញ្ញាដែលកើតចេញពីសម័យកាលឆ្នាំ ១៩៧៩-១៩៨៥ ដែលត្រូវបានបដិសេធដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លើសពីនេះ សន្ធិសញ្ញាថ្មីមួយទៀតចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដើម្បីបំពេញឱ្យសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ដែលលោក ហ៊ុន សែន បានព្រមព្រៀងជាមួយវៀតណាម ក៏ត្រូវបានគេចាត់ទុកថាខុសច្បាប់ដែរ ដោយសារវាជាការព្យាយាមធ្វើឱ្យស្របច្បាប់នូវអ្វីដែលខុសតាំងពីដើម។ ប៉ុន្តែ រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឆ្នាំ២០២៦ នេះ មិនបានធ្វើតាមសំណើលុបចោលនោះទេ។
ភាពខុសគ្នារវាងការហ៊ានវាយបកដាក់ថៃ និងការបន្តរក្សាភាពស្ងប់ស្ងាត់ចំពោះបញ្ហាដែនសមុទ្រជាមួយវៀតណាមនេះ មិនត្រឹមតែជាការបង្ហាញពីភាពមិនស្មោះត្រង់ចំពោះគោលការណ៍ច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងនូវឆន្ទៈពិតប្រាកដរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថាតើឪពុក-កូននេះ ពិតជាចង់ការពារអធិបតេយ្យជាតិដោយស្មើភាព ឬគ្រាន់តែប្រើប្រាស់បញ្ហាព្រំដែនជាមួយថៃមកធ្វើជាខែលនយោបាយ ដើម្បីបិទបាំងនូវភាពកំសាកខាងការទូតចំពោះប្រទេសជិតខាងម្ខាងទៀតតែប៉ុណ្ណោះ។
ផ្អែកលើទស្សនៈរបស់ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ភាពផ្ទុយគ្នានៃវីរភាពនយោបាយរបស់ លោក ហ៊ុន សែន រវាងករណីព្រំដែនសមុទ្រជាមួយថៃ និងវៀតណាម បង្ហាញឱ្យឃើញនូវភាពមិនស៊ីសង្វាក់គ្នាដ៏ធំធេងមួយ ដែល លោក វណ្ណលី យល់ថា ជាការសម្តែងនូវចរិតលក្ខណៈខ្លាំងជាមួយថៃ ប៉ុន្តែទន់ជ្រាយជាមួយវៀតណាម។
លោក វណ្ណលី បានបន្ថែមទៀតថា ភាពក្លាហានដែលលោក ហ៊ុន សែន មានចំពោះថៃនាពេលនេះ គេមិនដែលឃើញលោកយកមកប្រើប្រាស់ជាមួយវៀតណាមម្តងណាឡើយ ដែលនេះនាំឱ្យមានការចោទសួរថា តើការការពារអធិបតេយ្យភាពជាតិរបស់ លោក ហ៊ុន សែន មានស្តង់ដារពីរ ឬយ៉ាងណា ខណៈដែលមជ្ឈដ្ឋានអ្នកស្នេហាជាតិនៅកម្ពុជា តែងតែចាត់ទុកកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលលោក ហ៊ុន សែន បានធ្វើនាសម័យនោះខុសច្បាប់ ហើយធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី ព្រោះធ្វើឡើងក្នុងអំឡុងពេលដែលកម្ពុជាស្ថិតក្រោមការត្រួតត្រានៃកងទ័ពវៀតណាម។
តាមពិតទៅ ការដែល លោក ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់ UNCLOS ១៩៨២ ជាមួយថៃ តែនៅតែបន្តប្រកាន់ខ្ជាប់នូវតំបន់ទឹកប្រវត្តិសាស្ត្រ និងសន្ធិសញ្ញាឆ្នាំ១៩៨២-១៩៨៥ ជាមួយវៀតណាម គឺជាភស្តុតាងដែលបង្ហាញថា លោក ហ៊ុន សែន ហាក់ដូចជាមានការខ្លាចរអា ឬមានជំពាក់គុណនយោបាយជាមួយវៀតណាមយ៉ាងជ្រាវជ្រៅ ដែលមិនអាចដកខ្លួនរួច។
ការរឹងរូសមិនព្រមងាកទៅរកយន្តការអន្តរជាតិក្នុងករណីវៀតណាម បង្ហាញថា អធិបតេយ្យភាពរបស់លោក ហ៊ុន សែន ហាក់ដូចជាមានជម្រើស ដោយលោកហ៊ានស្រែកដាក់ថៃដើម្បីនយោបាយប្រជាភិថុតក្នុងស្រុក និងបង្ហាញភាពស្នេហាជាតិបំភាន់ភ្នែកមហាជន ប៉ុន្តែលោកបែរជាធ្វើឱ្យកម្ពុជាបន្តស្ថិតក្រោមស្រមោលនៃសន្ធិសញ្ញា ដែលធ្វើឱ្យកម្ពុជាបាត់បង់ផលប្រយោជន៍ដែនសមុទ្រដ៏ធំធេងជាមួយវៀតណាម។
លើសពីនេះទៅទៀត ការដែលលោក ហ៊ុន សែន សម្តែងភាពរីករាយដែលថៃលុបចោល MOU ២០០១ គឺជាយុទ្ធសាស្ត្រវាយបកបែបឌឺដង ប៉ុន្តែវាក៏ជាការទម្លាយឱ្យឃើញនូវចំណុចខ្សោយដ៏ធំមួយ។ ប្រសិនបើលោក ហ៊ុន សែន ជឿជាក់លើ UNCLOS ឆ្នាំ ១៩៨២ ជាអាវុធដ៏មានប្រសិទ្ធភាពមែន នោះលោកគួរតែប្រកាសលុបចោលរាល់យន្តការទ្វេភាគីដែលជាប់គាំង និងខ្វះតម្លាភាពជាមួយវៀតណាម ដែលកើតចេញពីសម័យកាលនៃការត្រួតត្រារបស់វៀតណាមដូចគ្នាដែរ។
ការដែលលោកមិនហ៊ានធ្វើបែបនេះ សបញ្ជាក់យ៉ាងច្បាស់ថា ភាពខ្លាំងរបស់លោក ហ៊ុន សែន គឺជាភាពខ្លាំងដែលមានដែនកំណត់ និងមានគោលដៅនយោបាយច្បាស់លាស់។ លោក ហ៊ុន សែន ប្រើប្រាស់ថៃជាផ្ទាំងស៊ីបដើម្បីបញ្ជាក់ពីភាពជាមេដឹកនាំការពារទឹកដីរបស់លោក និងកូនលោក ប៉ុន្តែបែរជាអនុញ្ញាតឱ្យវៀតណាមបន្តក្តោបក្តាប់ផលប្រយោជន៍ដែនសមុទ្រ តាមរយៈយន្តការទ្វេភាគីដែលត្រូវបានរិះគន់ថាជាយន្តការលក់ជាតិទៅវិញ។
នេះគឺជាភាពកំសាកខាងការទូតដែលត្រូវបានលាបពណ៌ឱ្យទៅជាទំនាក់ទំនងមិត្តភាពយូរអង្វែង ខណៈដែលដីកោះ និងផ្ទៃសមុទ្រខ្មែរត្រូវបានបន្តបាត់បង់ ក្រោមរូបភាពនៃកិច្ចសហប្រតិបត្តិការដែលមិនស្របតាមបទដ្ឋានអន្តរជាតិក្រោមការគ្រប់គ្រងរបស់លោក និងដែលស្នងតំណែងបន្តដោយកូនលោកផ្ទាល់។
សរុបមក របៀបដែលលោក ហ៊ុន សែន ដោះស្រាយបញ្ហាសមុទ្រជាមួយថៃ និងវៀតណាម គឺជាការសម្តែងឱ្យឃើញនូវស្តង់ដារពីរដ៏គួរឱ្យអាម៉ាស់បំផុតក្នុងប្រវត្តិសាស្ត្រការទូតកម្ពុជា។
ការប្រើប្រាស់ច្បាប់អន្តរជាតិសម្រាប់តែភាគីណាដែលខ្លួនមិនសូវស្និទ្ធស្នាល និងបាត់បង់ផលប្រយោជន៍ ប៉ុន្តែបន្តប្រើប្រាស់ការយោគយល់គ្នាសម្រាប់ភាគីដែលខ្លួនខ្លាចក្រែង និងជាខ្នងបង្អែកផ្នែកនយោបាយ គឺជាការបំផ្លាញទំនុកចិត្តជាតិ និងជាការក្បត់ចំពោះស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។
ប្រសិនបើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពិតជាស្រឡាញ់ និងប្តេជ្ញាការពារអធិបតេយ្យជាតិពិតប្រាកដ លោកត្រូវតែបង្ហាញភាពក្លាហានដាក់វៀតណាម ឱ្យបានដូចដែលលោកបានធ្វើដាក់ថៃ ដោយប្រកាសបដិសេធរាល់សន្ធិសញ្ញាខុសច្បាប់សម័យឆ្នាំ៨០ ហើយដើរត្រង់ទៅរក UNCLOS ១៩៨២ ជាសកល។
បើមិនដូច្នោះទេ ពាក្យថាការពារទឹកដីគ្រាន់តែជាពាក្យស្លោកសម្រាប់បោកបញ្ឆោតមហាជន ខណៈដែលដែនសមុទ្រពិតប្រាកដ ត្រូវបានបណ្តោយឱ្យដៃគូជិតស្និទ្ធដែលជាខ្នងបង្អែកនយោបាយរបស់លោក បន្តទាញយកផលប្រយោជន៍តាមចិត្ត ដោយគ្មានការរំខានពីយន្តការច្បាប់អន្តរជាតិដែលយុត្តិធម៌ឡើយ៕
ដោយ លោក សុក្រឹត ពុទ្ធិ









