ការ​​ចុះ​​មូល​​ដ្ឋាន​​រប​ស់​​លោក ​ហ៊ុន សែន ក្រោម​ការ​មើល​ឃើញ​ថា​​មិ​ន​​អាច​​ដោះ​​ស្រាយ​បញ្ហា​​ជាតិ​ចាក់​​ស្រេះ​​បាន

ដំណើរ​​ចុះ​ទៅ​តាម​​បណ្តា​ខេត្ត​​នានា​ ពី​សំណាក់​មេដឹក​នាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដោយ​​មិន​​​ទាន់​​ទៅ​ជួប​​កង​ទ័ព​​ជួរ​មុខ​ និង​​ជន​​ភៀស​​សឹក​​​​​​នៅ​​តាម​​ព្រំដែន​​ខ្មែរ​-ថៃ​ ​ត្រូវ​​បាន​អ្នក​​នយោ​បាយ​​ប្រឆាំង​និង​​អ្នក​​ឃ្លាំ​មើល​​យល់​ថា​ គ្រាន់​​​តែ​​​ជា​ការ​​ចុះ​​ពង្រឹង​​បក្ស​ប៉ុណ្ណោះ​ ​​​មិន​​អាច​ជួយ​​​ដោះ​ស្រាយ​​វិបត្តិ​​ចាក់​​ស្រេះ​​ដែល​​កំពុង​​ញាំ​​ញី​​សង្គម​កម្ពុជា​​បាន​​ឡើយ។

ប្រតិកម្ម​ទាំងនេះ ​កើតមាន​ឡើង​បន្ទាប់​ពី លោក ​ហ៊ុន សែន ​មេ​បក្ស​​កាន់​​អំណាច​ ​កាល​​​ពី​ថ្ងៃ​​​ទី​១៥ខែ​​ឧសភា ​​បាន​ចុះ​​​​​​ទៅ​​​ជួប​សំណេះ​សំណាល​​ជាមួយ​​​មន្ត្រី​​រាជ​ការ​ កង​កម្លាំង​​ប្រដាប់​អាវុធ និង​​ក្រុម​​ប្រឹក្សា​​ឃុំ សង្កាត់​នៅ​ខេត្ត​​ស្វាយ​​រៀង​​​ដែល​​ជា​ខេត្ត​​ទី​៧ បន្ទាប់​​ពី​ខេត្ត​​កំពង់​ចាម ត្បូង​ឃ្មុំ កំពង់​ស្ពឺ តាកែវ កំពត និង​កែប​ ចាប់​តាំង​ពី​​ថ្ងៃ​ទី​​២៥ ខែ​មេសា ឆ្នាំ​២០២៦​មក​។

នៅ​ក្នុង​ជំនួប​នៅ​ខេត្ត​ស្វាយ​រៀង ក៏មិន​ខុសពី​ជំនួបនៅ​ខេត្តផ្សេងៗ​​ទៀត​នោះ​ដែរ លោក​​ហ៊ុន សែន ​បានក្រើន​រំឭក​មន្ត្រី​រាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុក​ដាក់បំពេញតួនាទីភារកិច្ច​បម្រើ​ជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុក​ដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវ​ការនានា​ជូនប្រជាពលរដ្ឋ​ឱ្យបានលឿន និងរហ័ស។

បន្ថែមពីនេះ​ លោក ហ៊ុន សែន​ ជំរុញ​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ ក្នុង​ការ​ថែ​រក្សាធ​ន​ធាន​ធម្ម​ជាតិ ដែល​​មាន​​នៅ​មូល​ដ្ឋាន ទប់​ស្កាត់​ការ​បំផ្លិច​បំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែ​រក្សា​ឱ្យ​បាន​គង់​វង្ស។ លោក​​ក៏​បាន​ក្រើន​រំឭក​​ដល់​មន្ត្រី​ទាំង​អស់ ចៀស​វាង​ភាព​អសកម្ម ឬ​ការ​គៀប​សង្កត់​ណាមួ​យ និង​ត្រូវ​ចាំ​ថា «មន្ត្រី​មិន​មែន​ជា​ចៅ​ហ្វាយ​របស់​​ប្រជា​ជន​​នោះទេ​ គឺ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ប្រជា​ជន»។

តែបើគេសង្កេត​មើល​មួយ​ជ្រុង​ទៀត រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គ្រួសារ​លោក ត្រូវ​អន្តរ​ជាតិ​រក​ឃើញ​ថា​ បាន​រំលោភ​​សិទ្ធិ​​មនុស្ស​ជា​ប្រព័ន្ធ រំលាយ​ប្រព័ន្ធ​ពហុ​បក្ស ប្រាស​ចាក​ពី​រដ្ឋ​ធម្ម​នុញ្ញ ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​សំបុក​ពួក​ឧក្រិដ្ឋ​ជន មាន​បទ​ឧក្រិដ្ឋ​លាង​លុយ​កខ្វក់ និង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ជា​ដើម។

មួយវិញទៀត លោក ​ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ឱ្យដឹងបន្ថែមថា ដំណើរឆ្ពោះទៅ​កាន់​មូល​​ដ្ឋាន​​​របស់​​​ប្រធាន​ព្រឹទ្ធ​សភានេះ គឺក្នុង​គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក៏ដូច​ជា​ពង្រឹង​គណនេយ្យ​ភាព រវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យ​​ការ​ងារ​មូល​ដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​ធ្វើកា​រ​ក្រើន​រំឭក​ដល់​មន្ត្រី​នៅ​មូល​ដ្ឋាន​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ភារ​កិច្ច​របស់​ខ្លួន និង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ល្អប្រ​សើរ។ នេះ​​បើ​​យោង​​តាម​​ហ្វេស​ប៊ុក​ ​លោក​ហ៊ុន សែន។

លោក ​អ៊ុំ សំអាន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​​​ប្រាប់​វីអូឌី​នៅថ្ងៃទី​១៥ខែ​ឧសភា​​នេះ​​​ថា ការ​ដែល​ ​លោក ​ហ៊ុន សែន ​ចុះ​ទៅ​តាម​បណ្តា​​ខេត្តផ្សេង​ៗ​​មិន​មែន​ខេត្ត​ជាប់​​ព្រំដែន​ថៃ ​​គឺ​ដើម្បី​ពង្រឹងបក្ស​ខណៈ​​ការ​​បោះ​​ឆ្នោត​​​ឃុំ សង្កាត់​ ​នឹង​ចូល​មក​ដល់​នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​លោកថា លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត ​​មិន​ហ៊ាន​ចុះ​ទៅ​ជួប​កងទ័ព​ជួរ​មុខ​​ និង​​ជន​​ភៀស​​សឹ​ក​​នៅ​​តាម​ព្រំដែននោះទេ​ ពីព្រោះ​បើចុះ​​ទៅ​នឹង​មិន​មានអ្វី​ដោះសារ​ជាមួយ​ជន​ភៀស​សឹក និង​កងទ័ព​ជួរ​មុខ​​ពីការ​បាត់បង់ទឹកដី​នោះ​ឡើយ​។ បើ​តាម ​លោក​ សំអាន​ ជន​ភៀស​សឹក​អាច​សួរ​លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត ​ថា​តើ​​ពេល​​ណា​រដ្ឋា​ភិ​បាល​ទាម​ទារ​​ទឹក​ដី​​បា​ន​មក​​វិញ ហេតុ​ដូច្នេះ​​មេដឹក​នាំ​​ទាំង​ពីរ​នាក់​​​នេះ អត់មាន​ពាក្យអ្វី​​ដើម្បី​ដោះ​សារ​នោះ​​ទេ។

លោកថា៖ «ហើយមួយ​ទៀត ​គាត់​អត់​ហ៊ានជួប​សួរ​សុខទុក្ខ​ទាហាន​ជួរ​មុខទេ ​ពីព្រោះ​នៅ​ពេល​ដែល​ចុះ​ទៅ​វា​អាច​​បង្កើន​​​កំដៅ​​នយោ​បាយ​​រឿង​​​បញ្ហា​​ព្រំដែន​ជាមួយថៃ។ ​បើ​សិន​ជាគាត់​ចុះ​ទៅ​ទាហាន​​អាចសួរថា ទឹក​ដី​​ខ្មែរ​​យើង​​៦២​ទីតាំង ​ពេល​​ណាសម្តេចទាមទារ​បាន​មក​វិញ? ចឹងគាត់​អត់មាន​ពាក្យ​និយាយដោះ​សារ​ជាមួយ​ទាហាន ចឹងហើយ​បាន​​ទាំងលោក​​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត ​អត់ហ៊ាន​ទៅ​ជួបទាហាន​​ជួរ​មុខ​នោះ​ទេ​។ ដូច្នេះ​​សរុបមក​​លោក​ហ៊ុន សែន​ គាត់​គិត​តែ​ពីនយោបាយ​បក្ស​របស់​គាត់ ​ធ្វើម៉េច​អាច​ឈ្នះ​ឆ្នោត​​​ក្រុម​​ប្រឹក្សា​ឃុំ​ សង្កាត់​​តែប៉ុណ្ណោះ​ឯង ​ប៉ុន្តែ​​សម្រាប់ជនភៀស​សឹក រឿង​ទាហាន​ ​រឿង​ទឹកដី គាត់​ចាត់​ទុក​​ថា​ ​ជា​​រឿង​មិន​សំខាន់ សំខាន់​គឺ​អំណាច​ ​សំខាន់​ជាង​​ជន​​ភៀស​សឹក​ សំខាន់​ជាងទឹកដី និងសំខាន់​ជាង​កង​ទ័ព​​ជួរមុខ»។

បើ​តាម​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ ​ការ​ចុះ​ទៅ​មូលដ្ឋាន​របស់​លោក​ហ៊ុន សែន នឹង​មិន​អាច​ជួយ​ដោះ​ស្រាយ​​​បញ្ហា​​វិបត្តិ​ចាក់​​​ស្រេះ​របស់​សង្គម ដែល​កំពុង​រួមរិត​ទៅ​ដោយ​អំពើ​អយុត្តិធម៌​សង្គម​ អំពើ​ពុករលួយ​បក្ខ​ពួក​​និយម ប្រជា​ពល​រដ្ឋ​​​ចាញ់​​បោក​​​ឧកញ៉ា និង​រឿង​បទល្មើស​​ឆបោក​តាម​អនឡាញ​ដែល​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​​អាម៉ាស់​​មុខ ​នៅលើ​ឆាក​អន្តរជាតិ​នោះ​បាន​ទេ។

នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​​ លោក​អ៊ុំ សំអាន ​យល់ថា អ្វី​ដែ​លោក​​ហ៊ុន សែន ​​ត្រូវ​ធ្វើ​គឺ​ត្រូវ​ជួយ​លោក​​ហ៊ុន ម៉ាណែត​ ឱ្យ​ដោះ​​​ស្រាយ​​វិបត្តិសង្គម​ដោយ​សុទ្ធ​ចិត្ត​ គឺត្រូវ​ធ្វើ​ឱ្យ​សង្គម​មាន​នីតិរដ្ឋ​​ដើរ​តាម​គន្លង​ប្រជា​ធិប​តេយ្យ​​​ពិត​​ប្រាកដ កុំ​គ្រាន់​​តែ​ធ្វើ​ឡើង​​ដើម្បី​ជាការ​សម្តែង​​ធ្វើ​នយោបាយ​ប្រជាភិថុតិដូច​បច្ចុប្បន្ន ​គឺ​មិន​​អាច​ដោះ​​​ស្រាយ​​​វិបត្តិ​សង្គម​​បាន​ទេ។

លោកថា៖ «​​នៅក្នុង​ស្ថានភាព​នេះ ​ក្នុងនាម​ជាប្រមុខ​រដ្ឋស្តីទី ​និងជាមេបក្សកាន់​អំណាច​ លោក​ហ៊ុន សែន ​ធ្វើ​​រឿ​ង​​ជា​ច្រើន​​ដែល​​អាច​​ជួយ​​សង្គ្រោះ​កម្ពុជា​ពីវិបត្តិ​ចាក់ស្រេះ​ហ្នឹង។ ​រឿង​បញ្ហា​ព្រំដែន​​​ធ្វើម៉េច​ជំរុញឱ្យ​រដ្ឋាភិ​​បាល ​លោក​ហ៊ុន ម៉ាណែត ​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ​​ទៅ​ ស្តីពីដែ​ន​គោក។ ដែន​ទឹកប្តឹង​​ទៅ​កាន់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិPCA ទៅ​ អាហ្នឹង​ទើប​អាច​ទាម​ទារ​ទឹកដី​បាន​មកវិញ។​ ហើយ​មួយ​ទៀត ​រឿង​បទឧក្រិដ្ឋ​ឆបោក​តាម​អនឡាញ ​រឿង​អយុត្តិធម៌​សង្គម ​គាត់​ត្រូវ​ជំរុញឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ ហ្នឹង​​លុបបំបាត់​អំពើ​ពុក​រលួយ ​បក្ខ​ពួក​និយម គ្រួសារ​និយម​ ហើយ​ងាក​មក​ផ្លូវ​ប្រជាធិប​​តេយ្យ​ គោរព​​​សិទ្ធិ​​មនុស្ស​»

លោក សំអាន ​​បន្ថែមថា នៅ​ពេល​កម្ពុជា​មាន​ការ​​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ពេល​នោះ​​​នឹង​មាន​គណ​​បក្ស​​ប្រឆាំង​នៅក្នុង​រដ្ឋសភា​​ ដែល​អាច​​នឹងជួយ​តម្រង់​ផ្លូវ​រដ្ឋាភិបាល​​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​ដឹក​នាំ​​រដ្ឋ ​និង​ចង្អុល​បង្ហាញ​នូវ​​ចំណុច​អសកម្ម​របស់​​មន្ត្រី​ខិល​ខូច​អសមត្ថ​ភាព​​មួយ​ចំនួន ​​ហើយ​នៅ​ពេល​នោះ​វិបត្តិ​សង្គម​ចាក់​ស្រេះ​ ​នឹង​អាច​​ដោះ​ស្រាយ​​បានហើយ។

​ជាមួយគ្នា​នេះ​ លោក ​ម៉ែន ណាត ​ប្រធានក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បាន​​ប្រាប់​វីអូឌីនៅ​ថ្ងៃទី​១៥ ខែ​​ឧសភា​​នេះ​​​ថា ការ​​ចុះ​​ទៅ​តាម​បណ្តាខេត្ត​របស់​ លោក​ហ៊ុន សែន ​នៅពេល​នេះ គឺ​ជា​ការ​ចុះ​ឃោសនា​​រក​សំឡេង​ឆ្នោត​​ ​​នៅ​​មុន​​ពេល​​បោះ​​ឆ្នោត ​ដូ​ច​កាល​​ពី​​ពេល​​កន្លង​មក​​ដែរ ​គឺ​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សង្គមធំៗ​​បាន​​​នោះ​ទេ​។ ទាក់​ទង​បញ្ហា​វិបត្តិ​​ជាតិ​​ធំៗ ​ដូច​ជា បញ្ហា​ព្រំដែន​ជាមួយ​សៀម ឧក្រិដ្ឋកម្ម​អនឡាញ វិបត្តិ​អយុត្តិ​​​ធម៌​​​សង្គម វិបត្តិបែក​បាក់​ជាតិ វិបត្តិ​សេដ្ឋកិច្ច​​ និង​វិបត្តិ​អំពើ​ពុក​រលួយ​ ​​រួម​ទាំងការ​ឆបោក​គ្រប់​​ទម្រង់​លោក​​​​ហ៊ុន សែន​ មិន​អាចដោះ​ស្រាយ​បាន​ទេ ដោយ​​សារ​មេបក្ស​កាន់​អំណាច​​រូបនេះ គ្មាន​ចេតនា​ពិត​​ប្រាកដ​​​ក្នុង​ការ​​ដោះ​​ស្រាយ​ឡើយ​។

លោកថា៖ «អាចេតនាពិតប្រាកដក្នុងការ​ដោះ​ស្រាយ​បញ្ហា​ជាតិនឹងគាត់​មិន​ធ្វើ​។ គាត់​ធ្វើ​យ៉ាងម៉េចបាន ឧទាហរណ៍​ឧក្រិដ្ឋកម្មឆបោក​អនឡាញ ​មនុស្ស​ដែល​ជាប់​ជំពាក់​រឿង​អាស្រូវ​​ហ្នឹង ​​គឺ​សុទ្ធ​តែជា​ដៃជើង​របស់​​គាត់​ សុទ្ធតែជាមនុស្ស​​ជំនិតៗ​បស់គាត់ ដូច​ជា លី យ៉ុងផាត់ ដូច​ជា កុក អាន ដូច​ជា ​ទ្រី ភាព អី​​សុទ្ធ​តែ​ជា​​មនុស្ស​​​​ជំនិត​​​បស់​គាត់។ ហើយ​មួយ​ទៀត​ករណី​លោក ហ៊ុន តូ អី​ជា​សាច់​ញ្ញាតិ​​បស់គាត់​។ ហើយ​​មក​​ដល់​​ថ្ងៃ​ហ្នឹង ​ហ៊ុន សែន ​មាន​​បើក​ការ​​ស៊ើប​អង្កេត​​​លើ​​ពួក​​អស់​ហ្នឹង​ទេ​? គឺ​​អត់​​ទេ! អត់​ទេហ្នឹង​​ហើយ​​ដែល​​ដោះ​​ស្រាយ​​វា​មិន​​ចេញ​។ ហើយ​ពួក​អស់​ហ្នឹង​​ដើរបោក​​ប្រាស់​អ្នក​​ស្រុក​​ពេញ​​ប្រទេស​។ ហើយ​ម្យ៉ាង​ទៀត​ ​អ្នក​អស់​ហ្នឹង​​ដើរ​បោក​​ប្រាស់​ជាអ​ន្តរ​ជាតិ​ទៀត​ ​ធ្វើ​ឱ្យកម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​»។

បើ​តាម​អ្នក​ឃ្លាំមើល​រូប​នេះ​ វិបត្តិ​​ព្រំដែន​ក៏​មិន​អាច​ដោះ​ស្រាយ​​បាន​​ដែរ ​ដោយ​​សារ​​តែ​ លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត​ មិន​ត្រឹម​​តែ​​​មិន​​បាន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិន​បាន​ប្រើ​​សិទ្ធិ​ការ​​ពារ​​នៅ​​លើ​​ដី​​ជាក់​​ស្តែង​​​ថែម​ទៀត​ ធ្វើ​ឱ្យ​ទាហាន​​ថៃ​​ចូលមក​ដណ្តើម​កាន់​កាប់​ទឹក​ដី​កម្ពុជា​​តាម​អំពើ​ចិត្ត​​​ជារៀង​រាល់​ថ្ងៃ ​​ដែល​បើគិត​ចាប់​ពីក្រោយ​បទ​ឈប់​បាញ់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ រហូត​​មក​​ដល់​​ពេល​នេះ​គឺ​​កើន​ឡើង​​រហូត​​ដល់​​ជាង​​៦០​​ទីតាំង​​ហើយ​។

លោក​បន្ថែម​ថា នៅក្នុង​ស្ថានភាព​ចំពោះ​មុខ​នេះ អ្វី​ដែល​​លោក​ហ៊ុន សែន និង​លោក​ហ៊ុន ម៉ាណែត ​​ត្រូវ​ធ្វើ​ ប៉ុន្តែ​​បែរ​ជាមិន​ធ្វើ ​គឺត្រូវ​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ប្រកាន់​​យក​នីតិរដ្ឋ ធ្វើការ​ផ្សះផ្សារ​បង្រួប​បង្រួមជាតិ​ដោយ​​ចាប់​ផ្តើម​ពីការ​​ដោះលែង​ ​​និងទម្លាក់​ចោល​បទចោទ​លើ​អ្នក​ទោស​នយោបាយ ​និង​សកម្ម​ជន​សង្គម ​សកម្ម​​ជន​​បរិស្ថាន​​ទាំង​អស់ ប្តឹង​​សៀម​ទៅ​តុលាការ​អន្តរជាតិ​ និងត្រូវ​ធ្វើកិច្ចការ​ការ​ការទូត​​ឱ្យបាន​​ខ្លាំងក្លា និង​​​ក៏​​ត្រូវ​ដាក់​កម្លាំង​ទ័ព​ការ​ពារនៅ​លើ​ដីជាក់​ស្តែង​​ផងដែរ បើទោះបីជាមាន​ការផ្ទុះ​អាវុធ​ក៏ដោយ ​មិន​អា​ច​នៅ​​​ឈរ​ឱប​ដៃមើ​ល​​សៀម​​ចូល​​វា​ទ​យ​ក​​ទឹក​​​ដី​​តាម​​អំពើ​ចិត្ត​ដូច​បច្ចុប្បន្ន​នេះទេ ។​

លោកថា៖ «បញ្ចៀស​ការឈ្លាន​ពាន​ពីប្រទេស​ជិតខាង​រឿងហ្នឹង​ចាំបាច់ ប្រើសិ​ទ្ធិ​ការ​ពារ​ខ្លួន​​​ប្រើ​សម្ពាធ​​អន្តរ​ជាតិ​ និង​​​​ប្តឹង​សៀម​​ឈ្លាន​ពាន​​​ទៅ​​តុលាការ​អន្តរជា​តិ​​ធ្វើ​អាហ្នឹង។ ចុងក្រោយ​ត្រូវដោះ​​ស្រាយ​​ស្តារ​កេរ្តិ៍​​ឈ្មោះ​​កម្ពុជា​​ តាម​រយៈ​ការ​ផ្តន្ទាទោស​ការដែល​នាំទៅ​រក​ការចាប់​ខ្លួនពួក​ឧក្រិដ្ឋ​កម្ម​​អនឡាញ ពួកដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​​អន​​ឡាញ​ ពួក​មេ​ខ្លោង​​ ​រួមទាំងការ​ពង្រឹងនីតិរដ្ឋ​ការ​ពង្រឹង​វិស័យ​យុត្តិធម៌ ការពង្រឹងវិស័យ​សេដ្ឋកិច្ច​ឡើង​​វិញ​ ហើយ​ដោះ​ស្រាយ​បញ្ហា​​ទាំង​អស់ហ្នឹង​ជា​ជំហ៊ានៗ ​ខ្ញុំ​យល់ថា នឹង​អាច​សង្គ្រោះជាតិកម្ពុជា​នឹង​ចេញ​ពី​វិបត្តិ​​​ចាក់ស្រេះ​ហ្នឹង​បានហើយ​»។

បើ​ទោះបីជាចាប់​តាំងពីក្រោយ​បទឈប់​បាញ់​លើក​ទី២ កាល​ពីថ្ងៃទី​២៧ ​ខែធ្នូ ​ឆ្នាំ​២០២៥ មក ​​ទា​ហានថៃ​បាន​​​ប្រើបន្លា​លួស ​និងទូរកុងតឺន័រ​​សម្រុក​រុល​ចូលវាទ​យក​ទឹក​ដីខ្មែរជាបន្តបន្ទាប់ ​មិន​មែន​១មិល្លីម៉ែត្រ ប៉ុន្តែ​មាន​​រហូត​​​ដល់ជាង​៦០​ទីតាំង​ មាន​ទំហំ​រាប់​រយគីឡូម៉ែត្រ​​ការ៉េក្តី ក៏​លោក​​ហ៊ុន សែន ​បាន​ប្រៀប​​ប្រដូច​ការ​​ឈ្លាន​​ពាន​​ទឹកដីពី​សំណាក់​​ថៃ​នេះ ​ថា​ដូច​ជារបួស​កូន​ដៃ ​ដែល​មានទំហំផ្ទៃដី​តែប៉ុន្មាន​​ហិកតាប៉ុណ្ណោះ​។ ការ​​អត្ថាធិប្បាយ​​របស់​លោក​ហ៊ុន សែន​ នេះ​ធ្វើ​ឱ្យ​មាន​​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​បញ្ញ​វន្ត ​និ​ង​ប្រជាជាតិ​ខ្មែរ​ជា​​ច្រើននៅ​គ្រប់​ទិសទី​ ថែម​​ទាំង​ធ្វើ​ឱ្យមាន​មន្ទិល​​​កាន់​តែខ្លាំង​ ​ចំពោះ​សុចរិត​ភាព​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​​​ជាមួយ​ថៃ​របស់​រដ្ឋា​ភិបាល​​លោក​ហ៊ុន ម៉ាណែត ​​ខ​ណៈ​​លោក​ហ៊ុន សែន ​ក៏ត្រូវ​បាន​អ្នកនយោបាយ​ប្រឆាំង​និង​បញ្ញវន្ត​ឯករាជ្យ​​​ចង្អុល​បង្ហាញ​ថា បាន​កាត់​ទឹក​ដី​​កម្ពុជា​​ទាំងដីគោក កោះ​ត្រល់ ​និងចង្កោមកោះ​ក្រចក​​សេះ ​រួម​ទាំង​ផ្ទៃសមុទ្រ​រាប់​ម៉ឺនគីឡូម៉ែត្រ​ការ៉េ​ទៅ​ឱ្យ​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ