កុមារ​​​នៅ​​តំបន់​​បឹង​​ទន្លេ​សាប​​ខេត្ត​​បាត់​​ដំបង​​ឈប់​​រៀន​​ច្រើន​​​ដោយ​សារ​​ជីវភាព​​លំបាក​

ភ្ញៀវ​​ទេសចរ​​ដែល​​ទៅ​​ទស្ស​នា​​តំបន់​​ភូមិ​​អ្នក​​នេសាទ​​ក្នុង​​​ឃុំ​​ព្រៃ​​ចាស់ ស្រុក​​ឯក​ភ្នំ ខេត្ត​​បាត់​ដំបង​ ភាគ​​ច្រើន​​ធ្វើ​​ដំណើរ​​​តាម​​ផ្លូវ​​ទឹក តាម​​បណ្ដោយ​​ដង​​ស្ទឹង​​សង្កែ ចំណុច​​កំពង់​ដ​​ក្បែរ​​ភូមិ​​បាក់​​អំរែក ​ឆ្ពោះ​​ទៅ​​កាន់​ភូមិ​​បាក់​​ព្រា។ ក៏​​ប៉ុន្តែ​​អំឡុង​ខែ​​ឧសភា​​នេះ ស្ថាន​ភាព​​ទឹក​​ទន្លេ​​សាប​​រីង​រាក់​​ផ្នែក​​ខ្លះ​ ធ្វើ​​​ឱ្យ​​ទឹក​​ស្ទឹង​​សង្កែ​​ខ្សត់​​ទឹក​​ខ្លាំង និង​​តំបន់​​ខ្លះ​​ទៀត​​រីង​​គោក​​រាក់ ពុំ​​អាច​​ធ្វើ​​ដំណើរ​​តាម​​ផ្លូវ​​ទឹក​​បាន​​​នោះ​​ឡើយ។

ប្រការ​នេះ ភ្ញៀវ​ទេសចរ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​យ៉ាង​​លំបាក​លំបិន​ ដោយ​​មាន​​ចម្ងាយ​​ជាង ៥០​គីឡូ​ម៉ែត្រ ពី​ក្រុង​​បាត់​​ដំបង។ ឯ​ផ្លូវ​គោក​​ក៏​កាន់​តែ​លំបាក​ទៅ​ទៀត ព្រោះ​មាន​ភក់​ល្បាប់​ និង​​មាន​ជង្ហុក​ច្រើន​សម្បូរ​ដោយ​​ដី​ខ្មៅ​​ស្អិត​​នៅ​ចន្លោះ​ព្រៃ​លិច​ទឹក។

ផ្លូវ​ទឹក​ក៏​មិន​អាច​ធ្វើ​ដំណើរ​បាន ហើយ​ផ្លូវ​គោក​ក៏​មិន​អាច​ធ្វើ​ដំណើរ​បាន គឺ​ជា​ឧបសគ្គ​​​ដែល​​ធ្វើ​​ឱ្យ​​អ្នក​ភូមិ​​ជាង ១ ពាន់​​៣​រយ​​​គ្រួសារ រស់​​​នៅ​​តំបន់​​បឹង​​ទន្លេ​សាប ក្នុង​​ឃុំ​​​ព្រៃ​​ចាស់​ ​រស់​នៅ​​ឯកោ​​ដាច់​​សង្វែង ​ប្រឈម​​ជីវ​ភាព​​លំបាក​​ខ្លាំង ដោយ​​គ្រួសារ​​ខ្លះ​បង្ខំ​ចិត្ត​ឱ្យ​កូនៗ​ឈប់​រៀន ដើម្បី​រក​ការងារ​ធ្វើ​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព។

អ្នក​សារព័ត៌មាន​វីអូឌី​ បា​នចុះ​ស្រាវជ្រាវ​នៅ​តំបន់​នោះ ​​នៅ​ដើម​សប្តាហ៍​នេះ ប្រទះ​ឃើញ​កុមារ​ និង​​ក្មេង​​ជំទង់​​រាប់​រយ​​​នាក់ ភាគ​​ច្រើន​​ដែល​រស់​នៅ​ក្នុង​​ភូមិ​ចំនួន៥ ក្នុង​ឃុំ​ព្រៃ​ចាស់ គឺ​ភូមិ​បាក់ព្រា​ ភូមិ​​កោះ​​ជីវាំង ភូមិ​អន្លង់​សណ្តាន់​ ភូមិ​​ពាមសីមា​ និង​​ភូមិ​​ព្រៃ​ចាស់​ បាន​ទៅ​ស្នាក់​នៅ​ក្នុង​សាលា​អនុវិទ្យាល័យ​ព្រៃចាស់ ក្នុង​ភូមិ​បាក់ព្រា។

ទេសភាព​នា​ពេល​ល្ងាច ​ព្រះ​សុរិយា​រៀប​អស្ដង្គត​ សិស្សានុសិស្ស​ដែល​ស្នាក់​នៅ​ក្នុង​​សាលា​​ជា​ក្រុមៗ បាន​មក​អង្គុយ​​ជុំ​​​គ្នា​មុខ​​អគារ​ ហើយ​ពួកគេ​ភាគច្រើន ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​​សៅរ៍ និងថ្ងៃ​​អាទិត្យ។ ក្នុង​ចំណោម​សិស្ស​ជិត ១០០​នាក់​ សិស្ស​​មួយ​ចំនួន​​បាន​មក​ស្នាក់​នៅ​ក្នុង​សាលា​​អនុវិទ្យាល័យ​ព្រៃចាស់  ដែល​សាងសង់​ឡើង​ដោយ​សមាគម​​សម្រេច​​​សុបិន្ត​​កុមារ ។

ពលរដ្ឋ​រស់​នៅ​ភូមិ​បាក់ព្រា អ្នកស្រី គិត ចំរើន ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា​​ថា​ កូនៗ​​រប​ស់​​អ្នក​ស្រី​​ឈប់​​រៀន ២នាក់ ត្រឹម​​ថ្នាក់​​អនុ​វិទ្យា​ល័យ ដោយសារ​អ្នក​ស្រី​ពុំ​មាន​លទ្ធភាព​ឱ្យ​កូន​រៀន​បន្ត។ អ្នកស្រី​ថា អ្នកភូមិ​អាច​រក​ប្រាក់​ចំណូល​​បាន តែ​ក្នុង​រដូវ​បើក​​នេសាទ ក្នុង​រដូវ​វស្សា​​ប៉ុណ្ណោះ ​ក្រៅ​ពី​នេះ​អ្នកភូមិ​ពុំ​មាន​មុខ​របរ​ផ្សេង​ឡើយ​ រូមផ្សំ​នឹង​ផ្លូវ​​ពិបាក​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ ពិបាក​ស្វែង​រក​ការងារ​ធ្វើ​បន្ទាប់​បន្សំ។

អ្នកស្រី គិត ចំរើន និយាយថា​៖ «ឈប់​ច្រើន​បណ្ដោយ ម៉ែ​ឪ​ទៅ​ស៊ីឈ្នួល​គេ​អស់​ទៅ ​ទៅ​តាម​ម៉ែ​ឪ​ទៅ ឈប់​ខ្លួន​ឯង​ទៅ​​ធ្វើការ​អស់។ អត់​មាន​លុយ​ឱ្យ​ទៅ ដូច​កូន​ខ្ញុំ ជូន​កាល​ទៅ​ធ្វើការ​ឱ្យ​គេ​បាន​ ៤ទៅ ៥​រយ​ទៅ វា​ពិបាក​បណ្តោយ»។

មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ជាង ១​ពាន់​៣រយ​គ្រួសារ រស់​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ ក្នុង​ភូមិ​ចំនួន៥ ក្នុង​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯកភ្នំ ភាគ​ច្រើន​មាន​ជីវភាព​ពឹង​ផ្អែក​លើ​ផល​នេសាទ តាំង​ពី​បុរាណ​កាល​មក​។ រីឯ​សិស្ស​សាលា​បញ្ចប់​ការ​​សិក្សា​កម្រិត​បឋមភាគច្រើន បាន​នាំគ្នា​មក​រៀន​បន្ត​នៅ​អនុវិទ្យាល័យ​ព្រៃចាស់ ដែល​ឋិត​ក្នុង​ភូមិ​បាក់ព្រា។

ពលរដ្ឋ​ម្នាក់​ទៀត ​អ្នកស្រី ចៀន លក្ខណា ប្រាប់​វីអូឌី​ថា ពលរដ្ឋ​ជិត ៥០០គ្រួសារ ​ក្នុង​ភូមិ​បាក់ព្រា​ ពឹង​ផ្អែក​លើ​ផល​នេសាទ ហើយ​​ផល​នេសាទ​ដែល​អាច​រក​បាន​តែ​រដូវ​ត្រី​ចុះ​​ប៉ុណ្ណោះ ដោយ​ពុំ​មាន​មុខ​របរ​ណា​ផ្សេង​ឡើយ។ ប្រការ​នេះ ធ្វើ​ឱ្យ​អ្នកភូមិ​ជួប​ការ​​លំបាក​ផ្នែក​ជីវភាព និង​ដាក់​សម្ពាធ​ឱ្យ​កូនៗ​ឈប់​រៀន។

អ្នកស្រី ចៀន លក្ខណា និយាយថា៖ «រក​ឱ្យ​កូន​រៀន រៀន​បាន​ត្រឹមទី ៧ និង​ទី០៨ គេ​អ្នកមាន​ គេ​បាន​រៀន​ត្រឹម​ទី ០៩ ។ ជូន​​កាល​កូន​អាយុ ៨ឆ្នាំ ​អ​ត់​​បាន​​រៀន​​ទេ ខ្វះ​ខាត​ច្រើន​ ម្តាយ​ឪពុក​អត់​មាន​លទ្ធភាព​ឱ្យ​កូន​រៀន»

អ្នក​ភូមិ​បាក់ព្រា​​ម្នាក់​ទៀត អ្នកស្រី គិត ឌូ ប្រាប់​​ថា គ្រួសារ​​របស់​​អ្នក​ស្រី​​មាន​​ជីវភាព​​ទី​ទ័ល​​ក្រ​​ខ្លាំង​ រក​​ព្រឹក​​ខ្វះ​​ល្ងាច​ មិន​​អាច​​មាន​​លទ្ធ​ភាព​​រក​​ប្រាក់​ឱ្យ​កូន​រៀន​បាន​ឡើយ។ អ្នកស្រី​ថា កូន​អ្នក​ស្រី ២នាក់ ឈប់​រៀន ដោយ​សារ​ជីវភាព​​ខ្វះ​​ខាត​​​ខ្លាំង។

អ្នកស្រី គិត ឌូ និយាយ​ថា៖ «ខ្ញុំ​ក៏​ដូច​គ្នា កូន​អត់​បាន​រៀន​ ព្រោះ​ទៅ​រក​ដើម្បី​រក​លុយ​ទិញ​អង្ករ​ហូប ព្រឹក​ល្ងាច ដល់​ស្មើ​នេះ​ហើយ អត់​មាន​ម្ហូប​ហូប​បាយ»

គ្រូ​បង្រៀន​ម្នាក់បង្ហើបថា ដើម​ឆ្នាំនេះ សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​ព្រៃ​ចាស់មាន​ចំនួន ១២៩ នាក់ ឈប់​រៀន​ជា​បន្ត​បន្ទាប់ រហូត​​​បច្ចុប្បន្ន​នៅ​សល់​​តែ ៩៨ នាក់​ប៉ុណ្ណោះ។ ឯ​សិស្ស ៩៨ នាក់ ​កំពុង​សិក្សា​ ក៏​មាន​សិស្ស​ខ្លះ​មក​រៀន​មិន​ទៀង​​ទាត់​​ដែរ។ គ្រូ​បង្រៀន​វិទ្យាល័យ​ព្រៃ​ចាស់ ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះបារម្ភ​ថា សិស្ស​បោះបង់​ការសិក្សា​ ដោយ​សារ​​កត្តា​​ជីវភាព និង​បញ្ហា​ធ្វើ​ដំណើរ។

បញ្ហា​នេះ ​ថ្នាក់​ដឹក​នាំ​សាលា បាន​អនុញ្ញាត​​ឱ្យ​សិស្ស​ស្នាក់​នៅ​​​ក្នុង​អ៊ិនតេ​(NT)ក្នុង​សាលា​ ដោយ​ក្នុង​មួយ​សប្ដាហ៍​អាច​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្តង។ កញ្ញា​បន្ថែម​ថា សិស្ស​ឈប់​រៀន​ភាគ​ច្រើន​ថ្នាក់​ទី​០៧ ហើយ​សិស្ស​ខ្លះ​ក៏​មក​រៀន​អត់​ទៀង​​ទាត់​​ដែរ។

គ្រូបង្រៀនរូប​នោះ និយាយថា៖ «មូល​ហេតុ​សិស្ស​បោះបង់​ការ​សិក្សា​នៅ​តំបន់​ទន្លេ​សាប​ ទី១​ជីវភាព​គាត់​ខ្វះខាត ទី២ បញ្ហា​​ធ្វើ​ដំណើរ តែ​បញ្ហា​ធ្វើ​ដំណើរ តែ​បញ្ហា​ធ្វើ​ដំណើរ​ខាង​សាលា​អាច​ដោះស្រាយ​ ឱ្យ​ខាង​សិស្ស​ទាំង ២ភេទ​ស្នាក់​​នៅ​អ៊ិន​តេ មួយ​សប្តាហ៍​ធ្វើ​ដំណើរ​មក​ម្តង និង​ទៅ​ម្តង»

វីអូឌី​ មិន​ទាន់​អាច​ទាក់ទង​​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​បាត់​ដំបង លោក សុខ លូ ដោយ​ទូរស័ព្ទ​ហៅ​​ចូល​ច្រើន​ដង តែ​គ្មាន​​អ្នក​លើក​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា។

ចំណែក ​អ្នកនាំ​ពាក្យ​ក្រសួង​​អប់រំ លោក រស់ សុ​វាចា ក៏​​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ  គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តំបន់​បឹង​ទន្លេសាប​ស្ថាន​ភាព​ទឹក​ឡើង​ចុះ​តាម​ដូវ​ប្រាំង និង​​វស្សា ដែល​​ជា​​កត្តា​​ចម្បង​​ធ្វើ​​ឱ្យ​​សិស្ស​សាលា​​ជា​​ច្រើន​​ពិបាក​​​ធ្វើ​​ដំណើរ​​ទៅ​​រៀន។ រដូវ​ប្រាំង​ទឹក​ស្រក​ខ្លាំង​ សិស្ស​សាលា​ខ្លះ​ ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ឬ​ទូក​តាម​បណ្ដោយ​ស្ទឹង​សង្កែ ឯ​រដូវ​វស្សា​ចាប់​ពី​ខែ​សីហា ដល់​ខែ​តុលា ​ពួកគាត់​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ទូក​។ ប្រការ​នេះ ជា​ផ្នែក​មួយ​ធ្វើ​​ឱ្យ​​សិស្ស​​សាលា​​ជា​ច្រើន​នាក់ ​​បង្ខំ​ចិត្ត​ឈប់​រៀន​ ជា​រៀងរាល់​ឆ្នាំ​។

កន្លង​ទៅ​ ក្រសួង​អប់រំ និង​​អង្គ​ការ​​យូនី​សេហ្វ​(Unicef) បាន​​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស​ បំណង​ដោះស្រាយ​បញ្ហា​​អត្រា​​​បោះបង់​​ការ​សិក្សា​​ដែល​នៅ​តែ​ខ្ពស់​នៅ​ឡើយ និង​ធានា​ថា កុមារ​គ្រប់​រូប​ចាប់​ពី​វ័យ​កុមារ ​រហូត​ដល់​វ័យ​ជំទង់​​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​បរិយាប័ន្ន និង​គុណភាព។  

រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ លោក ហង់ ជួនណារ៉ុន ធ្លាប់​លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​ការ​បោះបង់​ការ​សិក្សា​របស់​កុមារ​ កម្ពុជា​​បាន​ពង្រីក​លទ្ធភាព​សេវា​អប់រំ​​គ្រប់​កម្រិត ដើម្បី​​ធានា​​ថា កុមារ​គ្រ​ប់រូប​មិន​​ត្រឹម​តែ​​បា​ន​​ចូល​​សាលា​​រៀន​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​ពួក​គេ​​ត្រូវ​បញ្ចប់​ការសិក្សា​ដោយ​មាន​ជំនាញ​ចាំ​បាច់​សម្រាប់​ជីវិត និង​ការងារ។

លោកថា ក្រសួង​អប់រំ  សហការ​ជាមួយ​អង្គការ​យូនីសេហ្វ (Unicef) និងដៃ​គូពាក់ព័ន្ធ​ កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​ដើម្បី​​​ពង្រឹង​​ការ​គាំពារ និង​អភិវឌ្ឍន៍​​កុមារ​ លើក​កម្ពស់​ការ​រៀនសូត្រ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នាំឱ្យ​កុមារ​​បោះបង់​ការសិក្សា។

ជុំវិញ​រឿង​នេះ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​​(LICADHO)នៅ​ខេត្ត​បាត់​ដំបង លោក អ៊ិន គង់​ជិត យល់​ថា មន្ទី​រ​អប់រំ​​ខេត្ត​​បាត់​ដំបង​ និង​​អាជ្ញាធរ​​ខេត្ត​​នេះ ​គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​​​​បញ្ហា​ប្រឈម​ជូន​សិស្ស និង​អាណា​ព្យាបាល ឱ្យ​​​មាន​ប្រសិទ្ធ​ភាព ដើម្បី​​កាត់​បន្ថយ​កុមារ​​បោះបង់​ការ​សិក្សា​។

លោក​ថា អាជ្ញាធរ​គួរ​ពន្លឿន​កសាង​ផ្លូវ​លំ​ចូល​ទៅ​តំបន់​នោះ​ឱ្យ​មាន​គុណភាព​ងាយ​ស្រួល​​សិស្ស​ធ្វើ​ដំណើរ​ទៅ​រៀន និង​​ផ្តល់​ជំនាញ​កសិកម្ម​ឱ្យ​ពលរដ្ឋ​ប្រកប​របរ​បន្ទាប់​បន្សំ។

លោក អ៊ិន គង់ជិត ថ្លែ​ងថា​៖ «កត្តា​ទាំង​អស់​នេះ ត្រូវ​រួម​គិត​ទាំង​អស់​គ្នា ជា​មួយ​អាជ្ញាធរ​ខេត្ត​ ជា​ពិសេស​មន្ទីរ​អប់រំ​ខេត្ត ការិយាល័យ​អប់រំ​ស្រុក ជាមួយ​នឹង​សហគមន៍ អាជ្ញាធរ​ក្នុង​តំបន់​ហ្នឹង​ ទើប​កាត់​បន្ថយ​បោះបង់​ការ​សិក្សា​របស់​សិស្ស»

ទិន្នន័យ​ក្រសួង​អប់រំ​ក្នុង​ឆ្នាំ២០២៣ ឱ្យ​ដឹងថា កម្ពុជា​​មាន​​កុមារ​​ ៣ លាន​​នាក់ ក្នុង​នោះ ២ លាន​នាក់ ​នៅ​ក្នុង​បឋម​សិក្សា និង ១ លាន​នាក់ ​នៅ​អនុវិទ្យាល័យ។ ​ក្នុង​ចំណោម​កុមារ​​និង​ក្មេង​ជំទង់​ទាំងនោះ​ មាន​​កុមារ​ប្រហែល ៣សែន​​​នាក់ មិន​បាន​​ចូល​​រៀន ឬ​នៅ​ក្រៅ​សាលា។

គិត​មក​ដល់​ឆ្នាំ ២០២៤ អត្រា​បោះបង់​ការ​សិក្សា​នៅ​តែ​ខ្ពស់​ គឺ​មាន​កុមារ ១៥.៥ ភាគ​រយ ​បាន​បោះបង់​ការ​សិក្សា​នៅ​​កម្រិត​​មធ្យម​​សិក្សា និង​បឋមភូមិ។ បន្ថែម​ពី​នេះ មាន​ក្មេង​ជំទង់​កាន់​តែ​ច្រើន​កំពុង​បន្តការសិក្សា មាន​ត្រឹម​តែ ៦០ ភាគ​រយ​​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​អនុវិទ្យាល័យ។

ពលរដ្ឋ​ទទូច​ឱ្យ​​រដ្ឋាភិបាល​រៀបចំ​ភូមិ​បាក់​ព្រា និង​ភូមិ​មួយ​ចំនួន​ទៀត ក្នុង​តំបន់​បឹង​ទន្លេសាប ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ និ​ង​​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ ធ្វើ​​កសិកម្ម​​បន្ទាប់​បន្សំ​​ចិញ្ចឹម​​ជីវិត ក្រៅ​​ពី​​​មុខ​​របរ​​នេសាទ ដើម្បី​​ស្តារ​​ជីវភាព​​ពួក​គាត់ រួម​​ចំណែក​​កាត់​​បន្ថ​យ​​សិស្ស​​បោះ​បង់​​ការ​​សិក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ