ឥទ្ធិពល​មហា​ជន​ជំរុ​ញ​ឱ្យ​មាន​វិធាន​ដក​តំណែង​មន្ត្រី​នៅ​ខេត្ត​បាត់​ដំបង​​​​​​រឿង​នាំ​​​​ចូល​ទុរេន​ពី​ថៃ ​​

ក្រោយ​ពី​មហាជន​ប្រើ​បណ្តាញ​សង្គម​រិះគ​ន់​ខ្លាំងៗ​ ទៅ​លើ​កម្សោយ​នៃ​​​អភិបាល​កិច្ច ដែល​បណ្តាល​ឱ្យ​មាន​ការ​បែក​ធ្លាយ​រឿង​លួច​នាំ​ចូល​ទុរេន​ពី​ថៃ ជំរុញ​ឱ្យ​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន និង​ក្រសួង​ពាក់​ព័ន្ធ​ សម្រេច​​បញ្ចប់​មុខ​​តំណែង លោក គឹម ប្រុស​ ប្រធាន​​សាខា​​កិច្ច​កា​​រពារ​​អ្នក​ប្រើ​ប្រាស់​​និង​កា​រ​ប្រកួត​​ប្រ​​ជែង​(ក.ប​.ប)​​​ខេត្ត​​បាត់​ដំបង នៅ​ថ្ងៃ​សុក្រ​នេះ។

ការណ៍​នេះ អ្ន​ក​ឃ្លាំ​​មើល​ យល់ឃើញថា នេះជាលទ្ធផល​នៃ​ការ​បញ្ចេញ​មតិ ដែល​ជា​សម្ពាធ​ជំរុញ​ឱ្យ​មេដឹក​នាំ​ត្រូវ​តែ​បង្ខំ​ចិត្ត​វះ​កាត់ ដើម្បី​រំលត់​កំហឹង​មហា​ជន ដែល​ប្រជា​ពលរដ្ឋ​គ្រប់​រូប​គួរ​តែ​បន្ត​ប្រើ​សិទ្ធិ​នេះ ដើម្បី​ជំរុញ​អភិ​បាល​កិច្ច ខណៈ​​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​មិន​ដំណើរ ។

លើស​ពី​នេះ ក្រុម​អ្នក​តាម​ដាន​ហាក់​ស្តី​បន្ទោស​ថា វិធាន​ដក​តំណែង​មន្ត្រី​ថ្មី​ទៀត ក្រោយ​មាន​បទ​បញ្ជា​ពី​មេ​ដឹក​នាំ​កំពូល​បែប​នេះ វា​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត ពី​ប្រព័ន្ធ​អំណាច​មួយ ដែល​បង្ក​គ្រោះ​ថ្នា​ក់​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ និង​សង្គ​ម​ជាតិ​គ្មាន​ទី​បញ្ចប់ បើ​គ្មាន​អ្វី​អាច​កែ​លម្អ​បាន។

ជុំវិញ​បញ្ហា​នេះ រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម បាន​​សម្រេ​ច​​បញ្ចប់​​មុខ​​តំណែង លោក​ គឹម​ ប្រុស ពី​​ប្រធាន​សាខា​​កិច្ច​​ការ​​​ពារ​​អ្នក​​ប្រើ​​ប្រាស់​ និង​​ការ​​ប្រកួត​​ប្រជែង (ក.ប.ប) ខេត្ត​​បាត់​ដំបង និង​​លុប​​ចេញ​ពី​ក្រប​​ខ័ណ្ឌ​​មន្ត្រី​​រាជ​​ការ។ នេះ​​បើតាម​ប្រកាស​របស់​​ក្រសួង​​ពាណិជ្ជ​​កម្ម ដែល​ចុះ​ហត្ថ​លេខា​​ដោយ​រដ្ឋ​មន្ត្រី អ្នក​ស្រី ចម និម្មល ចុះ​​​ថ្ងៃ​ទី​​១៥ ខែ​​ឧសភា ឆ្នាំ​​២០២៦។

លោក គឹម ប្រុស បាន​​ទទួលការរិះគន់យ៉ាង​ខ្លាំងពី​មហាជន បន្ទាប់ពីលោកបានថ្លែងបញ្ជាក់​ថា ទុរេន​លក់​នៅ​​ផ្សារ​​ភូពុយ ខេត្តបាត់ដំបង ជា​កសិផល​ក្នុង​ស្រុក។​ តែ​ក្រោយ​មក ​​មាន​ឈ្មួញ​បាន​​សារ​ភាព​ថា ពួក​គេ​លួច​​​​នាំ​​ចូល​​ទុ​រេន​នោះ​​​​​ពី​​ថៃ តាម​​ខេត្ត​​បាត់​​ដំបង មក​​លក់​​នៅ​​កម្ពុជា។ ហើយ​​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦ តុលាការ​​ខេត្ត​បាត់​ដំបង បាន​សម្រេច​ចោទ​ប្រកាន់​អ្នក​នាំ​ចូល​ទុរេន​ពីប្រទេស​ថៃ និង​បក្ខ​ពួក​ ពីបទ «លួច​​នាំ​ចូល​ទំនិញ​គេច​ពន្ធ» នឹង​​​អាច​ប្រឈម​ការ​ជាប់​ក្នុង​ពន្ធនា​គារ​ពី ១ឆ្នាំ ទៅ ៥ឆ្នាំ ចំពោះ​បទ​ល្មើស​ព្រហ្ម​​ទណ្ឌ​នេះ។

ការ​​​​សម្រេច​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​ធ្វើ​ឡើង​ត្រឹម​​​មួយ​ថ្ងៃ បន្ទាប់ពី​​​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​​​ប្រតិ​​កម្ម​​លើ​រឿង​​នេះ។ ក្នុង​កិច្ច​សំណេះ​សំណាល​នៅ​ខេត្ត​ស្វាយ​រៀង កាល​ពីថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ២០២៦ លោក​ ហ៊ុន សែន បានប្រកាស​ពីការ​​ចង់​ឃើញ​ចំណាត់​ការ​​លើ លោក គឹម ប្រុស ជាជាង​ការ​អនុវត្ត​​ត្រឹម​​វិន័យ ដើម្បី​ព្រមាន​មន្ត្រី​ខិល​ខូច​នោះ។ នេះ​បើតាមសំណេរ​នៅលើ​ទំព័រ​ហ្វេស​ប៊ុកផ្លូវ​ការ​​របស់​លោក ហ៊ុន សែន។

លោក​ ហ៊ុន សែន បានបញ្ជាក់បន្ត​​ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់​​ប្រជាពលរដ្ឋ ហើយ​បញ្ហា​នេះ ​គួរ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ដើម្បី​ជា​សារ​​ព្រមាន​​មន្ត្រី​​ទាំង​អស់ កុំ​ឱ្យ​ពូកែកុហក​​ថ្នាក់​​លើ និង​ប្រជាពលរដ្ឋ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាន​នៅប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​បង្ហាញ​​កា​រគាំទ្រ​ចំពោះចំណាត់ការ​ទៅលើ​មន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែល​ពុករលួយ មិនគិតគូរ​ពីសុខមាល​ភាព​របស់ប្រជាពលរដ្ឋ​នេះ។

ប៉ុន្តែ​លោក​ក៏ចង់ឃើញរដ្ឋាភិបាល ធ្វើការ​​ស្រាវ​ជ្រាវ និង​​មាន​​វិធានការទៅលើ​មន្ត្រីធំៗ​ផ្សេង​ទៀត ដែល​អនុ​ញ្ញាត​​ឱ្យមាន​ការ​​នាំ​ចូល​​មាស ពីថៃដែលមានតម្លៃ​រាប់ពាន់​លាន​ដុល្លារ កា​រ​​នាំចូលប្រេង និងទំនិញ​ផ្សេង​ៗ​ទៀត​ពីថៃ ក្រោយ​មានការ​ធ្វើពហិការ​នាំ​ចូលទំនិញ​ពីថៃ​ ក្រៅពី​ការ​ចាត់វិធានការ​តែទៅលើ​មន្ត្រីតូចតាច​នៅតាមព្រំដែន។

លោកថា៖ «​យើងលើកទឹកចិត្តចំពោះចំណាត់ការ​ទៅលើ​មន្ត្រីដែលខ្វះសមត្ថភាព ដែល​ពុករលួយ មិនគិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​ សុខមាលភាព​របស់​ប្រជាពលរដ្ឋ​អីទាំង​អស់​នេះ […] ហើយ​មិនមែនជា​តួនាទីរបស់ប្រធានព្រឹទ្ធ​សភា​នោះ​ទេ គឺតួនាទីរបស់​នាយករដ្ឋមន្ត្រី ហើយ​​​មកបន្តបន្ទាប់​ដែល​ទទួល​អំណាច​ធ្វើ​​កិច្ចការ​ងារ​ហ្នឹង​មក​​​ដល់ក្រោម​ ត្រូវតែ​អនុវត្ត​ឱ្យបានជាប់ ហើយ​ឱ្យ​បាន​ត្រឹម​ត្រូវ អាហ្នឹង​​ទើប​ហៅ​ថា​​ការ​ដឹកនាំ​រដ្ឋ​មួយ​ដែលមានប្រព័ន្ធគ្រប់គ្រង​​រដ្ឋមាន​ភាព​ច្បាស់​លាស់​[…] យើង​ដឹង​​ហើយ​អ្នក​ដែល​មាន​ឥទ្ធិ​ពល​​​នាំ​​ចូល​នូវ​វត្ថុ​សំខាន់ៗ​ហ្នឹង​ មិន​អាច​ធ្វើ​ឡើង​ដោយ​​​ប្រជាពលរដ្ឋ​តូចតាច​ទេ ​ហើយអ្នកដែល​អនុញ្ញាត​ឱ្យ​នាំ​ចូល​មក​បាន ក៏មិន​មែន​​អ្នកដែល​មានតួនាទី​​​តូច​ទាប​ដែរ ចឹង​ជា​ចំណុចដែល​យើ​ង​ចង់​​អនុវត្ត ត្រូវ​តែ​​​ធ្វើ​យ៉ាង​ម៉េច​អនុវត្ត​ឱ្យ​ស្មើ​ភាពគ្នា​​ មិន​មែន​ធ្វើឡើង​​តែ​គោល​​​ដៅ​​​លើ​​​​​មន្ត្រីតូច​តាច​តាមព្រំដែនទេ ត្រូវ​តែ​ពិនិត្យ​​​មើល​មន្ត្រីដែល​​​ទទួល​តួនាទី​មុខងារ​ធំៗ​ ដែលខ្វះ​សមត្ថភាពក្នុង​កា​រ​គ្រប់​គ្រង​​ចាត់​ចែងការ​ងារ​របស់ខ្លួន​ឱ្យ​បានល្អ​ហ្នឹង​ដែរ​​»។

មួយ​ទៀត លោក ស៊ឹង សែនករុណា យល់ថា ការ​ដឹកនាំ​ដែល​ស្តាប់តែបញ្ជា​មេបក្សកាន់អំណាច ហើយ​​ប្រព័ន្ធ​​ច្បាប់​ត្រូវ​បាន​គេមើ​ល​ឃើញ​ថា​ជា​ឧបករណ៍​រប​ស់អ្ន​ក​នយោ​បាយ​កាន់អំណាច ខណៈបញ្ហា​ចាក់ស្រែះ​​ជាច្រើន​​ក្នុង​សង្គម​​ មិន​ត្រូវ​​បាន​ដោះស្រាយ​ឱ្យ​មាន​​តម្លា​ភាព​និង​យុត្តិធម៌ទេ​នោះ នឹង​ធ្វើឱ្យ​ការ​គ្រប់​គ្រង​​ប្រទេស​ធ្លាក់ក្នុ​ង​​អំណាច​​ផ្តាច់​ការ​​ អណាធិបតេយ្យ និង​គ្មាននីតិរដ្ឋពិតប្រាកដ។​

លោកថា៖ «យើងមើល​ឃើញ​អំពីរបៀប​​ប្រទេ​ស​ដឹកនាំ​បែបហ្នឹង យើ​ងឃើញ​ហើយ​វា​​​គ្មានជឿន​​​លឿន​​អីទេ​ ម្នាក់ៗធ្វើកិច្ចការងារសំឡឹង​ទៅទឹក​ចិត្ត​ សំឡឹង​ទៅ​បេះ​ដូង​របស់អ្នកសម្រេច​ចិត្ត​​ខាងលើឯណោះ​ មិនមែន​ពិនិត្យ​មើល​​អនុត្តច្បាប់​​ឱ្យ​បាន​ត្រឹម​ត្រូវ​អ្វី​នោះទេ​​ ចឹងកាលណា​យើង​​ប្រទេស​មិនអនុវត្ត​ច្បាប់ ហើយ​ស្តាប់តែ​បញ្ជា វា​ស្មើ​នឹង​អណា​ធិប​តេយ្យ​​ហើយ ហើយប្រទេស​​​ហ្នឹងគឺគ្មាន​នីតិ​រដ្ឋ​អ្វី​នោះទេ​ អីចឹង​យើង​​មិនអាច​ថាជាគំរូអីទេ វា​ជា​លំនាំ​មួយ​ដែល​ដឹក​នាំ​​​ប្រទេស​​ឱ្យធ្លាក់ទៅកាន់​​សភាពរញ៉េរញ៉ៃ​ គ្មាន​សណ្តាប់ធ្នាប់​ហ្នឹង​ឯង អានេះ​គឺ​ជា​ប្រព័ន្ធ​ដឹក​នាំ​​ប្រ​ទេស​​មួយ​ដែល​​យើង​មើល​ឃើញ​ក្នុង​ពិភពលោក ដូចជា​ប្រទេសដែល​មិន​មាន​ប្រព័ន្ធ​​គ្រប់​គ្រង​​​ច្បាស់​លាស់ហ្នឹង​ គឺផ្តាច់ការ​ហ្នឹង​ឯង»។

លោក ​អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិកគណបក្ស​កែទម្រង់កម្ពុជា និងជាអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់​ឃើញស្រដៀងគ្នាទៅនឹងលោក កុរណា​ ដែរ ដោយថា ប្រទេស​ជាតិ​នឹង​មិន​រីកចម្រើន​ជឿនលឿន​​ទៅមុខ​​​នោះទេ ហើយ​​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​នឹង​ជាប់គាំង បើមន្ត្រីថ្នាក់​​ក្រោម​រង​ចាំ​តែបញ្ជាមេដឹកនាំ​នៅ​ពេលមានប្រតិកម្មខ្លាំង​ពី​មហា​ជន ​ដោយ​​​មិន​ហ៊ាន​ចាត់​វិធានការ​លើ​​បញ្ហា​អ្វី​មួយ​​ដែលកើតឡើង​ក្នុង​សង្គម ដូច​​ជា​​​ រឿ​ងគ្រោះថ្នាក់​ចរា​ចរណ៍ ការ​គ្រប់គ្រ​ងច្រក​នាំទំនិញ​ចេញចូល ឬ​រឿង​​កា​​រនាំ​ចូល​ទុរេន​ពីប្រទេស​ថៃ​នេះជាដើម ទៅតាម​តួនាទីភារកិច្ច​របស់​ខ្លួន។

លោកថា៖ «អត់មានអីប្លែក​ នៅតែរឿង​ដដែល​ៗ ម្លោះហើយអាដំណើរការ​ទៅមុខហ្នឹង​​​មិន​អាច​ទៅរួច​​ជឿនលឿន​ អភិវឌ្ឍន៍​​បានជឿនលឿន​ដូចគេ​ទេ ព្រោះរឿង​អី​កំប៉ិក​កំ​ប៉ុក​ទាល់​តែ​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា អាយន្តការ​អត់មានដំណើរ​ការ​ខ្លួន​ឯង​[…] ខ្ញុំមើលទៅ គាត់[មន្ត្រីថ្នាក់ក្រោម]​អត់​ទទួល​ខុស​ត្រូវ​ចំពោះមុខ​​ប្រជាពលរដ្ឋ គាត់ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​​មេដឹកនាំ […] តាមពិតមន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​យក​ច្បាប់​ជា​ខ្នង​បង្អែក មានតួនាទីសម្រាប់​​បំពេញភារកិច្ច​ដោយ​ខ្លួន​ឯង​ ហើយ​យក​ច្បាប់ជាខ្នង​បង្អែក​ ព្រោះ​យើង​មានគោល​នយោបាយ​ មានច្បាប់មាន​អី​ត្រឹម​ត្រូវ​តើ មិន​​មែន​​អត់​ណា​​ តែ​អាហ្នឹង​ជា​​​ទម្លាប់របស់យើង រយីក​រយាក​បែបហ្នឹង ហើយត្រូវ​កា​រកែប្រែ​ខ្លាំង​ណាស់»។ ​

យ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន ជំរុញឱ្យ​ប្រជាពលរដ្ឋ ឬមហាជន​បន្តរួមគ្នា​បញ្ចេញ​មតិទៅលើ​ភាពអសកម្មនានា​របស់មន្ត្រី​អនុវត្តច្បាប់ និង​រឿង​អយុត្តិធម៌ក្នុង​សង្គម ដើម្បី​ឱ្យថ្នាក់ដឹកនាំ​​ប្រទេស​បាន​ដឹង និង​ដោះស្រាយ ដូចជារឿង​ការ​នាំចូលទុរេនពីថៃនេះជាដើម​ ហើយ​រដ្ឋាភិបាល​ក៏គួរតែ​បើកលំហរ​សេរីភាពបញ្ចេញឱ្យបានទូលំទូលាយ ដើម្បីជាការ​កែលម្អកា​រដឹកនាំរបស់ខ្លួន​ផង និង​ជា​ប្រយោជន៍​សម្រាប់ប្រទេស​ជាតិ​ផង។

ស្រប​ពេល​មានការ​បញ្ចប់មុខ​តំណែង និង​លុ​ប​ឈ្មោះ លោក គឹម ប្រុស​ នេះដែរ​ គេ​សង្កេត​ឃើញអ្នកប្រើប្រាស់បណ្តាញសង្គម​មួយ​ចំនួន បាន​បញ្ចេញមតិរិះគន់ទៅលើ​​​​ប្រកាស​របស់​​ក្រសួង​ពាណិជ្ជ​កម្ម ដែលផុសលើ​ទំព័រ​ហ្វេស​ប៊ុក​​ផ​ងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមឈ្មោះ ឃាង សុមន្នី បានចូលខំមិន(Comment)ក្នុង​សំណេរ​ដើម​​ថា៖ «ទាល់​តែសម្ដេចស្រែក​​បាន​ក្រសួងធ្វើការ មិន​ដឹង​ជាប​ង្កើត​ក្រសួង​មក​ធ្វើ​អី គ្រាន់​តែ​ការ​ងារ​កូន​ចៅ​ប៉ុណ្ណឹង​ មិន​ហ៊ាន​អារ​កាត់​ដោះ​ស្រាយ​ផង»។

គណនីហ្វេសប៊ុកមួយ​ទៀតឈ្មោះ Nin Sky បានលើកឡើង​ថា៖ «ហេតុអី​ក្រសួង​មើល​មិន​ឃើញ​​​កំហុស ទុក​រហូត​ប្រធាន​​​ព្រឹទ្ធ​​សភា​​បញ្ជា​ឱ្យ​ដក នេះ​គឺ​ជា​ភាព​អាម៉ាស»។

ចំណែក គណនីហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Khiev SovannaReth បានលើកឡើង​ថា៖ «ហេតុអ្វី​ពេល​ដែល​សម្ដេច​មិន​ទាន់​មាន​ប្រសាសន៍ ហេតុ​អ្វី​មិន​ធ្វើ? ដល់​ពេល​សម្ដេច​មាន​ប្រសាសន៍​ហេតុ​អ្វី​បាន​ធ្វើ? ហើយ​​ក្នុង​ករណី​នេះ​ ​បាន​ចុះ​ស្រាវ​ជ្រាវ​ហើយ​ឬ​នៅ ថា​មន្ត្រី​ណា​ខ្លះ​ដែល​ពាក់​ព័ន្ធ?»

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព សង្កេតឃើញថា ចំណាត់​កា​រ​របស់​​រដ្ឋាភិបាល ឬ​ក្រសួង​សាម៉ី​​ទៅលើ​មន្ត្រីដែលអសកម្ម​​នេះ ហាក់​មានភាព​យឺតយ៉ាវ ជាងការ​ចាត់វិធានការ​លើ​សកម្ម​ជន​នយោបាយ សកម្ម​​សិទ្ធិមនុស្ស ឬ​សកម្មជន​សង្គម​​​ ដែលបង្ហាញពីការ​អនុវត្ត​ច្បាប់​ហាក់មានស្តង់ដារផ្សេង​គ្នា។

យ៉ាងណា លោក​គាំទ្រ​ចំពោះចំណាត់​ការ​ទៅលើ​មន្ត្រីរូបនេះ និង​​ជំរុញ​ដល់រដ្ឋាភិបាល​ មាន​ចំណាត់​ការ​បន្តទៀត​ទៅ​លើ​​មន្ត្រី​​ខិល​​​ខូច មន្ត្រីអសកម្ម និងមន្ត្រី​ពុករលួយ ហើយ​ពង្រឹង​ការ​​អនុត្ត​​ច្បាប់​​ឱ្យ​មានភាពស្មើគ្នា និង​តម្លាភាព ព្រម​ទាំង​​​បើកលំហរសេរីភាព​បញ្ចេញមតិរបស់​ប្រជាពលរដ្ឋ​ ដើម្បីឱ្យពលរដ្ឋ​ចូលរួមកែលម្អ​សង្គម។

លោកថា៖ «​​ខ្ញុំសង្ឃឹមថា ករណីបែបនេះ នឹង​កើតមានចំពោះ​អ្នកដែល​ប្រព្រឹត្ត​ខុស​ឆ្គង​ អ្នកដែល​​​ប្រព្រឹត្តមិនល្អ អ្នកដែល​យក​ស្ថាប័ន​រដ្ឋ​កន្លែង​រកស៊ី​ ជាកន្លែង​រក​ផល​ប្រយោជន៍ផ្ទាល់​ខ្លួន​ហ្នឹង​​ ជាបន្តបន្ទាប់ទៀត ដោយ​មិន​រើស​មុខ មិន​រើស​បក្ខពួក»

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ និងលោក ជា ធីរិទ្ធ អ្នកនាំពាក្យ​ប្រធានព្រឹទ្ធសភា បាន​ទេ​នៅថ្ងៃ​សុក្រ​​នេះ។​

ចំណែក លោកបណ្ឌិត​​ គិន ភា ប្រធាន​វិទ្យា​ស្ថានទំនាក់​ទំនង​អន្តរជាតិ​​នៃ​​រាជ​​បណ្ឌិត​​សភា​​កម្ពុជា បាន​សរ​សេរ​​លើ​​បណ្តាញ​​​សង្គម​​របស់លោក​នៅថ្ងៃសុក្រនេះ​ថា ករណីរបស់លោក គឹម ប្រុស កើតឡើ​ងដោយសារ​តែ​គាត់មិនទាន់បានស្រាវជ្រាវ​ប្រភព​ទុរេន​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ឈាន​ដល់ការសន្និដ្ឋាន​ដោយ​ប្រញាប់​​ប្រញាល់។

យ៉ាងណា លោកថា ករណីតូច​មួយ​នេះ មិន​មែនពាក់ព័ន្ធ​តែ​លោក គឹម ប្រុស​ ម្នាក់​នោះទេ ប៉ុន្តែ​សំណួរ​ដែល​ត្រូវ​មាន​ចម្លើយ​​នោះ គឺនៅ​ត្រង់​ថាតើ​ទុរេន​​ទាំ​ង​នោះ​នាំ​ចូល​តាម​ច្រក​ណា?​ តើ​នរណា​ខ្លះត្រូ​វ​ទទួល​ខុស​ត្រូវ? ហើយ​តើ​ត្រូវ​ផ្ដន្ទា​ទោស​ពួក​គេដោ​យ​របៀប​ណា ក្រៅ​ពី​វិធាន​ការ​វិន័យ​រដ្ឋ​បាល? និង​ថា​តើ​ត្រូវ​មាន​ពិរុទ្ធ​ភាព​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​ទេ? ដែល​​នេះ លោក​ថា ​ជាការ​សាក​ល្បង​​​តូ​ច​មួយ​ ដើម្បី​ស្ដារ​ទំនុក​ចិត្ត​ប្រជាព​លរដ្ឋ។

លោកបណ្ឌិត គិន ភា បាន​បន្ថែមទៀតក្នុងសំណេរ​ដើម​ថា៖ «​ការ​ដក​តំណែង និង​លុប​ឈ្មោះ​គាត់​ចេញ​ពី​ក្រប​ខណ្ឌ ក្រោយ​ប្រសាសន៍​ធ្ងន់ៗ​របស់​​សម្តេច​តេជោ​​ប្រមុខរដ្ឋស្តីទី ​​បាន​រំលេច​ឱ្យឃើ​ញដែរ​​ថា វប្បធម៌​ការ​ងារ​រាជ​ការ​ស្រុក​យើង​​ វិធានការក្ដៅអាចកើត​មាន​ឡើង​បាន លុះ​ត្រា​តែ​ថ្នាក់​ដឹក​នាំ​កំពូល​ចេញ​បទ​បញ្ជា ឬ​ផ្ដល់​អនុ​សាសន៍ ប៉ុន្តែ​បន្ទាប់​​មក​ក៏​ស្ងាត់​ល្ហឹម​វិញ ហើយ​រឿង​ដដែលៗ​​ក៏​នៅ​តែ​បន្ត​កើត​មាន ដូច​វែក​ចក​ដូច្នោះ​​​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ