ប្រជាពលរដ្ឋ​នៅស្រុ​ក​ជាំក្សាន្ត​រង​ការ​គំរាម​មិន​ឱ្យ​ចូល​ដាំ​ដុះ​លើ​ដី​ធ្លាប់​អាស្រ័យ​ផល

ប្រជាព​លរដ្ឋ​ចំនួន​៤ឃុំ គឺ​​ឃុំ​រំដោះ​ស្រែ ឃុំ​ជំា​ក្សាន្ត ឃុំ​ទឹក​ក្រហម និង​ឃុំ​ព្រីង​ធំ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​​​ព្រះ​វិហា​រ បង្ហាញ​​​កង្វល់​​​​ពី​ការ​​​​បាត់​បង់​ដី​ធ្លី​និង​វិបត្តិ​គ្រួសារ ដោយ​ថា អាជ្ញាធរ​មូល​ដ្ឋាន ហាម​ចូល​​​​​​ទៅ​​​បង្ក​​​​បង្កើ​ន​ផ​​ល​លើ​ដី​ធ្លាប់​ដាំ​ដុះ​ជាង​១០​ឆ្នាំ​មក​នេះ ដោយ​អាជ្ញាធរ​សំអាង​ថា ពលរដ្ឋ​មិន​ព្រម​ចុះ​កិច្ច​សន្យា​ក្បាល​ដី​ដែល​ធ្លាប់​អាស្រ័យ​ទាំង​នោះ​តាម​​ការ​តម្រូវ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ។

ផ្តើម​​​ពី​បញ្ហា​នេះ ពលរដ្ឋរស់នៅឃុំរំដោះស្រែ ស្នើមិនប​ង្ហាញ​អត្ត​សញ្ញាណ បាន​​សំណូមពរ​ដល់​រដ្ឋាភិ​បាល​ ជួយ​អន្តរា​គមន៍​​ឲ្យ​ពួក​គាត់​អាច​ចូល​ទៅ​​​​ដាំ​ដុះដំណាំ នៅ​លើ​ដី​ធ្លាប់​​ប​ង្ក​​បង្កើន​​ផល ដែល​​ពលរដ្ឋ​ខ្លះ​ បាន​អាស្រ័យ​ផល​តាំង​ពី​​​ឆ្នាំ​២០១២ ឬ​ក៏​ចាប់​ពី​១០​ទៅ​២០​ឆ្នាំ អាច​ចេញ​ចូល​ធ្វើ​ចំការ​ស្រែ​​ដូច​មុន​វិញ។ ពលរដ្ឋ​បន្ត​ថា ពេល​​​នេះ​​ចូល​​ដល់​​រដូវ​​វស្សា ដែល​ត្រូវ​កសិករដូ​ច​ពួក​គាត់​ធ្វើ​ការ​​​ដាំ​ដុះ​ផល​ដំណាំ​ហើយ។ ហើយ​ប្រសិន​​​ពួក​គាត់​មិន​អាច​ចេញ​ចូល​ដាំ​ដុះ​បាន ​នឹង​​ត្រូវ​​ដាច់​ពោះ​​ស្លាប់ ខណៈ​​ជម្លោះ​​ព្រំដែន​ ​មិន​អាច​ឲ្យ​ពួក​គាត់​ចេញ​​​ស្វែង​រក​ការ​ងារ​ធ្វើ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ទេ។

ពលរដ្ឋថា៖ «សុំប្រគល់ដីនេះឲ្យប្រជាជនវិញ ព្រោះ​អី​ប្រជា​ជន​មាន​ច្រើន​គ្រួសារ​ណាស់​ដែល​ប៉ះ​ពាល់ គឺ​ចំនួន ៤ឃុំ។ ចង់​សុំ​ឲ្យ​សម្តេច​​ជួយ​​​​​ប្រគល់​​ដី​មក​ឲ្យប្រ​ជាជន​វិញ​ផង។​ ចំណុច​តាំង​ពី​ស្រះ​ម្លេះ រហូត​​ដល់​ស្ទឹ​ង​តាគៀប ខាង​ស្រុក​ជាំ​ក្សាន្ត។ ដី​នេះ​ជា​ដី​​កសិក​ម្ម ប្រជា​ជន​​អាស្រ័យ​​​​ផល​ស្រូវ​នៅ​លើ​​​ដី​នេះ​ជា​​ប្រចាំ​​រាល់​​ឆ្នាំ។ អត់​ស្រូវ​អត់​ស្រែ តើ​ឲ្យ​ប្រជាជន​រំពឹង​អី?។ ប្រទេស​ជាតិ​កំពុង​​មាន​​សង្គ្រាម ហើយ​មក​​យ​ក​​ដី​​​ប្រ​ជាជ​ន​ទៀត និយាយ​ទៅ​នៅ​ខេត្ត​ព្រះ​វិហារ​ហ្នឹង វិវាទ​ដី​ធ្លី​ហ្នឹង កើត​ឡើង​ស្ទើរ​គ្រប់​ស្រុក អាជ្ញាធរ​មក​យក​ដី​​ប្រជា​ជន​ហ្នឹង​ឯង»។

ស្រដៀងគ្នាដែរ សម្រាប់​ពលរដ្ឋផ្សេងទៀត ក៏បានលើកឡើង​ថា នៅ​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត ​បា​ន​ចុះ​មក​តម្រូវ​ឲ្យ​ពលរដ្ឋ​រ​ស់​​​នៅ​ឃុំ​រំដោះ​ស្រែ និង​ឃុំ​ផ្សេង​ទៀត ផ្តិត​ស្នាម​មេដៃ​ លើ​កិច្ច​សន្យា​មួយ​ច្បាប់ ប៉ុន្តែត្រូ​វព​លរដ្ឋ​​ភាគ​​ច្រើន​​បដិ​សេធ ដោយ​ខ្លាច​ចាញ់​បោក​អាជ្ញាធរ នាំ​​ឲ្យ​បាត់​បង់​ដីធ្លី ដូច​ធ្លាប់​ជួប​កន្លង​មក។

ត្រង់ចំណុចនេះ ពលរដ្ឋរងគ្រោះ ក៏បាន​សំណូមពរដល់ថ្នាក់ដឹកនាំ​រដ្ឋាភិ​បាល ​​ជួយ​ពិនិត្យ និង​​អន្ត​រាគ​មន៍​​មក​មន្ត្រី​ស្រុក​​ជាំ​ក្សាន្ត និង​អភិបាល​​ខេត្ត​ព្រះ​វិហារ បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​អាច​ចេញ​ចូល​​ ដាំ​ដុះ​ផល​ដំណាំ​នៅ​​​​​លើ​ដីធ្លា​ប់​​បង្ក​បង្កើន​​ផល ដូច​ពេល​មុន​វិញ។ ដ្បិត​ពេល​នេះ ពល​រដ្ឋ​ពួក​​គាត់​ត្រូវ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត គំរាម​និង​​ហាម​មិន​​ឲ្យ​ចូល​ដាំ​ដុះផ​ល​​​ដំណាំ​​ផ្សេង​ៗ នៅ​លើ​​​ដី​ ដែល​​ធ្លាប់​អាស្រ័យ​ផល​ទៀត​ទេ។

លោកថា៖ «ឯកសារនោះ​គេ​ យើង​អត់​យល់​ស្រប​ គេ​ចុះ​វាស់​វែង​ឲ្យ​យើង​ផ្តិត​មេដៃ​នៅ​លើ​ឯកសារ ចុះ​​កិ​ច្ច​​​សន្យា​សុំ​អាស្រ័យ​​ផល។ ខ្ញុំ​មក​​រស់​​​នៅ​លើដី​នេះ​​ដប់​ឆ្នាំជា​ង​ហើយ តាំង​ពី​ឆ្នាំ​​២០១២ មាន​ដាំ​ស្វាយ​ចន្ទី ដាំ​ដំឡូង និង​ធ្វើ​ស្រែ​ជា​ដើម។ សំណូម​ពរ​សុំ​ចុះ​ធ្វើ​ស្រែ​វិញ កុំ​ឲ្យ​​​គេ​ចា​ប់ ព្រោះ​យើ​​ង​ចុះ​ធ្វើ ធ្វើ​អត់​បាន​​​​​ទេ​​ឥ​ឡូវ​នេះ។ គេឲ្យ​យើ​ង​លាយ​លក្ខ​អក្សរ​ ធ្វើកិ​ច្ច​សន្យា​សុំ​អាស្រ័យ​ផល ហើយ​ផ្តិត​មេដៃ ទើប​គេ​ឲ្យ​ទៅ​​​​​ធ្វើ​ដី​​ស្រែ​​​​ចំការ។ តែ​យើង​ជា​ម្ចាស់ក​ម្ម​សិទ្ធិ​ហ្នឹង​ បែរ​ជា​ទៅ​​សុំ​គេ​​វិញ? ​យើង​អាស្រ័យ​ផល​យូរ​ណាស់​ហើយ ទៅ​ជា​​យើង​ទៅ​​​​​សុំ​​អាស្រ័យ​​ផល​​ពី​គេ​​វិញ?»។

ចំណែក សម្រាប់ស្ត្រីវ័យចំណាស់ម្នាក់ ក៏ថ្លែងហួសចិត្តកាលបើដីស្រែចំការធ្លាប់​បង្ក​បង្កើន​ផល​ តាំង​ពី​កូន​ក្នុង​ផ្ទៃ​របស់​​​គាត់​មិន​ទាន់​កើត រហូត​​ដល់​ពេល​នេះ គាត់​មាន​ចៅ​ទៀត​ទៅ​ហើយ​នោះ ​បែរ​ជា​ត្រូវ​អាជ្ញា​ធរ​ស្រុ​ក​ជាំ​ក្សាន្ត​មក​ហាម និង​គំរាម មិន​ឲ្យ​ចូល​ដាំ​​​ដុះ​បែប​នេះ​​​ទៅ​​វិញ?។ ពលរដ្ឋ​​ថា អន្និច្ចា​​ណាស់ ជម្លោះ​​ជាមួ​យ​ចោរ​សៀម​ប្លន់​ដី មិន​ទាន់​ដោះ​ស្រាយ​ចប់​ផង បែរ​ជា​មក​ ត្រូវ​អាជ្ញា​ធរ​ខ្លួន​ឯង​មក​បង្ខំ​​​មិន​​ឲ្យ​​​​​​ចូល​​​ទៅ​​​ដាំ​ដុះ​ផល​ដំណាំ​ នៅ​លើ​ដី​របស់​ខ្លួនឯ​ង​​ទៅ​វិញ?។

អ្នកស្រីថា៖ «ខ្ញុំចង់បានដីខ្ញុំមកវិញ ខ្ញុំធ្វើតាំងពីម្ភៃសាបសិបឆ្នាំមក​ហើយ តាំង​ពី​កូន​ខ្ញុំមិន​ទាន់​​​កើត​ ​មកដល់ឥលូវ​​​អាយុ ៣០​ឆ្នាំ​ហើយ។ នៅ​​​​យូរ​​ណាស់​ហើយ​ តាំង​ពី​ស្រុក​មាន​សង្គ្រាម​វៃ​គ្នា​ឯណោះ ​មិន​ចាំ​ឆ្នាំ​ទេ។ ឥឡូវ​កូន​បង​កើត​មក ឥឡូវ​យក ប្តី បាន​ចៅ​ធំ​ប៉ុណ្ណា​ណី​ទៀត​​ហើយ​​នេះ»។

វីអូឌី មិនអាចទាក់ទង លោក មិន ស៊ីថា អភិបាលរង​ខេត្ត​ព្រះវិ​ហារ ទទួល​បន្ទុក​ដីធ្លី ដើម្បី​​បំភ្លឺ​​​ជុំវិញ​​ករណី​​ខា​ង​​​​​​លើ​​បាន​ទេ នៅថ្ងៃ​​ទី១៥​ខែ​ឧសភា​នេះ។ ខណៈ លោក ចិន ខន្តី អភិបាល​ស្រុក​ជាំក្សាន្ត ក៏​មិន​​អា​ច​ទាក់​ទង​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ដោយឡែក លោក សេត ម៉ាប់ មេឃុំរំដោះស្រែ បាន​និយាយខ្លីថា មិន​បាន​ដឹង​រឿង​អាជ្ញា​ធរ​​ស្រុក​​​​​​​ជាំ​ក្សាន្ត ចុះ​​ស្រង់​ស្ថិតិ ឬ​​មក​​​ហា​ម​ពលរដ្ឋ មិន​​ឲ្យ​ចូល​បង្ក​បង្កើន​ផល​ នៅ​លើ​ដី​ធ្លាប់​អាស្រ័យ​ផល ក្នុង​មូល​ដ្ឋាន​​​​​នេះ​ទេ។

​ទោះ​ជាបែបនេះក្តី ​​លោក ស៊ាំ ស៊ីឃ្លីន អ្នកសម្រប​សម្រួល​សមាគ​ម​អាដ​ហុក​ប្រចាំ​​ខេត្ត​ព្រះ​វិហារ យល់​ថា គួរ​តែ​អាជ្ញាធរ​​អនុ​ញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​​​ដាំ​ដុះ​នៅ​លើ​ដី​ធ្លាប់​អាស្រ័យ​ផល​ជា​មុន​សិន ព្រោះ​រដូវ​នេះ ជា​រដូ​​វបង្ក​បង្កើន​ផល​កសិ​កម្ម។ ប៉ុន្តែ​បើ​អាជ្ញាធរ​បែរ​ជា​​ហា​មពួក​​គាត់​មិន​ឲ្យ​​ដាំ​​​​​ដុះ​បែប​នេះ អាច​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​​រង​ទុក្ខ​វេទនា​ថែម​ទៀត។

ជាងនេះ ​លោកថា ករណីវិវាទដីធ្លី ដែលដោះមិនចេះចប់ មួយ​ផ្នែក​អាច​ជា​​កំហុស​ របស់​អាជ្ញា​ធរ​ផង​ដែរ ព្រោះ​​​នៅ​ពេល​​ពលរដ្ឋ​ចូល​​មក​​កាប់​​គាស់​ព្រៃ រស់​​​នៅលើ​ដី​នោះ​ភ្លាមៗ ហេតុ​អ្វី​ ក៏​មិន​មក​ហាម​ឃាត់ ឬ​​​ប្រា​ប់​គា​ត់​ថា​ដី​នេះ​ជា​ដី​របស់​​អ្នក​នេះ​ឬ​អ្នក​នោះ ដែល​មិន​​អាច​ឲ្យ​​ពលដ្ឋ​​ចូល​​​មក​រស់​​​នៅ​ឬកា​​ន់​កាប់​បាន​ទេ?។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ទុក​បណ្តោយ​​ឲ្យ​​​ពលរដ្ឋ​ចូល​មក​កាប់​គាស់​ និង​អាស្រ័យ​​ផល​អូស​​បន្លាយ​ពេល ដប់​ឬ​ម្ភៃ​ឆ្នាំ ទើប​លេច​មុខ​អាជ្ញាធរ​មក​​​ប្រាប់​​​​ពលរដ្ឋ​​រស់​នៅ​លើ​ដី​ខុស​ច្បាប់ ឬ​ជា​ដី​កម្ម​សិ​​ទ្ធិ​អ្នក​នេះ​អ្ន​ក​នោះ​​​​ទៅ​វិញ?។

ត្រង់ចំណុចនេះ លោកស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋាភិបាល​គួរ​​ពិនិត្យ​​ចំពោះ​វិវាទ​ដីធ្លី​​កំពុង​កើ​​តមា​ន​នៅ​តាម​​ស្រុក​មួយ​ចំនួន ក្នុង​​ខេត្ត​ព្រះ​វិហារ​ឲ្យ​បាន​ស៊ី​ជំរៅ​ឡើង​វិញ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ខ្លះ ទទួល​បា​ន​​សិទ្ធិ​វិនិ​យោគ ​ក្រោយ​​ពេល​ពលរដ្ឋ​ចូល​មក​តាំង​ទី​លំនៅ ឬ​អាស្រ័យ​​ផល​លើ​ដី​ជាក់​ស្តែង​​​ទៅ​ទៀត?។

លោកថា៖ «បើករណីដីហ្នឹងជាដីរបស់ប្រជាពលរដ្ឋ ដែលគាត់ធ្លាប់អាស្រ័យ​ផល​កន្លង​មក។ អាជ្ញាធរ ដល់​រហូ​ត​នេះ​ហើ​យ​​គួរ​​តែ​​​អ​នុ​ញ្ញាត​​​​​​​ឲ្យ​ប្រជា​ពលរដ្ឋ​ គាត់​អាស្រ័យ​ផល​សិន​ចាំ​សម្រប​សម្រួល ឬ​ក៏​ដោះ​ស្រា​យ​តាម​ក្រោយ ​ក៏​វា​មិន​ខាត​​បង់​អី​ដែរ ព្រោះ​​គាត់​​​អាស្រ័យ​​​ផ​ល វា​មិន​មែន​ទៅ​ដាំ​​ដំណាំ​អី​ដែល​មិន​​អាច​ប្រមូ​លផ​ល​បាន​ឯណា? វា​មាន​រដូវ​របស់​​វា​ ប៉ុន្មាន​ខែ​គាត់​អាច​ប្រមូល​ផល​​បាន​ហើយ​ ហើយ​ផុត​ប្រមូល​​ផល គាត់​អាច​ចាត់​ចែង​ ឬ​ក៏​ដោះ​ស្រាយ​តាម​វិធី​សាស្ត្រ​​បន្ត​បន្ទាប់​អញ្ចឹង​ទៅ។ ហើយ​បើ​សិន​ជា​បណ្តោយ​ឲ្យ មិន​មាន​ដំណោះ​ស្រាយ ហាម​​​ឃាត់ៗ ហើយ​ចុះ​បើ​អាជ្ញាធរ​មាន​​គោល​​ការណ៍​​ជាក់​លាក់​ប្រគល់​​​ដី​ឲ្យ​ប្រជា​​ពលរដ្ឋ​វិញ​ ហើយ​បើ​ហួស​រដូវ​កាល​ដាំ​ដុះ​ហើយ​ តើ​គាត់​​​ត្រូ​វ​​​ធ្វើ​​​​​ម៉េច​​​វិញ។ អាហ្នឹង​​ហើយ​ជា​បញ្ហា​ប្រឈម​ នឹង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​គាត់»។

យ៉ាងណា នៅលើកិច្ចសន្យា​ដែល​អាជ្ញាធរស្រុកជាំក្សាន្ត បាន​តម្រូវឲ្យពលរដ្ឋ​ចំនួន ៤ឃុំ នៅ​ស្រុក​ជាំ​ក្សាន្ត បំពេញ​ទិន្ន​ន័យ​​ព័ត៌​មាន​ ​ដូច​ជា ចុះ​ឈ្មោះ ភូមិ ឃុំ និង​​ទំហំ​ដី​​​ធ្លាប់​បង្ក​បង្កើន​ផល​ ចាប់​ពី​ឆ្នាំ​ណា​​ដ​ល់​ឆ្នាំ​ណា​​ ​ដើ​ម្បី​ដាក់​ជូន​ទៅ​លោក​អភិបាល​​ស្រុក​​ជាំក្សាន្ត ពិនិត្យ គឺ​​ត្រូវ​​​​​ពល​រដ្ឋ​​ចាត់​ទុក​ថា ជា​កិច្ច​ស​ន្យា​មា​ន​ហានិ​​ភ័យ​ខ្ពស់ និង​មាន​ចំណុច​សង្ស័យ​​​ច្រើន ​​​ដែល​​ឈាន​​​ទៅ​បន្លំ​ថា ពួក​គាត់​បាន​​​​ផ្តិត​ស្នាម​មេដៃ​ប្រគល់​​​ដីធ្លា​​ប់​បង្ក​បង្កើន​ផល​ទៅ​ឲ្យ​អ្នក​ផ្សេង ដូច​ដែល​​ពួក​គាត់​ ធ្លាប់​​​ជួប​​កន្លង​​​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ