ផ្លួវសាធារណៈ ហាងលក់ទំនិញ ហាងកាហ្វេ ការិយាល័យ សូម្បីតែក្នុងសាលារៀន ហាក់លែងជាកន្លែងមានសុវត្ថិភាពសម្រាប់ស្ត្រីតទៅទៀតហើយ ក្រោយស្ត្រីមួយចំនួនបានទម្លាយថា ពួកគេធ្លាប់រងការបៀតបៀនពីបុរសនៅតាមទីតាំងទាំងនោះ។
ការរំឭកឡើងវិញនូវការបំពាននេះ ប្រៀបបាននឹងការឆ្កឹះដំបៅ និងភាពភ័យខ្លាច ដែលពួកគេកប់ទុកក្នុងចិត្តជាច្រើនឆ្នាំ ខណៈអ្នកខ្លះអួលដើមករហូតមិនអាចនិយាយចេញមកដោយខ្លួនឯងបាន។
វីអូឌី បានជួបសម្ភាសន៍ជាមួយស្ត្រីមួយក្រុម ដោយពួកគេបានលើកឡើងនូវការបំពាន ដែលធ្លាប់ជួបខុសៗគ្នា ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌស្នើសុំមិនបញ្ចេញអត្តសញ្ញាណ និងសំឡេង ដោយពួកគេអនុញ្ញាតឱ្យដាក់ឈ្មោះហៅក្រៅជំនួស។
គន្ធា ជាឈ្មោះក្រៅសំដៅដល់នារីម្នាក់ដែលធ្លាប់រងការបំពាននៅក្នុងហាងកាហ្វេមួយកន្លែង អំឡុងពេលនាងអង្គុយធ្វើកិច្ចការសាលាកាលនៅជានិស្សិត។ នាងរៀបរាប់ថា មានបុរសចំណាស់ម្នាក់ទំនងជាស្រវឹង បានមកឱបរឹតនាងពីក្រោយ ធ្វើឱ្យនាងភិតភ័យស្រែកឆោឡោ រហូតដល់បុគ្គលិកក្នុងហាងមកចាប់ទាញបុរសនោះចេញ។
ចំណែកករណីមួយទៀត កើតឡើងទៅលើ កញ្ញា ចន្ធូ ប្រហែលពីរឆ្នាំមុន អំឡុងពេលនាងធ្វើដំណើរលើផ្លូវសាធារណៈ។ ចន្ធូ អះអាងថា បទពិសោធន៍អាក្រក់នេះ ធ្វើឱ្យនាងតែងមានសុបិន្តអាក្រក់ និងរំជួលចិត្តនៅពេលនិយាយ រហូតដល់ពឹងមិត្តភក្តិឱ្យរ៉ាយរ៉ាប់ជំនួស។
តាមសម្ដីមិត្តភក្តិនោះ បានឱ្យដឹងថា មានបុរសម្នាក់បានជិះម៉ូតូតាមមើលនាង រហូតដល់ចំណុចភ្លើងស្តុបមួយកន្លែង។ អំឡុងពេលឈប់ចាំស្តុបក្រហម បុរសនោះបានឈប់ម៉ូតូនៅក្បែរនាង និងសម្លឹងមើលនាងមិនដាក់ភ្នែក។ ស្ថានភាពកាន់តែអាក្រក់ ដោយបុរសនោះបានយកដៃទៅស្ទាបប្រដាប់ភេទខ្លួនឯងអំឡុងពេលដែលមើលមកនាងនៅពេលនោះ។
ករណីស្រដៀងគ្នានេះ ក៏ធ្លាប់កើតឡើងទៅលើនារីម្នាក់ទៀត អំឡុងពេលនាងឈរនៅលើចិញ្ចើមផ្លូវ ម្ដុំផ្សារនាគមាស រាជធានីភ្នំពេញ។ នាងរៀបរាប់ថា មានបុរសចំណាស់ម្នាក់ បានឈប់ម៉ូតូនៅជ្រុងម្ខាងផ្លូវ ហើយបានសម្លឹងមើលមកនាងក្នុងក្រសែភ្នែកគួរឱ្យខ្លាច អស់រយៈពេលជាច្រើននាទី។ ប៉ុន្តែនាងបានប្រមូលភាពក្លាហាន សម្លឹងមើលបុរសនោះវិញ រហូតដល់គេបរម៉ូតូចេញពីទីនោះ។
ចំណែកនិស្សិតម្នាក់ បានចែករំលែកករណីរបស់ខ្លួន នៅតូបលក់ទំនិញមួយកន្លែង ដោយបុរសម្នាក់បានបែរកាមេរ៉ាទូរស័ព្ទថតមុខនាង អំឡុងពេលខលវីដេអូជាមួយភាគីម្ខាងទៀត និងបាននិយាយសម្ដីលេបខាយប្រយោលមកលើនាងផងដែរ។ នាងបានប្រតិកម្មភ្លាមៗ ដោយសួរទៅកាន់បុរសនោះថា «អ្នកមានសិទ្ធិអ្វីមកថតខ្ញុំ?» ហើយបុរសនោះក៏បិទទូរស័ព្ទភ្លាមៗ ដោយមិននិយាយអ្វីឡើយ។ នាងភ័យខ្លាច និងខកចិត្ត ជាពិសេសនៅពេលស្ត្រីម្ចាស់តូបលក់ទំនិញនោះ បែរជាមើលមកនាងក្នុងក្រសែភ្នែកចម្លែក និងមិននិយាយស្ដីអ្វីទាំងអស់។
ក្រៅពីករណីដែលបានលើកឡើង ស្ត្រីទាំងនេះសុទ្ធតែនិយាយដូចៗគ្នាថា ពួកគេក៏ធ្លាប់ជួបករណីដែលបុរសៗ ស្រែកប្រកូកហៅ ហួច ក្ដក់ ជញ្ជក់មាត់ និងធ្វើឬកពារប្លែកៗ នៅពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ ឬនៅតាមទីសាធារណៈផ្សេងទៀត។ ស្ត្រីច្រើននាក់ផ្សេងទៀត ដែលអ្នកសារព័ត៌មានវីអូឌី ជជែកក្រៅបទសម្ភាសន៍ ក៏អះអាងថាពួកគេធ្លាប់ជួបករណីនេះដែរ។
ទោះមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត និងស្អប់ខ្ពើម តែពួកគេជ្រើសរើសមិនតបត ហើយព្យាយាមគេចចេញពីកន្លែងទាំងនោះឱ្យលឿនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែករណីទាំងអស់នេះ បានប៉ះពាល់ដល់ផ្លូវចិត្តពួកគេរ៉ាំរ៉ៃ ហើយការធ្វើដំណើរម្នាក់ឯងតាមទីសាធារណៈ បានក្លាយជាសុបិន្តអាក្រក់។
ពួកគេជឿថា ការបៀតបៀនមកលើពួកគេមិនមែនដោយសារការស្លៀកពាក់ ឬសម្រស់នោះឡើយ ប៉ុន្តែវាកើតចេញពីអត្តចរិតរបស់បុរសទាំងនោះផ្ទាល់តែម្ដង។
យោងតាមការសិក្សាលើប្រធានបទ «ការយាយីផ្លូវភេទជាសាធារណៈ» កាលពីឆ្នាំ២០២០ ដែលស្រង់មតិពីបុរសចំនួន ២៥៨នាក់ ដោយក្រុមសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅប្រទេសកាណាដា បានពណ៌នាថា ការស្រែកប្រកូកហៅស្ត្រី (Catcalling) ដោយមនុស្សចម្លែកនៅតាមទីសាធារណៈ គឺជាទម្រង់មួយនៃការបៀតបៀនផ្លូវភេទ។ ទម្រង់នេះស្ដែងឡើងតាមរយៈការហួចក្ដក់ ស្រែកហៅ ឬកាយវិការផ្សេងៗ ដូចជា ញាក់ចិញ្ចើម ជញ្ជក់មាត់ លិឍអណ្ដាត ក្នុងគោលចំណងចែចង់ ឬបង្ហាញចំណាប់អារម្មណ៍ផ្លូវភេទ ដោយបុរសទាំងនោះបានកំណត់និយមន័យទៅលើស្ត្រីថាជាវត្ថុបម្រើផ្លូវភេទ។
តាមមាត្រា ២៩៨ នៃក្រមព្រហ្មទណ្ធ បទហៅអ្នកដទៃនៅទីសាធារណៈ បានចែងថា បុគ្គលណាហៅអ្នកដទៃនៅទីសាធារណៈ ដើម្បីញ៉ាំងឱ្យមានទំនាក់ទំនងផ្លូវភេទ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ប្រាំពាន់រៀល ទៅប្រាំម៉ឺនរៀល។
ប៉ុន្តែមតិជាច្រើនលើបណ្ដាញសង្គម បែរជាសម្គាល់មាត្រានេះថា សំដៅតែទៅលើក្រុមស្ត្រីរកស៊ីផ្លូវភេទ ដែលបក់ដៃហៅភ្ញៀវតាមផ្លូវសាធារណៈទៅវិញ។
រឿងរ៉ាវកាន់តែអាក្រក់ជាងនេះ និស្សិតស្រីម្នាក់ទៀត ដែលស្ម័គ្រចិត្តបញ្ចេញសំឡេងបានទម្លាយថា នាងរងការបៀតបៀនទាំងពាក្យសម្ដី និងកាយវិការពីគ្រូរបស់នាងអស់រយៈពេលជាច្រើនខែ រហូតធ្វើឱ្យនាងឈប់ពីការងារ និងផ្លាស់ប្ដូរសាលា។
កញ្ញា រចនា ចាកចេញពីស្រុកកំណើត មកសិក្សានៅសកលវិទ្យាល័យល្បីមួយ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំសិក្សា២០២០។ អំឡុងពេលសិក្សាឆ្នាំមូលដ្ឋាន នាងបានទទួលឱកាសការងារនៅក្នុងសកលវិទ្យាល័យនោះផ្ទាល់ ហើយវាក៏ជាពេលដែលសាស្ត្រាចារ្យម្នាក់នោះ បានបំពានលើនាង ទាំងអំឡុងពេលម៉ោងធ្វើការ និងម៉ោងសម្រាក។
កញ្ញា រចនា និយាយថា៖ «និយាយទៅគឺ(គាត់)និយាយចំៗ ដូចជា ការបបួលខ្ញុំទៅគេងនៅផ្ទះសំណាក់។ (គាត់) និយាយថា បើគាត់ជាគ្រូជិតស្និទ្ធអីខ្លាំង ឬជាអ្នកនៅក្បែរខ្លួនខ្ញុំខ្លាំងបំផុតអី អ៊ីចឹង គាត់នឹងអត់ទុកឱ្យខ្ញុំក្រមុំអ៊ីចឹងទេ។ ខ្ញុំអាចនឹងដើរមករៀនជាមួយនឹងការពរពោះកូនអីអ៊ីចឹងទៅ»។
លើសពីពាក្យសម្ដី សាស្ត្រាចារ្យរូបនេះ ធ្លាប់សុំនាងថើបជាច្រើនដង ហើយក៏ធ្លាប់ទាញដៃនាងអូសទៅក្នុងបន្ទប់ស្ងាត់មួយអំឡុងម៉ោងសម្រាក ដែលធ្វើឱ្យនាងភិតភ័យរត់ទៅលាក់ខ្លួនចាក់សោរសម្ងំក្នុងបន្ទប់ផ្សេងទៀត អស់រយៈពេលយ៉ាងយូរ។
កញ្ញា រចនា បន្តថា សាស្ត្រាចារ្យរូបនេះ មិនមែនបំពាននាងតែម្នាក់ឡើយ ដោយគាត់តែងនិយាយស្ដីចំអេសចំអាស និងជញ្ជក់មាត់ពេលឃើញនិស្សិតស្រីស្អាតៗ ហើយក៏ធ្លាប់មើលងាយរាងកាយនាងឱ្យតុបតែងខ្លួនស៊ិចស៊ី ដូចនិស្សិតស្រីទាំងនោះទៀតផង។
កញ្ញា រចនា បន្តថា៖ «គាត់ធ្លាប់និយាយថាអញ្ចេះ ហ្អែងទាល់តែចេះតែងខ្លួន លាបឡេអីអ៊ីចឹងទៅបានទាក់ប្រុសបាន។ សម្បុរខ្មៅៗអ៊ីចឹង អ្នកណាស្រឡាញ់ គ្មានប្រុសណាស្រឡាញ់ស្រីបុរាណញ៉ុកអ៊ីចឹងទេ។ ហើយ(ពាក្យបែបនេះ)ឮជាប្រចាំ»។
ទីបំផុត កញ្ញា រចនា សម្រេចចិត្តលាឈប់ពីការងារ និងផ្លាស់ប្ដូរសាលា ហើយលាក់រឿងនេះមិនរាយការណ៍ ដោយហេតុថាខ្លាចមិនឈ្នះគេ ព្រោះយល់ថាខ្លួនគ្មានទាំងភស្តុតាង ជាពិសេសលុយនិងអំណាចសម្រាប់តតាំង។
ក្នុងពេលសន្ទនា រចនា យំជាច្រើនដង។ តែទោះយ៉ាងណា នាងនៅតែព្យាយាមទម្លុះភាពខ្មាសអៀនទម្លាយនូវការឈឺចាប់ ដោយសង្ឃឹមថារឿងរ៉ាវរបស់នាង នឹងក្លាយជាចំណែកមួយជួយឱ្យក្មេងស្រីផ្សេងទៀត មានការប្រុងប្រយ័ត្ន និងក្លាហានក្នុងការនិយាយពីបញ្ហានេះជាសាធារណៈ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពី អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត ជុំវិញយុទ្ធនាការ និងការការពារស្ត្រីបានទេគិតត្រឹមម៉ោងផ្សាយ។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី នៅដើមខែឧសភានេះ បង្ហាញថា ក្រសួងកំពុងមានកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី (NAPVAW) ឆ្នាំ២០២៥-២០៣០ ដែលនឹងចូលរួមកាត់បន្ថយអំពើហិង្សាលើស្រ្តី រួមទាំងក្រុមដែលមានហានិភ័យខ្ពស់ប្រកបដោយគុណភាព។
កាលពីឆ្នាំ២០២៣ អង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងកិច្ចការនារី រួមជាមួយស្ថាប័នមួយចំនួនទៀត បានផ្តួចផ្តើមយុទ្ធនាការ «បើកប៊ូតុងសុវត្ថិភាព» ដើម្បីសម្រេចឱ្យបាននូវ ទីក្រុងសុវត្ថិភាព សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់ស្ត្រី និងក្មេងស្រី។ យុទ្ធនាការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈស្ត្រីដែលវីអូឌីបានជជែកជាមួយ សុទ្ធតែចង់ឱ្យមានយុទ្ធនាការបែបនេះឱ្យបានកាន់តែច្រើន។
ទាក់ទិនរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា សង្គមទាំងមូលត្រូវយកចិត្តទុកដាក់ករណីនេះ ជាពិសេសបុរស ដែលមានតួនាទីសំខាន់ ក្នុងការផ្ដល់សន្តិសុខសុវត្ថិភាព ដោយមិនត្រូវបៀតបៀនទាំងពាក្យសម្ដី និងកាយវិការទៅលើស្ត្រីនោះឡើយ។ ការយល់ឃើញថា ការអប់រំកុមារឱ្យមានសីលធម៌ និងផ្ដល់តម្លៃស្ត្រីជារឿងសំខាន់មួយផ្នែក ប៉ុន្តែការអនុវត្តច្បាប់ និងការរៀបចំសណ្ដាប់ធ្នាប់សង្គម គឺជាចំណុចសំខាន់បំផុត។
លោក យង់ គិមអេង ថ្លែងថា៖ «អ៊ីចឹងហើយ ខ្ញុំថាប្រហែលជាទាមទារឲ្យមានការអនុវត្ត ហើយនិងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពហ្នឹងផងដែរ ឲ្យមានប្រសិទ្ធភាពខ្ពស់។ យើងមិនអាចផ្អែកទៅលើការអប់រំតែមួយមុខបានទេ បាទ។ ការអប់រំក៏វាជាផ្នែកមួយសំខាន់ហើយ ប៉ុន្តែការអនុវត្តច្បាប់ វារឹតតែសំខាន់ជាងនោះទៅទៀត»។
កម្ពុជាមានច្បាប់ជាតិ និងអនុសញ្ញា សន្ធិសញ្ញាអន្តរជាតិ ជាច្រើនដែលសុទ្ធតែបានចែងពីការគោរពសិទ្ធិ លើកកម្ពស់ និងការពារស្ត្រី។ ជាក់ស្ដែង រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៣១ ៤៥ និង ៤៦ បានចែងយ៉ាងច្បាស់ពីកាធានាសមភាពរវាងបុរសនិងស្ត្រី និងការការពារសិទ្ធិស្ត្រី។ លើសពីនេះ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ ហៅថា ស៊ី-ដ (CEDAW) គឺជាឯកសារគ្រឹះដែលកម្ពុជាប្តេជ្ញាលុបបំបាត់ការរើសអើង និងបៀតបៀនលើស្ត្រីគ្រប់ទម្រង់៕









