កញ្ញា ខែម ស្រីមុំ ត្រូវ​សមត្ថ​កិច្ច​ឆ្មក់​ចាប់​ខ្លួន​ក្រោយ​ចែក​រំលែក​បញ្ហា​សង្គម​និង​ព្រំដែន

សេច​​ក្តី​រាយ​​ការណ៍​​នានា បាន​​​ឱ្យ​ដឹង​​ថា ​សកម្ម​ជន​​សង្គម​​មួយ​រូប​​ទៀត ​​គឺក​ញ្ញា ​ខែម ​ស្រីមុំ ​ត្រូវ​​បាន​​សមត្ថ​​កិច្ច​ឆ្មក់​​​ចូល​​ចាប់​ខ្លួន​​ដល់​បន្ទប់​ជួល​មួយក​ន្លែង​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​យប់​​មិ​ញ​នេះ ខណៈ​គាត់​សកម្ម​ចែក​រំលែក​បញ្ហា​​សង្គម រួម​ទាំង​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​​លើ​កម្ពុជា។

អ្នក​នាំពាក្យស​មាគមកា​រពារ​សិទ្ធិ​ម​នុស្សអា​ដហុក​ លោក យិន​ ម៉េងលី​ ឱ្យវី​អូ​ឌី​ដឹង​​នៅថ្ងៃសៅ​រ៍​​នេះ​ថា លោក ទ​ទួល​​បាន​​ព័ត៌​​មាន​​ពីការ​ចាប់​ខ្លួន ​កញ្ញា ខែម ស្រីមុំ ប៉ុន្តែ​មិ​ន​​ទាន់​​ដឹង​ថា​ ការ​ចាប់​ខ្លួន​នោះ​មក​​​ពី​មូល​ហេតុ​​អ្វី​​ពិត​ប្រាកដ​​​ទេ ដោ​​យ​គ្រាន់​តែ​​ដឹង​​ថា ​ពេល​នេះ ​ស្ត្រីរូបនោះ​​ ត្រូវ​បាន​​បញ្ជូន​​ទៅ​សួរ​​​នាំ​​នៅ​ស្ន​ង​​ការ​​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ។

លោកថា៖​ «ហ្នឹងហើយខ្ញុំទទួលបានព័ត៌មានថា​គាត់​​ត្រូវ​​បាន​​ឃាត់​​ខ្លួន នៅ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​តាំង​ពី​ម្សិល​មិញ​​ ប៉ុន្តែខ្ញុំ​មិ​នទា​ន់​ដឹង​ថា ការ​ឃាត់​ខ្លួន​គាត់​ហ្នឹង​មិន​ដឹង​ពី​មូល​ហេតុ​អ្វី​ទេ អាហ្នឹង​ខ្ញុំ​គ្រាន់​តែ​ទទួល​ព័ត៌​មាន​ថា ពិត​ជា​មាន​ការ​ឃាត់​ខ្លួន​អញ្ចឹង​មែន»

វីអូ​ឌី មិន​អាច​ទាក់ទង​ អគ្គស្ន​ងកា​ររង​ និងជា​ស្នង​ការ​នគរ​បាលរាជធា​នី​ភ្នំពេញ​ លោក  ជួ​ន ណា​រិន្ទ ​ដើម្បីសុំ​ការ​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ឃាត់​ខ្លួន កញ្ញា ខែម ស្រីមុំ នេះ​បាន​ទេ​ភ្លាមៗ​នេះ។

ប៉ុន្តែ ប្រភព​ដែល​ស្និទ្ធ សុំមិន​ឱ្យប​ញ្ចេញ​ឈ្មោះ ឱ្យដឹង​ថា កញ្ញា ខែម ស្រីមុំ ត្រូវ​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃទី​១៥ ខែឧសភា​​ នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្នុង​រាជ​ធានីភ្នំ​ពេញ ដែល​នាង​បាន​ជួល​ស្នាក់​ ហើយ​ថា​ការ​ចាប់​ខ្លួន​នេះ ក្រោយ​នាង​ចែក​រំលែក​បញ្ហា​សង្គម​លើ​ហ្វេស​ប៊ុក​របស់​នាង ដែល​ហ្វេស​ប៊ុក​នោះ​ មាន​ភ្ជាប់​រូប​លោក​បណ្ឌិត កែម ឡី ហើយ​មាន​ឈ្មោះ​ថា​ កែម ស្រីមុំ ឬ ខែម ស្រី​មុំ។

ប្រភពនោះ​ ឱ្យដឹងទៀតថា គាត់បានជួបសន្ទនា​ជាមួយ កញ្ញា ខែម ស្រីមុំ រយៈ​ពេល​ខ្លី នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែឧសភា​នេះ តាម​ទូរសព្ទ ដែល​ស្រីមុំ តេ​មក ។ គាត់​ថា ស្រីមុំ បាន​និយាយ​ទាំង​អួល​ដើម​ក​ថា នាង​ត្រូវ​គេ​ចាប់​ខ្លួន​ពិត​មែន ហើយ​ពេល​នេះ​កំពុង​នៅ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ដែល​សមត្ថ​កិច្ច​គំរាម​ថា នឹង​បញ្ជូន​​នាង​ទៅតុ​លាការ ដើម្បី​ចាត់​វិធាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធ​​នា​គារ តែ​ស្រីមុំ ចង់​បាន​មេធាវី​ការ​ពារ។

ម៉្យាង​វិញ​ទៀត ប្រភពដដែល​ឱ្យដឹង​ទៀត​ថា កញ្ញា ខែម ស្រីមុំ ក្រៅ​ពី​សកម្ម​ក្នុង​កិច្ច​ការ​ងារ​សង្គម នាង​ក៏​ជា​សមាជិក​​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​ស្រុក​ផង​ដែរ។

បើតាមហ្វេសប៊ុក ឈ្មោះកែម ស្រីមុំ ឬ​ខែម ស្រីមុំ បានចែ​ក​រំលែក​ព័ត៌​មាន​ជា​ច្រើន​ពាក់ព័​ន្ធ​នឹង​ព័ត៌​មាន​អន្តរ​ជាតិ បញ្ហា​អយុត្តិ​ធម៌​សង្គម ករណី​​ចាប់​ខ្លួន​សកម្ម​ជន​ចលនា​មាតា​ធម្ម​ជាតិ សកម្ម​ភាព​ចូល​រួម​កិច្ច​ការ​សង្គម​ និង​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ម​កលើ​​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ